អាជីវករលក់ដូរមួយចំនួននៅផ្សារស្រុកកំរៀងខេត្តបាត់ដំបង រិះគន់អាជ្ញាធរ និង និងគណៈកម្មការផ្សារ ថាអសមត្ថភាព ក្នុងការដោះស្រាយបញ្ហាទឹកកខ្វក់ សំរាម និងសណ្ដាប់ធ្នាប់ផ្សារ ធ្វើអោយមិនសូវមានពលរដ្ឋចូលផ្សារដែលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធគួរបង្កើតគណៈកម្មការដោះស្រាយ ចុះត្រួតពិនិត្យ វាយតម្លៃការខូចខាត និងផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។
អាជីវករលក់ដូរក្នុងផ្សារស្រុកកំរៀងលើកឡើងថា ការលក់មានសភាពស្ងប់ស្ងាត់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារស្ថានភាពផ្សារមានទឹកកខ្វក់ ការដាក់សំរាមអនាធិបតេយ្យ ហើយមានទឹកដក ធ្វើអោយមានក្លិនស្អុយ ប៉ះពាល់ដល់សុខភាពនិងការលក់ដូររបស់ពួកគេ។
អាជីវករលក់ដូរនៅផ្សារស្រុកកំរៀង សុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១៩ ខែធ្នូ ថា លោកចូលលក់ដូរក្នុងផ្សាររយៈពេលប្រមាណ៥ឆ្នាំមកហើយ មិនដែលមានបញ្ហាបរិស្ថានក្រខ្វក់ដូចសព្វថ្ងៃនេះទេ។ លោកបន្តថា សព្វថ្ងៃនេះផ្សារមានសភាពទ្រុឌទ្រោម ដំបូលធ្លុះធ្លាយ មានដកទឹក និងទឹកកខ្វក់នៅពេញផ្លូវជុំវិញផ្សារ ដែលធ្វើអោយប៉ះពាល់សុខភាពទាំងអាជីវករ និងពលរដ្ឋរស់នៅក្បែរនោះ។ អាជីវកររូបនេះ ថាលោកធ្លាប់រាយការណ៍ប្រាប់ប្អូនរបស់ប្រធានផ្សារ ដែលជាអ្នកយកភាស៊ីដែរ ប៉ុន្តែគ្មានដំណោះស្រាយឡើយ។ លោកថា ចំណែកអាជ្ញាធរស្រុកកំរៀងវិញ ក៏មិនដែលគិតគូរពីការប៉ះពាល់បែបនេះនោះទេ។ លោកបន្តថា សណ្ដាប់ធ្នាប់ និងការទុកដាក់សំរាមអនាធិបតេយ្យ ហើយសាច់ញាតិអ្នកគ្រប់គ្រងផ្សារមួយនេះ តែងតែយកសំរាមមកដាក់មុខតូបអាជីវករ ដែលធ្វើអោយប៉ះពាល់កន្លែងប្រកបអាជីវកម្មរបស់ពួកគេទៀតផង៖
«ប្រាប់អ្នកទារភាស៊ីប្រាប់អីទៅ គាត់ថាគេប្រាប់ដែរ ប៉ុន្តែប្អូនគាត់នៅតែចចេសដាក់ គេអាងបងរបស់គេជាប្រធានផ្សារអ៊ីចឹងហាស។ គេធ្លាប់ប្រាប់អីដែរ តែគេអត់ធ្វើតាម គេនៅតែដាក់ ទុកមួយចំហៀងអោយយើងដើរហ្នឹង តែគ្រាន់ថាវាអាក្រក់មើល វាពិបាកដើរអ៊ីចឹងហាស។ ហៃវាឆ្កែឆ្មាវាមកជុះអាចម៍ជុះនោមអ៊ីចឹងទៅ វាអត់អនាម័យ បើនិយាយទៅ។ ភ្លៀងទោវាលិចមក វាធ្លាក់មកទទឹកក្រណាត់របស់យើងពិបាកលើកទុកដាក់ទុកអីអ៊ីចឹងដែរបង ហៃយើងជូតតូបជូតអី អ៊ីចឹងទៅវាខ្ទាតចូលតូប។ ហៃពាក់ព័ន្ធលូទឹកស្អុយ លូអីហ្នឹង គេអ្នកនៅជ្រុងៗហ្នឹង គេអត់ហ៊ានប្ដឹងទៅអ្នកណាមួយទេ អង្គការណាមួយទេ ព្រោះអីគេខ្លាច និយាយមួយម៉ាត់ទៅគេខ្លាច»។
ស្រដៀងគ្នានេះដែរអាជីវករម្នាក់ទៀត លើកឡើងថា ផ្សារកំរៀង ពិតជាមានដកទឹកស្អុយនៅលើផ្លូវ និងប៉ះពាល់ដល់សុខភាពរបស់អាជីវករ និងពលរដ្ឋមួយចំនួនរស់នៅក្បែរនោះមែន។ លោកបន្តថា សម្រាប់ការប្រើប្រាស់ភ្លើង លោកសង្កេតឃើញថាមានការកើនឡើងខុសប្រក្រតីជិតពាក់កណ្ដាលការប្រើប្រាស់ពីមុន ហើយកន្លងមកអាជីវករធ្លាប់តវ៉ាដែរ ប៉ុន្តែគ្មានដំណោះស្រាយនោះទេ៖
«ផ្សាររៀបចំអីអោយស្អាតបន្តិចមក ព្រោះភាស៊ីអី យើងវាគាត់ឡើងថ្លៃឡើងអី យើងក៏មិនដែលតវ៉ាអី គ្រាន់តែទឹកដក ទោលិច រួចភាស៊ី យើងបិទទ្វាអត់បានទេ បើបិទទ្វាក៏មួយថ្ងៃអស់ជាង១ម៉ឺនដែរ (១០,០០០៛)ថ្លៃភាស៊ីអនាម័យហ្នឹង កុងទ័រភ្លើងក៏ឡើងថ្លៃអីក៏ឡើងថ្លៃ។ អូ! បងអើយទឹកស្អុយតែម្ដងហាស ទឹកដកហូរកាត់ផ្លូវតែម្ដងហាស យើងប្រាប់គាត់រាប់មិនអស់ហើយ គាត់អត់រវល់ផង បើយើងចង់ប្ដឹងអាជ្ញាធរទៅប្ដឹងម៉េចកើត បើអភិបាលស្រុកអីសុទ្ធភាគហ៊ុនផ្សារអ៊ីចឹង»។
ក្រុមអាជីវករ ស្នើឱ្យអាជ្ញាធរ គួរតែសហការជាមួយប្រធានផ្សារ និងគណៈកម្មការផ្សារ ដើម្បីដោះស្រាយបរិស្ថានក្រខ្វក់នៅជុំវិញផ្សារមួយនេះ ហើយជួសជុលប្រព័ន្ធលូទឹក ដំបូលផ្សារ និងត្រួតពិនិត្យឡើងវិញនៅគីឡូអគ្គិសនីផ្សារដែលមិនប្រក្រតី។ ពលរដ្ឋលើកឡើងថា កន្លងមកពួកគេធ្លាប់ប្រាប់ទៅអាជ្ញាធរដែរ តែគ្មានវិធានការអ្វីនោះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានផ្សារស្រុកកំរៀង ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ ថ្ងៃទី១៩ ខែធ្នូ។ ចំណែកអភិបាលស្រុកកំរៀង លោក សុខ ដែន ប្រាប់វិទ្យុអាស៊ីសេរីថា បញ្ហានេះលោកបានចុះទៅត្រួតពិនិត្យម្ដងហើយ កាលពីខែវិច្ឆិកា ហើយនិងមានគម្រោងសម្រាប់សាងសង់ និងជួសជុលរួចហើយ ប៉ុន្តែខាងផ្សារលើកឡើងថាចាប់អនុវត្តគម្រោងដើមឆ្នាំ ២០២៣។ លោកបន្តថា ពាក់ព័ន្ធភ្លើង គឺក្រុមហ៊ុនមុនជំពាក់ថ្លៃភ្លើងក្រុមហ៊ុនថៃ ដោយប្រើកុងទ័រខូច ហើយខាតបង់រត់បាត់ ទើបក្រុមហ៊ុនថៃដេញថ្លៃយក និងប្ដូរកុងទ័រស្វ័យប្រវត្តិថ្មី ចំណែកបញ្ហាដែលពលរដ្ឋថាមានការកើនកុងទ័រខ្លាំង គឺលោកថា លោក និងអោយខាងបច្ចេកទេសត្រួតពិនិត្យឡើងវិញ៖
«ទឹកលូ ប្រព័ន្ធលូហ្នឹងគឺនៅខាងពលរដ្ឋទេ ហើយទឹកដែលហូរចូលហ្នឹង គឺហូរទៅពីផ្សារលក់ត្រីលក់បន្លែលក់ត្រី។ ផ្សារហ្នឹងមិនមែនជាផ្សារ ខេ អរ ឌី ( KomReangDistrict) ទេ គ្រាន់តែអ្នកស្គាល់គ្នាគេសុំដាក់កន្លែងគេជួលតូបជួលអី។ ឥឡូវខាង KRD គេរៀបចំបិទអត់អោយផ្សារ២ហ្នឹងដំណើរការទេ ព្រោះកន្លងមកវាមានបញ្ហា ថ្នាក់លើ ដូចអ្នកកាសែតអ្នកអីហ្នឹង យល់ច្រឡំថាផ្សារ KRD ទាំងអស់។ ហៃអត់អីទេផ្សារហ្នឹងគឺអាកន្លែងពិដានធ្លុះអីនឹង គឺមានគម្រោងជួសជុលហើយ ប៉ុន្តែគ្រាន់តែថាយើងថាជួសជុល ជួសជុលភ្លាមយើងទៅរកលុយឯណាទាន់លោកអើយទើបតែផុតពីកូវីតផង ហៃមួយរយៈកូវីតហ្នឹងបិទផ្សារមួយរយៈដែរហ្នឹង»។
ផ្សារកំរៀងស្ថិតនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងមានចម្ងាយប្រមាណ១គីឡូម៉ែត្រពីព្រំដែនកម្ពុជា ថៃ ។ ផ្សារនេះ មានអាជីវករលក់ដូរជិត៤០០ តូប និងមានផ្ទះប្រជាពលរដ្ឋលក់ដូរជុំវិញផ្សារអមសងខាងផ្សារជាច្រើនខ្នងផ្ទះ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ ប្រចាំនៅខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា អាជ្ញាធរ ស្រុកកំរៀង គួរតែបង្កើតក្រុមការងារមួយចុះទៅពិនិត្យ វាយតម្លៃពីការរៀបចំសណ្ដាប់ធ្នាប់ និង ផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។ លោកថា ចំណែកខាងអគ្គិសនីខេត្តបាត់ដំបងវិញ គួរតែចុះត្រួតពិនិត្យរកមើលភាពមិនប្រក្រតី ពាក់ព័ន្ធកុងទ័រអគ្គិសនី។ លោកបន្តថា អាជីវករ តែងបង់ប្រាក់ឈ្នួលតូប និងភាស៊ីផ្សារ ហើយម្ចាស់ផ្សារ ដែលទទួលបានសិទ្ធិគួរតែទទួលខុសត្រូវក្នុងការថែទាំផ្សារ និងសោភណ្ឌភាពបរិស្ថានផ្សារ៖
«ក្នុងមួយឆ្នាំៗម្ចាស់ផ្សារគាត់គិតតែពីដំឡើងតម្លៃឈ្នួលតូប ដោយលើកយកករណីថ្លៃអនាម័យ ថ្លៃសន្តិសុខ ប៉ុន្តែករណីដែលអាជីវករលក់ដូររាល់ថ្ងៃដែលគាត់ត្អូញត្អែរហ្នឹងថា សូម្បីតែតូបដែលខូចខាតត្រូវជួសជុល ត្រូវដាក់បន្ទុកលើពួកគាត់ទៀត ហើយចំណែកម្ចាស់ផ្សារអត់មានបានកែលំអ តូបទាំងនោះអោយមានភាពប្រសើរឡើងនោះឡើយ។ ចំណែកអនាម័យ ហើយនឹងការរៀបចំប្រព័ន្ធលូទឹកស្អុយនៅផ្នែកខាងក្រោមហ្នឹង ក៏រៀបចំមិនបានត្រឹមត្រូវដែរ ដូចករណីនេះម្ចាស់ផ្សារគួរតែមានការគិតគូខ្ពស់រៀបចំអោយមានសណ្ដាប់ធ្នាប់អោយមានសោភណ្ឌភាពប្រកបដោយអនាម័យ ដើម្បីទាក់ទាញទេសចរណ៍ ឬក៏គាត់អ្នកចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារហ្នឹង»។
អាជីវករ និងសង្គមស៊ីវិល ស្នើដល់អាជ្ញាធរពាក់ព័ន្ធគួរស្វែងរកដំណោះស្រាយបញ្ហានេះឱ្យបានឆាប់ ដោយកែលំអផ្សារ ផ្លូវជុំវិញផ្សារ និងត្រួតពិនិត្យស្តង់ដារកុងទ័រភ្លើងត្រឹមត្រូវ ដើម្បីជួយដល់សុខុមាលភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។