អូស្ត្រាលី​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP​) ផ្តល់​ Tablets ដល់​កម្ពុជា​

ដោយ ម៉ៅ សុធានី
2020.07.16
UNDP ពិធីប្រគល់ និងទទួល​ ថាប់ប្លេត រវាងក្រសួងផែនការ រដ្ឋាភិបាល និង​អង្គការ​ UNDP ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
រូប៖ សេចក្ដីប្រកាស​ព័ត៌មាន អង្គការ​ UNDP

រដ្ឋាភិបាល​អូស្ត្រាលី និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ផ្តល់​កុំព្យូទ័រ​ថាប់ប្លេត​ចំនួន ១ពាន់ ៧រយ​គ្រឿង (១.៧០០) និង​កញ្ចប់​កម្មវិធី (Software) ដល់​ក្រសួងផែនការ ក្នុង​គោលដៅ​ជួយ​ពង្រីក​វិសាលភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម ក្នុង​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ១៩ (Covid-19)។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​អូស្ត្រាលី​និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) កាល​ពី​ថ្ងៃ​ទី១៥ ខែកក្កដា ឲ្យដឹង​ថា កុំព្យូទ័រ​ថាប់ប្លេត​ទាំង​នេះ នឹង​ជួយ​សម្រួល​ឱ្យ​មន្ទីរ​ផែនការ​រាជធានី​ខេត្ត និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាច​ចុះឈ្មោះ​គ្រួសារ​ដែល​ត្រូវ​មក​ទទួល​ប័ណ្ណ​សមធម៌​ថ្មី កាន់តែ​លឿន ដើម្បី​ឱ្យ​ពួក​គេ​អាច​ទទួល​បានការ​ឧបត្ថម្ភ​សាច់ប្រាក់​ឱ្យ​បាន​ឆាប់ៗ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា សេវា​គាំពារ​សង្គម គឺ​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ចំណោម​គោលដៅ​ទាំង​បួន​នៃ​ផែនការ​ឆ្លើយតប ចំពោះ​វិបត្តិ​កូវីដ-១៩ ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ឱកាស​តិចតួច​ជាង​គេ អាច​ទទួល​បាន​ស្បៀង​អាហារ បង់ថ្លៃ​ជួល​កន្លែង​ស្នាក់នៅ និង​ជួយ​ឱ្យ​ពួក​គេ​អាច​ស្វែងរក​មុខរបរ​ចិញ្ចឹមជីវិត​ដែល​ជួយ​ឱ្យ​ជីវភាព​របស់​ពួក​គេ​មាន​ភាព​នឹងន។

លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ ថ្លែង​ក្នុង​ពិធី​ទទួល​កុំព្យូទ័រ​ថាប់ប្លេត​ថា «កម្ពុជា ក៏​ដូចជា​សកលលោក​ទាំងមូល​ដែរ គឺ​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ-១៩ ជាពិសេស​ចំពោះ​គ្រួសារ​ក្រីក្រ។ លោក​បន្ត​ថា នៅ​មាន​គ្រួសារ​ក្រីក្រ​ខ្លះ អវត្តមាន​ពី​ការ​ចុះឈ្មោះ​ទទួល​ប័ណ្ណ​សមធម៌ ហើយ​គ្រួសារ​ខ្លះ​ទៀត​ទើប​ធ្លាក់ខ្លួន​ក្រ​ដោយសារ​បាត់បង់​ចំណូល​បណ្ដាល​មក​ពី​វិបត្តិ​កូវីដ-១៩។

រដ្ឋាភិបាល​កំពុង​ចំណាយ​ថវិកា​ជាង ២៥លាន​ដុល្លារ​ក្នុង ១ខែ តាមរយៈ​កម្មវិធី​ផ្ដល់​ប្រាក់​សង្គ្រោះ ដើម្បី​ជួយ​ដល់​គ្រួសារ​មាន​ប័ណ្ណ​ក្រីក្រ ចំនួន​ជាង ២លាន ៣សែន​នាក់ ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ-១៩ នេះ ហើយ​នៅ​ទន្ទឹម​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ជាច្រើន​ទៀត ដែល​នៅ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​នៅ​ឡើយ ដោយ​ចោទ​ប្រកាន់​អាជ្ញាធរ ថា​រើសអើង​និង​បក្ខ​ពួក​និយម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។