ក្រុមអាជីវករដែលនាំទំនិញចូលទៅលក់ដូរនៅក្នុងទឹកដីថៃ ត្អូញត្អែរថា ទំនិញរបស់ពួកគេត្រូវបានប៉ូលិសព្រំដែនខាងភាគីថៃ បង្កកទុកនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត អស់ជាច្រើនថ្ងៃមកហើយ។ ចំណែកទំនិញរបស់ថៃ វិញ បានហូរចូលមកកម្ពុជា ដោយពុំមានបញ្ហាអ្វីឡើយ។
មន្ត្រីរបស់រដ្ឋាភិបាលអះអាងថា មូលហេតុដែលថៃ រឹតបន្តឹងការនាំចូលពីកម្ពុជា នេះ គឺដើម្បីប្រមូលពន្ធគយ និងត្រួតពិនិត្យទំនិញក្លែងបន្លំស្លាកយីហោ។
ក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារលុងគឿ និងជាអ្នកនាំទំនិញចូលទៅក្នុងទឹកដីថៃ ផង អំពាវនាវសុំឲ្យអាជ្ញាធរខាងភាគីកម្ពុជា ជួញដោះស្រាយចំពោះបញ្ហានេះឲ្យបានឆាប់ ដោយតឿនភាគីថៃ ឲ្យបើកច្រកដើម្បីអាចឲ្យទំនិញ និងសម្ភារៈចូលទៅក្នុងប្រទេសថៃ ទាន់ពេលវេលា។
រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជាអាជីវករផង លោក យក់ វើដែន ឲ្យដឹងនៅថ្ងៃទី១២ សីហា ថា ទំនិញដែលអូសតាមរទេះរុញជាច្រើនរយគ្រឿង ដែលផ្ទុកដោយខោអាវ និងស្រូវសាច់ផង បានកកស្ទះណែនណាន់តាប់តាន់នៅមុខច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត។ លោកបន្តថា រហូតមកដល់ពេលនេះ ពុំទាន់ឃើញមានមន្ត្រីមានសមត្ថកិច្ចខាងភាគីកម្ពុជា អន្តរាគមន៍ដោះស្រាយនៅឡើយទេ។ លោកឲ្យដឹងទៀតថា ភាគីថៃ បានរឹតបន្តឹងការនាំទំនិញពីប្រទេសកម្ពុជា ចូលនេះ មានរយៈពេលប្រហែល ១ខែកន្លងមកហើយ ប៉ុន្តែថា សកម្មភាពដែលតឹងតែងនេះ គឺក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៖ «ទំនិញខ្មែរយើងដូចឥវ៉ាន់ជជុះនេះ ឥតមានអីខុសច្បាប់ទេ ប៉ុន្តែគេធ្វើឲ្យយើងតឹងហ្មង។ បើឥវ៉ាន់ថ្មីវិញមានយីហោវិញ គឺឥតឲ្យយើងចូលហ្មង»។
ប្រហាក់ប្រហែលគ្នានេះដែរ លោក ហេង ពិសិដ្ឋ ជាអាជីវករនៅផ្សារលុងគឿ និយាយថា គិតមកដល់ពេលនេះមានរយៈពេល ៤ថ្ងៃហើយ ដែលប៉ូលិសព្រំដែនភាគីថៃ បានបិទទំនិញនាំចូលពីកម្ពុជា មិនឲ្យឆ្លងទៅប្រទេសថៃ។ លោកអះអាងថា ផ្ទុយទៅវិញ ទំនិញថៃ បែរជាបានអនុញ្ញាតឲ្យដឹកជញ្ជូនតាមរថយន្តកុងតឺន័រធំៗចូលមកកម្ពុជា រៀងរាល់ថ្ងៃ ដោយពុំមានឧបសគ្គណាមួយឡើយ៖ «ឆុងរវាងខ្មែរហើយនិងថៃ តាំងពីដើមមក ហើយបើរឿងថៃ គិតតែពីរឹតពីខ្មែរអ៊ីចឹង។ ចាប់មួយចំហៀងៗធ្វើបាបគ្នាអ៊ីចឹង ហើយបើប្រៀបធៀបទំនិញថៃ វិញចូលខ្មែរយើង ចូលមួយថ្ងៃៗរាប់រយលាន ដល់ទំនិញខ្មែរចូលតិចតួចហ្នឹង ហេតុអីបានយើងមិនព្រមយោគយល់ឲ្យខ្មែរខ្លះ»។
ក្រុមអាជីវករដែលលក់ដូរនៅក្នុងផ្សារលុងគឿ ក្នុងទឹកដីថៃ និយាយថា ក្នុងដំណាក់កាលចុងក្រោយនេះ តម្រួតរបស់ថៃ បានចុះចាប់ទំនិញនៅក្នុងឃ្លាំងរបស់ពលរដ្ឋខ្មែរ ដែលធ្វើអាជីវកម្មនៅទីនោះ ហើយតូបលក់ដូរមួយចំនួន ត្រូវបង្ខំចិត្តបិទទ្វារ។ អ្នកដែលរងផលប៉ះពាល់ដោយការបង្ក្រាបពីតម្រួតរបស់ថៃ នេះអះអាងថា ការចុះបង្ក្រាបក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ យ៉ាងហោចណាស់ក៏ត្រូវខាតបង់ក្នុងតម្លៃចន្លោះពី ៧ ទៅ ៨ម៉ឺនដុល្លារដែរ។ ការបង់ខាតនៅពេលនេះ មិនទាន់រាប់បញ្ចូលពីទំនិញដែលភាគច្រើន គឺជាខោអាវ និងម្ហូបអាហារ ដែលផ្ទុកនៅលើរទេះរុញប្រហែល ២០០គ្រឿងនោះ ដែលកំពុងកកស្ទះនៅមាត់ច្រកព្រំដែនប៉ោយប៉ែត នៅឡើយផង។
វិទ្យុអាស៊ីសេរី ពុំទាន់អាចស្នើសុំការបំភ្លឺជុំវិញបញ្ហានេះពីខាងភាគីថៃ បាននៅឡើយទេ នៅថ្ងៃទី១២ សីហា។
ឆ្លើយតបបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ថ្លែងថា ការពិតភាគីថៃ មិនបានបង្កកទំនិញ និងហាមឃាត់ការនាំចូលពីកម្ពុជា នោះទេ។ ប៉ុន្តែ ការអនុវត្តគោលនយោបាយរបស់ថៃ នេះ គឺគ្រាន់តែពិនិត្យមើលចំពោះទំនិញដែលលួចបន្លំស្លាកយីហោ និងទំនិញមិនមានគុណភាពប៉ុណ្ណោះ។ លោកថ្លែងទៀតថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ អ្វីៗនឹងវិលទៅរកភាពប្រក្រតីឡើងវិញហើយ។ ម្យ៉ាងវិញទៀត នៅចន្លោះពេលដែលភាគីថៃ ត្រូវផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេសនេះ ក៏មានទំនិញមួយចំនួនត្រូវលួចបន្លំដោយគ្មានគុណភាព និងបន្លំស្លាកយីហោថែម ចូលក្នុងទឹកដីថៃ។ ហេតុផលនេះហើយ ដែលជំរុញឲ្យរដ្ឋាភិបាលថៃ ត្រូវរឹតបន្តឹងក្នុងរយៈពេលខ្លី ដើម្បីត្រួតពិនិត្យ។ ដោយឡែកអាជ្ញាធរខាងភាគីកម្ពុជា វិញ នឹងតាមដានក្នុងរឿងនេះ ដើម្បីដោះស្រាយ៖ «ដូចមិនមានអីកកស្ទះទេ។ រឿងទំនិញនៅប៉ោយប៉ែត នេះ ខ្ញុំចង់បញ្ជាក់ជូនអ៊ីចេះ ឥឡូវហ្នឹងយើងដឹងស្រាប់ហើយ ប្រទេសថៃ មួយរយៈកន្លងមក គាត់ជាប់ប្ដូររបបគ្រប់គ្រងពីរដ្ឋាភិបាលមួយទៅរដ្ឋការមួយទៀត។ អ៊ីចឹងក្នុងការគ្រប់គ្រងថ្មីហ្នឹង ខាងគាត់វាច្របូកច្របល់ច្បាប់មួយចំនួន។ ពេលដែលគាត់ច្របូកច្របល់ អ៊ីចឹងទំនិញពីយើងស្អីក៏ចូលបានដែរ និយាយឲ្យខ្លីទៅចុះ រយៈពេលដែលគាត់ច្របូកច្របល់ហ្នឹង»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ចាត់ទុកថា ការត្រួតពិនិត្យណាមួយនោះ វា គឺជំនាញរបស់អាជ្ញាធរ តែការអនុវត្តគោលនយោបាយសេដ្ឋកិច្ចដើម្បីបង្កើនចំណូលពន្ធនេះ មិនគប្បីណានាំឲ្យមានផលប៉ះពាល់ចំពោះការប្រកបអាជីវកម្មរបស់ពលរដ្ឋ រហូតបង្កកទំនិញឡើយ។ លោកនិយាយថា កម្ពុជា ពិតជាគួរឲ្យសោកស្ដាយដែលមិនអាចធ្វើអ្វីបាននៅក្នុងស្រុកឲ្យមាំទាំ ក្រៅពីពឹងបរទេសទេនោះ៖ «នៅពេលខ្លះយើងឃើញថា ផលិតផលខ្លះមិនបានកម្ពុជា យើងត្រូវបានគេឲ្យដាក់ឈ្មោះផង សូម្បីតែប្រហុកហ្នឹង ក៏គេយកទៅមិនឲ្យវ៉ៃប្រេនណែម (Brand Name) កម្ពុជា ផង មេដអ៊ិនខេមបូឌា (Made in Cambodia) ផង ចូលដល់ប្រទេសគេ។ គេវ៉ៃឈ្មោះប្រទេសគេ ប៉ុន្តែប្រហុកៗរបស់កម្ពុជា»។
បច្ចុប្បន្ន ប្រទេសកម្ពុជា នាំចូលទំនិញពីបរទេសមកក្នុងទីផ្សាររបស់ខ្លួនក្នុងតម្លៃទឹកប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។