អ្នក​បង្កើត​មាតិកា​រាំ​ស្រើបស្រាល​កំពុង​​បង្ក​ផល​​ប៉ះពាល់​ដល់​កុមារ និង​យុវជន តែ​ក្រសួង​មិន​អើពើ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​អាណាព្យាបាល​មួយ​ចំនួន​ព្រួយបារម្ភ ពី​អត្រា​​អ្នក​បង្កើត​មាតិកា​រាំ​លេង​​បែប​ស្រើប​ស្រាល និង​បង្ហាញ​រូបភាព​សិចស៊ី​ បន្ត​កើន​ឡើង​កាន់​តែ​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កុមារ​និង​យុវជន ខណៈ​ក្រសួង​ពាក់ព័ន្ធ​​ហាក់​ពុំ​មាន​វិធានការ​​​ទប់ស្កាត់​ឱ្យ​បាន​តឹងរ៉ឹង។ ពួក​គាត់​ថា​ មាតិកា​វីដេអូ រាំ​លេង​​បែប​ស្រើបស្រាល​​​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​បាន​ធ្វើ​ឱ្យ​កុមារ និង​យុវជន​ភាគ​ច្រើន​យក​គំរូ​​តាម និង​ យុវជន​ខ្លះ​ បោះបង់​​ការ​សិក្សា​ទាំង​វ័យ​ក្មេង។

ក្នុង​ពេល​ដែល​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​កាន់​តែ​សម្បូរ​បែប និង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ព្យាយាម​បង្កើត​មាតិកា​ប្លែក​ៗ និង​ទាក់ទាញ​ដើម្បី​ ឱ្យ​ខ្លួន​កាន់​តែ​មាន​ឈ្មោះ​ល្បី និង​ខ្លះ​ទៀត​ដើម្បី​រក​ចំណូល​ពី​ក្រុម​ហ៊ុន​បណ្ដាញ​សង្គម នៅពេល​ដែល​មាន​​មនុស្ស​ម្នា​ចូល​មើល ឬ​ចុច​ចូល​ចិត្ត (Like)កាន់​តែ​ច្រើន។ ក្នុង​នោះ​ក៏​មាន​ការ​បង្កើត​មាតិកា​រាំ​លេង​បែប​ស្រើបស្រាល​ និង​បង្ហាញ​រូប​ភាព​សិច​ស៊ី​ជា​ដើម។ បញ្ហា​នេះ អាណាព្យាបាល​មួយ​ចំនួន កំពុង​ព្រួយ​បារម្ភ ពី​ផល​ប៉ះពាល់​ដល់​ការសិក្សា របស់​ក្មេង​កាន់​តែ​ច្រើន​ឡើង ព្រោះ​ក្មេង​ៗ​ខ្លះ​ យក​គំរូ​តាម​អ្នក​បង្កើត​មាតិកា​ទាំងនោះ។

អាណាព្យាបាល​មួយ​ចំនួន​លើក​ឡើង​ថា​​ ខណៈ​ដែល​សេដ្ឋកិច្ចគ្រួសារ​ធ្លាក់​ចុះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ និង​ទៅ​រក​ការងារ នៅ​តាម​ខេត្ត​ផ្សេងៗ​ ចំណែក​ ​កូន​តូច​ ឬ​ក្មេង​ៗ​ ត្រូវ​​​ទុក​នៅ​ផ្ទះ​ជា​មួយ​សាច់​ញាតិ និង​ឪពុក​ម្ដាយ​ចាស់​ ដែល​ធ្វើ​ឱ្យ​ការ​ ​មើល​ថែ​ក្មេងៗ​ ​ពុំ​បាន​ដិតដល់។ ​ ករណី​នេះ​ ធ្វើ​ឱ្យ​ក្មេងៗ និង​យុវជន​ ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ រាំ​លេង​បែប​ស្រើបស្រាល និង​មើល​វីដេអូ​ដែល​មាន​រូបភាព​មិន​សមរម្យ​ តាម​អំពើ​ចិត្ត។

​​​បណ្ដាញ​សង្គម​ដែល​យុវជន និង​កុមារ​ភាគ​ច្រើន​និយម​លេង​ និង​ចូល​ទៅ​ទស្សនា​ច្រើន​ជាង​គេ​ មាន​ដូច​ជា​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង ទិកតុក (Tiktok) ជា​ដើម​។ រីឯ​ បណ្ដាញ​សង្គម​ ទិកតុក​ គេ​សង្កេត​ ​​ឃើញ​មាន​យុវជន​ និង​ក្មេង​ៗ​ និយម​រាំ​​លេង​​​​បែប​ស្រើបស្រាល​ និង​បង្ហាញ ​​សកម្មភាព​មិន​សមរម្យ នៅ​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​។ បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ គួរតែ​ពិចារណា និង​ចាត់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង ទៅ​លើ​អ្នក​បង្កើត​មាតិកា​ ដែល​មិន​សមរម្យ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​យុវជន និង​កុមារ។

ពលរដ្ឋ​រស់​នៅ​ ខេត្ត​កណ្ដាល​ លោក ម៉ៅ ឆន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា​ ថា​ បច្ចុប្បន្ន កុមារ​​ និង​យុវជន កំពុង​តែ​ ឈ្លក់​វង្វេង​នឹង​ការ​ប្រើ​ប្រាស់​ បណ្ដាញ​សង្គម​ ដើម្បី​មើល​មាតិកា​ វីដេអូ និង ​បង្ហោះ​រូបភាព​ផ្សេង​ៗ​។ លោក ម៉ៅ ឆន បារម្ភ​ថា​ មាតិកា​ វីដេអូ​ និយាយ​ពី​​សង្គម និង​ការ​អប់រំ ផ្សេងៗ យុវជន ​ពុំ​សូវ​ចាប់​អារម្មណ៍​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ វីដេអូ​ រាំ​លេង ​បែប​ស្រើបស្រាល​ និង​ ជេរ​​ប្រមាថ​គ្នា​ ​បែរ​ជា​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ច្រើន​ ពី​សំណាក់​ យុវជន និង​ក្មេងៗ​។ លោក​បន្ត​ថា ​ករណី​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ មាតិកា​ ប្រភេទ​នេះ​​កើន​ឡើង​ច្រើន​ នៅ​ពេល​បច្ចុប្បន្ន។

លោក ម៉ៅ ឆន៖«ក្ដី​បារម្ភ​ របស់​ខ្ញុំ​គឺ​មាន​តែ​ក្រសួង​វប្បធម៌ និង​ក្រសួង​អប់រំ​ទេ​ ដែល​ត្រូវ​សិក្សា​កិច្ច​ការងារ​ទាំង​អស់​នេះ។ ចំណែក​ក្រសួង​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​មាតិកា​ ទាំង​នោះ​ថា​តើ​ នរណា​គេ​ជា​អ្នក​ទទួល​ខុស​ត្រូវ?ដូច្នេះ​មាន​តែ​ក្រសួង​ទាំង​នេះ​ទេ​ ដែល​ត្រូវ​ពិនិត្យ​មើល​ថា​តើ​ កន្លែង​ណា​ខ្លះ​ ដែល​មិន​គួរ​ឱ្យ​ផ្សាយ និង​កន្លែង​ណា​ខ្លះ​ដែល​គួរ​ឱ្យ​ផ្សាយ»។

លោក ម៉ៅ ឆន សង្កេត​ឃើញ​ថា​ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ​​​កុមារ និង​យុវជន ​នៅ​តាម​ជនបទ​ ​ខ្វះ​ការ​មើល​ថែ​ដិត​ដល់​ពី​សំណាក់​អាណាព្យាបាល ដោយ​សារ​តែ​ បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​​ ដែល​ធ្វើ​ឱ្យ​កុមារ​ភាគ​ច្រើន​ អាយុ​ចន្លោះ​ ២​ឆ្នាំ ទៅ​១៨​ឆ្នាំ​ បាន​ចំណាយ​ពេល​លើស​លុប​លេង​ទូរស័ព្ទ​។ ជាក់ស្ដែង កុមារ​ទាំង​នោះ​បាន​ប្រើ​ប្រាស់​ទូរស័ព្ទ​ ចន្លោះ​ពី ​៣​ម៉ោង​ ទៅ៤​​ម៉ោង​ក្នុង​១ថ្ងៃ​ ដែល​ជា​ក្ដី​បារម្ភ ប្រសិន​បើ​មាតិកា​លើ​បណ្ដាញ​សង្គម​ សម្បូរ​ដោយ​រឿង​មិន​សមរម្យ ដែល​អាច​​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កុមារ។

ចំនួន​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ហ្វេសប៊ុក ( Facebook)​ នៅ​កម្ពុជា​មាន​ប្រមាណ​ជាង​១៣លាន​នាក់ ស្មើ​នឹង​ជាង​៧៧​ភាគ​រយ​នៃ​ប្រជាជន​សរុប។ ដោយ​ឡែក​​ចំពោះ​អ្នក​ប្រើប្រាស់​​​កម្មវិធី​ទិកតុក

នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​សរុប​ជាង ៧លាន​៥សែន។

ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ស្រុក​សំពៅមាស ខេត្ត​ពោធិ៍សាត់ កញ្ញា សុទ្ធ ពៅ​សំណាង លើក​ឡើង​ថា​ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេសប៊ុក ឬ​ទិកតុក របស់​យុវជន និង​កុមារ​ នៅ​ពេល​បច្ចុប្បន្ន បាន​ក្លាយ​ជា​អាវុធ​មុខ​ពីរ​ ព្រោះ​ថា យុវតី និង​កុមារី​មួយ​ចំនួន បាន​ក្លាយ​ជា​មុខ​សញ្ញា ​នៃ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ តាម​​ប្រព័ន្ធ​អនឡាញ​ (Online)។ កញ្ញា បន្ត​ថា​ យុវតី​មួយ​ចំនួន ​បាន​ប្រើ​ប្រាស់​ រូបភាព​បែប​ស្រើបស្រាល និង​ បង្ហោះ​វីដេអូ​ ស៊ិចស៊ី​ ដែល​ធ្វើ​ឱ្យ​ជន​ទុច្ចរិត​ មួយ​ចំនួន​តាម​លួង​លោម​ រហូត​​ឈាន​ ដល់​ការ​ប្រព្រឹត្ត​រឿង​មិន​គប្បី​ក្នុង​សង្គម។

កញ្ញា​បន្ត​ថា ករណី​ជួញ​ដូរ​ផ្លូវ​ភេទ​តាម​​ប្រព័ន្ធ​អនឡាញ​បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​ធ្វើ​ឱ្យ​យុវតី​​ខ្លះ​ មាន​បញ្ហា​ផ្លូវ​ចិត្ត​ ហើយ​ហ៊ាន​ដល់​ការ​ធ្វើ​អត្តឃាត​ខ្លួន​ឯង​។ ចំណែក យុវតី​ខ្លះ​ ទៀត បោះបង់​ការ​សិក្សា​ទាំង​វ័យក្មេង ព្រោះ​តែ​ឈ្លក់​វង្វេង​ នឹង​បណ្ដាញ​សង្គម​ខ្លាំង​ពេក។ កញ្ញា សុទ្ធ ពៅសំណាង បារម្ភ​ថា ប្រសិន​បើ​ អាជ្ញាធរ​ពាក់ព័ន្ធ​ ពុំ​ដោះស្រាយ​បញ្ហា​នេះ​​ បាន​ទាន់​ពេល​វេលា​​ទេ​នោះ​ នោះ​បញ្ហា​នេះ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​អនាគត​កុមារ និង​យុវជន។

កញ្ញា សុទ្ធ ពៅសំណាង៖«តើ​ពួក​គាត់​ ផលិត​មាតិកា​នោះ ​ថា​តើ​គាត់​បាន​គិត​គូរ​ដល់​ក្មេងៗ​ទាំង​អស់​នោះ​អត់​?ខ្ញុំ​គិត​ថា​ ក្រសួង​ពាក់ព័ន្ធ ដែល​ធ្វើ​លើ​រឿង​យុវជន និង​កុមារ​ ហ្នឹង​ គួរតែ​ពិភាក្សា​គ្នា​ គួរ​តែ​ គូ​​គ្នា​ ថា​តើ​គួរ​តែ​រក​​វិធានការ​បែប​ណា​ ដើម្បី​ទប់ស្កាត់ នៃ​ការ​រីក​រាលដាល​ដែល​កុមារ និង​យុវជន ​យក​គំរូ​ តាម​មាតិកា​អត់​ល្អ​ទាំង​នោះ»។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី លោកស្រី ស ស៊ីណែត និង​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា។

ចំណែក ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ក្រសួង​អប់រំ​ ពុំ​លើក​ទឹក​ចិត្ត​ឱ្យ​សិស្សានុសិស្ស​ប្រើប្រាស់​ប្រព័ន្ធ អេឡិចត្រូនិក​ ដូច​ជា​ ទូរស័ព្ទ​ជា​ដើម​ នៅ​ក្នុង​​បរិវេណ​សាលា​នោះ​ទេ។ ជាពិសេស​ ​អំឡុង​​ ពេល​កំពុង​រៀន និង​បង្រៀន​​ ហើយ​ក៏​បាន​ជំរុញ​ឱ្យ​ អាណាព្យាបាល​សហការ​ ដើម្បី​តាម​ដាន​ការ​សិក្សា​របស់​កូន​ៗ​ពួកគេ​ផង​ដែរ​។ ទោះ​ជា​យ៉ាងណា ​អ្នកស្រី ឃួន វិច្ឆិកា ពុំ​បាន​ឆ្លើយ​ជុំវិញ​ វិធានការ​​តឹងរ៉ឹង​ មក​លើ​ក្រុម​អ្នក​បង្កើត​ មាតិកា​សង្គម​ មួយ​ចំនួន ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​ការសិក្សា​របស់​កុមារ និង​យុវជន និង​ដល់​សេចក្ដី​ថ្លៃថ្នូរ​ និង​វប្បធម៌​របស់​ខ្មែរ​នោះ​ទេ។

អ្នកស្រី ឃួន វិច្ឆិកា៖«ក្រសួង​យុវជន និង​កីឡា បាន​ដាក់​ចេញ​នូវ​សេចក្ដី​ណែនាំ​មួយ​ទៅ​កាន់​គ្រឹះស្ថាន​សិក្សា ពី​កម្រិត​មត្តេយ្យសាលា​​រហូត​មធ្យម​សិក្សា​ទុតិយភូមិ​ នៅ​ក្នុង​ការ​ទប់ស្កាត់ ក៏​ដូច​ជា​ណែនាំ​ឱ្យ​ប្រើ​ប្រាស់​ ប្រព័ន្ធ អេឡិចត្រូនិក​ ទាំង​អស់​នឹង​ នៅ​ក្នុង​ការ​បម្រើ​គោលដៅ​ ​រៀន និង​បង្រៀន។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ហ្នឹង ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ក្នុង​ការ​បង្រៀន និង​រៀន ក្នុង​បរិវេណ​សាលា ក៏​ដូច​ជា​នៅ​ក្នុង​ថ្នាក់ ប្រសិន​បើ​ការ​ប្រើ​ប្រាស់​នោះ​អត់​ឆ្លើយ​នឹង​ការ​រៀន និង​បង្រៀន​ទេ​ នោះ​គឺ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ទេ»។

ទាក់ទិន​រឿង​នេះ​ ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់ថា​ CHRAC​ លោក រស់ សុដ្ឋា ​ សង្កេត​ឃើញ​ថា​ ការ​កើន​ឡើង​នៃ​មាតិកា​វីដេអូ រាំ​លេង ​បែប​ស្រើបស្រាល​ និង​ រូបភាព​អ​សីលធម៌​​មួយ​ចំនួន ជា​កត្តា​ជំរុញ​ឱ្យ​យុវជន និង​កុមារ​ឆាប់​ ទទួល​បាន​ការ​ចាប់អារម្មណ៍ ហើយ​ឈាន​ដល់​ការ​ធ្វើ​តាម​​។ ​លោក​អះអាង​ថា​ ករណី​នេះ​ជា​ ក្ដី​បារម្ភ​ធំ​ណាស់ ដែល​រដ្ឋាភិបាល​ ត្រូវ​គិត​គូរ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ទប់ស្កាត់​ កុំ​ឱ្យ​យុវជន​ និង​កុមារ​ ក្លាយ​ជា​ជន​រង​គ្រោះ​បន្ត​ទៅ​ទៀត។

លោក រស់ សុដ្ឋា៖«ឃើញ​មាន​មន្ត្រី​ចាស់​បាន​ប្រតិកម្ម​ច្រើន​ជាង​គេ​ ពាក់ព័ន្ធ​ការ​ស្លៀកពាក់​សាច់​ស៊ី ដែល​អ្នក​លក់​អនឡាញ​តែង​តែ​ប្រើ​ប្រាស់។ រីឯ បញ្ហា​សីល​ធម៌​សង្គម​ពុំ​សូវ​មាន​ទេ​ ក្នុង​ការ​ណែនាំ តែ​ឃើញ​មាន​តែ​ខាង​ព្រះពុទ្ធសាសនា ឬ​ខាង​សាសនា​ ដែល​បាន​ណែនាំ លើក​ឡើង​។ នេះ​ជា​ចំណុច​ខ្វះ​ចន្លោះ​មួយ​ ដែល​អាជ្ញាធរ​(គួរតែ)ងាក​មក​គិត​ពី​បញ្ហា​ហ្នឹង»។

កាល​ពី​ឆ្នាំ​២០២២ ​អង្គការ​យូនីសេហ្វ (UNICEF) បាន​រក​ឃើញ​ថា កុមារ​នៅ​កម្ពុជា​ភាគ​ច្រើន​ នៅ​ពេល​ជួប​បញ្ហា​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​អនឡាញ មិន​ដឹង​ត្រូវ​ទៅ​ពឹង​អ្នក​ណា​ឱ្យ​ជួយ​នោះ​ទេ ព្រោះ​ថា កុមារ​ភាគ​​​ច្រើន​​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទម្លាយ​ពី​បញ្ហា​ដែល​បាន​ជួប​ប្រទះ ដោយ​ពួកគេ​មាន​អារម្មណ៍​ភ័យ​ខ្លាច ខ្មាសអៀន និង​មិន​ស្រួល​ចិត្ត​ពេល​និយាយ​ដោយ​ចំហ​អំពី​រឿង​រួម​ភេទ និង​សុខភាព​ផ្លូវ​ភេទ។

បន្ថែម​ពី​នេះ ការ​សិក្សា​បញ្ជាក់​ថា​កុមារ​ម្នាក់​ក្នុង​ចំណោម​ កុមារ​១០​នាក់​ បាន​រងគ្រោះ​ពី​ការ​កេង​ប្រវ័ញ្ច​នេះ​ ក្នុង​នោះ​ក្មេង​ស្រី​រង​គ្រោះ​ច្រើន​ជាង​ក្មេង​ប្រុស​។​

ការ​សិក្សា​ក៏​បង្ហាញ​ដែរ​ថា​ ១១​ភាគរយ​នៃ​អនីតិជន ដែល​បាន​ប្រើ​ប្រាស់​អ៊ីនធឺណិត បាន​រាយ​ការណ៍​ថា​ធ្លាប់​ជួប​មាតិកា​ មិន​សមរម្យ​នៅ​លើ​អនឡាញ​ពាក់​ព័ន្ធ​នឹង​ការ​បៀតបៀន និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​​ក្នុង​ឆ្នាំ​២០១៩។

លើស​ពី​នេះ​ គិត​​​ត្រឹម​ពាក់​កណ្ដាល​​ឆ្នាំ​២០២២​ មាន​ ​​ក្មេងៗ​ប្រហែល ​១សែន​ ៦ម៉ឺន​នាក់​ (​១៦០.០០០​​) ហើយ​នៅ​កម្ពុជា បាន​រង​នូវ​អំពើ​បៀតបៀន និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​អនឡាញ​ ដោយសារតែ ការ​កើន​ ឡើង​នៃ​ មាតិកា​វីដេអូ និង​រូប​ភាព​ អាសអាភាស មិន​សមរម្យ​ ជា​កត្តា​ជំរុញ​ឱ្យ​យុវជន និង​កុមារ មួយ​ចំនួន​ធ្លាក់​ក្នុង​អន្ទាក់​នៃ​បទល្មើស​តាម​អនឡាញ។

អាណាព្យាបាល​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​តែ​ទប់ស្កាត់​បញ្ហា​ទាំង​នេះ ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត​ បើ​ពុំ​ដូច្នោះ​ទេ កុមារ និង​យុវជន​ នៅ​តែ​បន្ត​រងគ្រោះ​កាន់​តែ​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។