គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យពលរដ្ឋស្លាប់យ៉ាងហោចណាស់ចំនួន ៤នាក់ក្នុងមួយថ្ងៃ
2018.10.31

របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា នៅរយៈពេល ៩ខែនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៤៥លើក ដែលបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ៣៨៣នាក់ និងរបួសចំនួនជាង ១ពាន់នាក់ (១.០២៨)។
អគ្គស្នងការរងនគរបាលជាតិ លោកនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន ប្រាប់សារព័ត៌មានក្នុងស្រុកថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមយូរអង្វែងដែលមានអ្នកស្លាប់និងរបួសរៀងរាល់ថ្ងៃ។ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា បានឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី៣១ ខែតុលា ថា នៅឆ្នាំ២០១៨នេះមានការថយចុះចំនួនគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច បើប្រៀបធៀបទៅនិងឆ្នាំ២០១៧កន្លងទៅ។ កាលពីឆ្នាំ២០១៧ មានអ្នកស្លាប់ចំនួន ៥ទៅ៦នាក់ក្នុងមួយថ្ងៃ៖ «កាលពីឆ្នាំកន្លងមកអត្រាអ្នកស្លាប់ក្នុងមួយថ្ងៃមាន ៥ទៅ៦នាក់ ប៉ុន្តែបើគិតជាតួលេខអ្នកស្លាប់ហើយនិងតួលេខអ្នករបួសវាមានភាពខុសគ្នាបន្តិចបន្តួច តួលេខអ្នកស្លាប់រយៈពេល ៩ខែឆ្នាំនេះ ធៀបនិង៩ខែឆ្នាំមុន គឺមានការថយចុះបន្តិចបន្តួចហើយនិងចំនួនអ្នករបួសក៏ថយចុះដែរ»។
លោក អ៊ា ចរិយា បន្តថា បើតាមការសិក្សាស្រាវជ្រាវរបស់អង្គារវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍កាលពីឆ្នាំ២០១៧ ឲ្យដឹងថា ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីស្លាកសញ្ញាចរាចរណ៍សំខាន់ៗនៅតាមដងផ្លូវមានកម្រិតទៀបនៅឡើយ។ លោក អ៊ា ចរិយា ស្នើឲ្យមានឲ្យវិធានការដែលចាំបាច់មួយចំនួនដូចជាការពង្រឹងការអប់រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឲ្យបានគ្រប់រូបនៅទូទាំងប្រទេស អំពីច្បាប់ចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕