កម្មកររោងចក្រផលិតស្បែកជើង សាន់ វែល ស៊ូ (Sun Well Shoes) ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាំគ្នាស្វែងរកអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីពួកគេធ្វើបាតុកម្មនៅខាងមុខរោងចក្រអស់រយៈពេល២សប្ដាហ៍មកហើយ ពុំមានដំណោះស្រាយពីថៅកែរោងចក្រ។
គោលដៅនៃការទាមទាររបស់កម្មករនោះ គឺចង់ឲ្យថៅកែរោងចក្រគោរពសិទ្ធិការងាររបស់កម្មករ និងទាមទារប្រាក់អត្ថប្រយោជន៍មួយចំនួនទៀត។
កម្មកររោងចក្រផលិតស្បែកជើង សាន់ វែល ស៊ូ ជិត ៣០០នាក់ បានដង្ហែក្បួនបាតុកម្មទៅដាក់ញត្តិនៅសាលាខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៣ កក្កដា ដើម្បីឲ្យអាជ្ញាធរខណ្ឌជួយធ្វើអន្តរាគមន៍ កោះហៅថៅកែរោងចក្រឲ្យមកចូលតុចរចាជាមួយកម្មករ។
ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ នៃរោងចក្រ សាន់ វែល ស៊ូ លោក សៀវ សម្បត្តិ មានប្រសាសន៍នៅថ្ងៃទី២៣ កក្កដា ថា ក្រុមកម្មករដែលទៅដង្ហែញត្តិដាក់ជូនអាជ្ញាធរខណ្ឌនោះ មិនបានចូលធ្វើការតាំងពីថ្ងៃទី១៥ ខែកក្កដា មកម្ល៉េះ៖ «លទ្ធភាពចុងក្រោយហ្នឹង គឺមានតែការសុំឲ្យមានការអន្តរាគមន៍ពីលោកអភិបាលខណ្ឌពោធិ៍សែនជ័យ អ៊ីចឹងព្រឹកមិញយើងយកញត្តិទៅជូនគាត់ សុំអន្តរាគមន៍ ដើម្បីឲ្យដោះស្រាយរឿងហ្នឹង»។
អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ឃឹម សុដា បានទទួលយកញត្តិពីក្រុមកម្មករ ហើយអះអាងថា លោកនឹងព្យាយាមជួយសម្រួលការងារនេះឲ្យកម្មករ ដោយចេញលិខិតអញ្ជើញថៅកែរោងចក្រទៅជួបចរចាផ្ទាល់ជាមួយនឹងកម្មករតែម្ដង។
ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ បានបន្តឲ្យដឹងដែរថា កម្មករនឹងនៅតែបន្តធ្វើបាតុកម្ម ដរាបណាការទាមទាររបស់កម្មករនៅតែមិនទាន់មានដំណោះស្រាយ៖ «បើមិនដោះស្រាយលក្ខខណ្ឌឲ្យចប់ យើងអត់ធ្វើការទេ។ ស្អែកយើងនឹងជួបជុំគ្នាធ្វើបាតុកម្មបន្តទៀត»។
លក្ខខណ្ឌដែលកម្មកររោងចក្រ សាន់ វែល ស៊ូ កំពុងធ្វើបាតុកម្មទាមទារនោះ រួមមាន ប្រាក់បង់ថ្លៃធ្វើដំណើរ និងស្នាក់នៅ ប្រាប់បន្ថែមលើប្រាក់រង្វាន់ទៀងទាត់ ការបង់ប្រាក់ជាប់ពន្ធជំនួសកម្មករ បញ្ចូលប្រាក់ជំនាញជាប្រាក់ខែគោល ផ្ដល់ឧបករណ៍សុវត្ថិភាពប្រើប្រាស់ក្នុងការងារឲ្យបានគ្រប់គ្រាន់ បើកប្រាក់អត្ថប្រយោជន៍ដែលមិនទាន់បានទូទាត់ឲ្យកម្មករ និងប្ដូរប្រធានផ្នែកគ្រប់គ្រងចាស់ចេញ។
ក្រោយពីដាក់ញត្តិ និងទទួលការសម្របសម្រួលនៅឯសាលាខណ្ឌពោធិ៍សែនជ័យ រួចមក ក្រុមកម្មករបានត្រឡប់មករោងចក្រ សាន់ វែល ស៊ូ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវវ៉ែងស្រេង វិញ ហើយក៏បានរំសាយការប្រមូលផ្ដុំគ្នាជាបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។