កម្មការិនី​មាន​ផ្ទៃ​ពោះ​កាន់​ប័ណ្ណ​ប.ស.ស​ធ្វើ​ការ​នៅ​រោងចក្រ​ដែល​កំពុង​ផ្ទុះ​កូវីដ​រង​ការរើសអើង

ដោយ ខែ សុណង
2021.04.18
កម្មការិនី​មាន​ផ្ទៃ​ពោះ​កាន់​ប័ណ្ណ​ប.ស.ស​ធ្វើ​ការ​នៅ​រោងចក្រ​ដែល​កំពុង​ផ្ទុះ​កូវីដ​រង​ការរើសអើង កម្មកររោងចក្រ​​នា​រាជធានី​ភ្នំពេញ
Photo Courtesy

កម្មការិនី មាន​ផ្ទៃពោះ​ពីរ​នាក់​នៅ​រោងចក្រ ឌីន ហាន អះអាង​ថា ពួកគាត់ រង​ការ​រើសអើង​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន នៅ​ពេល​កាន់​ប័ណ្ណ​ប..ស ទៅ​ពិនិត្យ​សុខភាព ក្នុងអំឡុងពេល​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ មន្ត្រី​សហជីព ទទូច​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុក​បន្ថែម​ទៀត​ជុំវិញ​ទុក្ខ​លំបាក​របស់​កម្មករ​រោងចក្រ ដោយ​ត្រូវ​បង្កើន​ទំនុកចិត្ត​លើ​សេវា​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ការ​ផ្សព្វផ្សាយ​លុបបំបាត់​ផ្នត់គំនិត​ស្អប់ខ្ពើម រើសអើង​ឱ្យ​បាន​ទូលំទូលាយ។

កម្មករ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កាត់ដេរ​ត្អូញត្អែរ​ថា ពួកគាត់​នៅតែ​ទទួល​បាន​ការរើសអើង​ពី​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​មួយចំនួន ដែល​ក្រសួង​ការងារ បាន​ចុះហត្ថលេខា​ជាមួយ​ដើម្បី​ពិនិត្យ​សុខភាព កម្មករ កម្មការិនី រោងចក្រ ដោយ​មិន​គិតថ្លៃ។ ពួកគាត់ យល់​ថា អំពើ​ស្អប់ខ្ពើម និង​រើសអើង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​រារាំង​ការ​ទទួល​បាន​សេវា​ព្យាបាល និង​ថែទាំ​សុខភាព​ត្រឹមត្រូវ។

កម្មការិនី​មាន​ផ្ទៃពោះ​នៅ​រោងចក្រ​កាត់ដេរ ឌីន ហាន (DIN HAN) លោកស្រី ហ៊ាង សាំងម៉េង ឱ្យ​ដឹង​ថា មុន​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩ នៅក្នុង​រោងចក្រ លោកស្រី​បាន​ដាក់​ពាក្យសុំ​សម្រាក​ពី​រោងចក្រ​មួយ​រយៈ​ដើម្បី​ទៅ​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​ដៃគូ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មុន​ថ្ងៃ​សម្រាលកូន​មក​ដល់។ លោកស្រី​បន្ត​ទៀត​ថា នៅពេល​ទៅ​ដល់ ខាង​គ្រូពេទ្យ​មិន​ព្រម​ទទួល​ពិនិត្យ​សុខភាព​ឱ្យ​លោកស្រី​នោះ​ទេ ពេល​ដឹង​ថា ឈ្មោះ​និង​ទីកន្លែង​ធ្វើការ ដោយ​មន្ទីរពេទ្យ​ទាំងនោះ​អះអាង​ថា​រោងចក្រ​លោកស្រី​ដែល​ធ្វើការ​កំពុង​ឆ្លង​ជំងឺ​កូវីដ១៩។

ស្ត្រី​វ័យ​២៧​ឆ្នាំ​រូប​នេះ បានសម្រេច​ចិត្ត​ទៅ​ពិនិត្យ​សុខភាព​ម្តង​ទៀត កាលពី​ថ្ងៃទី​១៤ មេសា ម្តង​ទៀត ដើម្បី​ចង់​ដឹង​អំពី​ការ​វិវត្ត​កូន​ក្នុង​ផ្ទៃ នៅ​មន្ទីរពេទ្យ ចន្ទ្រាវុឌ្ឍ និង​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ពេទ្យ​សម្ភព​ក្រុង ប៉ុន្តែ មន្ទីរពេទ្យ​ទាំងពីរ បដិសេធ​ដូចគ្នា រហូត​ដល់​លោកស្រី​បែក​ទឹកភ្លោះ ហើយ​គ្រូពេទ្យ​នៅ​តែ​មិន​អើពើ​ដដែល។ ទីបំផុត លោកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជប៉ុន ដែល​នៅ​ទីនោះ លោកស្រី​សម្រាល​បានកូន​ស្រី​មួយ​ដោយ​សុវត្ថិភាព។

ស្ត្រី​មាន​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ ស្នើ​ឱ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​ក្រសួង​សុខាភិបាល​ពិនិត្យមើល​ឡើងវិញ​ជុំវិញ​បញ្ហា​រើសអើង និង​ស្អប់ខ្ពើម កម្មករ​រោងចក្រ និង ប្រជា​ពលរដ្ឋ​ក្រីក្រ ដែល​ត្រូវការ​សេវា​សុខាភិបាល​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ «»

ស្រដៀង​គ្នា​នេះ​ដែរ កម្មការិនី​មាន​ផ្ទៃពោះ​នៅ​រោងចក្រ​កាត់ដេរ ឌីន ហាន (DIN HAN) ម្នាក់​ទៀត​គឺ លោកស្រី គង់ សុភ័ក្រ ប្រាប​អាស៊ីសេរី​ថា លោកស្រី​និង​គ្រួសារ​បាន​សម្រេច​ចិត្ត​ប្រមូល​ប្រាក់​ដើម្បី​សម្រាល​កូន​ដំបូង​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​ប្រើប្រាស់​ប័ណ្ណ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​នោះ​ទេ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ម្តាយ និង​កូន​អំឡុង​ពេល​សម្រាល​។ លោកស្រី​យល់​ថា ប្រសិនបើ​លោកស្រី​ប្រើប្រាស់​ប័ណ្ណ​ប..ស នោះ លោកស្រី ព្រួយបារម្ភ​អំពី​គុណភាព​នៃ​សេវា​ព្យាបាល និង​ថែទាំ​មិន​បាន​ដិតដល់ ជាពិសេស​នៅ​មន្ទីរពេទ្យ​រដ្ឋ។ «»

រោងចក្រ​កាត់ដេរ ឌីន ហាន (DIN HAN) ស្ថិតនៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​កម្មករ​ជិត ៣​ពាន់​នាក់​។ រោងចក្រ​កាត់ដេរ​នេះ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ជាង​៤​រយ​នាក់ កាល​ពី​ថ្ងៃទី​១១ មេសា បន្ទាប់​ពី​ធ្វើ​តេស្ត​សំណាក​លើក​ទី១។ កម្មករ​មួយ​ចំនួន​ដែល​កើត​ជំងឺ​កូវីដ-១៩ កំពុង​សម្រាក​ព្យាបាល​នៅ​កន្លែង​ស្នាក់នៅ​របស់​ខ្លួន មួយ​ចំនួន​ទៀត​គ្រូពេទ្យ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ចំណែក​កម្មករ​ដែល​អវិជ្ជមាន​កូវីដ គ្រូពេទ្យ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ និង​បន្ទប់​ជួល​រៀងៗ​ខ្លួន។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​សាកសួរ​រឿង​មន្ទីរពេទ្យ​រើសអើង​កម្មករ​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៧ មេសា។

ចំណែក​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ វិញ អ្នកស្រី មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​ដៃគូ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មិនសូវ​យកចិត្តទុកដាក់​ចំពោះ​កម្មករ និង​ប្រជា​ពលរដ្ឋ ដែល​ប្រើប្រាស់​ប័ណ្ណ​ប..ស​នេះ​ទេ បើ​ប្រៀបធៀប​នឹង​អ្នកប្រើប្រាស់​សេវា​បង់ប្រាក់​ដោយ​ផ្ទាល់។

អ្នកស្រី​បន្ត​ថា ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​រោងចក្រ ឌីន ហាន នេះ បង្កើត​ឱ្យ​មាន​ការ​ស្អប់ខ្ពើម និង​រើសអើង ខ្លាច​គ្នា​ទៅវិញទៅមក គួបផ្សំ​នឹង​កម្មករ​ប្រើប្រាស់​ប័ណ្ណ​ប..ស ផង​នោះ កាន់តែ​ធ្វើ​ឱ្យ​ពួកគាត់​រង​ការរើសអើង​ថែមទៀត​។ អ្នកស្រី យល់​ថា គ្រូពេទ្យ​គួរ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​មិន​ត្រូវ​រើសអើង ឬ​ផាត់​ចោល កម្មករ កម្មការិនី ទាំង​នោះ​ទេ ព្រោះ​ពួកគាត់​កំពុង​ត្រូវ​ការ​សេវា​សុខាភិបាល​ចាំបាច់ ក្នុង​អំឡុង​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

អ្នកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការ​ផ្សព្វផ្សាយ​លុបបំបាត់​ផ្នត់គំនិត​ស្អប់ខ្ពើម រើសអើង ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​អំពី​សិទ្ធិមនុស្ស វិធានការ​សុខាភិបាល និង​សេចក្តី​ណែនាំ​បន្ថែម​ទៀត។ «»

កាល​ពី​ពេល​ថ្មីៗ​នេះ ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) ព្រួយបារម្ភ​ការប្រើ​ពាក្យ​សម្តី​ស្អប់ខ្ពើម ទៅលើ​អ្នកជំងឺ​កូវីដ​-១៩ ធ្វើ​ឱ្យ​ជន​ដែល​ជា​គោលដៅ​នៃ​ការ​ស្អប់ខ្ពើម​ទាំងនោះ ងាយ​រងគ្រោះ​ដោយ​អំពើ​ហិង្សា ការ​ផាត់​ចេញ ការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក​ពី​គេ និង​ទទួល​រង​ការ​មាក់ងាយ​ពី​សង្គម ជាដើម​។ ពាក្យ​សម្តី​ស្អប់ខ្ពើម​ក៏​អាច​រារាំង​អ្នក​ទាំងនោះ​ពី​ការ​ទទួល​បាន​សេវា​វេជ្ជសាស្ត្រ ដែល​ជា​កត្តា​បណ្ដាល​ឱ្យ​បង្កើន​ហានិភ័យ​ដល់​មនុស្ស​គ្រប់រូប។

លើស​ពី​នេះ​ទៅ​ទៀត ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) ជំរុញ​ពលរដ្ឋ​ទាំងអស់​ថ្កោលទោស​ចំពោះ​បុគ្គល​ណា​ដែល​ប្រើប្រាស់​ពាក្យ​សម្តី​ស្អប់ខ្ពើម និង​រើសអើង និង​ជំរុញ​ឱ្យ​ជួយ​ផ្សព្វផ្សាយ​សារ​នៃ​អំពើ​ល្អ ការ​រាប់អាន​គ្នា និង​សាមគ្គីភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។