គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០២២​កើន​ឡើង​ជាង​ឆ្នាំ​២០២១

មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​អ្នក​ជិះ​កង់​អ្នក​ថ្មើរជើង អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុខុមាលភាព​សង្គម​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ខែ​មករា ថា ការ​លើក​កម្ពស់​ផលិតផល​គ្រឿង​ស្រវឹង​យ៉ាង​គគ្រឹកគគ្រេង​សូម្បីតែ​សាលាខេត្ត​មួយ​ចំនួន​បាន​ទទួល​យក​គ្រឿង​ស្រវឹង​រូបភាព​នេះ​ហើយ​ដែល​ជំរុញ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង។ លោក​បន្ត​ថា ម្យ៉ាងវិញទៀត​ការ​ត្រួតពិនិត្យ​ជាតិ​អាកុល​នៅ​តាម​ដងផ្លូវ​ក៏​មិនទាន់​ឃើញ​ត្រួតពិនិត្យ​ជាប្រចាំ និង​មិន​មាន​ផែនការ​ច្បាស់លាស់​នៅឡើយ​ទេ​។ លោក​ស្នើ​ឱ្យ​មន្ត្រី​អាជ្ញាធរ​ត្រួតពិនិត្យ​ជាតិ​អាកុល​នៅ​តាម​ដងផ្លូវ​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​មាន​ការភ័យខ្លាច​នៅពេល​ធ្វើដំណើរ។

លោក យង់ គិមអេង៖ «យើង​ឃើញ​មាន​អ្នក​បង្ក​គ្រោះថ្នាក់​ដោយសារ​គ្រឿង​ស្រវឹង​ច្រើន​ប៉ុន្តែ​យើង​មិន​បាន​ត្រួតពិនិត្យ​ជាតិ​អាកុល នេះ​ជា​គ្រោះថ្នាក់ ប៉ុន្តែ​យើង​បែរជា​ឃើញ​មានការ​ត្រួតពិនិត្យ​ទៅ​លើ​គ្រឿងញៀន​ទៅវិញ ចុះ​ហេតុអ្វី​បានជា​ជៀស​មិន​ត្រួត​ពិនិត្យ​គ្រឿង​ស្រវឹង​ទៅវិញ»។

ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៧ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​ប្រសាសន៍​ថា ឆ្នាំ​២០២២ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មាន​កំណើន​ឡើង​ដែល​ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​អ្នក​ស្លាប់​ចំនួន​៥​នាក់ និង​របួស​ចំនួន ១៣​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២១ ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​អ្នក​ស្លាប់​ចំនួន ៤​នាក់ និង​របួស​១០​នាក់។

ហ្វេសប៊ុកផេ​ក គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​មួយ បង្ហាញថា​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២២ គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ស្លាប់​៩៤២​នាក់​របួស​២.២០០​នាក់ ធៀប​នឹង​ឆ្នាំ​២០១៩ ស្លាប់ ១៦៦៤​នាក់ និង​របួស​១១១៣​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។