ប្រជាពលរដ្ឋជាច្រើននៅតែមិនជឿការពន្យល់របស់អាជ្ញាធរ ដែលថាជនសង្ស័យម្នាក់ ដែលត្រូវអាជ្ញាធរបាញ់សម្លាប់ក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធកាលពីថ្ងៃទី១ ខែមីនា នោះថា មិនមែនជាមន្ត្រីកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឱ្យពលរដ្ឋពិបាកជឿការពន្យល់របស់អាជ្ញាធរ?
ពលរដ្ឋបានលើកពីមូលហេតុជាច្រើនដែលធ្វើឱ្យគេនៅតែជឿថា បុរសដែលសង្ស័យថា ជាមេខ្លោងក្រុមប្លន់ប្រដាប់អាវុធជាមន្ត្រីកងអង្គរក្ស ក្នុងនោះរួមមាន រូបថតជាច្រើនរបស់បុរសនោះ ដែលទាក់ទងនឹងការងារជាកងអង្គរក្ស ប័ណ្ណសម្គាល់ខ្លួនជាវរសេនីយ៍ត្រី ការពន្យល់មិនសមហេតុផលនិងមិនស៊ើបអង្កេតបន្តទៀតរបស់អាជ្ញាធរ និងការជាប់ទាក់ទងក្នុងរឿងរ៉ាវអំពើហិង្សាកាលពីអតីតកាលរបស់ក្រុមអង្គរក្ស។
ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង លោក មាស វិសាស ឱ្យដឹងថា ហ្វេសប៊ុក (Facebook)របស់បុរសឈ្មោះ អ៊ឹម សុវណ្ណរិទ្ធិ បង្ហាញនូវថតជាច្រើន ដែលបានថតក្នុងបន្ទាយកងអង្គរក្ស មណ្ឌលបង្វឹកកងអង្គរក្ស ជាពិសេសគឺនៅក្នុងបរិវេណផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្តថា ទីតាំងទាំងនោះមិនមែនងាយស្រួលនឹងចេញចូលឡើយ។ លោកថាប្រសិនបើរូបថតទាំងនោះក្លែងក្លាយ គឺគួរតែអាជ្ញាធរបញ្ជាក់ឱ្យច្បាស់ថាក្លែងក្លាយយ៉ាងណាខ្លះ?៖ «អ៊ីចឹងបានន័យថាគាត់ហ្នឹងបន្លំខ្លួនទៅឈរថតជាមួយកងអង្គរក្ស ទៅឈរថតនៅក្នុងភូមិគ្រឹះរបស់ សម្ដេច ហ៊ុន សែន ទៅឈរថតនៅបញ្ជាការដ្ឋានកងអង្គរក្សទាំងអស់ហ្នឹងសុទ្ធតែជារឿងអាចបន្លំបានដែរ ឬយ៉ាងម៉េច ?»។
ការលើកឡើងនេះបន្ទាប់ពីមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង ចាត់ទុកថា ប័ណ្ណសម្គាល់ខ្លួន និងរូបថតជាច្រើនសន្លឹករបស់ជនសង្ស័យដែលពាក់ឯកសណ្ឋានកងអង្គរក្សនោះ គឺក្លែងក្លាយទាំងអស់។
ពលករកំពុងធ្វើការនៅប្រទេសថៃ លោក យុទ្ធ ឱ្យដឹងថា ជារឿងពិបាកនឹងជឿណាស់ចំពោះសម្ដីរបស់អាជ្ញាធរ ជាពិសេសអាជ្ញាធរ ដែលជាប់ទាក់ទងធ្លាប់ប្រព្រឹត្តអំពើហិង្សាទៅលើពលរដ្ឋ មានក្រុមកងសន្តិសុខសាលាខណ្ឌ និងក្រុមកងអង្គរក្សជាដើមនេះ៖ «មិនបាច់ដល់កងអង្គរក្សទេសូម្បីតែកងសន្តិសុខខណ្ឌអីហ្នឹងក៏អាចវាយធ្វើបាបស្ត្រីទន់ខ្សោយ អ៊ីចឹងវាអត់អីចម្លែកទេរឿងហ្នឹងនៅក្នុងសង្គមមួយហ្នឹង»។
ក្រុមអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រោមបញ្ជារបស់លោក ហ៊ីង ប៊ុនហៀង បានវាយដំតំណាងរាស្ត្រគណបក្សប្រឆាំងទាំងកណ្ដាលថ្ងៃ កាលពីឆ្នាំ២០១៥។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២នាក់ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវវាយឱ្យរបួសធ្ងន់ ហើយកងអង្គរក្សលោក ហ៊ុន សែន ៣នាក់ត្រូវចាប់ឱ្យទទួលទោសព្រោះបង្កហិង្សានោះ។ តែទោះជាយ៉ាងណាពួកគេបានរួចខ្លួនមកវិញទាំងមិនទាន់ទទួលទោសគ្រប់ចំនួន និងត្រូវដំឡើងតួនាទីថែមទៀតផង។តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក គង់ សភា ថ្លែងថា បើពិនិត្យមើលពីទង្វើរបស់កងអង្គរក្សមួយចំនួន ដែលធ្លាប់ធ្វើនាពេលកន្លងទៅ គឺមិនមានអ្វីចម្លែកទេ ដែលធ្វើឱ្យពលរដ្ឋនៅតែ មានមន្ទិលសង្ស័យថា អំពើល្មើសច្បាប់ធំៗអាចជាប់ទាក់ទងនឹងក្រុមមានសមត្ថកិច្ច។ លើសពីនេះលោកបញ្ជាក់ថា មេដឹកនាំកងអង្គរក្ស ដែលស្និតនឹងលោក ហ៊ុន សែន គឺជាអ្នកដែលល្បីឈ្មោះខាងប្រព្រឹត្តអំពើហិង្សា និងរំលោភបំពានច្បាប់៖ «មេដឹកនាំដែលកាន់កងអង្គរក្សហ្នឹងកឺគាត់កើតចេញម៉ោពីជាអ្នកបងធំ ដូច្នេះគាត់ទៅដឹកនាំហ្នឹងបែបជាមេម៉ាហ្វីយ៉ាអ៊ីចឹងទៅវាអាចធ្វើឱ្យពលរដ្ឋគ្មានជំនឿទៅលើកងអង្គរក្សទេ»។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ត្រូវបាននាយកដ្ឋានរតនាគារអាមេរិកបញ្ចូលទៅក្នុងបញ្ជីខ្មៅ នៃបុគ្គលដែលត្រូវរងទណ្ឌកម្ម ក្រោមច្បាប់ គ្លូប៊ល ម៉ែកនីតស្គី (GLOBAL MAGNITSKY) កាលពីថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៨។ សហរដ្ឋអាមេរិក រកឃើញថា លោក ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមទាំងការបង្ក្រាបលើក្រុមអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំង ដូចជាការបោកគ្រាប់បែកលើអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ១៩៩៧ អំពើហិង្សានៅឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ និងអំពើហិង្សាវាយដំតំណាងរាស្ត្របក្សប្រឆាំងពីររូប នៅមុខរដ្ឋសភា នៅឆ្នាំ២០១៥។ ខាងរតនាគារអាមេរិកអាចបង្កកទ្រព្យសម្បត្តិ ឬផលប្រយោជន៍ផ្សេងទៀត ដែលពាក់ព័ន្ធនឹងលោក ហ៊ីង ប៊ុនហៀង និងហាមឃាត់ជនជាតិអាមេរិកឯទៀត មិនឱ្យរកស៊ី ឬទាក់ទងជាមួយលោកថែមទៀត។
ចំពោះជនរងគ្រោះដោយសារអំពើហិង្សារបស់កងអង្គរក្សរបស់ លោក ហ៊ីង ប៊ុនហៀង លោក គង់ សភា ពិពណ៌នាថា ចំណុចទាំងអស់នេះបានធ្វើឱ្យប៉ះពាល់ដល់មន្ត្រីកងអង្គរក្សផ្សេងទៀត ដែលជាមនុស្សល្អត្រឹមត្រូវ។
ក្រៅពីចំណុចទាំងនេះចំពោះប្រធានក្រុមអ្នកវិភាគវ័យក្មេងកញ្ញា លី ស្រីស្រស់ វិញមើលឃើញថា អាជ្ញាធរមានចំណុចធ្វេសប្រហែសជាច្រើននៅក្នុងពេលបង្ក្រាបករណីប្លន់ប្រដាប់អាវុធមួយនេះ គឺទាំងផ្លូវច្បាប់ និងនីតិវិធីប្រតិបត្តិការ ដែលបង្កឱ្យមានការសង្ស័យ។ ក្នុងនោះកញ្ញាចោទជា សំណួរដែរថា តើហេតុអ្វីសមត្ថកិច្ចមិនប្រើមធ្យោបាយចាប់ខ្លួននៅពេលបានដឹងគម្រោងរបស់ជនសង្ស័យជាច្រើនថ្ងៃមុនហេតុការណ៍? តើសមត្ថកិច្ចពិតជាឈរលើហេតុផលការពារខ្លួនពិតប្រាកដ ឬមានបំណងត្រៀមជាស្រេច ដើម្បីបាញ់សម្លាប់តែម្ដង? ក្រៅពីនេះអាជ្ញាធរបានប្រញាប់ប្រញាល់បូជាសពអ្នកទាំង៤ ដោយគ្មានព័ត៌មានពីគ្រួសារពួកគេ ដែលបង្ហាញថា ពុំបានផ្ដល់យុត្តិធម៌ជាចុងក្រោយដល់ពួកគេថែមទៀត៖ «ពលរដ្ឋមួយចំនួនអាចយល់ថា ជាការធ្វើស៊ី ដែលហៅជាភាសាសាមញ្ញ ជាការបង្កើតឡើង ដើម្បីទម្លាក់កំហុស ទៅលើជនណាមួយអ៊ីចឹងទៅ»។
ចំពោះបញ្ហាផ្សេងទៀតរួមទាំងប័ណ្ណសម្គាល់ខ្លួន ក្លែងក្លាយ ឯកសណ្ឋាន និងកាំភ្លើងរបស់ជនសង្ស័យនៅតែជារឿងដែលអាជ្ញាធរត្រូវបកស្រាយ៖ «យើងត្រូវស្រាវជ្រាវទៀត ថានរណាជាអ្នកជួយធ្វើប័ណ្ណហ្នឹងព្រោះមិនមែនជាប័ណ្ណសរសេរនឹងដៃទេ ព្រោះត្រូវឌីសាញ (design) ត្រូវដាក់រូបថត។ តើម៉ាស៊ីនបោះពុម្ភ ឬព្រីន (printer) នៅឯណា តើជាប់ទាក់ទងមានតម្រុយផ្សេងទៀតដែរ ឬអត់ ?»។
តែទោះជាយ៉ាងណា លោក ហ៊ីង ប៊ុនហៀង បានប្រាប់អាស៊ីសេរីថា នឹងគ្មានទៀតទេ ការស៊ើបអង្កេតគ្រប់រឿងទាំងអស់ក្នុងករណីប្លន់ប្រដាប់អាវុធ និងជំរិតនេះ ព្រោះជនល្មើសបានស្លាប់អស់ទៅហើយ។
ក្នុងការបង្ក្រាបករណីប្លន់ប្រដាប់អាវុធ មិនបានសម្រេចកាលពីថ្ងៃទី១ ខែមីនា កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានបាញ់សម្លាប់បុរសជាជនសង្ស័យចំនួន៤នាក់ នៅហ្នឹងកន្លែង ដោយចោទថា បានបាញ់តដៃជាមួយសមត្ថកិច្ច។ ៣ថ្ងៃក្រោយការបាញ់សម្លាប់នោះទើបទំព័រហ្វេសប៊ុក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហាញព័ត៌មានផ្ទាល់ខ្លួនបុរសទាំង ៤នាក់ជាសាធារណៈ។ ក្នុងនោះបង្ហាញថា ពេលកើតហេតុ បុរសឈ្មោះ អ៊ឹម សុវណ្ណរិទ្ធិ កាន់កាំភ្លើង AK47 ឈ្មោះ រី ពិសី កាន់កាំភ្លើងខ្លីម៉ាកស៊ូរ៉ាគី ឈ្មោះ រ៉ន ភារុន កាន់កាំភ្លើងខ្លីម៉ាក CZ P09 ចំណែកឈ្មោះ ម៉ូវ ផានិត គ្មានកាន់កាំភ្លើងឡើយ។
ចំណុចនេះពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងលោក ពេជ វិសាល ចោទជាសំណួរថា តើអ្នកដែលគ្មានកាំភ្លើងនោះបានបាញ់តដៃសមត្ថកិច្ច ដែរឬទេ?៖ «ត្រង់ហ្នឹងថាហេតុអីចាំបាច់ត្រូវបាញ់គាត់ដែរ ? ឬមួយសមត្ថកិច្ចមើលមិនច្បាស់ហើយចេះតេបាញ់ៗទៅ ?»។
បើទោះជាយ៉ាងណាចំពោះ លោក ហ៊ីង ប៊ុនហៀង លោកថា ជឿ ឬមិនជឿគឺជាសិទ្ធិរបស់ពលរដ្ឋ។ ចំណែកអាជ្ញាធរបានអនុវត្តតួនាទីការពារសុវត្ថិភាពជូនពលរដ្ឋ។
ផ្ទុយពីនេះចំពោះអ្នកវិភាគវ័យក្មេងកញ្ញា លី ស្រីស្រស់ វិញមើលឃើញថា នៅពេលដែលពលរដ្ឋអស់ជំនឿទៅលើអាជ្ញាធរអនុវត្តច្បាប់ នឹងបង្កើតបញ្ហាជាច្រើនក្នុងសង្គម ដោយសារតែពលរដ្ឋមិនចូលរួមសហការជាមួយអាជ្ញាធរ ធ្វើឱ្យតម្លៃប្រព័ន្ធយុត្តិធម៌ទាំងមូលធ្លាក់ចុះ ដែលជាដើមចមធ្វើឱ្យការអភិវឌ្ឍប្រទេសជួបឧបសគ្គ ឬយឺតយ៉ាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។