ទេសចរបរទេសចូលមកអង្គរវត្តតាមរថយន្តក្រុងកើនឡើង
2013.02.27

មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ពេលបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរឆ្លងកាត់ព្រំដែនដោយជិះរថយន្តក្រុងមកទស្សនាប្រាង្គប្រាសាទបុរាណ គឺមានការកើនឡើងជាលំដាប់។ ក៏ប៉ុន្តែទោះយ៉ាងណា ការកើនឡើងនៃចំនួនអ្នកទេសចរបរទេសដែលធ្វើដំណើរតាមផ្លូវគោកនេះ គឺនៅមានតួលេខតិចជាងចំនួនភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមជើងយន្តហោះនៅឡើយ។
លោក ង៉ូវ សេងកាក់ ជាប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប។ លោកបានមានប្រសាសន៍ថា អ្នកទេសចរណ៍ជនជាតិវៀតណាម និងជនជាតិរុស្ស៊ីដែលធ្វើដំណើរតាមរថយន្តក្រុងមកទស្សនាតំបន់អង្គរ កំពុងតែមានកំណើនខ្ពស់គួរឱ្យចាប់អារម្មណ៍នៅពេលបច្ចុប្បន្ន៖ «ឃើញមកតាមឡានក្រុង ផ្លូវគោក ប្រហាក់ប្រហែល ៤០% ហើយមកតាមផ្លូវអាកាស វា ៥៥%។ មកតាមបាងកក មកតាមច្រកប៉ោយប៉ែត មកតាមបាវិត។ បើយើងគិតក្នុងខែមករា ហ្នឹង យើងបានភ្ញៀវទេសចរអន្តរជាតិ ២៤.៦១៤នាក់»។
នៅស្របពេលចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជា កាន់តែច្រើនឡើងៗនោះ គឺបានធ្វើឱ្យកម្ពុជា ប្រឈមមុខនឹងការខ្វះខាតធនធានមនុស្សក្នុងការបម្រើសេវាផ្នែកទេសចរណ៍។
លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា នៅខេត្តសៀមរាប កំពុងចាប់ផ្ដើមការងារមួយចំនួនដែលពាក់ព័ន្ធនឹងការពង្រឹងគុណភាពនៃសេវាកម្មទេសចរណ៍ ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងការបម្រើភ្ញៀវទេសចរ និងបដិសណ្ឋារកិច្ច ជាពិសេសត្រូវបំប៉នភាសាបរទេសទៅលើមគ្គុទ្ទេសក៍ទេសចរណ៍ថែមទៀត។
ទន្ទឹមនឹងនេះ បញ្ហាជាច្រើនទៀតក៏ត្រូវការកែលំអ ដូចជាការចាត់ចែងឱ្យមានចំណត់រថយន្តត្រឹមត្រូវសម្រាប់ទេសចរណ៍ និងការសំអាតបរិស្ថានទីក្រុង ដើម្បីធានាដល់សុខភាពសាធារណៈ និងបង្កើនសម្រស់ទាក់ទាញទេសចរណ៍ជាដើម។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា ធ្លាប់បានថ្លែងបញ្ជាក់កាលពីខែមករា កន្លងទៅថា លោករំពឹងទៅលើចំនួនភ្ញៀវទេសចរណ៍បរទេស ដែលមកទស្សនាកម្ពុជា គឺមិនថយចុះទេ៖ «ភ្ញៀវពីថ្ងៃនេះទៅ វាអត់មានធ្លាក់ទេ ព្រោះគោលដៅធំរបស់យើង គឺទេសចរណ៍មកពីអាស៊ីប៉ាស៊ីហ្វិក ឡើងដល់ ៧៦% ឯណោះ។ ដូច្នេះវាអត់មាន low season (រដូវមិនសូវមានភ្ញៀវ) និង High season (រដូវភ្ញៀវច្រើន) នៅសៀមរាប ទេ។ ដូច្នេះមិនចាំបាច់អីទៅបន្លំគុណភាពលក់តម្លៃអីចុះដើម្បីទាក់ទាញភ្ញៀវទេ Hotel ទាំងអស់ភ្ញៀវពេញៗ ដូច្នេះប្រឹងទៅលើគុណភាពទៅ កាលណាយើងពង្រឹងគុណភាពឱ្យល្អទៅហ្នឹង គឺថា ភ្ញៀវកាន់តែមកថែមទៀត ហើយយើងនឹងក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ល្អ»។
មន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ប្រទេសកម្ពុជា មានកន្លែងប្រវត្តិសាស្ត្រ វប្បធម៌ រមណីយដ្ឋាន ឆ្នេសមុទ្រ និងអេកូទេសចរណ៍ជាច្រើន ដែលកំពុងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចង់មកទស្សនា។
ខេត្តសៀមរាប ក្នុងរយៈពេលពេញមួយឆ្នាំ២០១២ គឺទទួលបានភ្ញៀវទេសចរបរទេសចំនួន ២,៦លាននាក់។ ចំនួននេះបានកើនឡើង ២៨.១៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ កន្លងទៅ។
ក្រសួងទេសចរណ៍បានអះអាងថា ប្រទេសកម្ពុជា បានទទួលចំណូលពីវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០១២ ប្រហែលជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក។
កាលពីពេលថ្មីៗ ប្រទេសថៃ-កម្ពុជា បានបើកឱ្យដំណើរការនូវសេវាកម្មដឹកជញ្ជូនអ្នកទេសចរណ៍បរទេសតាមរថយន្តក្រុងដោយផ្ទាល់ចេញពីទីក្រុងបាងកក ទៅទីក្រុងភ្នំពេញ និងទៅខេត្តសៀមរាប។ ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងឆ្លងកាត់ប្រទេសថៃ និងកម្ពុជានេះ បានធ្វើឱ្យកំណើនអ្នកទេសចរណ៍តាមផ្លូវគោកអាចនឹងកើនឡើងថែមទៀត នៅក្នុងខេត្តសៀមរាប។
ក្រុមអ្នកប្រកបរបរលើវិស័យទេសចរណ៍ឯកជន បានចាត់ទុកថា ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ កម្ពុជា និងវៀតណាមនេះ គឺជាក្តីបំណងដែលវិស័យឯកជនចង់បានជាយូរមកហើយ។
លោក ហូ វណ្ឌី ជាសហប្រធានក្រុមការងារនៃវិស័យទេសចរណ៍ផ្នែកឯកជន បានមានប្រសាសន៍ថា ការភ្ជាប់សេវាដឹកជញ្ជូនតាមរថយន្តក្រុងរវាងកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម គឺវាមានផលប្រយោជន៍ច្រើន ដែលធ្វើឱ្យភ្ញៀវចំណាយថវិកាតិចជាងការធ្វើដំណើរតាមផ្លូវអាកាស ហើយការធ្វើដំណើរតាមផ្លូវគោកនេះ គឺអាចឱ្យប្រជាពលរដ្ឋខ្លះដែលរស់នៅតាមតំបន់ទទួលបានកម្រៃខ្លះពីអ្នកដំណើរទាំងនោះ តាមរយៈការលក់ដូរនំចំណីផងដែរ។
ទោះយ៉ាងណា លោក ហូ វណ្ឌី បានបញ្ជាក់ថា នៅពេលដែលចំនួនអ្នកទេសចរណ៍បរទេសចូលមកទស្សនាកម្ពុជា ចេះតែកើនឡើងនោះ គឺវិស័យឯកជននៅមានការព្រួយបារម្ភជាច្រើនដែលពាក់ព័ន្ធទៅនឹងការធ្វើសមាហរណកម្មពាណិជ្ជកម្មអាស៊ាន ដោយសារតែផ្នែកសេវាកម្ម និងធនធានមនុស្សនៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលមិនអាចប្រកួតប្រជែងទីផ្សារជាមួយនឹងប្រទេសដែលជាសមាជិកសមាគមអាស៊ានមួយចំនួននៅជុំវិញបានទេ។ វិបត្តិទាំងនេះ គឺទាមទារទាំងផ្នែកឯកជន និងទាំងស្ថាប័នរដ្ឋ ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះ គឺត្រូវពង្រឹងសមត្ថភាពជាចាំបាច់។
លោក ហូ វណ្ឌី៖ «ពីព្រោះថា បច្ចុប្បន្ននេះយើងឃើញហើយថា ការផ្សព្វផ្សាយទូលំទូលាយណាស់របស់គេនៅលើទីផ្សារអន្តរជាតិ។ ទី២ គេមានស្ថាប័នរបស់គេ ដែលជាចំណែកមួយនៃការចាប់យកទីផ្សារធំៗ គេដើរទៅគ្រប់ផ្នែកនៃពិភពលោកតែម្ដង ហើយយើងឃើញហើយ តួលេខរបស់ប្រទេសដែលនៅជិតៗយើងហ្នឹង គេឡើងខ្ពស់មែនទែន។ ដូចជាថៃ អ៊ីចឹងគេឡើងដល់ ១៨ ទៅ ២០លាននាក់ ក្នុង១ឆ្នាំ រីឯម៉ាឡេស៊ី និងសិង្ហបុរី ក៏ដូចគ្នា»។
នៅក្នុងកិច្ចប្រជុំស្ដីពីវិស័យទេសចរណ៍ជាច្រើនលើក ទាំងផ្នែកឯកជន និងមន្ត្រីរដ្ឋាភិបាល សុទ្ធតែបានទទួលស្គាល់ថា កម្ពុជាត្រូវការពង្រឹងទៅលើសមត្ថភាពធនធានមនុស្សផ្នែកវិស័យទេសចរណ៍ថែមទៀត ការកែលំអទៅលើគុណភាពសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធខ្លះៗ សោភ័ណភាពទីក្រុង សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានស្អាតជាដើម ដើម្បីទាក់ទាញចំនួនអ្នកទេសចរបរទេសឱ្យចូលមកទស្សនាកម្ពុជា បានកាន់តែច្រើនឡើងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។