យុវជន​ខ្មែរ​ពីរ​នាក់​នឹង​ទៅ​ចូលរួម​សន្និសីទ​កំពូល​ពិភពលោក

យុវជន​ខ្មែរ ២​នាក់ គ្រោង​នឹង​ទៅ​ចូលរួម​ក្នុង​សន្និសីទ​កំពូល​ពិភពលោក នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ថ្ងៃ​ទី២៣ ខែ​ឧសភា ខាង​មុខ។

សន្និសីទ​កំពូល​នេះ​មាន​ឈ្មោះ​ថា វេទិកា​ពិភពលោក​ស្ដីពី​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ធម្មជាតិ (Global Platform for Disaster Risk Reduction) ដែល​រៀបចំ​ធ្វើ​ឡើង​រៀង​រាល់ ២​ឆ្នាំ​ម្តង។ គេ​រំពឹង​ថា អ្នក​ដែល​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នេះ​មាន​ប្រមាណ​ជា ៤.០០០​នាក់ ដែល​មក​ពី​ប្រទេស​ចំនួន​១០០ ខ្លះ​ជា​និស្សិត សិស្ស ជា​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​វិទ្យាសាស្ត្រ និង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ។

យុវជន ហេង មៀង អាយុ ១៧​ឆ្នាំ និង​យុវតី សូ ភឿន អាយុ ១៨​ឆ្នាំ បាន​សម្ដែង​ក្តី​រីករាយ​ជា​ខ្លាំង​ដែល​មាន​ឱកាស​បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ខ្លួន និង​មតិ​យោបល់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិធី​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ ដូចជា​ទឹក​ជំនន់​ជាដើម។ បន្ថែម​ពី​នេះ ពួក​គេ​នឹង​ផ្លាស់​ប្ដូរ​យោបល់​ស្ដីពី​គម្រោង​វិធី​ស្ដារ​ឡើង​វិញ​នៅ​ក្នុង​សហគមន៍ ក្រោយ​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ។

យុវជន ហេង មៀង ពី​ខេត្ត​កំពង់ចាម បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​យុវជន​ដទៃ​ទៀត ដើម្បី​ស្វែង​រក​ដំណោះស្រាយ និង​អប់រំ​ណែនាំ ក្រោយ​ពី​មាន​គ្រោះ​មហន្តរាយ​ក្នុង​សហគមន៍​របស់​គេ ជា​ពិសេស គឺ​ជួយ​ណែនាំ​ដល់​កុមារ​តូចៗ​ដែល​បាន​ស្លាប់​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំណែក​យុវតី សូ ភឿន វិញ ដែល​មក​ពី​ខេត្ត​សៀមរាប ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សហគមន៍​របស់​គេ​ផង​ដែរ ដើម្បី​ជំរុញ​ឲ្យ​បង្កើត​ជា​សាលា​សម្រាប់​បង្រៀន​ដល់​សិស្ស​ដែល​ទទួល​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។