មនុស្សមួយចំនួនបន្តបាត់ខ្លួននៅឡើយ ក្នុងគ្រោះអគ្គិភ័យកាស៊ីណូនៅក្រុងប៉ោយប៉ែត គិតត្រឹមល្ងាចថ្ងៃទី៣ មករា។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ផ្សាយកាលពីថ្ងៃទី៣ មករា ដោយស្រង់សម្ដីអាជ្ញាធរថៃថា ជនជាតិថៃចំនួន ៩នាក់ ដែលគេបានប្រទះឃើញក្នុងកាស៊ីណូនៅមុនពេលហេតុការណ៍ភ្លើងឆេះនោះ នៅបន្តបាត់ខ្លួននៅឡើយ។ ពួកគេទាំង ៩នាក់ ស្ថិតក្នុងចំណោមជនជាតិថៃ ៥០នាក់ ដែលគេគិតថា បានបាត់ខ្លួនពីដំបូង ប៉ុន្តែក្រោយមកមនុស្ស ៤១នាក់ ត្រូវបានគេរកឃើញ និងបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក សេក សុខុម ដើម្បីសាកសួរអំពីរឿងនេះបានទេ កាលពីយប់ថ្ងៃទី៣ មករា។
ហេតុការណ៍ភ្លើងឆេះកាស៊ីណូ ហ្គ្រែន ដាយមិន ស៊ីធី (Grand Diamond City) បានកើតឡើង កាលពីពាក់កណ្ដាលអាធ្រាត្រថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ សមត្ថកិច្ចកម្ពុជាអះអាងថា អគ្គិភ័យនេះបានសម្លាប់មនុស្ស ២៦នាក់ ក្នុងនោះសាកសព ២៥នាក់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ ជនរងគ្រោះទាំងនោះ រួមមានជនជាតិថៃ ម៉ាឡេស៊ី នេប៉ាល់ ចិន និង ៦នាក់ទៀតមិនទាន់ដឹងអត្តសញ្ញាណនៅឡើយ។ ប៉ុន្តែបើតាមសារព័ត៌មានក្នុងស្រុក ដែលបានស្រង់សម្ដីអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ សាកសពទាំង ៦នាក់នោះ មាន ៣នាក់ អាចជាជនជាតិខ្មែរ ដែលគ្រួសាររបស់ពួកគាត់កំពុងស្វែងរក។
អាជ្ញាធរកម្ពុជាបានចាប់ផ្ដើមវាយកម្ទេចអាគារកាស៊ីណូដែលឆេះនោះហើយ ចាប់តាំងពីថ្ងៃទី២ មករា ក្រោមហេតុផលថា ដើម្បីសម្រួលដល់ការចេញ-ចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្សបានរិះគន់ចំណាត់ការដ៏លឿនរហ័សនេះ ព្រោះប្រតិបត្តិការរុករក និងស្រាវជ្រាវធ្វើឡើងក្នុងរយៈពេលដ៏ខ្លី ស្របពេលពលរដ្ឋខ្មែរ និងថៃមួយចំនួនកំពុងស្វែងរក និងដង្ហោយសុំឱ្យសមត្ថកិច្ចបន្តស្វែងរកសមាជិកគ្រួសាររបស់ពួកគេដែលបន្តបាត់ខ្លួននៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។