ម្ចាស់រថយន្ត ដែលប្រកបមុខរបរដឹកអ្នកដំណើរ និងដឹកទំនិញពីច្រកព្រំដែនកម្ពុជា-ថៃ ជាង៣០ នាក់ នាំគ្នាធ្វើបាតុកម្មទាមទារឱ្យមន្ត្រីគយចល័តរបស់ក្រសួងបញ្ឈប់ការយកប្រាក់ច្រើនហួសហេតុ នៅពេលដឹកទំនិញឆ្លងកាត់ម្តងៗ។ ការតវ៉ានោះ ធ្វើឡើងនៅមុខប៉ុស្តិ៍ត្រួតពិនិត្យក្បែរស្ពានទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ មករានេះ។ មន្ត្រីគយចល័តខេត្តបន្ទាយមានជ័យអះអាងថា គ្មានការយកប្រាក់នោះទេ ប៉ុន្តែជាការត្រួតពិនិត្យទំនិញ និងតម្រូវឱ្យពួកគាត់បង់ពន្ធស្របតាមច្បាប់ប៉ុណ្ណោះ។
ការតវ៉ារបស់ក្រុមម្ចាស់រថយន្តជាង ៣០នាក់ អស់រយៈពេលមួយព្រឹកធំ នៅថ្ងៃអាទិត្យ ទី១៤ មករា ដើម្បីស្នើសុំឱ្យមន្ត្រីគយចល័តបញ្ឈប់ការយកប្រាក់ច្រើនហួសហេតុនោះ មិនទាន់មានលទ្ធផលល្អឡើយទេ ដោយសារមិនមានមន្ត្រីអាជ្ញាធរណាមកជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់។
ទោះបីយ៉ាងនេះក្តី ពួកគាត់ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអន្តរាគមន៍ករណីនេះ ដើម្បីឱ្យប្រសាសន៍របស់លោក ដែលធ្លាប់បានលើកឡើងកន្លងមក ឱ្យលុបបំបាត់កុងត្រូលជជុះនោះមានប្រសិទ្ធភាព។
អ្នករត់រថយន្តឈ្នួលម្នាក់ លោក កំសត់ រៀបរាប់ថា គោលបំណងដែលពួកគាត់នាំគ្នាតវ៉ា គឺដោយសារមន្ត្រីគយចល័តរបស់ក្រសួងបានបង្កើតទីតាំងត្រួតពិនិត្យថ្មី ហើយគាបសង្កត់យកប្រាក់ច្រើនពីអ្នករត់ឡានឈ្នួល និងទាមទារឱ្យពួកគាត់បង់ជាខែទៀតផង។ ប្រភពដដែលអះអាងថា ប៉ុស្តិ៍គយត្រួតពិនិត្យថ្មីនោះ គឺតម្រូវឱ្យពួកគាត់បង់ ប្រាក់ ៤ ម៉ឺនរៀលសម្រាប់រថយន្តមួយគ្រឿងនៅពេលដឹកទំនិញឆ្លងកាត់ម្ដង។ លោកបញ្ជាក់ថា ពួកគាត់ស៊ីឈ្នួលដឹកទំនិញចេញពីឃ្លាំងក្នុងក្រុងប៉ោយប៉ែត ទៅកាន់ខេត្តក្រុងផ្សេងទៀត បានតម្លៃ ៧ម៉ឺន ទៅ ៨ ម៉ឺនរៀលប៉ុណ្ណោះចំពោះរថយន្តមួយគ្រឿង និងត្រូវបង់ប្រាក់ទៅប៉ុស្តិ៍ត្រួតពិនិត្យ ២ ទៅ ៣ កន្លែងផ្សេងទៀត ដោយកន្លងមកត្រូវបង់ក្នុងមួយខែ៤០ម៉ឺនរៀល ឬ ប្រមាណ១ រយដុល្លារសហរដ្ឋអាមេរិក មិនមែនច្រើនដូចពេលនេះទេ៖ «ទីមួយគាត់ទេទារខែពីរជើង។ ឥឡូវទារខែឱ្យគ្នាចូលមកទៅ យប់ព្រលប់ក៏ដោយឱ្យគ្នាចូលមកចេះតែកកូរកកាយ។ គ្នាមិនពេញចិត្តគ្នាមិនបង់ ព្រោះទំនិញទាំងអស់ហ្នឹង សុទ្ធតែបានឆ្លងកាត់ព្រំដែនហើយ»។
ក្រុមអ្នករត់ឡានឈ្នួល អះអាងថា រាល់ការបង់ប្រាក់ទៅឱ្យមន្ត្រីគយចល័តគឺមិនមានវិក្កយបត្រទេ។ ការតវ៉ាមួយព្រឹកធំនោះ មិនបានបង្កផលប៉ះពាល់ចរាចរណ៍ឡើយ ពីព្រោះ ពួកគាត់បាននាំគ្នាលើកបដាតវ៉ា នៅលើទីតាំងដីទំនេរមួយកន្លែង ដែលនៅក្បែរស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ។
ទាក់ទងបញ្ហានេះ ប្រធានគយចល័តខេត្តបន្ទាយមានជ័យ លោក ពុធ សុខា មានប្រសាសន៍នៅថ្ងៃទី១៤ មករាថា កន្លងមកក្រុមអ្នករត់ឡានឈ្នួលតែងជិះគេចមន្ត្រីជំនាញរហូត ដោយមិនអនុញ្ញាតឱ្យមន្ត្រីរបស់លោកត្រួតពិនិត្យទំនិញទេ។ លោកអះអាងថា មន្ត្រីគយចល័តមិនបានយកលុយយកកាក់ពីអ្នករត់ឡានឈ្នួលដូចការចោទប្រកាន់ឡើយ ប៉ុន្តែជាការត្រួតពិនិត្យមិនឱ្យមានទំនិញគេចពន្ធកើតឡើងបន្តទៀត និងត្រូវបង់ពន្ធតាមច្បាប់ប៉ុណ្ណោះ៖ «ទៅយកលុយតាក់ស៊ីគាត់ បងឯង ទៅយកម៉េចកើត។ យើងអត់មានទៅយកទេ ប៉ុន្តែគ្រាន់តែសុំឱ្យគាត់ទៅឈប់កន្លែងខ្ញុំហ្នឹងដើម្បីឱ្យពួកគយត្រួតពិនិត្យមើលទំនិញថា ឡានគាត់ហ្នឹងដឹកអីខ្លះ គ្រាន់តែប៉ុណ្ណឹងទេ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ចាន់គា មើលឃើញថា ការទាមរបស់អ្នករត់ឡានឈ្នួលដឹកទំនិញទាំងនោះ គឺធ្វើឡើងដោយអហិង្សា ដើម្បីទាមទារឱ្យមន្ត្រីគយចល័តបញ្ចុះតម្លៃ។ លោកថា ការបង់ពន្ធដោយគ្មានវិក្កយបត្រ គឺ ជាវិធីសាស្ត្រប្លែកមួយក្នុងការប្រមូលពន្ធ ហើយរឿងចម្លែកមួយទៀត គឺទំនិញដែលក្រុមអ្នករត់ឡានឈ្នួលដឹកពីក្រុងប៉ោយប៉ែតទៅ គឺជាប្រភេទទំនិញដែលត្រូវបានមន្ត្រីគយច្រកព្រំដែនត្រួតពិនិត្យរួចទៅហើយ៖ «យើងគួរតែបញ្ចប់អំពើទាំងអស់នោះ ។ គួរតែឱ្យពួកគាត់ហ្នឹងរឹតបន្តឹងការបង់ពន្ធបង់ទំនិញអី នៅតាមច្រកព្រំដែន ព្រោះទំនិញដែលពួកគាត់ដឹកទាំងអស់នេះ គឺពួកគាត់ដឹកនៅក្នុងប្រទេសកម្ពុជាទេ។ ទំនិញអត់ចេះហោះចូលទេ ហើយឃ្លាំងទំនិញមួយចំនួនហ្នឹងត្រូវបានពិនិត្យដោយអាជ្ញាធរ ទាំងគយ ទាំងសេដ្ឋកិច្ច ទាំងប៉ូលិសកាំកុងត្រូលអីរួចអស់ហើយ»។
មន្ត្រីសង្គមស៊ីវិលដដែល មិនបានជំទាស់ទៅនឹងការពង្រឹងនីតិវិធីប្រមូលពន្ធលើទំនិញនាំចូលមកនោះទេ ប៉ុន្តែលោកស្នើសុំឱ្យមានការអនុវត្តច្បាប់ និងត្រួតពិនិត្យទំនិញទាំងនោះឱ្យបានត្រឹមត្រូវជាមុន ពីសំណាក់សមត្ថកិច្ចព្រំដែន ពិសេសមន្ត្រីគយ តាមច្រកព្រំដែននិមួយៗ និងតាមច្រករបៀងតូចៗ។ លោកថា ទំនិញនាំចូលខុសច្បាប់ឬ ស្របច្បាប់ គឺអាស្រ័យលើមន្ត្រីដែលគ្រប់គ្រងនៅតាមច្រកព្រំដែននិមួយៗ តែម្ដង ដោយធ្វើយ៉ាងណាធានាការប្រមូលពន្ធ និងបង់ពន្ធចូលរដ្ឋស្របតាមច្បាប់និងមានតម្លាភាព ជៀសវាងការដាក់កុងត្រូលជជុះតាមផ្លូវច្រើន ហើយជិះប្រដេញតាមចាប់ឡានដឹកទំនិញគេចពន្ធនៅលើផ្លូវសាធារណៈ ដែលអាចបង្កភាពគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងប៉ះពាល់ដល់ចរាចរណ៍តាមដងផ្លូវជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។