ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តសៀមរាបរិះគន់បញ្ហាផ្លូវលំបាកក្នុងក្រុង និងការគ្រប់គ្រងសំរាម
2018.11.23
ពលរដ្ឋរស់នៅក្រុងសៀមរាប និងភ្ញៀវទេសចរទៅទស្សនាពិធីបុណ្យអុំទូកនៅខេត្តសៀមរាប រិះគន់អាជ្ញាធរខេត្តនេះថា អភិវឌ្ឍន៍ផ្លូវមិនបានឆ្លើយតបតម្រូវការរបស់ពលរដ្ឋ និងមានផ្លូវលំក្នុងក្រុងជាច្រើនខ្សែខូចខ្ទេចខ្ទីលំបាកធ្វើដំណើរ។ ពួកគេសង្កេតឃើញថា ការគ្រប់គ្រងសំរាម ក្នុងពិធីបុណ្យអុំទូកទៀតសោត នៅតែជាបញ្ហាប្រឈមច្រើន បើទោះបីជាអាជ្ញាធរបានដាក់ពង្រាយធុងសំរាមជាច្រើនទីតាំងក្តី។
ភ្ញៀវទេសចរ និងពលរដ្ឋរស់នៅក្រុងសៀមរាប ឲ្យដឹងនៅថ្ងៃទី២២ វិច្ឆិកាថា ថ្វីត្បិតតែអាជ្ញាធរបានចាត់ឲ្យមានអ្នកបោសសំអាតសំរាម ក្នុងពិធីបុណ្យអុំទូក និងដាក់ពង្រាយធុងសំរាមច្រើនកន្លែងតាមបណ្ដោយស្ទឹងសៀមរាបក្តី ក៏សំរាមនៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរនៅឡើយ។ រីឯផ្លូវលំសំខាន់ៗ ក្នុងក្រុងជាច្រើនកន្លែង ខូចខ្ទេចខ្ទី មិនឃើញមានការជួសជុលឡើងវិញនោះទេ និងមានផ្លូវក្នុងក្រុងខ្លះដាច់ជាដុំៗ ហុយធូលីដី។
ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ ដែលទៅទស្សនាខេត្តសៀមរាប ក្នុងពិធីបុណ្យអុំទូក លោក អាង ឆាល កត់សម្គាល់ថា ពលរដ្ឋមួយចំនួន ដែលមកទស្សនាបុណ្យអុំទូកនៅពុំទាន់ទុកដាក់សំរាមត្រឹមត្រូវនៅឡើយទេ បើទោះបីជាអាជ្ញាធរបានពង្រាយធុងសំរាមជាច្រើនទីតាំងក្តី។ លោកចាប់អារម្មណ៍ថា អាជ្ញាធរបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធចម្រុះជាច្រើន ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ ប្លែកជាងឆ្នាំមុនៗ អាចបង្កប៉ះពាល់អារម្មណ៍ ភ្ញៀវទេសចរ និងពលរដ្ឋ៖ «សម្រាប់ទិដ្ឋភាពរួម នៃការបុណ្យអុំទូកខេត្តសៀមរាប ថ្វីត្បិតតែអាជ្ញាធរដាក់ពង្រាយធុងសំរាមជាច្រើន តែសំរាមនៅតែជាបញ្ហាធ្ងន់ធ្ងរនៅឡើយទេ ហើយពលរដ្ឋនៅតែអនុវត្តមិនបានត្រឹមត្រូវ។ ខ្ញុំសង្កេតឃើញ មានការដាក់កម្លាំងកងទ័ព ពង្រាយមន្ត្រីទាហាន ច្រើនជាងឆ្នាំមុន»។
ពលរដ្ឋរស់នៅក្រុងសៀមរាប លោក គុម ណៃ ត្អូញថា ផ្លូវលំសំខាន់ៗច្រើនតំបន់ក្នុងក្រុងសៀមរាបខូច និងមានផ្លូវខ្លះដាច់ជាកង់ៗ លំបាកធ្វើដំណើរជាច្រើនឆ្នាំមកហើយ៖ «ខេត្តតំបន់ទេសចរមួយដែល ស្រួលតែផ្លូវទៅអង្គរ និងផ្លូវជាតិលេខ៦ តែផ្លូវខាងក្នុងមិនបាច់និយាយក្រឡុក។ ដូចផ្លូវទៅភ្នំក្រោម ផ្លូវនេះតាំងពីខ្ញុំរស់នៅតាំងពីឆ្នាំ៨០ជាងមក ពុំឃើញធ្វើកៅស៊ូទេ គឺឃើញតែអស់ហើយឈូសឆាយលុបក្រឡុកតិចតូច ហុយទ្រលោម ប្រជាពលរដ្ឋរអ៊ូហុយចូលផ្ទះសម្បែង។ លំបាកចិត្តផ្លូវហុយ និងទី២ ក្បាលថ្ម រលាក់ ហើយផ្លូវខ្លះជាង ១០ឆ្នាំ មិនធ្វើ និងផ្លូវខ្លះធ្វើហើយខូចទៀត»។
រដ្ឋបាលខេត្តសៀមរាប បានផ្សព្វផ្សាយ តាមទំព័រហ្វេសបុករបស់ខ្លួនថា អាជ្ញាធរប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដែលចាប់ផ្ដើមនៅថ្ងៃទី២១ និង ២២ ខែវិច្ឆិកា រយៈពេល ២ថ្ងៃ។
អាស៊ីសេរីនៅមិនទាន់សុំការ បំភ្លឺបញ្ហានេះ ពីអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បាននៅឡើយទេនៅថ្ងៃទី២២ វិច្ឆិកា។
ទោះ យ៉ាងណាអភិបាលខេត្តសៀមរាបរូបនេះ បានថ្លែងក្នុងទំព័រហ្វេសបុក របស់រដ្ឋបាលខេត្តនេះដោយណែនាំ និងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ត្រូវពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក។ លើសពីនេះ លោកក៏អំពាវនាវឲ្យសាធារណជន និងអាជីវករ លក់ដូរនៅតាមបណ្ដោយស្ទឹង ត្រូវវេចខ្ចប់សំរាម កាកសំណល់នានាដាក់ចូលធុងសំរាម។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ អង្កេតឃើញថា ខេត្តសៀមរាបជាខេត្តមានលទ្ធភាពរកចំណូលច្រើនពីវិស័យទេសចរ ក៏ប៉ុន្តែប្រយោជន៍បានពីវិស័យទេសចរមិនបានឆ្លើយតបសេចក្ដីត្រូវការរបស់ពលរដ្ឋនៅឡើយទេ។ លោកថា ល្បឿនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តមួយនេះ និងជីវភាពរស់នៅរបស់ពលរដ្ឋហាក់មិនស៊ីចង្វាក់គ្នាទៅនឹងឈ្មោះខេត្តទេសចរដ៏ល្បីនៅកម្ពុជានោះទេ៖ «នៅពេលដែលជាខេត្តល្បីផ្នែកទេសចរ របស់កម្ពុជា ខ្ញុំគិតថា ការអភិវឌ្ឍន៍ខេត្តនេះ រីកចម្រើនគ្រប់វិស័យ វាគឺជាចំណុចចាំបាច់មួយបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ព្រោះខេត្តនេះមានលទ្ធភាពរកចំណូលច្រើនពីវិស័យទេសចរ តែផលដែលបានពីវិស័យទេសចរបែរជាមិនបានឆ្លើយតបសេចក្ដីត្រូវការរបស់ពលរដ្ឋទៅវិញ»។
លោក សន ជ័យ សង្កេតឃើញថា ផ្លូវជាច្រើនកន្លែងនៅក្រុងសៀមរាប មិនទាន់មានរបៀបរៀបរយ និងការអភិវឌ្ឍនៅតំបន់ខ្លះមិនបានឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយនៅឡើយទេ។ លោករកឃើញថា ខេត្តដែលមានការចាប់អារម្មណ៍ពីវិស័យទេសចរណ៍គួរតែមានការអភិវឌ្ឍខ្លាំងក្លា ផ្សារភ្ជាប់ទៅនឹងតម្រូវការពលរដ្ឋ ក៏ប៉ុន្តែការរំពឹងទុកបែបនេះផ្ទុយស្រឡះ ធ្វើឲ្យភ្ញៀវទេសចរខ្លះភ្ញាក់ផ្អើលនៅគ្រាដែលពួកគេប្រទះឃើញ ផ្លូវលំបាកធ្វើដំណើរ និងមានផ្លូវខ្លះខូចខ្ទេចខ្ទីក្នុងក្រុងសៀមរាប ដែលជាតំបន់ប្រជុំជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។