សិស្សជាច្រើននាក់នៅស្រុកបវេលបោះបង់ការសិក្សាដោយសារពិបាកធ្វើដំណើរ
2018.05.15

កុមារជាច្រើននាក់នៅតំបន់ដាច់ស្រយាលក្នុងស្រុកបវេល ខេត្តបាត់ដំបង បានបោះបង់ការសិក្សាទាំងវ័យក្មេង ដោយសារផ្លូវបែកភក់នៅរដូវវស្សា ពិបាកធ្វើដំណើរធ្វើឱ្យមិនអាចទៅសាលារៀនបានទៀងទាត់។ ពលរដ្ឋនិងគ្រូបង្រៀនព្រួយបារម្ភ បញ្ហាក្មេងៗដែលឈប់រៀន នៅស្របពេលក្រសួងអប់រំ មានគោលនយោបាយកាត់បន្ថយមិនឱ្យមានសិស្សបោះបង់ការសិក្សា។ ពលរដ្ឋនិងគ្រូបង្រៀនសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើផ្លូវមួយខ្សែជូនពួកគាត់ឱ្យបានឆាប់ ដើម្បីកាត់បន្ថយកុមារបោះបង់ការសិក្សា និងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់នៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋ និងគ្រូបង្រៀននៅឃុំអំពិលប្រាំដើម ស្រុកបវេល លើកឡើងថា បញ្ហាផ្លូវពិបាកនេះប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនប្រញាប់ធ្វើផ្លូវ ទៅសាលារៀនដែលសិស្សកំពុងជួបការលំបាកឱ្យបានឆាប់ទេ គឺធ្វើឱ្យក្មេងជាច្រើននាក់នឹងបន្តបោះបង់ការសិក្សាកាន់តែច្រើនថែមទៀត។
ប្រជាពលរដ្ឋនៅភូមិស្វាយខ្ទិះ ឃុំអំពិលប្រាំដើម លោក ឆេង វើន រៀបរាប់ថា ចាប់តាំងពីមានភ្លៀងធ្លាក់ច្រើនកាលពីចុងខែមេសាមក ធ្វើឱ្យផ្លូវមួយខ្សែដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រើប្រាស់រាល់ថ្ងៃប្រវែងជាង ៤គីឡូម៉ែត្រ បែកភក់ និងខូចខាត មិនអាចធ្វើដំណើរដោយម៉ូតូ និងរថយន្តធន់តូចបានទេ ហើយអ្នកភូមិ ជាពិសេសលោកគ្រូអ្នកគ្រូ និងសិស្សសាលាត្រូវធ្វើដំណើរថ្មើរជើង៖ «វេទនាខ្លាំងតែម្ដង ហើយគោយន្តក៏ចេញចូលលំបាកដែរ មិនដឹងថាអាជ្ញាធរដែលបានដឹងឬអត់ទេ ពួកខ្ញុំនៅភូមិស្ថាពរលំបាកផ្លូវស្ងាត់ហើយឆ្ងាយផង មិនដឹងថាធ្វើយ៉ាងណា»។
ផ្លូវមួយខ្សែនេះបែកភក់ពិបាកធ្វើដំណើរចាប់ពីមាត់ផ្លូវក្រាលកៅស៊ូ នៅឃុំអំពិលប្រាំដើម ឆ្ពោះទៅភូមិស្ថាពរ២ ក្នុងនោះនៅពេលមានភ្លៀងម្ដងៗ គឺទាំងគ្រូ និងសិស្ស ត្រូវដើរឆ្លងភក់ទៅរៀន និងទៅបង្រៀនជារៀងរាល់ឆ្នាំ ហើយកុមារប្រមាណ ៥០ភាគរយដែលរៀនចប់បឋមសិក្សាបានបោះបង់ការសិក្សា។
គ្រូបង្រៀនបឋមសិក្សាភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម កញ្ញា អឿម ចន្ទី មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យកុមារបោះបង់ការសិក្សា គឺបណ្ដាលមកពីផ្លូវភក់ពិបាកធ្វើដំណើរ ដែលធ្វើឱ្យកូនកសិករក្រីក្រមួយចំនួនបង្ខំចិត្តឈប់រៀនទាំងវ័យក្មេង ជាពិសេសក្មេងស្រីដែលរៀនចប់ថ្នាក់បឋមសិក្សា មិនអាចទៅរៀនបន្តនៅអនុវិទ្យាល័យបានទេ៖ «មួយរយៈនេះសិស្សបោះបង់អស់ច្រើនដែរ ព្រោះអីពួកគាត់ឃើញផ្លូវលំបាក ហើយណាមួយពេញកម្លាំងធ្វើការឪពុកម្ដាយយកទៅធ្វើការប្រទេសថៃ ដោយពួកគាត់និយាយថា មិនបានទុកឱ្យកូននៅរៀនទេ បើផ្លូវលំបាកយ៉ាងនឹងនោះ ព្រោះណាមួយតាមផ្លូវស្ងាត់គ្មានសុវត្ថិភាពផង»។
បច្ចុប្បន្ន សាលាបឋមសិក្សាមួយនេះមានសិស្សកំពុងសិក្សាចំនួនជាង ៣០០នាក់ និងមានគ្រូបង្រៀនចំនួន ១០នាក់ គឺស្រី ៥នាក់ និងប្រុស ៥នាក់ ក្នុងនោះមានគ្រូចំនួន ៨នាក់ត្រូវដើរដោយថ្មើរជើងលុយភក់ជម្រៅពាក់កណ្ដាលក្បាលជង្គង់ចម្ងាយជាង ៤គីឡូម៉ែត្រ ទៅបង្រៀនសិស្សជារៀងរាល់ថ្ងៃ។ កញ្ញា អឿម ចន្ទី លើកឡើងថា សព្វថ្ងៃគ្រូបង្រៀនទាំងអស់ទៅបង្រៀនដោយសារក្ដីស្រលាញ់ និងព្រួយបារម្ភអំពីអនាគតរបស់កុមារ ព្រោះខ្លាចពួកគេមិនចេះអក្សរ ហើយពិបាករកការងារនៅពេលដែលពួកគេពេញវ័យ ដែលបង្កជាបញ្ហាក្នុងសង្គមដោយសារភាពក្រីក្រ ព្រោះសព្វថ្ងៃសិស្សដែលបោះបង់ការសិក្សាមួយចំនួនធំបានទៅតាមឪពុកម្ដាយធ្វើការនៅប្រទេសថៃ ហើយអ្នកខ្លះត្រឡប់មកវិញគ្មានទីពឹង និងពុំមានការងារធ្វើពិតប្រាកដដើម្បីរកប្រាក់ចិញ្ចឹមជីវិតរបស់ខ្លួនឡើយ៖ «រាល់ថ្ងៃធ្វើដំណើរផ្លូវនឹងខ្ញុំមិនដឹងថាខ្លួនឯងដើរទៅកាន់តែអស់កម្លាំងក្នុងខ្លួនដើរទៅមុខលេងចង់រួច ហើយត្រូវធ្វើដំណើររាល់ថ្ងៃ។ ដូច្នេះកាលណាទាំងគ្រូទាំងសិស្សធ្វើដំណើររាល់ថ្ងៃអីចឹង យូរៗទៅនឹងគ្មានទឹកចិត្តទៅរៀននិងទៅបង្រៀនទេ»។
ចំណែកមេភូមិស្ថាពរ២ លោក ឈឿន ប៊ើយ មានប្រសាសន៍ថា កូនរបស់លោកចំនួន២នាក់បានបោះបង់ការសិក្សាទាំងវ័យក្មេង ដោយសារតែផ្លូវពិបាកធ្វើដំណើរនេះ។ លោក ឈឿន ប៊ើយ បន្ថែមទៀតថា ផ្លូវមួយខ្សែនេះពិបាកធ្វើដំណើរជាង១០ឆ្នាំហើយ ជាពិសេសនៅរដូវវស្សា លំបាកទាំងក្មេងទៅរៀន ការដឹកកសិផលរបស់កសិករ និងការដឹកអ្នកជំងឺទៅមណ្ឌលសុខភាពនៅឃុំអំពិលប្រាំដើម ត្រូវចំណាយពេលធ្វើដំណើរអស់ជាងមួយម៉ោងទើបដល់៖ «ខ្ញុំអាណិតអាសូរប្រជាពលរដ្ឋ ខ្ញុំមេភូមិចេះតែដើររៃអង្គាសប្រាស់ពីពលរដ្ឋជួសជុលផ្លូវ ដើម្បីបានដឹកកសិផលចេញទៅលក់បានខ្លះ។បើសិនណាផ្លូវធ្វើដំណើរបានស្រួលក្មេងៗមិនឈប់រៀនទេ ព្រោះពួកគេនៅទីនេះចង់រៀន សូត្រណាស់»។
ទាក់ទងនឹងបញ្ហានេះអភិបាលស្រុកបវេល លោក វិន ហួត ទទួលស្គាល់ថា ផ្លូវមួយខ្សែនេះ កសិករពិតជាពិបាកធ្វើដំណើរប្រាកដមែន ប៉ុន្តែអាជ្ញាធរថ្នាក់លើក៏បានដឹងឮចំពោះបញ្ហានេះហើយ ព្រមទាំងមានធ្វើផ្លូវថ្មីក្នុងពេលឆាប់ៗ។ លោកបន្ថែមថា ផ្លូវមួយខ្សែនេះជាផ្លូវសំខាន់របស់ប្រជាកសិករនៅក្នុងមូលដ្ឋាន ហើយអាជ្ញាធរនឹងមិនបណ្ដោយផ្លូវនេះរាំងស្ទះដល់ការធ្វើដំណើររបស់ពលរដ្ឋយូរអង្វែងទៅមុខទៀតឡើយ៖ «រឿងនេះឯកឧត្ដម រាជ សុភ័ទ្ធ គាត់កំពង់ តែគិត តែរឿងពេលវេលាជាក់ខ្ញុំមិនទាន់ហ៊ាននិយាយទេ ក្រែងលោវាយូរ ហើយទៅជាថាកុហកពលរដ្ឋ ប៉ុន្តែគម្រោងថ្នាក់លើកំពុងតែគិត»។
មេភូមិស្ថាពរ២ឱ្យដឹងថា ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយនេះជាប្រចាំ មានជាង៥០០គ្រួសារ ក្នុងចំណោមនោះប្រហែល៣០ភាគរយធ្វើចំណាកស្រុកទៅប្រទេសថៃ ដោយសារនៅក្នុងស្រុកគ្មានការងារធ្វើ ម្យ៉ាងទៀតពួកគាត់មានជីវភាពក្រីក្រ។ ប្រជាពលរដ្ឋ មេភូមិ និងគ្រូបង្រៀនសាលាបឋមសិក្សាស្ថាពរ សុទ្ធតែបានលើកឡើងដូចៗគ្នាថា កុមារនឹងបន្តឈប់រៀនកាន់តែច្រើនថែមទៀត ប្រសិនបើផ្លូវនេះអាជ្ញាធរមិនធ្វើឱ្យបានស្អាតជាងពេលបច្ចុប្បន្ននោះ។ ចំណែកឯគ្រូបង្រៀនមួយចំនួនក៏ចាប់ផ្ដើមរួញរាក្នុងការធ្វើដំណើរទៅបង្រៀនសិស្សដែរ ហើយពួកគាត់ក៏មានគម្រោងផ្លាស់ទៅធ្វើការនៅកន្លែងផ្សេងដែរ៕