អតីតយោធិនពិការមួយចំនួនដែលតស៊ូមុនឆ្នាំ១៩៧៩ ថ្លែងប្រាប់ពីទុក្ខលំបាករបស់ខ្លួនក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដោយសារតែជីវភាពក្រីក្រ មិនមានដីស្រែបង្កបង្កើនផល និងគ្មានការឧបត្ថម្ភផង ធ្វើឲ្យអតីតយោធិនទាំងនោះ បង្ខំចិត្តដើរសុំទានគេដើម្បីបានប្រាក់ខ្លះទ្រទ្រង់ជីវភាព បន្តដំណើរជីវិតរបស់ខ្លួនទៅមុខទៀត។ ពួកគេសំណូមពរយ៉ាងទទូចដល់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ជួយគិតគូរដល់ពួកគាត់ផង ព្រោះពួកគាត់ក៏ជាអតីតយុទ្ធជនដែលបូជាកម្លាំងកាយចិត្តដើម្បីប្រទេសជាតិដូចគ្នា។
នៅក្នុងបន្ទប់ជួលមួយកន្លែងទំហំប្រហែល ៣ម៉ែត្រគុណនឹង ៤ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បុរសវ័យចំណាស់ ៣នាក់ កំពុងលេងឧបករណ៍ភ្លេង និងជជែកគ្នាពីមុខរបរប្រចាំថ្ងៃរបស់ពួកគាត់។
ខុសពីមនុស្សទូទៅដែលបានឃើញពីការរីកចម្រើននៃសង្គម ឃើញផ្លូវថ្នល់ ស្ពាន សាលារៀន ផ្សារទំនើប ភ្លើងពណ៌ និងរបស់របរសព្វបែបយ៉ាងនៅក្នុងលោក បុរសចំណាស់ទាំងបីនាក់ ខកខានឃើញអ្វីទាំងអស់នេះរយៈពេលជាង ៣០ឆ្នាំមកហើយ។
ពួកគាត់ទាំង ៣នាក់ សុទ្ធសឹងតែជាអតីតយុទ្ធជនដែលបានបូជាកម្លាំងញើសឈាម ដើម្បីបុព្វហេតុជាតិនៅក្នុងសង្គ្រាមផ្លាស់ប្ដូររបបកាលពីជិត ៤០ឆ្នាំមុន និងធ្លាក់ខ្លួនពិការភ្នែកតាំងពីពេលនោះមក។ ពួកគាត់ទាំង ៣នាក់មានឈ្មោះ លោក ឯ យ៉ិន លោក ស៊ីវ សឿង និងលោក នូ ងន។
ថ្លែងក្នុងទឹកមុខស្រងូតស្រងាត់ ដកដង្ហើមធំ ភ្នែកទាំងគូបិទជិត សញ្ជឹងគិតទៅដល់អតីតកាល លោក ឯ យ៉ិន លើកឡើងថា ការរស់នៅសព្វថ្ងៃមានការលំបាកជាខ្លាំង ព្រោះលោកពិការភ្នែកគ្មានអ្នកឧបត្ថម្ភ រស់នៅអាស្រ័យនឹងរបរដើរសុំអ្នកដទៃ និងលេងភ្លេងបន្តិចបន្តួច។ លោកបញ្ជាក់ថា របរដើរសុំទានគេបែបនេះ គឺមិនស័ក្តិសមទៅនឹងអ្វីដែលលោកបានពលីកាលពីទសវត្សរ៍ឆ្នាំ១៩៧០ នោះទេ៖ « ក្នុងទឹកចិត្តខ្ញុំស្នេហាជាតិនោះ ស្នេហាជាតិហើយ ប៉ុន្តែដល់ពេលពិការដូច្នេះ មានវិប្បដិសារីមួយថា មិនគួរ។ កាលនោះ ពេលដែលយើងតស៊ូ មានអ្នកដឹកនាំគាត់គិតគូរ តែដល់ពេលផុតពីរយៈអ្នកដឹកនាំទៅ គេមិនគិតគូរ។ យើងដូចនៅក្នុងកណ្ដាលទន្លេអ៊ីចឹង តោងខាងក៏មិនដល់ ដូច្នេះនៅក្នុងឆាកជីវិតយើងមានតែការប្រឹងតស៊ូ »។
លោក ឯ យ៉ិន អាយុ ៥៨ឆ្នាំមកពីស្រុកមេសាង ខេត្តព្រៃវែង។ លោកជាអតីតយោធាដែលចូលព្រៃតស៊ូនៅចុងឆ្នាំ១៩៧០ តាមការអំពាវនាវរបស់សម្ដេច នរោត្តម សីហនុ។ លោកស្ថិតក្នុងអង្គភាពកងពលលេខ១ ដែលមាន លោក ច័ន្ទ ចក្រី ជាមេបញ្ជាការឈរជើងនៅសមរភូមិខេត្តកណ្ដាល វាយប្រឆាំងនឹងកងទ័ពរបស់ លោក លន់ នល់ និងទាហានវៀតណាមខាងត្បូង។ លោកបានធ្លាក់ខ្លួនងងឹតភ្នែកទាំងសងខាងនៅឆ្នាំ១៩៧៤ នៅសមរភូមិស្រែអំពិល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយត្រូវអំបែងគ្រាប់រថក្រោះ។
ពាក់វ៉ែនតាខ្មៅ ស្លៀកខោខ្មៅ ពាក់អាវស កំពុងអង្គុយជាប់ លោក ឯ យ៉ិន គឺជាអតីតយុទ្ធជនម្នាក់ទៀត លោក ស៊ីវ សឿង។ ស្ថិតក្នុងវ័យ ៥៧ឆ្នាំ លោក ស៊ីវ សឿង មានស្នាមរបួសច្រើនកន្លែងនៅលើដងខ្លួន និងមុខ។ ខ្លួនរបស់លោកមួយចំហៀងមានស្នាមរលាកភ្លើងតាំងពីចុងជើងរហូតដល់ក្បាល។ ភក្ដ្រារបស់លោកវៀចមួយចំហៀង ដែលធ្វើឲ្យលោកពិបាកក្នុងការទទួលទានអាហារ រីឯភ្នែកទាំងគូវិញមានរបួសដ៏ជ្រៅ ត្រូវញាត់សំឡី និងពាក់វ៉ែនតាខ្មៅជាប្រចាំ ដើម្បីការពារធូលី និងកុំឲ្យអ្នកផងទាំងពួងខ្លាចរអា។
លោក ស៊ីវ សឿង បញ្ជាក់ថា លោកមកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអតីតយោធាខ្មែរក្រហមក្នុងកងពលធំលេខ២៧០ ស្ថិតក្រោមបញ្ជាការផ្ទាល់របស់ តា ម៉ុក នៅភូមិភាគនិរតី ឈរជើងនៅស្រុកអង្គរបុរី ខេត្តតាកែវ ច្បាំងទល់នឹងកងទ័ពវៀតណាម ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ លោកបានធ្លាក់ខ្លួនពិការនៅឆ្នាំ១៩៧៨ នៅពេលដែលទូករបស់លោកត្រូវកងទ័ពវៀតណាម បាញ់ពន្លិចនៅសមរភូមិខេត្តតាកែវ។
អស់រយៈពេលជាច្រើនឆ្នាំក្នុងរបរលេងភ្លេងអង្គាសបច្ច័យ លោក ស៊ីវ សឿង ធ្លាប់ត្រូវបានគេចាប់យកទៅដាក់នៅមណ្ឌលព្រៃស្ពឺ ជាមណ្ឌលប្រមូលផ្តុំជនអនាថា។ រំឭកដល់ចំណុចនេះ លោក ស៊ីវ សឿង ទម្លាក់មុខចុះបន្តិច និងពោលដោយសម្ដីតិចៗថា លោកស្ដាយក្រោយណាស់ចំពោះការពលីរបស់លោកកាលពីមុន ដែលប្ដូរមកវិញដោយការបោះបង់ចោលពីសង្គម៖ « គេថាតស៊ូដើម្បីជាតិអ៊ីចឹង អត់បានគិតអ្វីវែងឆ្ងាយទេ គិតឃើញថាគេឲ្យតស៊ូអ៊ីចឹង ក៏ចេះតែប្រឹងប្រែងទៅ។ ខ្ញុំចេះតែនឹកឃើញកន្លែងហ្នឹង នឹកឃើញថាកន្លែងខ្ញុំពិបាក គេចាប់គេចង។ បើខ្ញុំដឹងអ៊ីចឹង ខ្ញុំមិនទៅតស៊ូឲ្យខ្វាក់ខ្វិន បាក់បែកអ៊ីចឹងទេ។ ឯងខំតស៊ូក្លាយជាវេទនាអ៊ីចឹងហើយ គេចាប់ដាក់គុកដាក់ឃុំឃាំងអ៊ីចឹង »។
លោក ស៊ីវ សឿង៖ គេថាតស៊ូដើម្បីជាតិអ៊ីចឹង អត់បានគិតអ្វីវែងឆ្ងាយទេ គិតឃើញថាគេឲ្យតស៊ូអ៊ីចឹង ក៏ចេះតែប្រឹងប្រែងទៅ។ ខ្ញុំចេះតែនឹកឃើញកន្លែងហ្នឹង នឹកឃើញថាកន្លែងខ្ញុំពិបាក គេចាប់គេចង។ បើខ្ញុំដឹងអ៊ីចឹង ខ្ញុំមិនទៅតស៊ូឲ្យខ្វាក់ខ្វិន បាក់បែកអ៊ីចឹងទេ។ ឯងខំតស៊ូក្លាយជាវេទនាអ៊ីចឹងហើយ គេចាប់ដាក់គុកដាក់ឃុំឃាំងអ៊ីចឹង។
មិនខុសពីអតីតយុទ្ធជនទាំង ២រូបនេះដែរ លោក នូ ងន អាយុ ៦១ឆ្នាំដែលកំពុងអង្គុយក្នុងបន្ទប់ជាមួយគ្នាពោលថា លោករស់នៅដោយពិបាកវេទនាអស់រយៈពេលរាប់សិបឆ្នាំមកហើយ មិនមាននរណាម្នាក់ជួយឧបត្ថម្ភរូបលោកជាអតីតយោធិនពិការឡើយ៖ « ក្នុងតួនាទីខ្ញុំច្បាំង ក៏ខ្ញុំមានតួនាទីជាប្រធានបញ្ជាការអនុសេនាធំមួយដែរ កាន់កូនទាហានរាប់រយនាក់ដែរ។ អ៊ីចឹងក៏វាមានគុណសម្បត្តិបម្រើជាតិដែរ ប៉ុន្តែមកដល់សម័យដែលគេបែងចែកគ្នា យើងក៏មានផលលំបាកដែរ។ ធ្លាប់ដឹកនាំគេ ឥឡូវវាធ្លាក់ខ្លួនអ៊ីចឹង វាក្រៃណាស់ហើយ បើនិយាយទៅ ប៉ុន្តែយើងវាអត់ដឹងធ្វើយ៉ាងម៉េច ធ្វើវាអត់កើត បានត្រឹមតែការលំបាក »។
លោក នូ ងន មកពីស្រុកអង្គរបុរី ខេត្តតាកែវ ចូលបម្រើក្នុងកងទ័ពរំដោះរបស់សម្ដេច នរោត្តម សីហនុ នៅខែសីហា ឆ្នាំ១៩៧០។ លោកស្ថិតនៅក្នុងវរសេនាធំលេខ៥២ ឈរជើងនៅស្រុកបាទី ខេត្តតាកែវ។ លោកពិការភ្នែកនៅចុងឆ្នាំ១៩៧៣ ដោយត្រូវគ្រាប់របស់ទាហាន លោក លន់ នល់ នៅសមរភូមិមួយក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
អតីតយោធិនពិការទាំង ៣នាក់ គឺលោក លោក ឯ យ៉ិន លោក ស៊ីវ សឿង និងលោក នូ ងន មានវាសនាដូចគ្នា គឺបានក្លាយជាអ្នកដើរសុំទាន និងលេងភ្លេងខ្លះ ដើម្បីបន្តជីវិតចាប់តាំងពីឆ្នាំ១៩៧៩ មក។ អ្នកទាំងបីនាក់ រស់នៅបន្ទប់ជួលជាប់ៗគ្នាក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ ដែលមានតម្លៃ ៣៥ដុល្លារក្នុងមួយខែ។
ក្នុងរបរជាអ្នកដើរសុំទាន ពួកលោកចាប់ផ្ដើមចេញទៅសុំនៅម៉ោង ៧ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ និងពេលល្ងាចចាប់ពីម៉ោង ៤ ដល់ម៉ោង ៨យប់។ ក្នុងមួយថ្ងៃ ពួកលោករកបានប្រហែល ៣ ទៅ ៤ម៉ឺនរៀលយកទៅចំណាយលើថ្លៃអាហារ ការស្នាក់នៅ និងសុខភាព។ ពួកលោកអះអាងដូចៗគ្នាថា មិនដែលទទួលបានការឧបត្ថម្ភណាមួយពីរដ្ឋឡើយ។
ទាក់ទងករណីបែបនេះ នាយកបេឡាជាតិអតីតយុទ្ធជននៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ហែម បូរ៉ា បញ្ជាក់ថា ក្រសួងមិនទាន់មានគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភដល់អតីតយោធិនពិការក្នុងរបបមុនៗនោះទេ។ ការផ្តល់ជារបបសន្តិសុខសង្គម ធ្វើឡើងតែចំពោះអតីតយុទ្ធជននៅក្នុងសម័យរដ្ឋកម្ពុជា និងភាគីទាំងបីផ្សេងទៀត ដែលក្រោយមកធ្វើសមាហរណកម្មចូលគ្នា។ ការផ្តល់ឲ្យទៀតសោត ក៏ត្រូវធ្វើឡើងតាមរយៈយន្តការផ្ទេរឈ្មោះពីក្រសួងការពារជាតិ ដោយមានឯកសារសម្គាល់ត្រឹមត្រូវ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហែម បូរ៉ា អះអាងថា លោកនឹងលើកករណីនេះដាក់ជូន លោក គន់ គីម ដែលជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍៖ « ខ្ញុំនឹងលើកយោបល់ជូនគាត់ ( លោក គន់ គីម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ) ដែរ ថាតើបើមានរបៀបនេះ តើយើងគិតដូចម្ដេច ? តើយើងអាចថាមានរូបភាពគាត់មិនទទួលបានរបបប្រាក់ខែនេះទេ ប៉ុន្តែទទួលបានអ្វីផ្សេងទៅវិញ ដូចជាផ្ទះសម្បែងជាដើម។ អ៊ីចឹងខ្ញុំគ្រាន់តែថា កិច្ចប្រជុំលើកក្រោយទៀត ខ្ញុំនឹងលើកចំណុចនេះដាក់ជូនគាត់។ ប៉ុន្តែគ្រាន់តែថា បើឲ្យខ្ញុំឆ្លើយថា ត្រូវតែធ្វើយ៉ាងម៉េចឲ្យបាននោះ ខ្ញុំមិនមានសមត្ថកិច្ចឆ្លើយដល់នោះទេ »។
របាយការណ៍របស់ក្រសួងសង្គមកិច្ច បង្ហាញថា អតីតយុទ្ធជនដែលទទួលបានរបបសន្តិសុខសង្គមពីរដ្ឋាភិបាលគិតត្រឹមខែធ្នូ ឆ្នាំ២០១៥ មានចំនួនជិត ៩ម៉ឺននាក់ (៨៧.២៤៨នាក់) ហើយអ្នកនៅក្នុងបន្ទុកគ្រួសារនៃគ្រួសារអតីតយុទ្ធជនមានជាង ១០ម៉ឺននាក់ (១៣៦.៦៧៧នាក់)។
ក្នុងមួយខែ ក្រសួងសង្គមកិច្ច ត្រូវចំណាយអស់ទឹកប្រាក់ចំនួនជាង ២៤ពាន់លានរៀល (២៤.២០៨.៥៥៩.៨៩៦រៀល) ដើម្បីផ្តល់ជាប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជូនដល់អតីតយុទ្ធជន។ របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជនមានចំនួនចាប់ពី ៣០ម៉ឺនរៀលដល់ជាង ១លានរៀល អាស្រ័យទៅតាមតួនាទី និងពិការភាពរបស់ពួកគាត់។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន កត់សម្គាល់ថា ការផ្តល់របបសន្តិសុខសង្គម គ្រាន់តែជាផ្នែកមួយតូចប៉ុណ្ណោះ មិនទាន់គ្រប់គ្រាន់សម្រាប់យុទ្ធជនពិការសម្រាប់ការរស់នៅរបស់ពួកគាត់នោះទេ។ លោក ងិន សៅរ័ត្ន យល់ឃើញថា រដ្ឋាភិបាលគួរតែគិតគូរពីប្រាក់កម្ចីមានការប្រាក់ទាប ការផ្តល់សេវាអប់រំឥតគិតថ្លៃដល់កូនចៅអតីតយុទ្ធជន សេវាសុខភាពឥតបង់ថ្លៃសម្រាប់អតីតយុទ្ធជន និងការដំឡើងប្រាក់របបសន្តិសុខដល់ពួកគាត់៖ « អ៊ីចឹងហើយបានជាខ្ញុំថា យុទ្ធសាស្ត្រ គឺយើងត្រូវគិតគូរពីនិរន្តរភាពនៃចំណូលក្នុងគ្រួសាររបស់គាត់ ការអប់រំកូនចៅគាត់ និងបញ្ហាសេវាកម្មសុខភាពជារឿងដែលសំខាន់ ព្រមទាំងលុយកម្ចីនៅក្នុងការប្រាក់ទាបមួយ ដើម្បីធានាថា ពួកគាត់អាចរកចំណូលបានដោយខ្លួនឯង ហើយនិងឈប់លាដៃសុំទានគេ »។
បន្ថែមពីលើនេះ លោក ងិន សៅរ័ត្ន សង្កត់ធ្ងន់ថា អ្នកនយោបាយគ្រប់ជំនាន់ គួរតែមានក្រមសីលធម៌មួយក្នុងការផ្តល់ភាពស្មើគ្នា ឬក៏ឲ្យតម្លៃទៅលើអតីតយោធិនពិការ ដោយមិនចាំបាច់កំណត់របបណាមួយនោះទេ៖ « ឲ្យយុវជនសម័យក្រោយគេឃើញដែរថា នៅពេលដែលយើងបូជាភ្នែករបស់យើង ដៃរបស់យើង ជើងរបស់យើង ត្រចៀករបស់យើង ជួនកាលដល់ច្រមុះយើងទៀត ចុងក្រោយរដ្ឋាភិបាលថ្មីក៏ដោយ ចាស់ក៏ដោយ គួរតែចាប់ផ្តើមពិចារណាថា គួរតែមានលក្ខណៈពិសេសជួយពួកគាត់វិញ នេះជាលក្ខណៈប្រសើរ។ តែបើយើងធីបគាត់ចោលដូចសន្លឹកបៀអត់ប្រយោជន៍ ខ្ញុំគិតថា ពេលនោះប្រជាពលរដ្ឋជាយោធិនពិការ ចាប់ផ្ដើមបាក់ទឹកចិត្តថា គាត់ចាញ់បោកសង្គម ចាញ់បោកអ្នកនយោបាយ »។
អតីតយោធិនពិការទាំងបីនាក់ សុទ្ធតែសំណូមពរដល់រដ្ឋាភិបាល និងសប្បុរសជននានា ឲ្យជួយពួកគាត់ជាម្ហូបអាហារ ថ្នាំសង្កូវ ឬទីលំនៅ ដើម្បីពួកគាត់អាចបន្តជីវិតរបស់ខ្លួននៅលើផ្លូវអន្ធការនេះទៅមុខទៀត៖ « វាអត់សមគួរទេ ក្នុងទឹកចិត្តយើងជាអ្នកតស៊ូ តែសំខាន់បើយើងមិនទ្រាំរស់ ស្លាប់ទៅដូចថាយើងជាមនុស្សមួយអត់មានការស្វែងយល់ទៅមុខ។ យើងមានក្រុមគ្រួសារ មានប្រពន្ធ បើយើងមិនខំតស៊ូទៅមុខទៀត ទុកឲ្យពេលវេលា ទុកឲ្យឱកាសហ្នឹងវាចេះតែទៅមុខទៅ នៅតែខ្វះខាតដូចគ្នា។ ដូច្នេះ យើងមានតែខំប្រឹងតាមដំណើរ សុំគេដល់ត្រឹមណាត្រឹមហ្នឹងទៅ ដួលត្រឹមណាត្រឹមហ្នឹងទៅ។ បើរដ្ឋាភិបាល និងសប្បុរសជនមើលឃើញក៏ឃើញ អត់ក៏អត់ទៅ រហូតដល់ថ្ងៃសូន្យជីវិតតែម្តង ក៏នៅតែសុំគេអ៊ីចឹងហើយមើលទៅ ព្រោះអត់មានមុខរបរអ្វីទៀតផង »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។