មាន​ការ​បារម្ភ​ថា ជំរឿន​ឆ្នាំ​នេះ មិន​អាច​ទទួល​បាន​ព័ត៌មាន​ពិត និង​ចូលរួម​ពី​ពលរដ្ឋ ដោយសារ ស្ថានភាព​នយោបាយ និង​ការ​រឹតត្បិត​សេរី​ភាពជា​មូលដ្ឋាន

ដោយ អាស៊ីសេរី
2019.03.03
Share on WhatsApp
Share on WhatsApp
អំ សំអាត 2016 ៦២២ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

អាជ្ញាធរ និង​មេដឹកនាំ​របប​ក្រុងភ្នំពេញ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន ដើម្បី​សហការ​ជាមួយ​មន្ត្រី​ចុះ​ធ្វើ​ជំរឿន​នៅ​តាម​ផ្ទះ សណ្ឋាគារ វត្ត​អារាម និង​គ្រឹះស្ថាន​នានា ចាប់ពី​ថ្ងៃ​ទី​៣ មីនា តទៅ។ មន្ត្រី នឹង​ចុះទៅ​ធ្វើ​ជំរឿន រាប់​ចំនួន​ប្រជាជន និង​ស្ថានភាព​សេដ្ឋកិច្ច​។ សង្គម​ស៊ីវិល និង​អ្នកវិភាគ បារម្ភ​ថា ក្នុង​ស្ថានភាព​នយោបាយ​កំពុង​មាន​ភាព​ចម្រូងចម្រាស និង​សេរីភាព​រង​ការ​រឹតត្បិត​ដូច​សព្វថ្ងៃ ជំរឿន​ឆ្នាំ​២០១៩​នេះ មិន​អាច​ទទួល​បាន​ការ​ចូលរួម និង​ព័ត៌មាន​ពិតប្រាកដ​ពី​ពលរដ្ឋ​ទេ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍ថា បើ​ទោះ​រដ្ឋាភិបាល​បាន​កំណត់​ពេលវេលា​ជាក់លាក់ ក្នុង​ការ​ធ្វើជំរឿន​ទូទាំង​ប្រទេស​ហើយ ប៉ុន្តែ លោក ព្រួយបារម្ភ​ថា នៅ​ពេល​ស្ថានភាព​នយោបាយ និង​សេរីភាព​កំពុង​រង​ការ​រឹតត្បិត ពលរដ្ឋ​អាច​មិនបាន​ចូលរួម​សហការ​ច្រើន​។ លោក​បន្ត​ថា ពលរដ្ឋ​មិន​បញ្ចេញ​ព័ត៌មាន​មួយ​ចំនួន​ឱ្យ តាម​ការ​ចង់​បាន​នៃ​ការ​ធ្វើ​ជំរឿន ឆ្នាំ​២០១៩។ ម្យ៉ាង​ពលរដ្ឋ​ខ្លះ អាច​នឹង​នៅតែ​យល់​ច្រឡំ​ថា មន្ត្រី​ចុះ​ធ្វើ​ជំរឿន អាច​ជា​មន្ត្រី​បក្ស​ជាដើម​។ សង្គម​ស៊ីវិល​រូប​នេះ យល់ថា រដ្ឋាភិបាល​មិន​គួរ​ដាក់​ពេលវេលា​ធ្វើ​ជំរឿន ចំ​ពេល​ស្ថានភាព​នយោបាយ​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​បែបនេះ​ទេ៖ «ខ្ញុំ​គិត​ថា នៅ​ពេល​បរិយាកាស​នយោបាយ​មួយ មាន​ស្ថានភាព​ល្អ​ប្រសើរ ហើយ​យើង​ជំរឿន អាហ្នឹង​វា​ជា​ការ​ល្អ​ណាស់ អាច​ចូលរួម​ទាំងអស់​។ ឥឡូវនេះ​យើង​ឃើញ​ថា វា​កំពុង​តែ​មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​ផង​។ ប្រជាពលរដ្ឋ ដែល​មាន​ការ​ជួបជុំ សេរីភាព​របស់​គាត់ ក៏​មាន​អាជ្ញាធរ​កោះហៅ សួរ​ជា​ព្រោងព្រាត អ៊ីចឹង​ទៅ ហើយ​ជំរឿន​នេះ ជួនកាល អ្នក​ដែល​បញ្ជូន​ទៅ គេ​ឃើញ​ក្នុង​ស្ថានភាព​ជា​មន្ត្រី​របស់​គណបក្ស ឬក៏​ជា​សមាជិក​របស់​គណបក្ស​អ្វី ឃើញ​ថា នាំ​ឱ្យ​មាន​ស្ថានភាព​ចម្រូងចម្រាស»

អាជ្ញាធរ នឹង​ចាប់ផ្ដើម​ចុះ​ធ្វើ​ជំរឿន​ឆ្នាំ​២០១៩ ជា​ផ្លូវការ ចាប់ពី​ម៉ោង​សូន្យ () ពោល​គឺ​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី២ ចូល​ថ្ងៃ​ទី​៣ មីនា ដល់​ថ្ងៃ​ទី​១១ មីនា ដើម្បី​រាប់​ចំនួន​ពលរដ្ឋ និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ណែនាំ​ថា ក្រៅពី​ពលរដ្ឋ​ទូទៅ គ្រប់​ទីតាំង អង្គភាព ស្ថាប័ន និង​គ្រឹះស្ថាន​នានា ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដូចជា សណ្ឋាគារ ផ្ទះ សំណាក់ មជ្ឈមណ្ឌល​កម្សាន្ត មន្ទីរពេទ្យ ផ្សារ ចំណតរថយន្ត កំពង់ផែ ប្រ​លាន​យន្តហោះ ជាដើម ត្រូវ​ចូលរួម​ផ្ដល់​បទសម្ភាសន៍ ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី៣ មីនា តទៅ​។ ចំណែក​អង្គភាព​មួយ​ចំនួន មាន​លក្ខណៈ​ជា​គ្រួសារ​ស្ថាប័ន ដូចជា វត្ត​អារាម ពន្ធនាគារ អន្តេវាសិកដ្ឋាន មណ្ឌល​ប្រមូលផ្ដុំ​នានា ជាដើម ត្រូវ​ចូលរួម​ចាប់ពី​ថ្ងៃ​ទី៣ មីនា តទៅ។

ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ អ្នកស្រី ហង់ លីណា ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (​វិទ្យុ​បារាំង RFI) ថា ជំរឿន គឺជា​ការ​ជួប​រាប់ គឺ​រាប់​ពលរដ្ឋ​ទាំងអស់ ទោះ​កំពុង​ស្នាក់នៅ​បណ្ដោះអាសន្ន ជាមួយ​បងប្អូន ញាតិមិត្ត ឬ​ផ្ទះ​ជួល គ្រប់​ទីកន្លែង ដើម្បី​ដឹង​ពី​ចំនួន​របស់​ពលរដ្ឋ និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។ អ្នកស្រី​អះអាង​ថា រាល់​ទិន្នន័យ​របស់​ពលរដ្ឋ​នឹង​ត្រូវ​លាក់​ការ​ជា​សម្ងាត់ មិន​បង្ហាញ​ទៅ​ក្រៅ​ទេ៖ «តាម​គោលការណ៍ តាមច្បាប់​ស្ដីពី​ស្ថិតិ គឺថា ការ​ប្រមូល​ទិន្នន័យ​ពី​បុគ្គល គឺ​លាក់​ការ ជា​ការ​សម្ងាត់។ យក​មក​សម្រាប់​ប្រើប្រាស់​ស្ថិតិ​ទេ​។ ព័ត៌មាន​បុគ្គល យើង​យក​មក​អត់​មាន​វិភាគ​បុគ្គល​ម្នាក់ៗ​ទេ គឺ​យើង​វាយ​បញ្ចូល​ក្នុង​កុំព្យូទ័រ​ទាំងអស់ ហើយ​ទាយ​មក យើង​ធ្វើ​ការវិភាគ អត់​ដឹង​ថា​អ្នកណា​ម្ដេចៗ គឺ​អត់​ដឹង​ទាំងអស់​។ ពេល​ដែល​យក​(​បញ្ចូល​) កុំព្យូទ័រ យក​មក​វិភាគ​ហ្នឹង គឺថា អត់​មាន​ដឹង​របស់ទ្រព្យ​សម្បត្តិ​អ្នកណា យ៉ាង​ម្ដេច​ទេ គឺថា ព័ត៌មាន​បុគ្គល​ត្រូវ​បាន​រក្សា​ការសម្ងាត់ ហើយ​យើង​ចេញ​ព័ត៌មាន​ជារួម​តែម្ដង ​ថ្នាក់​ជាតិ»

មេដឹកនាំ​កំពូល​នៃ​របប​ឯក​បក្ស ២​នាក់ គឺ លោក ហ៊ុន សែន និង លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម ជាមួយ​របប​ឯក​បក្ស ដើម្បី​ធ្វើ​ជំរឿន​ស្ថានភាព​ពលរដ្ឋ​។ លោក ហ៊ុន សែន ប្រកាស​ថា ព្រឹត្តិការណ៍​ធ្វើ​ជំរឿន​ពលរដ្ឋ​នៅ​ឆ្នាំ​២០១៩ នឹង​ត្រូវ​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ ខណៈ​ការ​ធ្វើ​ជំរឿន​២​ដង កន្លង​មក​ជា​ជំនួយ​របស់​អន្តរជាតិ។ យ៉ាងណា លោក ហ៊ុន សែន អះអាង​ថា ការ​ធ្វើ​ជំរឿន មិន​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ តែ​ការ​ធ្វើ​ជំរឿន​តម្រូវ​ឱ្យ​ឆ្លើយ​តាម​សំណួរ ឱ្យ​បាន​គ្រប់គ្រាន់ ត្រឹមត្រូវ និង​ស្មោះត្រង់ ដើម្បី​ជា​សូចនាករ ក្នុង​ការ​តាមដាន​ត្រួតពិនិត្យ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍ ទៅមុខ៖ «សុំ​ចូលរួម​ការ​ធ្វើ​ជំរឿន នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ខាងមុខនេះ ឱ្យ​បាន​គ្រប់ៗ​គ្នា ពីព្រោះ ការ​ធ្វើ​ជំរឿន មាន​សារសំខាន់ និង​ជា​ប្រភព តែមួយគត់ ដែល​អាច​ផ្ដល់​ទិន្នន័យ​ពេញ​លេញ និង​ច្បាស់លាស់ ព្រមទាំង​បាន​កំណត់​ចរិតលក្ខណៈ និង​ការរស់នៅ​របស់​ប្រជាជន​ទូទាំង​ប្រទេស»

លោក ស ខេង សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) ថា ពលរដ្ឋ​ខ្មែរ កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស មិន​តម្រូវ​ឱ្យ​ត្រឡប់​ចូល​ប្រទេស ដើម្បី​ធ្វើ​ជំរឿន​ទេ គឺ​អ្នកបច្ចេកទេស​ធ្វើ​ជំរឿន បាន​សហការ​ជាមួយ​ក្រសួង​ការបរទេស រៀបចំ​ឯកសារ សម្រាប់​ភ្នាក់ងារ​តាម​ប្រទេស​នានា ដើម្បី​ធ្វើ​ជំរឿន​ពលរដ្ឋ ដែល​កំពុង​រស់នៅ​បណ្ដា​ប្រទេស​ទាំងអស់។ លោក អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ចូលរួម​ជាមួយ​ភ្នាក់ងារ​ជំរឿន ដើម្បី​ការ​ធ្វើ​ជំរឿន មាន​ភាព​ត្រឹមត្រូវ និង​ទទួល​លទ្ធផល យក​ជា​ការ​បាន។ ដោយឡែក ជនបរទេស​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា លោក ស ខេង ថា ក្រុមបច្ចេកទេស បាន​រៀបចំ​កម្រង​សំណួរ​ច្រើន​ភាសា និង​គ្រប់​សញ្ជាតិ​រួចហើយ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ហ៊ាង ឬទ្ធី យល់ថា បើ​ទោះ​ពលរដ្ឋ​ពេញចិត្ត ឬ​មិន​ពេញចិត្ត ក៏​ជំរឿន​ឆ្នាំ​២០១៩ នឹង​ត្រូវ​រដ្ឋាភិបាល​ប្រកាស​ថា ទទួល​បាន​លទ្ធផល​ជោគជ័យ ព្រោះ អាជ្ញាធរ​ក្ដាប់​បាន​អស់​រួចទៅ​ហើយ នូវ​ទិន្នន័យ និង​ស្ថានភាព​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។ លោក ហ៊ាង ឬទ្ធី ថា ដើម្បី​ឱ្យ​ជំរឿន​ឆ្នាំ​២០១៩ មាន​ផលប្រយោជន៍​សម្រាប់​ជាតិ រដ្ឋាភិបាល​គួរ​បន្ថែម​ចំណុច ដែល​ពលរដ្ឋ​ចង់​ដឹង​ខ្លាំង គឺ​ស្ថានភាព​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា បច្ចុប្បន្ន ពិសេស​គឺ​ចំនួន​ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា ចំនួន​អ្នក​ទទួល​បាន​សញ្ជាតិ និង​វិនិយោគិន​ជនជាតិ​វៀតណាម ជាដើម៖ «តែ​បច្ចុប្បន្ន​យើង​មិនបាច់​និយាយ​ចូលចិត្ត ឬ​មិន​ចូលចិត្ត​ទេ​។ អ្វី​ដែល​គេ​ធ្វើ គេ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មានការ​គាំទ្រ​។ អាហ្នឹង​គេ​ថា មិនមែន​ប្រជាពលរដ្ឋ​ខ្មែរ​ថា គេ​ថា អាហ្នឹង​រឿង​ហ្នឹង ត្រូវ​យល់​អ៊ីចឹង»

ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ អ្នកស្រី ហង់ លីណា ថា លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន នឹង​ត្រូវ​យក​ទៅ​វិភាគ​តាម​បែប​វិទ្យាសាស្ត្រ​ជា​រួម ហើយ​លទ្ធផល​បណ្ដោះអាសន្ន​អាច​បង្ហាញ​ក្នុងអំឡុងពេល ៣​ខែក្រោយ​ការ​ធ្វើ​ជំរឿន​រួច។ លទ្ធផល​ផ្លូវការ​អាច​ធ្វើ​ឡើង នៅ​ចន្លោះ ៦ ទៅ​៩​ខែ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។