ជិត ១ខែហើយដែលប្រជាពលរដ្ឋជាអ្នកបើកកាណូត និងអុំទូកនៅឃុំកំពង់ភ្លុក និងឃុំមានជ័យ ស្រុកប្រាសាទបាគង កើតមានបញ្ហាប្រឈមមុខដាក់គ្នាជាមួយនឹងមនុស្ស ១ក្រុមទៀតដែលទើបតែមកបង្កើតសមាគមទូកថ្មី ហើយដាក់ប៉ុស្តិ៍ដណ្ដើមលក់សំបុត្រឲ្យភ្ញៀវទេសចរដែលទៅជិះទូកកម្សាន្តនៅក្នុងបឹងទន្លេសាប។
ទំនាស់នេះ កំពុងបង្កឲ្យក្រុមប្រជាពលរដ្ឋដែលធ្លាប់តែប្រកបរបរបើកកាណូត និងអុំទូកដឹកភ្ញៀវទស្សនាបឹងទន្លេសាបជាច្រើនឆ្នាំមកហើយ បាត់បង់ចំណូលប្រចាំថ្ងៃ ព្រមទាំងមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ជាមួយនឹងមនុស្ស ១ក្រុមដែលកំពុងតែចង់ដណ្ដើមមុខរបរទីនោះ។
អាជ្ញាធរខេត្តសៀមរាប បានធ្វើការសម្រេចចិត្តចុងក្រោយថា គេនឹងរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍អ្នកបើកកាណូត និងអ្នកអុំទូកដឹកភ្ញៀវទេសចរ ដើរកម្សាន្តនៅក្នុងបឹងទន្លេសាបនៃឃុំកំពង់ភ្លុក ឲ្យត្រឹមត្រូវតាមផ្លូវច្បាប់ នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខ។
ការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍អ្នកបើកកាណូត និងអ្នកអុំទូកដឹកភ្ញៀវទេសចរកម្សាន្តដែលរៀបចំដោយអាជ្ញាធរនេះ គឺដើម្បីឈានទៅរកការបញ្ចប់នូវការប្រឈមមុខដាក់គ្នាទាំងស្រុងរវាងប្រជាពលរដ្ឋពីរក្រុម ដែលកំពុងតែដណ្ដើមគ្នាលក់សំបុត្រទៅឲ្យភ្ញៀវទេសចរកម្សាន្តនៅក្នុងបឹងទន្លេសាប នៃឃុំកំពង់ភ្លុក។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមសមាជិកសហគមន៍នេសាទ នៃឃុំកំពង់ភ្លុក ជាច្រើនទៀតដែលប្រកបរបរដឹកភ្ញៀវទស្សនាបឹងទន្លេសាបជាច្រើនឆ្នាំមកហើយ គឺលោក សួន ច័ន្ទសេរី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ថា រយៈពេលជាង ១ខែមកហើយ គឺរូបលោកក៏ដូចជាអ្នកប្រកបរបរអុំទូកដទៃទៀតមិនសប្បាយចិត្តទេ ដោយសារតែមានអ្នកខ្លះនៅភូមិកំពង់ភ្លុក និងមនុស្សមកពីតំបន់ផ្សេងខ្លះ បាននាំគ្នាមកបង្កើតជាសមាគមទូកថ្មី ហើយដណ្ដើមលក់សំបុត្រឲ្យភ្ញៀវដែលទៅទស្សនាបឹងទន្លេសាប។ ក្រុមមនុស្សដែលមកបង្កើតសមាគមទូកថ្មីនេះ ក្រៅតែពីដណ្ដើមយកចំណូលពីការលក់សំបុត្រឲ្យភ្ញៀវទេសចរ ក៏បង្កើតឲ្យមានការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋពីរក្រុម នៅឃុំកំពង់ភ្លុក និងឃុំមានជ័យ ជាប់គ្នានោះដែរ។ លោក សួន ច័ន្ទសេរី ចោទប្រកាន់ថា បញ្ហាទាំងនេះ គឺបង្កឡើងដោយមនុស្សរបស់ក្រុមហ៊ុន ស៊ូជីង ដែលជាក្រុមហ៊ុនមួយរកស៊ីលក់សំបុត្រឲ្យភ្ញៀវទេសចរ ជិះកាណូតកម្សាន្តក្នុងបឹងទន្លេសាប នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ដែរ៖ «ក្រុមមនុស្សរបស់ ស៊ូជីង ដើរតែបង្កបញ្ហាឲ្យប្រជាជន និងប្រជាជន នៅឃុំកំពង់ភ្លុក ហ្នឹងឈ្លោះគ្នាតែរហូត។ ធ្វើអ៊ីចឹងប្រហែលជាមានបំណងកុំឲ្យភ្ញៀវមកលេងនៅតំបន់កំពង់ភ្លុក»។
ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋពីរក្រុមនៅឃុំកំពង់ភ្លុក និងឃុំមានជ័យ បានកើតឡើងតាំងតែពីអំឡុងពាក់កណ្ដាលខែឧសភា កន្លងទៅ បន្ទាប់ពីរដ្ឋាភិបាលបានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ស៊ូជីង និងក្រុមហ៊ុនកូរ៉េ មួយទៀតឈ្មោះ ស៊ីផេក (SEAPAC) មិនឲ្យលក់សំបុត្រឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តបឹងទន្លេសាប នៃឃុំកំពង់ភ្លុក។ ចាប់តាំងពីពេលនោះមក គឺអាជ្ញាធរបានជួយរៀបចំឲ្យសហគមន៍នេសាទមួយ ចងក្រងសមាជិកអ្នកបើកកាណូត និងអ្នកអុំទូក ហើយទទួលខុសត្រូវលើការលក់សំបុត្រទៅឲ្យភ្ញៀវទេសចរ។ ក៏ប៉ុន្តែមិនបានប៉ុន្មាន ក្រុមប្រជាពលរដ្ឋខ្លះដែលរស់នៅឃុំកំពង់ភ្លុក និងឃុំមានជ័យ ដែរ ដឹកនាំដោយក្រុមមនុស្សមកពីតំបន់ផ្សេង បានចាប់ផ្ដើមជំទាស់នឹងគ្នាឯង ហើយក៏ព្យាយាមបង្កើតជាសមាគមទូកថ្មីមួយទៀតដណ្ដើមលក់សំបុត្រ។
តំណាងពលរដ្ឋដែលទាមទារបង្កើតសមាគមទូកថ្មី គឺលោក គឹម សុថានី មានប្រសាសន៍ថា លោកមានសមាគមទូកមួយរួចមកហើយនៅតំបន់ចុងឃ្នៀស ហើយលោកចង់ទៅបង្កើតសាខាសមាគមទូកនេះថ្មីទៀតនៅតំបន់កំពង់ភ្លុក។ លោក គឹម សុថានី អះអាងថា មូលហេតុដែលលោកទៅបង្កើតសមាគមទូកនៅតំបន់កំពង់ភ្លុក នោះ គឺចង់ឲ្យប្រជាពលរដ្ឋជាច្រើនដែលគ្មានលទ្ធភាពបានទទួលចំណូលពីទេសចរស្មើភាពគ្នាជាមួយនឹងមនុស្សក្រុមទៀត ដែលកំពុងតែដណ្ដើមឱកាសច្រើន។ លោក គឹម សុថានី ចោទប្រកាន់សហគមន៍នេសាទដែលកំពុងតែគ្រប់គ្រងការលក់សំបុត្រភ្ញៀវទេសចរ ដែលរៀបចំដោយអាជ្ញាធរនោះថា កំពុងតែនិយមបក្ខពួក និងមិនមានតម្លាភាពក្នុងការកេងកិបលើប្រជាពលរដ្ឋ៖ «ការអុំទូក គឺយកពីភ្ញៀវ ៥ដុល្លារ ប៉ុន្តែអ្នកម្ចាស់ទូក គឺគាត់បានតែ ៦.០០០រៀល ដកណេះដកណោះហើយ ៦ពាន់ គឺមិនបានដាក់វេនឲ្យត្រឹមត្រូវទេ គឺឲ្យតែបក្ខពួកដឹកភ្ញៀវ»។
លោក គឹម សុថានី បានច្រានចោលការចោទប្រកាន់ដែលថា ក្រុមហ៊ុន ស៊ូជីង គឺជាអ្នកនៅពីក្រោយខ្នងប្រជាពលរដ្ឋមួយក្រុម ដែលទាមទារបង្កើតសមាគមទូកថ្មីនោះ គឺជារឿងមិនពិត។
ទោះយ៉ាងណា មេឃុំកំពង់ភ្លុក លោក នឹង នី អះអាងថា ជិតមួយខែមកហើយ គឺប្រជាពលរដ្ឋពីរក្រុមដែលមួយក្រុមជាសមាជិកនៃសហគមន៍នេសាទ និងមួយក្រុមទៀតគាំទ្រដោយក្រុមហ៊ុន ស៊ូជីង តែងប្រឈមមុខដាក់គ្នាក្នុងរឿងដណ្ដើមគ្នាលក់សំបុត្រទូកទៅឲ្យភ្ញៀវទេសចរ ដែលទៅកម្សាន្តក្នុងបឹងទន្លេសាប។ លោកមេឃុំកំពង់ភ្លុក បានសម្ដែងការគាំទ្រទៅលើសហគមន៍នេសាទ ដែលមានសមាជិកជាអ្នកបើកកាណូត និងអុំទូកដឹកភ្ញៀវទេសចររហូតដល់ទៅជាង ៧០០គ្រួសារ ប៉ុន្តែលោកមិនគាំទ្រចំពោះអ្នកដែលចង់បង្កើតសមាគមទូកថ្មី ហើយមានសមាជិកតែជាង ២០០គ្រួសារ ថែមទាំងមានក្រុមហ៊ុននៅពីក្រោយនោះឡើយ៖ «ប្រជាពលរដ្ឋសង្ឃឹមទៅលើថ្នាក់ដឹកនាំដែលមានអាជ្ញាធរខេត្ត ស្រុក និងរដ្ឋាភិបាលដែលបានរៀបចំឲ្យប្រជាពលរដ្ឋមានរបររកស៊ីដោយមានច្បាប់ មិនមែនក្រុមម្ខាងដែលមានក្រុមហ៊ុន ស៊ូជីង នៅពីក្រោយខ្នងនោះទេ»។
ទាំងអាជ្ញាធរខេត្តសៀមរាប និងស្រុកប្រាសាទបាគង សុទ្ធតែបង្ហាញឆន្ទៈមោះមុតថា នឹងប្រឹងប្រែងដោះស្រាយដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋពីរក្រុម ដែលកំពុងតែដណ្ដើមគ្នាលក់សំបុត្រទៅឲ្យភ្ញៀវទេសចរកម្សាន្តនៅក្នុងបឹងទន្លេសាប នៃឃុំកំពង់ភ្លុក នេះ។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង មានប្រសាសន៍យ៉ាងខ្លីថា លោកនឹងចាត់ឲ្យមន្ត្រីចុះទៅរៀបចំការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កំពង់ភ្លុក នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខ។
ចំណែកអភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត ឲ្យដឹងថា ការរៀបចំបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កំពង់ភ្លុក ដើម្បីបញ្ចប់ទំនាស់នោះ នឹងបើកឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅឃុំកំពង់ភ្លុក និងឃុំមានជ័យ អាចចូលមកឈរឈ្មោះបាន ប៉ុន្តែការឈរឈ្មោះបោះឆ្នោតនោះ គឺមានលក្ខខណ្ឌមួយចំនួន៖ «អ្នកជាសមាជិកសមាគម លុះត្រាយើងមានកាណូត ហើយបើគាត់ជាប្រជាពលរដ្ឋដែរ តែគាត់អត់មានកាណូតមានអីផង យើងអត់ទុកលទ្ធភាពជូនគាត់ទេ»។
អភិបាលស្រុកប្រាសាទបាគង ព្រមានថា ប្រសិនបើការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កំពង់ភ្លុក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខ ហើយមានក្រុមមនុស្សមកពីតំបន់ផ្សេងនៅតែលើកគ្នាមកអុកឡុកទៀត គឺអាជ្ញាធរនឹងចាត់វិធានការទប់ស្កាត់សកម្មភាពទាំងនោះតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។