កុមារចំនួន ៣នាក់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានក្លាយទៅជាក្មេងកំព្រាគ្មានទីពឹង និងជាបន្ទុកធ្ងន់បន្ថែមទៀតរបស់យាយ និងតាពួកគេ បន្ទាប់ពីឪពុកម្ដាយរបស់ពួកគេ ត្រូវបានសំណង់អាគារកំពស់ ៧ជាន់រលំបាក់សង្កត់ស្លាប់ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ មិថុនា។ ឪពុកម្ដាយជនរងគ្រោះលើកឡើងថា ពួកគាត់មិនមានលទ្ធភាពជួយក្មេងទាំងនេះ ឱ្យបានរៀនសូត្រខ្ពង់ខ្ពស់នោះទេ ព្រោះខ្លួនជាជនក្រីក្រ ហើយមានវ័យកាន់តែចាស់ទៅហើយ។
សពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតរួចរាល់ ទាំងទុក្ខក្រៀមក្រំបំផុត នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក កាលពីព្រឹកថ្ងៃទី២៤ មិថុនា។
ម្ដាយជនរងគ្រោះអ្នកស្រី ង៉ា មុំ ប្រាប់អាស៊ីសេរីថា អ្នកស្រីទៅដឹកសពកូនទាំង ២នាក់ដោយខ្លួនឯងពីខេត្តព្រះសីហនុមកដល់ផ្ទះកាលពីរសៀលថ្ងៃទី២៣ មិថុនា ហើយក៏បានធ្វើបុណ្យបញ្ចប់ទៅវិញភ្លាមៗ តែមួយថ្ងៃក្រោយមក ព្រោះជីវភាពខ្វះខាតមិនអាចធ្វើបុណ្យច្រើនថ្ងៃបានទេ។ អ្នកស្រីបន្តថា ជនរងគ្រោះមានកូនប្រុសចំនួន៣នាក់ ក្នុងនោះកូនបងមានអាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៧ និងទី២ អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥ និងកូនទី៣ អាយុទើបតែអាយុ ៩ឆ្នាំរៀនថ្នាក់ទី២។ អ្នកស្រីព្រួយបារម្ភថា វាសនារបស់ពួកគេទៅថ្ងៃអនាគតមិនដឹងទៅជាយ៉ាងណានោះទេ ព្រោះម្ដាយឪពុករបស់ពួកគេត្រូវអាគាររលំបាក់សង្កាត់បានស្លាប់ចោលទាំង២នាក់បែបនេះ ហើយអ្នកស្រីក៏គ្មានអ្វីជួយពួកគេឱ្យបានរៀនសូត្របន្តទៀតដែរ បើតានិងយាយអាយុកាន់តែចាស់និងមានជីវភាពក្រីក្រ ហើយត្រូវទទួលអម្រែកមើលថែចៅ៣នាក់បន្ថែមទៀតនោះ៖ «គ្មានអីទីពឹងទេសព្វថ្ងៃនេះពួកគេនៅជាមួយយាយនិងតានឹងខ្ញុំក៏គ្មានអ្វីដែរ តាពិការជើងមួយចំហៀងអាយុជាង៦០ឆ្នាំហើយ។កូនទៅធ្វើការដើម្បីឱ្យកូនរៀនសាលាឯកជនផងសាលារដ្ឋផង ដើម្បីបានចេះដឹងមានការងារធ្វើតែដល់ពេលទៅបែរជាស្លាប់ទៅ។អីចឹងបានថាខ្ញុំស្រណោះស្រណោកដែរ តែខ្ញុំនៅតែជំរុញចៅឱ្យទៅរៀនរហូតមិនឱ្យឈប់ទេ»។
ជនរងគ្រោះជាប្ដីឈ្មោះ ទន់ ប្រុស អាយុ ៤៣ឆ្នាំ និងប្រពន្ធ ឈ្មោះ ហួង ចាន់ថា អាយុ ៣៨ឆ្នាំត្រូវអាគាររលំសង្កាត់ស្លាប់នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩។
អ្នកស្រី ង៉ា មុំ ថ្លែងថា អ្នកទាំងពីរមានជីវភាពក្រីក្រ បានចេញទៅធ្វើការនៅប្រទេសថៃជាងឆ្នាំ៥ ទើបតែត្រឡប់មកផ្ទះ កាលពីដើមខែមិថុនា។អ្នកស្រីបន្តថា ពួកគេត្រឡប់មកផ្ទះទាំង ២នាក់ដោយសារមិនមានប្រាក់បន្តទិដ្ឋាការធ្វើការងារនៅប្រទេសថៃ ហើយពេលមកដល់ផ្ទះបានមួយរយៈក៏ទាក់ទងតាមហ្វេសប៊ុកទៅធ្វើការនៅខេត្តព្រះសីហនុវិញម្ដង ដោយបានប្រាក់ឈ្នួល១៥ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែទៅធ្វើការទើបតែបាន៤ថ្ងៃក៏ជួបគ្រោះថ្នាក់ស្លាប់ទាំង២នាក់តែម្ដង៖ «ទទួលថ្ងៃរងគ្រោះខ្ញុំខលទៅទាក់ទងអត់បាន ហើយក៏មានអ្នកធ្វើការនៅជិតនោះដែរគេខលប្រាប់បងថ្លៃវា គេថាកូនគាត់នឹងកូនខ្ញុំនឹងបាក់អាគារ៧ជាន់ហើយគ្មានអ្នកណារត់រួចម្នាក់ទេ។មុនស្លាប់ពេលវាខលមកលេងកូនវាដែរ ហើយកូនក៏សុំលុយម៉ែវារៀន ហើយម៉ែវាថាកូនអើយម៉ែទើបធ្វើការមិនទាន់បើកលុយទេ កូនឯងទ្រាំៗ សិនទៅ » ។
ចំណែកឪពុកជនរងគ្រោះលោក អោក ខាន់ ថ្លែងថា កូនទាំង ២នាក់ បានចេញទៅធ្វើការនៅប្រទេសថៃ ដោយទុកចៅ ៣នាក់ ឱ្យលោក និងប្រពន្ធរបស់លោកមើលថែ តាំងតែកូនពៅនៅតូចមិនទាន់ចូលរៀន។ លោកបន្តថា កាលដែលពួកគេទាំង២នាក់ នៅធ្វើការប្រទេសថៃ តែងទូរស័ព្ទមកលេងលោក និងកូនជារៀងរាល់ថ្ងៃមិនដែលខានទេ និងបានផ្ញើប្រាក់មកឱ្យចៅទាំង ៣នាក់ បានចាយវាយសម្រាប់ទៅរៀនសូត្រជាប្រចាំទៀតផង។ បុរសវ័យ ៦៣ឆ្នាំរូបនេះបន្ថែមថា លោកស្រណោះចៅៗ ទាំង ៣នាក់មិនគួរណាពួកគេក្លាយទៅជាក្មេងកំព្រាឪពុកម្ដាយទាំងវ័យក្មេងបែបនេះសោះ ហើយលោកក៏គ្មានលទ្ធភាពជួយចៅឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ដែរ ព្រោះលោកពិការជើងរស់នៅយោងអាត្មាស្ទើរតែមិនរួចផង និងមានវ័យចាស់ជរាទៀត៖ «ព្រោះខ្ញុំព្រួយបារម្ភថាវានៅតូចៗ ហើយម៉្យាងម្ដាយឪពុកស្លាប់អស់មិនដឹងទៅពឹងអ្នកណា អីចឹងមានតែតាហើយនឹងយាយ ដូច្នេះទៅថ្ងៃអនាគតមិនដឹងទៅជាយ៉ាងណាទេ ព្រោះខ្ញុំឈឺផងហើយអាយុកាន់តែច្រើន និយាយឱ្យគឺខ្វះខាតធ្ងន់ធ្ងរណាស់ ព្រោះគ្មានមុខរបរអីផង ហើយគ្មានដីធ្លីសម្រាប់ដាំដុះផង » ។
លោកបន្តថា ចាប់តាំងពីកូនស្លាប់មក លោកទើបតែទទួលបានប្រាក់សរុបចំនួន ១០លានរៀលទេ ក្នុងនោះប្រាក់មួយចំនួនឧបត្ថម្ភពីអាជ្ញាធរខេត្តបាត់ដំបង និងចំនួនទៀត ប្រាក់ចូលបុណ្យពីសប្បុរសជន ហើយប្រាក់ទាំងនេះ មួយចំនួនបានយកទៅធ្វើបុណ្យឧទ្ទិសកុសលឱ្យដួងវិញ្ញាណក្ខន្ធរបស់ពួកគេទៅកាន់សុគតិភព និងមួយចំនួនទៀត ទុកសម្រាប់ឱ្យចៅទាំង៣នាក់សិក្សារៀនសូត្រ។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ដើម្បីសាកសួរជុំវិញបញ្ហានេះ បានទេនៅថ្ងៃទី២៤មិថុនា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ប៉ុន្តែកាលពីថ្ងៃទី២៣ មិថុនា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសនឹងផ្ដល់ប្រាក់ជំនួយដល់ក្រុមគ្រួសារជនរងគ្រោះចំនួន ៤០លានរៀល ឬប្រមាណ ១ម៉ឺនដុល្លារអាមេរិក សម្រាប់អ្នកស្លាប់ម្នាក់។
ឪពុកម្ដាយជនរងគ្រោះនៅស្រុកភ្នំព្រឹកអះអាងថា រហូតមកដល់ថ្ងៃទី២៤ មិថុនា មិនទាន់បានទទួលប្រាក់១ម៉ឺនដុល្លារនោះនៅឡើយទេ។
កូនប្រុសច្បងរបស់ជនរងគ្រោះ កុមារ ភោគ វុទ្ធី ប្រាប់អាស៊ីសេរីថា កាលពីឪពុកម្ដាយនៅប្រទេសថៃ គឺប្រមាណ ២សប្ដាហ៍ម្ដង តែងតែផ្ញើប្រាក់ ចំនួន ៣.០០០ពាន់បាតឬស្មើជិត ១០០ដុល្លារអាមេរិកមកឱ្យពួកគេសម្រាប់ចាយវាយប្រចាំខែ។ កុមារ វុទ្ធី បន្តថា ពួកគេរស់នៅជាមួយជីដូន និងជីតា បាត់បង់ភាពកក់ក្ដៅពីឪពុកម្ដាយជាង ៥ឆ្នាំហើយ ក៏ស្រាប់តែអ្នកមានគុណទាំង២ បានស្លាប់ចោលពួកគេទៀត ដូច្នេះចាប់ពីពេលនេះទៅពួកគេទាំង៣នាក់រស់នៅជាកូនកំព្រាគ្មានផ្ទះសម្បែង និងគ្មានដីសម្រាប់ដាំដុះនោះទេ ព្រោះតាំងតែពីពួកគេកើតមកឪពុកម្ដាយរបស់ពួកគេមិនទាន់មានផ្ទះផ្ទាល់ខ្លួននៅឡើយ ដោយស្នាក់អាស្រ័យជាមួយជីដូនរហូតមក៖ «ខ្ញុំខ្វល់ខ្វាយរឿងរៀនសាលាឯកជនពេលតានិងយាយខ្វះខាតគាត់មិនមានលុយឱ្យខ្ញុំរៀនបន្ថែម ចំពោះប្អូនខ្ញុំវានៅរៀនថ្នាក់តូចមិនសូវជាចោលបញ្ហា តែខ្ញុំត្រូវរៀនភាសាអង់គ្លេសមិនអាចឈប់បានទេ។ជីដូនខ្ញុំគាត់បានជួយខ្ញុំតែនៅតូចដល់ពេលខ្ញុំធំត្រូវរកការងារធ្វើខ្លួនឯង ដើម្បីបានលុយចិញ្ចឹមប្អូនបណ្ដោះអាសន្ន » ។
អ្នកភូមិជិតខាងជនរងគ្រោះម្នាក់ លោក សឿង ហ៊ាង ថ្លែងថា គ្រួសារជនរងគ្រោះក្រីក្រគ្មានដីដាំដុះ និងគ្មានដីសម្រាប់សង់ផ្ទះនៅឡើយទេ ហើយពួកគេរស់នៅបានដោយសារការទៅធ្វើជាពលករនៅប្រទេសថៃ ដើម្បីបានប្រាក់យកមកចិញ្ចឹមកូន ៣នាក់។លោកបន្តថា នៅថ្ងៃធ្វើបុណ្យសពមានពលរដ្ឋចូលរួមច្រើនកុះករ និងមានប៉ូលិសទាហាន និងអាជ្ញាធរពាក់ព័ន្ធចូលរួមប្រមាណ ៣០នាក់ថែមទៀត៖ «ពុំមានទីពឹងអីទេ ខ្ញុំពិតជាសង្វេគចំពោះក្មេងទាំងនោះមែនទែន ព្រោះនៅជីដូនចាស់ហើយពុំមានដីស្រែនិងដីចម្ការសម្រាប់ដាំដុះទេ គាត់មានតែដីធ្វើផ្ទះរស់នៅមួយប្លង់ ហើយគាត់ពឹងផ្អែកតែកូនពីរនាក់ប្ដីប្រពន្ធដែលស្លាប់នោះឯងផ្ញើលុយឱ្យចាយវាយ។ប៉ុន្តែក្រោយពីកូនស្លាប់អស់គ្មានទាំងជីដូននឹង៣នាក់ទៀតគ្មានទីពឹងទេ ព្រោះយាយនិងតាក៏ទៅរកអីមិនបាន ហើយចៅទាំងនោះក៏តូចៗ អីចឹងជីវភាពគឺពិតជាគួរឱ្យសង្វេគមែនទែនសម្រាប់ពួកគាត់តទៅខាងមុខ » ។
ទោះជាយ៉ាងណាអ្នកស្រី ង៉ា មុំ ឲ្យដឹងថា ក្រោយពេលចប់ពិធីបុណ្យសពកូនហើយ អ្នកស្រីនឹងធ្វើដំណើរទៅដាក់ពាក្យប្ដឹងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីទាមទារសំណាងជំងឺចិត្តចំនួន ៨ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសំណង់ដែលបាក់សង្កាត់កូនគាត់ស្លាប់នៅខេត្តព្រះសីហនុ ដើម្បីយកប្រាក់សម្រាប់ចិញ្ចឹមចៅទាំង ៣នាក់ឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ កុំឱ្យលំបាកទៅថ្ងៃក្រោយ ព្រោះតា និងយាយមានអាយុកាន់តែចាស់ហើយ មិនអាចនៅមើលថែពួកគេបានយូរអង្វែងទៅមុខទៀតទេ។
កូនប្រុសច្បងរបស់ជនរងគ្រោះមានបំណងចង់រៀនឱ្យបានចេះដឹងខ្ពង់ខ្ពស់ ដើម្បីរកការងារធ្វើចិញ្ចឹមប្អូនៗ កុំឱ្យពិបាកទៅធ្វើកម្មករផ្សងគ្រោះថ្នាក់ដូចឪពុកម្ដាយរបស់ពួកគេបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។