អង្គការ​តម្លាភាព​កម្ពុជា​រក​ឃើញ​ថា អំពើពុករលួយ​នៅតែ​ជា​ឧបសគ្គ​​អភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា

0:00 / 0:00

អង្គការ​តម្លាភាព​អន្តរជាតិ​រកឃើញ​ថា អំពើពុករលួយ​នៅតែ​ជា​ឧបសគ្គ​ចម្បង ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​រួមមាន វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គម និង​វិស័យ​យុត្តិធម៌​ជាដើម។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល ប្ដេជ្ញា​ឱ្យ​មុតមាំ​ដោះស្រាយ​បញ្ហា​អំពើពុករលួយ​ឱ្យ​មាន​ប្រសិទ្ធភាព។

អង្គការ​ តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃទី១១ ខែកុម្ភៈ បាន​ផ្សាយ ​របាយការណ៍​ជា​ថ្មី​ទៀត ដោយ​រកឃើញ​ថា ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២៤ គឺ​កាន់តែ​ធ្ងន់ធ្ងរ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដោយ​ទទួល​បាន​ពិន្ទុ ២១ លើ​ពិន្ទុ​ខ្ពស់​បំផុត​ចំនួន ១០០ គឺ​ថយ​ចុះ​មួយ​ពិន្ទុ​ទៀត។

អង្គការ​នេះ​ចាត់ទុកថា ពិន្ទុ​ថយ​នេះ​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម ១៨០ ប្រទេស ដែល​បាន​វាយតម្លៃ​ពី​ស្ថានភាព​អំពើពុករលួយ​។ លទ្ធផល​នេះ​គួរ​ឱ្យ​ព្រួយបារម្ភ ដោយសារតែ​ពិន្ទុ​សន្ទស្សន៍​នៃ​អំពើពុករលួយ (CPI) របស់​កម្ពុជា ក្នុង​ចន្លោះ ២០ ពិន្ទុ នៅតែ​តិចតួច​នៅឡើយ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

របាយការណ៍​បន្ថែម​ថា កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទាប​លំដាប់​ទី​២ ក្នុង​តំបន់​អាស៊ាន ដែល​នាំមុខ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) តែមួយ​ប៉ុណ្ណោះ។

របាយការណ៍​វាយតម្លៃ​ថា ពិន្ទុ​សន្ទស្សន៍ (CPI) ​ឆ្នាំ២០២៤​នេះ​បង្ហាញថា កម្ពុជា​បន្ត​បោះជំហាន​យឺតយ៉ាវ ប្រឆាំង​នឹង​អំពើពុករលួយ ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចំណុចខ្សោយ​បន្ត​កើតមាន រួមមាន​អភិបាលកិច្ច ខ្វះ​សុចរិត​ភាព​ស្ថាប័ន និង​កង្វះ​កិច្ចប្រឹងប្រែង​ប្រយុទ្ធ ប្រឆាំង​នឹង​អំពើពុករលួយ។

បន្ថែម​ពី​នេះ​ទៀត ថ្វីត្បិតតែ​កម្ពុជា​មាន​ផ្នែក​ខ្លះ​មាន​ភាព​ប្រសើរ​ឡើង​បន្តិចបន្តួច​ក្តី ការ​ថយ​ចុះ​នៅ​ផ្នែក​ផ្សេងទៀត នៅតែ​មាន​ច្រើន​លើសលប់​ដដែល​។ ប្រការ​នេះ​ហើយ ដែល​ទាមទារ​ឱ្យ​មាន​កិច្ចប្រឹងប្រែង ដើម្បី​ពង្រឹង​គណនេយ្យ​ភាព​នយោបាយ និង​នីតិរដ្ឋ​។ រីឯ​បញ្ហា​កង្វះ​ឆន្ទៈ​នយោបាយ​នៅតែ​ជា​ឧបសគ្គ​សំខាន់​នៅឡើយ។

អំពើ​ពុករលួយ «គំរាមកំហែង​សកលលោក»

ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ លោក ហ្វ្រ័ងស្វ័រ វ៉ាលេរាន (François Valérian) ថ្លែង​ក្នុង​របាយការណ៍​ថា អំពើពុករលួយ គំរាមកំហែង​សកលលោក​បន្ត​បំផ្លាញ​មិន​ត្រឹមតែ ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​ថមថយ​លទ្ធិប្រជាធិបតេយ្យ អស្ថិរភាព និង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស។

លោក​បន្ត​ថា សហគមន៍​អន្តរជាតិ និង​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ត្រូវតែ​ដោះស្រាយ​អំពើពុករលួយ​ជា​អាទិភាព​កំពូល និង​យូរអង្វែង ហើយ​បញ្ហា​នេះ​ក៏​ជា​កត្តា​សំខាន់​រុញច្រាន​ប្រឆាំង​នឹង​របប​ផ្ដាច់ការ ដើម្បី​ធានា​នូវ​ពិភពលោក​មាន​សន្តិភាព សេរី និង​និរន្តរភាព។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​ពី​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​លោក មាស សោភ័ណ្ឌ និង​អ្នកនាំពាក្យ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានទេ នៅ​ថ្ងៃទី១១ កុម្ភៈ។

តម្លាភាព និង​គណនេយ្យភាពក្នុងការ​ចាត់ចែង​គ្រប់គ្រង​ធនធាន​រដ្ឋ

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពិន្ទុ ដែល​កម្ពុជា​ទទួល​បាន​នៅក្នុង​ឆ្នាំ​២០២៤​នេះ​ឆ្លុះបញ្ចាំង​ថា អំពើពុករលួយ​នៅតែ​ជា​ឧបសគ្គ​រាំងស្ទះ ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ។

លោក​ផ្តល់​អនុសាសន៍​ថា ប្រព័ន្ធ​យុត្តិធម៌​ជា​រឿង​ចាំបាច់​ណាស់ ដែល​ភាគី​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ឱ្យ​ចំ​ទិសដៅ ហើយ​ការ​ពង្រឹង​បង់ថ្លៃ​សេវា​រដ្ឋបាល​ក្រៅផ្លូវការ ក៏​ជា​រឿង​សំខាន់ ដែល​ត្រូវ​ដោះស្រាយ​ដែរ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ជីវភាព​ពលរដ្ឋ។

លោក ប៉ិច ពិសី៖ «ធានា​នូវ​តម្លាភាព​និង​គណនេយ្យភាព​ក្នុង​ការ​ចាត់ចែង​គ្រប់គ្រង​ធនធាន​រដ្ឋ​គឺជា​កិច្ច​ចាំបាច់​ដែល​ទាមទារ​ឱ្យ​ជំរុញ​បន្ថែម ដើម្បី​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​វិស័យ​នេះ​ឱ្យ​បាន​គួរសម ជាពិសេស​គឺ​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ច្បាប់​ការពារ​សាក្សី​ជនរងគ្រោះ និង​អ្នកជំនាញ​ជាដើម​ដែល​កំពុងតែ​បង្រៀន​នោះ​។ ប្រសិនបើ​យើង​ប្រឹងប្រែង​បន្ថែម​ទៀត​វា​នឹង​អាច​កើន​សន្ទុះ ទទួល​បាន​ពិន្ទុ​បន្ថែម​ទៀត»។

អង្គការ​តម្លាភាព​កម្ពុ​ជា​ផ្តល់​អនុសាសន៍​ឱ្យ រដ្ឋាភិបាល ត្រូវ​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់ លុបបំបាត់​អំពើពុករលួយ ដោយ​ត្រូវ​អនុវត្ត​វិធានការ​សំខាន់ៗ​មួយចំនួន​រួមមាន ត្រូវ​ផ្ដន្ទាទោស​រាល់​អំពើពុករលួយ​ទាំង​ទ្រង់ទ្រាយ​តូច​ឬ​ធំ ឱ្យ​មាន​ប្រសិទ្ធភាព និង​លើកកម្ពស់​សេរីភាព​ប្រជាធិបតេយ្យ រួមមាន​សេរីភាព​បញ្ចេញមតិ សិទ្ធិ​ជួបជុំ និង​ការ​ប្រមូល​ផ្តុំ​របស់​ពល​រដ្ឋ​ជាដើម​។​

ជាមួយគ្នា​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​ធានា​យុត្តិធម៌ សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស និង​លើកកម្ពស់​តួនាទី​សំខាន់​របស់​ពួកគេ​ផង​ដែរ។

ប្រទេស​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ នៃ​សន្ទស្សន៍​អំពើពុករលួយ​គឺ​ប្រទេស​ដាណឺម៉ាក (Denmark) ចំណាត់ថ្នាក់​លេខ​២ ប្រទេស​ហ្វាំឡង់ (Finland) និង​ចំណាត់ថ្នាក់​លេខ​៣ ប្រទេស​សិង្ហបុរី (Singapore)។ រីឯ ចំណាត់ថ្នាក់​បាត​តារាង​គឺ​ប្រទេស​សូដង់​ខាងត្បូង (South Sudan) និង​ប្រទេស​សូម៉ាលី (Somalia) នៅក្នុង​ទ្វីបអាហ្វ្រិក (Africa)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។