ថៃ​បញ្ជូន​មេខ្យល់​ជនជាតិ​ថៃ ៥នាក់​ទៅ​តុលាការ​ដែល​បោកប្រាស់​ជនជាតិ​ភូមា ឱ្យ​ទៅ​ធ្វើការ​បោកប្រាស់នៅ​កម្ពុជា

0:00 / 0:00

អាជ្ញាធរ​ប្រទេស​ថៃ កំពុង​ដំណើរការ​នីតិវិធី​ប្ដឹង​ជនជាតិ​ថៃ ៥នាក់ ក្រោយ​ស៊ើបអង្កេត​រក​ឃើញ​ថា ពួកគេ​គឺជា​មេខ្យល់ ឆបោក​ជនជាតិ​មីយ៉ាន់ម៉ា ៩នាក់ យក​ទៅ​លក់​បន្ត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ប្រតិបត្តិការ​បង្ក្រាប​ករណី​នេះ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ក្នុង​ប្រទេស។

នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស ផ្នែក​ជួញដូរ​មនុស្ស របស់​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៥ ខែ​តុលា បាន​បញ្ជូន​សំណុំ​រឿង​របស់​មេខ្យល់​ជនជាតិ​ថៃ​ចំនួន ៥នាក់ ទៅ​កាន់​តុលាការ ដើម្បី​ស្នើសុំ​ដីកា​ចាប់ខ្លួន បន្ទាប់​ពី​ពួកគេ​បាន​ឆបោក​ជនជាតិ​មីយ៉ាន់ម៉ា (Myanmar) ចំនួន ៩នាក់ យក​ទៅ​លក់​បន្ត​ឱ្យ​ឧក្រិដ្ឋជន​ចាប់ជំរិត និង​ឆបោក​តាម​អ៊ីនធឺណិត​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន ឥសរា ( ISRA) របស់​ថៃ។

អាជ្ញាធរ​ប្រទេស​ថៃ បាន​រក​ឃើញ​ថា មេខ្យល់​ជនជាតិ​ថៃ​ទាំង ៥នាក់​នោះ​បាន​បញ្ឆោត​ឱ្យ​ជនជាតិ​ភូមា ទៅ​ធ្វើការ​ជា​ភ្នាក់ងារ​ផ្នែក​លក់​តាម​អនឡាញ នៅ​ក្នុង​ក្រុមហ៊ុន​ចិន​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល របស់​កម្ពុជា។ តាម​ការ​អះអាង​របស់​ជនរងគ្រោះ​បាន​រៀបរាប់​ថា នៅ​ពេល​ពួកគេ​ទៅដល់​ទីតាំង​អគារ​មួយ​កន្លែង​នៅ​ស្រុក​កោះធំ នោះ​ភ្លាម​ពួកគេ​ត្រូវ​បាន​ក្រុម​មេខ្យល់ និង​ថៅកែ​ដែល​ពួកគេ​អះអាង​ថា គឺជា​ជនជាតិ​ចិន បាន​ចាប់​ឃុំ​ខ្លួន វាយដំ​ធ្វើ​ទារុណកម្ម បង្អត់​អាហារ និង​បង្ខំ​ពួកគេ​ឱ្យ​ធ្វើការ​ហៅ​ទូរស័ព្ទ ដើម្បី​ឆបោក​អតិថិជន​តាម​ប្រព័ន្ធ​អនឡាញ។

ក្រោយ​ការ​ស៊ើបអង្កេត នាយកដ្ឋាន​ស៊ើប​អង្កេត​ពិសេស ផ្នែក​ជួញដូរ​មនុស្ស របស់​ប្រទេស​ថៃ បាន​រៀបចំ​សំណុំរឿង និង​ភស្តុតាង​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ប្ដឹង​ថៅកែ​ជនជាតិ​ចិន និង​មេខ្យល់​ទាំង ៥នាក់​ពី​បទ "ឃុំឃាំង ជួញដូរ​មនុស្ស និង​ធ្វើ​ទារុណកម្ម" និង​ស្នើសុំ​ដីកា​ពី​ព្រះរាជអាជ្ញា​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​យក​មក​កាត់ទោស​តាម​ច្បាប់។

ការ​រក​ឃើញ​របស់​អាជ្ញាធរ​ថៃ​នេះ គឺ​ស្រប​ពេល​សារព័ត៌មាន​បរទេស​ចុះផ្សាយ​ជា​បន្តបន្ទាប់ ពី​ការ​រក​ឃើញ​ករណី​ឧក្រិដ្ឋកម្ម​ឆបោក និង​ចាប់ជំរិត ដែល​ក្រុម​ជនល្មើស​ភាគច្រើន​ជា​ជនជាតិ​ចិន កំពុង​សំងំ​តាំង​មូលដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា រួមមាន​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ស្ពឺ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ក្រុងព្រះសីហនុ ជាដើម។

ទាក់ទិន​រឿង​នេះ អនុ​ប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៦ ខែ​តុលា ថា កម្ពុជា ក៏​ជា​ប្រទេស​ដែល​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ឆបោក និង​ចាប់ជំរិត​ដែរ។ អ្នកស្រី​បន្ត​ថា ក្នុង​ករណី​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​សាមី គួរតែ​រួម​គ្នា​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ជាជាង​ការ​ដាក់​បន្ទុក និង​ទម្លាក់​កំហុស​ទៅលើ​ប្រទេស​ណាមួយ។

លោកស្រី ជូ ប៊ុនអេង៖«ដូច​ខ្ញុំ​ធ្លាប់​និយាយ​អ៊ីចឹង ថា​យើង​ទទួលស្គាល់​ថា កម្ពុជា​យើង វា​មិន​អត់​ទេ​បទល្មើស ហើយ​បើ​មក​តាំងពី​ភូមា និង​មកពី​ថៃ មក​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ខ្ញុំ​គិត​ថា នៅ​ពេល​ពួកគេ​មក​ច្បាស់​ជា​មិន​បាន​ប្រាប់​សមត្ថកិច្ច​ណា​ថា គាត់​មក​ធ្វើ​បទល្មើស​ទេ។ អ៊ីចឹង​វា​ហាក់​ដូចជា​ចេតនា​របស់​ជនល្មើស​ដែរ ដែល​មក​បង្ក​បញ្ហា​នៅ​កម្ពុជា ហើយ​ពេល​ណា​មាន​បញ្ហា ចង្អុល​មក​កម្ពុជា»។

យ៉ាងណា​ក៏ដោយ​ចុះ ក្រៅពី​ជនជាតិ​ភូមា ក៏​មាន​ជនជាតិ​ថៃ​ផ្សេង​ទៀត បាន​ចាញ់បោក និង​រងគ្រោះ​ក្នុង​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា​ដែរ ប៉ុន្តែ​ករណី​ខ្លះ អាជ្ញាធរ​បាន​រក​ឃើញ​ថា​ជន​ឆបោក​មួយ​ចំនួន​មិនមែន​ជា​ជនរងគ្រោះ​ដោយសារ​ការ​បង្ខំ​ឱ្យ​ចូល​ធ្វើការ​ឆបោក​ឡើយ។ ក្នុង​នោះ​ជន​រងគ្រោះ​ពី​ការ​បង្ខំ​ឱ្យ​ធ្វើការ​ឆបោក​នៅ​កម្ពុជា​បាន​អះអាង​ថា នៅ​ពេល​មាន​អាជ្ញាធរ​កម្ពុជា ចុះ​មក​ត្រួតពិនិត្យ​តាម​អាគារ​ម្ដងៗ ក្រុម​ឧក្រិដ្ឋជន​បាន​ជម្លៀស​ពួកគេ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

ទាក់ទិន​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា ការ​រក​ឃើញ និង​រាយការណ៍​ជា​បន្តបន្ទាប់ អំពី​ការ​ជួញដូរ​មនុស្ស ចាប់ជំរិត និង​ឧស្សាហកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ កំពុង​គំរាមកំហែង​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា និង​សុខ​សុវត្ថិភាព​លើ​ផ្ទៃ​ប្រទេស។

លោក អំ សំអាត៖«ទី​មួយ គឺ​ពង្រឹង​ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព។ ទីពីរ ជន​ណា​ក៏​ដោយ​ឱ្យ​តែ​មាន​ការ​ពាក់ព័ន្ធ ទោះបី​មាន​ឋានន្តរសក្ដិ​ណា​ក៏ដោយ ក៏​ត្រូវតែ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ជា​ដាច់ខាត។ ទីបី ត្រូវ​លុប​បំបាត់​នូវ​អំពើ​ពុករលួយ។ ទី​បួន គឺ​ត្រូវ​មាន​ការ​បណ្ដុះបណ្ដាល​បន្ថែម​នូវ​ជំនាញ​វិជ្ជាជីវៈ​មន្ត្រី​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស»។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​រដ្ឋធានី​វៀងចន្ទន៍ (Vientiane) ប្រទេស​ឡាវ (Laos) កាលពី​ថ្ងៃ​ទី៩ ខែ​តុលា នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paethongtarn Shinawatra) បាន​លើក​យក​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ ទៅ​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។