រថយន្តពណ៌ស្ករ ម៉ាកកាមរី (Camry) ឬស្គាល់ជាទូទៅថា បាឡែន បើកបរដោយយុវតីអាយុ ២៣ឆ្នាំម្នាក់ជានិស្សិតឆ្នាំទី៦ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាល បានបុករះលើអ្នកម៉ូតូ និងកង់អ្នកដំណើរជាច្រើនគ្រឿង ចាប់តាំងរថយន្តនេះបានចេញពីខាងមុខសាកលវិទ្យាល័យបញ្ញាសាស្ត្រ ជិតវិមានឯករាជ្យ បន្តរហូតដល់បុកជាប់របងខាងមុខក្រសួងមហាផ្ទៃ។
លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា របាយការណ៍បណ្ដោះអាសន្នគ្រោះថ្នាក់នោះបានសម្លាប់មនុស្ស ៣នាក់ និងជិត ១០នាក់បានរងរបួស៖ «ពេលនេះយើងរកឃើញថាស្លាប់ ៣នាក់ កុមារី ២នាក់ ម្នាក់អាយុ ៨ឆ្នាំ ម្នាក់ទៀតអាយុ ១២ឆ្នាំ ក្មេងប្រុសម្នាក់ ៨ឆ្នាំ។ ហើយនឹងរបួសធ្ងន់ ៦នាក់»។
មន្ត្រីនគរបាលបានអោយដឹងថា នារីបង្កគ្រោះថ្នាក់មានប័ណ្ណបើកបរត្រឹមត្រូវ ប៉ុន្តែនៅពេលកើតហេតុ នាងមានអាការៈភាន់ភាំងស្មារតី៖ «គាត់ថា ក្រោយពីគាត់ទៅយកប្អូនគាត់នៅបញ្ញាសាស្ត្រ គាត់ចេញដំណើរទៅផ្ទះគាត់នៅភូមិដើមមាន ក្នុងក្រុងតាខ្មៅ។ គាត់បានបុកម៉ូតូ ១គ្រឿង ហើយគាត់ភាំង គាត់មិនដឹងយ៉ាងម៉េច គាត់បុកជាច្រើនគ្រឿង បុករហូតទាល់តែប៉ូលិសឃាត់ទៅ ទើបគាត់ដឹងខ្លួន»។
ទោះយ៉ាងណា គិតត្រឹមម៉ោង ៨យប់ថ្ងៃទី១ ខែមីនា សមត្ថកិច្ចនៅពុំទាន់មានរបាយការណ៍លំអិតពីករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ ដោយត្រូវប្រមូលព័ត៌មានបន្ថែមពីជនរងគ្រោះដែលនាំទៅព្យាបាលតាមមន្ទីរពេទ្យ និងខ្លះត្រូវបញ្ជូនទៅផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។