ក្នុងរយៈពេលបីថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍នានាប្រមាណ ១.២លាននាក់ កើនឡើងចំនួន២០ភាគរយ បើធៀបទៅនិងបុណ្យភ្ជុំឆ្នាំមុន។ ប៉ុន្តែខេត្តព្រះសីហនុ ភ្ញៀវទៅកម្សាន្តនៅខេត្តព្រះសីហនុបានធ្លាក់ចុះជាង ១៣ភាគរយបើធៀបទៅនិងបុណ្យភ្ជុំបិណ្ឌឆ្នាំមុន។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា បញ្ហាចម្បង ដែលធ្វើខេត្តព្រះសីហនុបាត់បង់ភ្ញៀវទេសចរបែបនេះ ហេតុផលសំខាន់ជាងគេដែលមិនអាចប្រកែកបានគឺកំណើនជនជាតិចិនរាប់ម៉ឺននៅខេត្តនេះ ដែលកំពុងបង្កជាបញ្ហាផ្សេងៗ។ លោកបដិសេធការលើកឡើងរបស់ក្រសួងទេសចរណ៍ដែលថា ពលរដ្ឋទៅលេងខេត្តព្រះសីហនុចុះថយដោយសារតែបញ្ហាផ្លូវ។ លោក សន ជ័យ លើកឡើងទៀតថា មានរមណីយដ្ឋាននិងតំបន់ទេសចរណ៍ផ្សេងទៀតមានបញ្ហាផ្លូវលំបាកជាងខេត្តព្រះសីហនុទៅទៀត ប៉ុន្តែបែរជាមានភ្ញៀវទេសចរកើនឡើងទៅវិញ៖ «ដោយសារតែកត្តាបី ទី១ តម្លៃស្នាក់នៅថ្លៃអាហារ រឿងទីពីរបញ្ហាបរិស្ថានអាក្រក់ដែលមិនល្អដូចមុននិងរឿងទីបីវត្តមានជនជាតិចិនដែលជារឿយៗជនជាតិបង្កបញ្ហាបាញ់ដោយបោះសេរី»។
របាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា បង្ហាញថា ភ្ជុំបិណ្ឌរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ តុលា ពលរដ្ឋបាននាំគ្នាសម្រុកទៅដើរកម្សាន្តនៅខេត្តសៀមរាប ដែលធ្វើឲ្យខេត្តប្រវត្តិសាស្ត្រមួយនេះនៅតែរក្សាបានកំណើនភ្ញៀវទេសចរជាង ២សែននាក់ដដែល។ ចំណែកខេត្តកំពតក៏មានពលរដ្ឋទៅលេងកម្សាន្តច្រើនដែរ ហើយតំបន់ដែលទាក់ទាញភ្ញៀវទេសចរណ៍បន្ទាប់នោះគឺរមណីយដ្ឋានបូកគោនិងទឹកឈូ។ ដោយឡែក ខេត្តជាប់មាត់សមុទ្របីទៀតមានខេត្តកែប ខេត្ត កោះកុង និងខេត្តព្រះសីហនុ បែរជាបាត់បង់ ភ្ញៀវទៅលេងកម្សាន្តទៅវិញ។
សកម្មជនបរិស្ថានលោក មួង សូនី ដែលបានចុះទៅអង្កេតនៅខេត្តព្រះសីហនុ កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌឲ្យអាស៊ីសេរីដឹង ថា អ្វីដែលលោកឃើញផ្ទាល់គឺចំនួនភ្ញៀវទៅលេងខេត្តព្រះសីហនុថយចុះខ្លាំងច្រើនជាងរបាយការណ៍របស់ក្រសួងទេសចរណ៍នេះបង្ហាញទៅទៀត។ លោកយល់ថា ដើមហេតុដែលធ្វើឲ្យខេត្តព្រះសីហនុថយភ្ញៀវបែបនេះគឺបណ្តាលមកពីបញ្ហា បរិស្ថានក្នុងនោះសំរាមជាកត្តាចម្បង។
លោក មួង សូនី លើកឡើងទៀតថា ចំនួនដ៏ច្រើនលើសលប់នៃជនជាតិចិនបានធ្វើឲ្យតម្លៃផ្ទះ សំណាក់ សណ្ឋាគារ និងទំនិញផ្សេងទៀតនៅក្នុងខេត្តនេះឡើងថ្លៃខ្លាំង រួមទាំងបញ្ហាអសន្តិសុខសង្គមទៀតផង៖ «មានទឹកហូរចេញពីលូ ដីហុយ ផ្លូវក្រឡិកក្រឡុក ហើយជនជាតិចិនគាត់មករស់នៅហ្នឹងដាក់សំរាមចោលតាមចិញ្ចើមផ្លូវហើយអត់ឃើញមានឡានមកយកសំតាមចេញ»។
ទាក់ទងការលើកឡើងទាំងនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឲ្យអាស៊ីសេរីដឹងថ្ងៃទី១១ ខែតុលា ថា ភ្ជុំបីថ្ងៃនៅខេត្តព្រះសីហនុភ្ញៀវក្នុងស្រុកថយចុះដូចក្រសួងទេសចរណ៍បានចេញផ្សាយរបាយការណ៍ពិតមែន ប៉ុន្តែភ្ញៀវអន្តរជាតិកើនឡើង។ លោកបន្តថា ខេត្តព្រះសីហនុសព្វថ្ងៃមានបញ្ហាខ្លះដូចជាផ្ទះសំណាក់ និងសណ្ឋាគារឡើងថ្លៃ បញ្ហាសោភណភាពទីក្រុងមិនសូវស្អាតល្អ ផ្គួបផ្សំនិងបញ្ហាផ្លូវលំបាក ព្រមទាំងមានការចែកចាយព័ត៌មានបំផ្លើសនៅលើបណ្ដាញសង្គមផងនោះ ទើបធ្វើឲ្យពលរដ្ឋមិនសូវហ៊ានទៅលេងកម្សាន្តក្នុងខេត្តនេះ។
លោក យន្ត មីន ស្នើទៅពលរដ្ឋនិងភ្ញៀវទេសចរឲ្យមានការយោគយល់ចំពោះបញ្ហាខ្លះៗដែល ខេត្តព្រះសីហនុកំពុងជួបប្រទះសព្វថ្ងៃ ហើយលោកបានប្រដូចខេត្តនេះទៅនិងផ្ទះដែលកំពុង ជួសជុលដូច្នេះហើយគឺមិនទាន់ល្អស្អាតនោះទេ។ លោកអះអាងថា នៅពេលនេះអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធកំពុងដោះស្រាយបញ្ហាទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។