ក្រសួងទេសចរណ៍បានចេញរបាយការណ៍មួយបញ្ជាក់ពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ថាមានជិត ១លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិ មានជាង ១០ម៉ឺននាក់។
ក្រសួងទេសចរណ៍បានឲ្យដឹងតាមរយៈហ្វេសប៊ុក (Facebook) របស់ខ្លួន នៅថ្ងៃទី២០ ខែកុម្ភៈ នេះថា ប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ បាននាំគ្នាធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស។
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ខេត្ត និងរាជធានីដែលនាំមុខគេក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ រួមមាន ខេត្តសៀមរាប ព្រះសីហនុ កែប បាត់ដំបង ខេត្តកោះកុង និងរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំនេះ ខេត្តជាប់ព្រំដែនវៀតណាម រួមមាន ខេត្តព្រៃវែង និងស្វាយរៀង ក៏មានភ្ញៀវទេសចរជនជាតិវៀតណាម ចូលមកលេងកម្សាន្តច្រើន ខណៈខេត្តជាប់ព្រំដែនថៃ រួមមាន បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាដើមនោះ ក៏មានភ្ញៀវជនជាតិថៃ ឆ្លងចូលមកលេងកម្សាន្តច្រើនដូចគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។