មនុស្សស្លាប់និងរបួសជាង២ពាន់នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដើមឆ្នាំ២០១៣
2013.04.03

របាយការណ៍ប៉ូលិសនាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ បានបង្ហាញថា ៣ខែដើមឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍បានកើតមានចំនួនជាង ១ពាន់លើក ស្លាប់មនុស្សចំនួន ៥៤០នាក់ និងរបួសជាង ២ពាន់នាក់។
គេហទំព័រប៉ូលិសជាតិ ចេញផ្សាយថ្ងៃពុធ ទី៣ ខែមេសា បានឲ្យដឹងថា អត្រាគ្រោះថ្នាក់នេះបានថយចុះ បើប្រៀបធៀបឆ្នាំ២០១២ ក៏ប៉ុន្តែចំនួនមនុស្សស្លាប់បានកើនឡើង។
ប៉ូលិសឲ្យដឹងថា ៣ខែដើមឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១.១៦៣លើក គឺបានថយចុះ ៤១លើក បើធៀបឆ្នាំ២០១២ និងស្លាប់មនុស្ស ៥៤០នាក់ កើនលើសឆ្នាំ២០១២ ចំនួន ១០នាក់។ ក្នុងនោះស្លាប់ជនបរទេស ៩នាក់ និងរបួស ៣៥នាក់។
មន្ត្រីអង្គការជនពិការអន្តរជាតិបែលហ្សិក បានឲ្យដឹងថា គ្រោះថ្នាក់ដែលកើតនៅទូទាំងប្រទេសកម្ពុជា គឺកើតឡើងពីកត្តាមនុស្សច្រើនជាងកត្តាធម្មជាតិ ឬយានយន្ត។ លោកថា គ្រោះថ្នាក់ភាគច្រើនបណ្ដាលមកពីអ្នកបើកបរមានល្បឿនលឿន បើកប្រជែង និងស្រវឹងជាដើម។ លោកបន្តថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ចាំបាច់ត្រូវគោរពច្បាប់ និងមានសុជីវធម៌ក្នុងការបើកបរ។
របាយការណ៍ប៉ូលិស ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ៣ខែដើមឆ្នាំ២០១៣ បានខូចខាតទោចក្រយានយន្តជាង ១.២០០គ្រឿង រថយន្តតូចជិត ៥រយគ្រឿង រថយន្តធំជាង ១៥០គ្រឿង និងយានផ្សេងៗចំនួន ៩០គ្រឿង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមីនា បានអំពាវនាវដល់អ្នកបើកបរយានយន្តទូទាំងប្រទេសឲ្យគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ លោកក៏បានដាក់ចេញនូវពាក្យស្លោក "ថ្ងៃនេះ និងថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍"។ ពាក្យស្លោកនេះ ក៏ត្រូវបានមន្ត្រីស្ថាប័នជំនាញ ផលិតជាស្ទិកឃ័របិទតាមរថយន្តដឹកអ្នកដំណើរថែមទៀត ដើម្បីដាស់ស្មារតីអ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវ បានយល់ដឹងអំពីគ្រោះថ្នាក់នេះ។
លោក ហ៊ុន សែន៖ «ឥឡូវទាល់តែយើងប្រឹងទាំងអស់គ្នា ហើយពិធីករ ពិធីការិនី ក៏បានប្រឹងប្រែង សិល្បករ សិល្បការិនីរបស់យើង ក៏បានធ្វើការងារហ្នឹងច្រើនដែរ កុំសេពគ្រឿងញៀន ស្រវឹង កុំបើកបរ បើកបរកុំស្រវឹង។ ប៉ុន្តែវាអត់ចំណុះអ្នកដែលនិយាយទេ វាចំណុះប្រព្រឹត្ត។ មើល! ឥឡូវយើងខិតខំ ថ្ងៃហ្នឹង និងថ្ងៃស្អែក កុំឲ្យគ្រោះថ្នាក់ចរាចរណ៍។ អនុវត្តនូវពាក្យស្លោកហ្នឹងទាំងអស់គ្នាមើល ថ្ងៃហ្នឹង និងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ ទន្ទេញឲ្យរត់មាត់ទាំងអស់គ្នា»។
ប៉ូលិសការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនដោយសារអ្នកបើកបរលើសល្បឿន មិនគោរពសិទ្ធិអាទិភាព បើកបរក្នុងអាការៈស្រវឹង បើកប្រជែងមិនប្រកាន់ស្ដាំ បត់ឆ្វេងស្ដាំមិនប្រយ័ត្ន រួមផ្សំកត្តាយានយន្ត និងកត្តាផ្លូវ។
របាយការណ៍ឆ្នាំ២០១១ បង្ហាញថា មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានជិត ១ម៉ឺន ៧ពាន់នាក់ និងសម្លាប់មនុស្សជិត ២ពាន់នាក់ និងរងរបួសធ្ងន់ជិត ៦ពាន់នាក់។ គិតជាមធ្យម ចំនួនមនុស្សស្លាប់មានជាង ៥នាក់ និងរបួសធ្ងន់ ១៦នាក់ក្នុងមួយថ្ងៃ។
ដោយឡែក របាយការណ៍ឆ្នាំ២០១២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា គ្រោះថ្នាក់នេះបានកើតឡើងជាង ៤.៣០០លើក។ ស្លាប់មនុស្សជិត ២ពាន់នាក់ និងរបួសធ្ងន់ស្រាលជាង ៧.៤០០នាក់។ ជនរងគ្រោះភាគច្រើន ជាអ្នកប្រើប្រាស់ម៉ូតូមិនពាក់មួកការពារសុវត្ថិភាព។ មន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យប្រទេសកម្ពុជា ខាតបង់សេដ្ឋកិច្ចជាតិជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។