ករណី​តវ៉ា​ពី​ការ​ផាក​ពិន័យ​លើ​ការ​ដឹក​ទំនិញ​លើស​ចំណុះ​ត្រូវ​សម្របសម្រួល

មន្ត្រី​ចុះ​ត្រួត​ពិនិត្យ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​នៅ​ផ្លូវ​ជាតិ​លេខ​៦ នា​ខែត្រ​កំពង់ធំ បាន​យល់​ព្រម​សម្រប​សម្រួល​ជាមួយ​ម្ចាស់​ឡាន​ធំ​ដឹក​ទំនិញ ដោយ​បញ្ចុះ​តម្លៃ​ផាក​ពិន័យ​ចំនួន ៥០% នៃ​តំលៃ​ត្រូវ​បង់​ផាក​ពិន័យ​សរុប​នោះ​ហើយ។
ដោយ ទីន ហ្សាការីយ៉ា
2013.03.11
Share on WhatsApp
Share on WhatsApp

ការ​យល់​ព្រម​របស់​មន្ត្រី​ក្រសួង​សាធារណការ​នេះ បន្ទាប់​ពី​ក្រុម​ម្ចាស់​ឡាន​ដឹក​ទំនិញ​បាន​នាំ​គ្នា​តវ៉ា​បើក​ឡាន​ដាក់​ទទឹង​ផ្លូវ​ជាតិ នៅ​ក្បែរ​ភ្នំ​សន្ទុក កាល​ពី​ថ្ងៃ​ទី​៩ មីនា អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។

ការ​បើក​រថយន្ត​ធំ​បិទ​ផ្លូវ​ជាតិ​តវ៉ា​ចំពោះ​ការ​ផាក​ពិន័យ​ចំនួន​ច្រើន​ក្នុង​ការ​ដឹក​ទំនិញ នៅ​ខេត្ត​កំពង់ធំ បាន​ដោះស្រាយ​ហើយ នៅ​ថ្ងៃ​ទី​១០ មីនា។

ក្រុម​ម្ចាស់​ឡាន​ដឹក​ទំនិញ​លើស​ចំណុះ​បាន​ឲ្យ​ដឹង​ថា ខាង​មន្ត្រី​ថ្លឹង​ជញ្ជីង​ចល័ត​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​យល់​ព្រម​តាម​សំណើ​របស់​ពួក​គាត់ ដោយ​បញ្ចុះ​តម្លៃ​បង់​ពិន័យ​មក​នៅ​ត្រឹម ៥០% នៃ​ថ្លៃ​ពិន័យ​សរុប បន្ទាប់​ពី​ធ្វើ​ការ​សម្របសម្រួល​គ្នា។

បុរស​មួយ​រូប​ដែល​អះអាង​ថា ជា​តំណាង​ឲ្យ​ម្ចាស់​រថយន្ត​ធំ​ដឹក​ស្រូវ​លើស​ទម្ងន់​នោះ​បាន​រៀបរាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា នេះ ខាង​មន្ត្រី​ថ្លឹង​ជញ្ជីង​ចល័ត បាន​យល់​ព្រម​បញ្ចុះ​តម្លៃ​បង់​ផាក​ពិន័យ​មក​នៅ​តម្លៃ​ពាក់​កណ្ដាល​នៃ​តម្លៃ​សរុប។ លោក​បញ្ជាក់​ថា តម្លៃ​បង់​ពិន័យ​នោះ មាន​ឡាន​ខ្លះ​ក្នុង​ចំណោម​ឡាន ៤​គ្រឿង​ដែល​សមត្ថកិច្ច​ឃាត់​នោះ ត្រូវ​បង់ ១២​លាន​រៀល ទៅ ១៤​លាន​រៀល ដូច្នេះ​ក្នុង​ឡាន​មួយ​ត្រូវ​បង់​តម្លៃ​ផាក​ពិន័យ​នោះ ៦​លាន​រៀល ឬ ៧​លាន​រៀល​ក្នុង​ឡាន​មួយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី បុរស​រូប​នេះ​បាន​លើក​ឡើង​ថា ការ​ចាប់​ផាក​ពិន័យ​លើ​ការ​ដឹក​ស្រូវ​លើស​ទម្ងន់​នេះ គឺ​ខាង​មន្ត្រី​សាធារណការ​មិន​ប្រកាស​ឲ្យ​ពួក​គាត់​ដឹង​ជា​មុន​ទេ ពិសេស​ទៅ​ទៀត​នោះ មាន​ឡាន​ខ្លះ​ដែល​ជា​បក្ស​ពួក​មន្ត្រី​ថ្លឹង​ជញ្ជីង​ចល័ត ឬ​ឡាន​ដឹក​ឈើ​ដឹក​លើស​ទម្ងន់​ដូច​គ្នា​បែរ​ជា​គេ​មិន​ចាប់​ទៅ​វិញ។

ការ​ស្រុះស្រួល​គ្នា​អំពី​ការ​ចរចា​បង់​តម្លៃ​ផាក​ពិន័យ​នេះ នៅ​បន្ទាប់​ពី​ក្រុម​ម្ចាស់​ដឹក​ឡាន​ចំនួន ៤ ដែល​គេ​ចាប់​នោះ និង​ឡាន​ដឹក​ទំនិញ​ផ្សេង​ទៀត បាន​នាំ​គ្នា​បើក​ឡាន​ដាក់​ទទឹង​ផ្លូវ​ធ្វើ​ជា​របាំង​នៅ​ភូមិ​ស្ដុកស្ដម្ភ ស្រុក​សន្ទុក ខែត្រ​កំពង់ធំ ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​សាធារណការ​បញ្ចុះ​តម្លៃ​ផាក​ពិន័យ និង​សុំ​ឲ្យ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើ​ភាព ពីព្រោះ​ថា ឡាន​ខ្លះ​មិន​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចាប់​នោះ​ទេ។

អភិបាល​ខែត្រ​កំពង់ធំ លោក ឈុន ឈន់ មាន​ប្រសាសន៍​ថា បញ្ហា​ចាប់​ឡាន​ដឹក​ទំនិញ​លើស​ចំណុះ​នេះ មិន​មែន​ជា​ភារកិច្ច​របស់​ខែត្រ​ទេ លោក​បញ្ជាក់​ថា ជា​ភារកិច្ច​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ថ្លឹង​ជញ្ជីង​ចល័ត​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា។

បុរស​ឈ្មោះ គីម ស្រេង ជា​ម្ចាស់​ឡាន​ដឹក​ស្រូវ​មួយ​រូប​ទៀត បាន​ឲ្យ​ដឹង​ថា ពួកគាត់​ទៅ​ដើរ​ទិញ​ប្រមូល​ស្រូវ​ពី​ខែត្រ​កំពង់ធំ យក​ទៅ​លក់​នៅ​វៀតណាម ឆ្លង​កាត់​ខែត្រ​ស្វាយរៀង។ លោក​បញ្ជាក់​ថា ពួក​គាត់​យក​ស្រូវ​ទៅ​លក់​នេះ ក្នុង​មួយ​ជើង​យ៉ាង​ច្រើន​ចំណេញ ៦០​ម៉ឺន​រៀល​ទេ ពីព្រោះ​ថា ត្រូវ​បង់​ឲ្យ​មន្ត្រី​នគរបាល​នៅ​តាម​ផ្លូវ​កន្លែង​ខ្លះ ២​ម៉ឺន កន្លែង​ខ្លះ​ទៀត ១០​ម៉ឺន​រៀល។

ក្រុម​ម្ចាស់​ឡាន​ដឹក​ស្រូវ​ចំនួន ៤​គ្រឿង ដែល​គេ​ចាប់​នោះ អះអាង​ថា បន្ទាប់​ពី​ពួក​គាត់​បង់​លុយ​ផាក​ពិន័យ​រួច គេ​តម្រូវ​ឲ្យ​ពួក​គាត់​ជួល​ឡាន​ផ្សេង​យក​មក​សាង​ស្រូវ​នៅ​លើ​ឡាន​របស់​ពួក​គាត់ គឺ​ឡាន​ពួក​គាត់​មិន​ទាន់​ចាក​ចេញ​ពី​កន្លែង​ដែល​គេ​ឃាត់​នោះ​ទេ។ ពួកគាត់​ព្រួយ​បារម្ភ​ថា ពួក​គាត់​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​ឡាន​របស់​ពួក​គាត់​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​យក​ចេញ​ពី​កន្លែង​បន្ទាប់​ពី​សាង​ស្រូវ​នៅ​លើ​ឡាន​នោះ​អស់ ឬ​យ៉ាង​ណា​ទេ ពីព្រោះ​ថា មក​ទល់​ថ្ងៃ​ទី​១០ មីនា នេះ ក្រុម​សមត្ថកិច្ច​នៅ​ឡោមព័ទ្ធ​យាម​ឡាន​របស់​ពួក​គាត់​ដដែល គេ​មិន​ទាន់​ដក​ខ្លួន​ចេញ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។