សិស្ស​សាលា​ដើរ​ក្បួន​ទាមទារ​ឲ្យ​មាន​ផ្លូវ​សុវត្ថិភាព​សម្រាប់​អ្នក​ថ្មើរ​ជើង

ក្រុម​សិស្ស​សាលា​ប្រមាណ ៤០០​នាក់ បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ឧសភា។ ពួក​គេ​បាន​លើក​បង្ហាញ​បដា​ជា​ច្រើន ដែល​មាន​ន័យ​ទាមទារ​អោយ​អ្នក​ធ្វើ​ដំណើរ និង​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ ចូលរួម​រក្សា​សុវត្ថិភាព​ចរាចរណ៍។

0:00 / 0:00

គ្រោះថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ ៥​នាក់​ជា​រៀង​រាល់​ថ្ងៃ និង​របួស​ជាច្រើន​នាក់​ទៀត។

សិស្ស​សាលា​បឋម​សិក្សា​អនុវត្តន៍ រាជធានី​ភ្នំពេញ និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម រួម​គ្នា​ទាមទារ​អោយ​មាន​ផ្លូវ​សុវត្ថិភាព​សម្រាប់​ថ្មើរ​ជើង ដោយ​សំអាង​ថា ជា​ផ្នែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

ពួក​គេ​បាន​លើក​បង្ហាញ​នូវ​បដា​ជា​ច្រើន ដែល​បាន​សរសេរ​ថា ពួក​គេ​ដើរ​ដើម្បី​សុវត្ថិភាព​ថ្មើរ​ជើង ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​របស់​អ្នក​ថ្មើរ​ជើង និង​ដើម្បី​សុវត្ថិភាព​ចរាចរណ៍។

តំណាង​សិស្ស​សាលា​បឋម​សិក្សា​អនុវត្តន៍ បាន​ថ្លែង​នៅ​ក្រោយ​ពិធី​ហែ​ក្បួន​ថា សិស្ស​សាលា​បឋម​សិក្សា​ដូច​រូប​នាង តែង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយសារ​ពុំ​មាន​ផ្លូវ​សុវត្ថិភាព​សម្រាប់​ថ្មើរ​ជើង ខ្វះខាត​ភ្លើង​សញ្ញា និង​ស្លាក​សញ្ញា​នៅ​តំបន់​សាលា​រៀន។ ផ្លូវ​ថ្នល់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​មួយ​ចំនួន មាន​បែង​ចែក​ជា​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង សម្រាប់​ម៉ូតូ និង​រថយន្ត​បើកបរ។ ប៉ុន្តែ ចំណែក​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង ភាគ​ច្រើន​ត្រូវ​អ្នក​លក់​ដូរ​ដាក់​តាំង​អីវ៉ាន់​លក់​ពាសពេញ មិន​មាន​ផ្លូវ​ដើរ ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ថ្មើរ​ជើង។

ស្រប​គ្នា​នេះ នាង​បាន​ស្នើ​អោយ​សាធារណជន ជា​ពិសេស​អ្នក​បើកបរ​អោយ​គោរព​សិទ្ធិ​ថ្មើរ​ជើង៖ «ដាក់​តាំង​ទំនិញ​ចត​យាន​ជំនិះ ឬ​ដាក់​វត្ថុ​ផ្សេងៗ​លើ​ចិញ្ចើម​ថ្នល់ ជា​ឧបសគ្គ​មិន​អាច​អោយ​យើង​ខ្ញុំ​ដើរ​បាន។ សូម​អោយ​មាន​ភ្លើង​សញ្ញា និង​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​ផ្លូវ​តំបន់​សាលា​រៀន ដើម្បី​អោយ​អ្នក​បើកបរ​បន្ថយ​ល្បឿន និង​ឈប់​បណ្ដោះ​អាសន្ន​ពេល​សិស្ស​ចេញ​ពី​សាលា​រៀន។ សូម​អោយ​មាន​ភ្នាក់ងារ​នគរបាល​អ្នក​ជួយ​សម្រួល​ចរាចរ​នៅ​មុខ​សាលា​រៀន ជា​ពិសេស​នៅ​ពេល​សិស្ស​ចេញ និង​ចូល​សាលា​រៀន»

ការ​ហែ​ក្បួន​របស់​ក្រុម​សិស្ស​សាលា ធ្វើ​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក អង្គការ​សុខភាព​ពិភព​លោក ចលនា​ដើម្បី​សុខភាព និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត ធ្វើ​ការងារ​ទាក់ទង​នឹង​សុវត្ថិភាព​ចរាចរណ៍។

ក្រុម​យុវជន​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម ហែ​ក្បួន​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ លើក​បដា​ទាមទារ​អោយ​មាន​ផ្លូវ​សុវត្ថិភាព​សម្រាប់​អ្នក​ថ្មើរ​ជើង នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ​២០១៣។
ក្រុម​យុវជន​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម ហែ​ក្បួន​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ លើក​បដា​ទាមទារ​អោយ​មាន​ផ្លូវ​សុវត្ថិភាព​សម្រាប់​អ្នក​ថ្មើរ​ជើង នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ​២០១៣។ (RFA/Sochivy)

តំណាង​អង្គការ​សុខភាព​ពិភពលោក លោក ភីតធើ វ៉ាន់ម៉ារ៉េន (Pieter JM Van Marren) មាន​ប្រសាសន៍​ថា នៅ​កម្ពុជា ១៣% នៃ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជា​អ្នក​ថ្មើរ​ជើង។ អ្នក​ស្លាប់​ទាំង​នោះ ភាគ​ច្រើន​ជា​កុមារ និង​សិស្ស​សាលា។ លោក វ៉ាន់ម៉ារ៉េន ស្នើ​រដ្ឋាភិបាល និង​ដៃគូ​សុវត្ថិភាព​ចរាចរណ៍ អោយ​បន្ត និង​បង្កើន​ការ​វិនិយោគ​ក្នុង​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ធានា​ការពារ​មិន​អោយ​មាន​ថ្មើរ​ជើង​ណា​ម្នាក់​ស្លាប់​ចាប់​ពី​សប្ដាហ៍​នេះ​ត​ទៅ។

លោក ភីតធើ វ៉ាន់ម៉ារ៉េន៖ «គឺ​ចិញ្ចើម​ផ្លូវ និង​ផ្លូវ​សម្រាប់​ថ្មើរ​ជើង​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ដាក់​លក់​ចំណី​អាហារ ឬ​សម្រាប់​ចត​យានយន្ត​ទៅ​វិញ ដែល​ត្រូវ​បង្ខំ​អោយ​ថ្មើរ​ជើង​ត្រូវ​ដើរ​នៅ​លើ​ទ្រូង​ផ្លូវ​ដែល​អាច​អោយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍។ នៅ​ពេល​ផ្លូវ​ថ្នល់​មាន​សុវត្ថិភាព ប្រជាជន​យើង​នឹង​ចូល​ចិត្ត​ដើរ ព្រោះ​ការ​ដើរ​ជា​មធ្យោបាយ​ជា​មូលដ្ឋាន​សម្រាប់​យើង​ទាំងអស់​គ្នា ហើយ​យើង​ក៏​អាច​កាត់​បន្ថយ​នូវ​សំឡេង​យានយន្ត និង​ការ​បំពុល​ខ្យល់​ទៀត​ផង។ ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ​ប្រពៃ និង​មិន​មាន​ជាតិ​ខ្លាញ់​ច្រើន ហើយ​កាត់​បន្ថយ​ជំងឺ​បេះដូង និង​បញ្ហា​នានា​ទាក់ទង​នឹង​ភាព​ធាត់​ហួស»

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក លោក តូច ចាន់កុសស មាន​ប្រសាសន៍​ថា ក្រសួង​នឹង​ខិតខំ​បន្ថែម​ទៀត​ទាំង​ការ​កែលំអ​ផ្លូវ​ថ្នល់ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍។

លោក តូច ចាន់កុសស៖ «យើង​នឹង​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​កសាង និង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ជា​ពិសេស​ចិញ្ចើម​ផ្លូវ។ ផ្លូវ​ឆ្លង​កាត់​សម្រាប់​ថ្មើរ​ជើង និង​ការ​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​បាន​គ្រប់គ្រាន់​នៅ​កន្លែង​ដែល​មាន​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់​ច្រើន ដូច​ជា​សាលា​រៀន និង​មន្ទីរពេទ្យ​ជា​ដើម»

របាយការណ៍​នៃ​ប្រព័ន្ធ​ជន​រង​គ្រោះ​នៅ​កម្ពុជា បាន​អោយ​ដឹង​ថា នៅ​កម្ពុជា ជា​រៀង​រាល់​ថ្ងៃ​ជា​មធ្យម​មាន​មនុស្ស ៥​នាក់ បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ របាយការណ៍​បណ្ដោះ​អាសន្ន​សម្រាប់​ឆ្នាំ​២០១២ អោយ​ដឹង​ថា ក្នុង​ចំណោម​មនុស្ស​ចំនួន ១.៩៦៦​នាក់​ដែល​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​ថ្មើរ​ជើង​ចំនួន ២០៧​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។