សិស្ស​និស្សិត​នៅ​តាម​ខេត្ត​មួយ​ចំនួន​បន្ត​បោះបង់​ការ​សិក្សា​ដោយសារ​កត្តា​ជីវភាព​ខ្វះខាត

ដោយ មាន ឫទ្ធិ
2024.05.08
សិស្ស​និស្សិត​នៅ​តាម​ខេត្ត​មួយ​ចំនួន​បន្ត​បោះបង់​ការ​សិក្សា​ដោយសារ​កត្តា​ជីវភាព​ខ្វះខាត គ្រូបង្រៀន​ភាសា​ខ្មែរ នៅ​ខេត្ត​កំពង់ស្ពឺ លោក អៀង ឈុនលីស បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃទី៣ ខែ​ឧសភា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុក​លោក អៀង ឈុនលីស

សិស្ស​និស្សិត​នៅ​តាម​ខេត្ត​មួយចំនួន បាន​បោះបង់​ការសិក្សា​ជា​បន្តបន្ទាប់​ដោយសារ​ជីវភាព​ខ្វះខាត​។ ពួកគាត់​ភាគច្រើន​បោះបង់ ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​សាកលវិទ្យាល័យ ដើម្បី​ទៅ​ធ្វើ​ការងារ​រោងចក្រ និង​ខ្លះទៀត​ទៅ​ធ្វើ​ការ នៅ​ប្រទេស​ថៃ រកលុយ ដោះបំណុល​ធនាគារ​ក្នុង​គ្រួសារ។

ខណៈ មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល រួម​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​បញ្ជូន​កូនៗ​ឱ្យទៅ​រៀន​នៅ​សាលា​ល្អៗ និង​នៅ​ក្រៅ​ប្រទេស សិស្ស​និស្សិត​ខ្លះ​នៅ​តាម​ជនបទ ស្ទើរតែ​គ្មាន​ឱកាស​រៀន​សូត្រ ដោយសារ​ជីវភាព​ខ្វះខាត។ ចំណែក​សិស្ស​ខ្លះទៀត​បង្ខំចិត្ត​បោះបង់​ការ​សិក្សា​ទាំង​វ័យក្មេង ដើម្បី​ទៅ​រក​ការងារ​ធ្វើ និង​ខ្លះទៀត ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ទាំង​អាយុ​ពុំ​ទាន់​គ្រប់។

យុវតី​រស់នៅ​ឃុំ​ផ្គាំ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កញ្ញា ថាំង ស៊ីឡុង បាន​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​១២ នៅ​ឆ្នាំ​នេះ ដោយសារតែ​ជីវភាព​ខ្វះខាត​។ កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ ចង់​បន្ត​ការសិក្សា នៅ សាកលវិទ្យាល័យ ដើម្បី​រក​ចំណូល​ជួយ​គ្រួសារ ក៏ប៉ុន្តែ ដោយសារតែ​គ្រួសារ​ខ្វះខាត​ខ្លាំង និង​ជំពាក់​បំណុល​ធនាគារ​ច្រើន ដូច្នេះ កញ្ញា​បោះបង់​ការសិក្សា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ចិត្ត​កំពុង​ចង់​រៀន។

កញ្ញា ថាំង ស៊ីឡុង៖ «ចំណាកស្រុក​មក​ប្រទេស​ថៃ គឺ​ដោយសារតែ​ពុក​ម្ដាយ​ខ្ញុំ​គាត់​ជំពាក់ បំណុល​ធនាគារ​។ អ៊ីចឹង​គាត់​មាន​លទ្ធភាព ឱ្យ​នាង​ខ្ញុំ​បន្ត​ការសិក្សា​ទៀត​ទេ​។ រូប​នាង​ខ្ញុំ និង​ក្មេង​មួយ​ចំនួន​បញ្ឈប់​ការ​សិក្សា មក​ធ្វើការ ឬ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ ដើម្បី​រកលុយ​សង់​បំណុល»

អំឡុង​ពេល​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​កំពុង​ជួប​វិបត្តិ កញ្ញា ថាំង ស៊ីឡុង ឱ្យ​ដឹង​ថា រយៈពេល​៤ ទៅ​៥​ខែ​ចុង​ក្រោយ នេះ ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ជីវភាព​ខ្វះខាត បាន​បង្ខំ​ឱ្យ​កូន​ឈប់​រៀន​ជា​បន្តបន្ទាប់ ដើម្បី​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស ថៃ​ទាំង​វ័យក្មេង ដែល​មាន អាយុ​១៦ ទៅ​២០​ឆ្នាំ។

រីឯ យុវតី ម្នាក់ទៀត កញ្ញា តាំង អីម រស់​នៅ​ស្រុក​តាំងគោក ខេត្ត​កំពង់ធំ កញ្ញា​ក៏​បាន​បោះបង់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ត្រឹម​ឆ្នាំ​ទី​២ ដោយសារតែ​ជីវភាព​ខ្វះខាត ។ កញ្ញា​ថា ឈប់​រៀន​ទៅ​រក​ការងារ​ធ្វើ ដើម្បី​ជួយ​ដោះស្រាយ​បំណុល​គ្រួសារ។

កញ្ញា តាំង អីម៖ «គោលដៅ​របស់ខ្ញុំ ពុំដែល​បាន​គិត​ថា នឹង​បញ្ឈប់​ត្រឹម​នឹង​ទេ។ ព្រោះ​អី​សម្រាប់​ខ្ញុំ​ផ្ទាល់ បាន​ប្រឹងរៀន​តាំងពី​បាត់​ដៃ​ទទេ​។ និយាយ​ទៅ​តាំងពី​តូច​មក ខ្ញុំ​ធ្វើ​អី​ក៏​ធ្វើ​ដែរ ឱ្យ​តែ​បាន​លុយ​មក​រៀន ហើយ​មក​ដល់​ថ្នាក់​វិទ្យាល័យ​ខ្ញុំ អត់​មាន​លុយ​ក្នុង​ខ្លួន​ទេ​។ ពេល​រៀន​កួរ ខ្ញុំ​តែងតែ​សំពះ​សុំ​គ្រូ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ខ្ញុំ​ទៅ​លែង​រួច​ហើយ ក៏​ឈប់​រៀន​តែ​ម្ដង»

យុវតី តាំង អីម ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឱ្យ​គិតគូរ​ពី ទុក្ខ​លំបាក ពលរដ្ឋ ដែល​កំពុង​ជួប​បញ្ហា​ជីវភាព។ កញ្ញា​បន្ត​ថា យុវជន​នៅ​ស្រុក​តាំងគោក​មួយ​ចំនួន បាន​បោះបង់​ការសិក្សា ត្រឹម​អាយុ​១៥ ទៅ​១៨​ឆ្នាំ ទៅ​ធ្វើ​ការ​រោងចក្រ នៅ​ភ្នំពេញ​ខ្លះ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក កាន់ ពុទ្ធី និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៧​ខែ​ឧសភា។

ទោះជា​យ៉ាងណា មន្ត្រី​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ករណី​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​ប៉ះពាល់​ការសិក្សា របស់​កុមារ​និង​យុវជន អ្នក​ពាក់ព័ន្ធ កំពុង​ដោះស្រាយ​ដោយ​ការ​ទទួលខុសត្រូវ ជា​បន្តបន្ទាប់។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២២ ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់ សម្រាប់​សហប្រតិបត្តិការ សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ (BMZ) បាន​ចេញ​របាយការណ៍ សិក្សា​មួយ​បង្ហាញ​ថា រយៈពេល​៥​ឆ្នាំ ចុង​ក្រោយ​ពលរដ្ឋ កម្ពុជា​ជិត ១៧​ម៉ឺន (១៦៧.០០០)​នាក់ រងគ្រោះ​ពី​បំណុល​បែប​កេងប្រវ័ញ្ច ហើយ​ពួកគេ​លក់​ដី ដើម្បី​សង​បំណុល​ទាំង​នោះ។

ដោយឡែក គ្រូបង្រៀន​ភាសា​ខ្មែរ នៅ​ខេត្ត​កំពង់ស្ពឺ លោក អៀង ឈុន លីស បាន​បង្ហោះ​សារ លើ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃទី៣ ខែ​ឧសភា ថា សិស្ស​ខ្លះ បាន​ឈប់​រៀន​ទាំង​អាយុ​១៤​ឆ្នាំ ដើម្បី​ទៅ​ធ្វើ​ការ​រោងចក្រ ជួយ​ដោះស្រាយ​បំណុល​គ្រួសារ។ លោក​បន្ត​ថា ក្នុងនាម​ជា​គ្រូ ពុំ​ចង់​ឃើញ​ទិដ្ឋភាព​ទាំងនេះ​បន្ត​កើត​មាន​នៅក្នុង​សង្គម​ខ្មែរ​ទេ។ លោក​ក៏​បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​កូន​អ្នក​ក្រ​ចង់​រៀន តែ​គ្មាន​ឱកាស​? ហេតុអ្វី កូន​អ្នក​ធូរធារ​ខ្លះ​ខ្ជិល​រៀន?

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៧ ខែ​ឧសភា ថា ករណី​សិស្ស​និស្សិត​បោះបង់​ការសិក្សា​ដោយសារ​ជីវភាព​ខ្វះខាត គឺ ជា​រឿង​ពិត ដែល​កំពុង​កើត​ឡើង ស្ទើរ​គ្រប់​ទីកន្លែង ស្រប​ពេល​ដែល​រដ្ឋាភិបាល​ពុំបាន​យកចិត្តទុកដាក់ ។ លោកស្រី​បន្ត​ថា បញ្ហា​ទាំងនេះ​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ដោះស្រាយ ឱ្យ​បាន​សម​ស្រប បើ​ពុំ​នោះ​ទេ នឹង​ប៉ះពាល់​ដល់​ធនធាន​មនុស្ស​នៅ​ក្នុង​សង្គម។

លោកស្រី អ៊ុក ឆាយាវី៖ «អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ គឺ​ពន្យារពេល​បង់​ធនាគារ រយៈពេល​៣​ឆ្នាំ ទៅ​៥​ឆ្នាំ ដើម្បី​ឱ្យ​ពួកគាត់​បាន​ដកដង្ហើម​ស្រួល អត់​សូវ​ខ្វល់ខ្វាយ ហើយ​សិស្សានុសិស្ស គាត់​ប្រឹងប្រែង​រៀនសូត្រ មាន​ការងារ​ធ្វើ​រកលុយ​ជួយ​គ្រួសារ​គាត់»

មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា រយៈពេល​ជាច្រើន​ខែ​មកនេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ជាក់ស្ដែង មន្ត្រី​ឥណទាន​ខ្លះ បង្ខំ​ពលរដ្ឋ​ឱ្យ​លក់​ដី​។  ​ចំណែក ការ​ជំពាក់​បំណុល​បាន​ជំរុញ​កុមារ ផ្អាក​ការ​សិក្សា​ទៅ​ធ្វើ​ការងារ​ដើម្បី​រក​ប្រាក់​ដោះបំណុល​ជាដើម។

កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣ អង្គការ​លីកាដូ (Licadho) ​និង​អង្គការ​សមធម៌​កម្ពុជា​សិក្សា​រួមគ្នា​រក​ឃើញ​គ្រួសារ​មួយចំនួន​ក្នុង​ខេត្តកំពង់ស្ពឺ​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ កាន់តែ​ច្រើន​ឡើង​។​ ​ជាក់ស្ដែង នៅ​ខេត្ត​នេះ​លើស ពី​៨០​ភាគរយ ជំពាក់​បំណុល​ធនាគារ​យ៉ាងតិច ១​ស្ថាប័ន ក្នុង​នោះ​ពលរដ្ឋ ២​ភាគ​៣ អះអាង​ថា ពួកគេ​ជាប់​បំណុល ធ្ងន់ធ្ងរ​លើស​ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់​។​

ប្រជាពលរដ្ឋ និង​មន្ត្រី សង្គម​ស៊ីវិល សង្ឃឹមថា​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ពិចារណា​ឡើងវិញ ក្នុង​ការ​ដោះស្រាយ​បញ្ហា ជីវភាព ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ។ ពួកគាត់​ថា កាល​ណា​បើ​ជីវភាព​ល្អ​ប្រសើរ​ការ​ជំរុញ និង​លើកទឹកចិត្ត ដល់​កុមារ និង​យុវជន​ឱ្យ​រៀន​សូត្រ ក៏​កាន់​ច្រើន​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។