តំណាងសហជីពចំនួន ៩ស្ថាប័នដែលតំណាងឱ្យកម្មកររោងចក្រកាត់ដេរមួយចំនួនដែលពុំទាន់ទទួលសំណង ពេលដែលរោងចក្របានព្យួរ ឬបញ្ឈប់ពីការងារ អំឡុងវិបត្តិកូវីដ-១៩ ស្នើទៅក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ អាឌីដាស (Adidas) អន្តរាគមន៍ទៅលើរោងចក្រដែលមិនផ្ដល់សំណងដល់កម្មករ។
ក្រុមតំណាងសម្ព័ន្ធសហជីពជាង ៣០នាក់ ចូលរួមធ្វើយុទ្ធនាការសកលនៅមុខហាងសំលៀកបំពាក់ម៉ាក់អាឌីដាស ( Adidas )នៅជិតវិមានឯករាជ្យនាព្រឹកថ្ងៃទី១១ ខែឧសភា ក្នុងគោលបំណងទាមទារឲ្យក្រុមហ៊ុនបញ្ជាទិញអាឌីដាស ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអាល្លឺម៉ង់ (Germany) ដាក់សម្ពាធទៅរោងចក្រផលិត និងផ្គត់ផ្គង់សំលៀកបំពាក់ ត្រូវទទួលខុសត្រូវចំពោះការមិនទូទាត់សំណង់ដល់កម្មករក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។
ក្រុមសហជីពក៏ស្នើក្រុមហ៊ុន Adidas បង្កើតមូលនិធិសម្រាប់ការពារកម្មករ នៅពេលមានករណីរោងចក្របិទទ្វារ ឬមានវិបត្តិសកលកើតឡើង ព្រោះអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ មិនត្រឹមតែកម្មករបាត់បង់ការងារ ពួកគេក៏មិនទទួលប្រាក់ទូរទាត់ជំងឺចិត្ត និងឧបត្ថម្ភផ្សេងទៀតដែលធ្វើឱ្យជីវភាពកាន់តែលំបាក។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានលើកឡើងថា ក្រុមហ៊ុន Adidas គឺជាផ្នែកមួយមួយនៃការទទួលខុសត្រូវចំពោះកម្មករខ្មែរដែលត្រូវបានរោងចក្រដែលផលិត និងផ្គត់ផ្គង់សំលៀកបំពាក់នៅក្នុងប្រទេសកម្ពុជា បានរំលោភលើសិទ្ធកម្មករតាមរយៈមិនផ្ដល់សំណងលើការបញ្ឈប់ ការព្យួរ និងមិនទូទាត់លើប្រាក់អតីតភាពការងារក្នុងអំឡុងពេលជំងឺកូវីដ-១៩ បានធ្វើឱ្យពួកគេជួបលំបាក ហើយមកទល់ពេលនេះមិនទាន់មានសំណងនៅឡើយទេ។
លោក ប៉ាវ ស៊ីណា៖«អ៊ីចឹងអ្វីដែលឈរមុខហាងនេះ គឺចង់ឱ្យក្រុមហ៊ុនAdidasធ្វើម៉េចទទួលខុសត្រូវប្រាក់ចំណូលកម្មករដែលត្រូវបានខាតបង់កន្លងមក ហើយឱ្យគាត់ងាកមករកតុចរចា ដើម្បីធានាថា កម្មករផលិតឱ្យគាត់ ដែលដេរឱ្យគាត់ទទួលបានលក្ខខណ្ឌការងារល្អ ការទទួលខុសត្រូវតាមបែបជំនួយសង្គម ឬកាតព្វកិច្ចសង្គមនេះ គឺជាអ្វីដែលយើងចង់បាន»។
ជាមួយគ្នានេះ មន្ត្រីហិរញ្ញិកនៅសហព័ន្ធសហជីពឯករាជ្យ កញ្ញា សោម ពិសី លើកឡើងនៅអំឡុងពេលវិបត្តិកូវីដ-១៩ កម្មករក្នុងរោងចក្រនានាក្នុងប្រទេសកម្ពុជាដែលផលិត និងផ្គត់ផ្គង់សំលៀកបំពាក់ដល់ក្រុមហ៊ុនបញ្ជាទិញ Adidas បានបាត់បង់ការងារធ្វើ ហើយរោងចក្រទាំងនោះ មិនបានផ្ដល់សំណងដល់កម្មករនោះទេ ទោះបីជាកម្មករបានធ្វើកូដកម្ម និងស្នើសុំជាច្រើនដងតែពុំទទួលបាននៅឡើយទេ។
ជាក់ស្ដែងរោងចក្រហ៊ូលូ (HULU Investment Cambodia) នៅខណ្ឌពោធិ៍សែនជ័យ កាលពីអំឡុងខែមេសា ឆ្នាំ២០២០ បានបញ្ឈប់ និងព្យួរកម្មករ ប្រហែលជិត ៤០០នាក់ ហើយមកទល់ពេលនេះកម្មករទាំងនេះ និងកម្មករនៅរោងចក្រផ្សេងទៀតនៅមិនទទួលបានសំណងដដែល។
កញ្ញា សោម ពិសី៖ «វាមិនមែនតិចពេលទេ ខ្លះកម្មករគាត់ឈប់រយៈពេល៣-៤ ឆ្នាំហើយមិនទាន់ទូទាត់ជូនពួកគាត់ទៀត ហើយអ្នកខ្លះទៀតគាត់ធ្វើការ១០-២០ឆ្នាំ មកហើយសួរថា អតីតភាពរបស់គាត់គឺច្រើនប្រាក់របស់គាត់ក៏ច្រើនគួរសម គាត់ចំណាយពេលក្នុងការធ្វើការបង្កើតប្រេនមួយហ្នឹង ប៉ុន្តែហាក់បីដូចជាកម្លាំងញើសឈាមដែលគាត់ទទួលបានចុងក្រោយហ្នឹងក៏អត់មានដែរ»។
ទន្ទឹមគ្នានេះ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C-CAWDU) លោក គង់ អាទិត្យ លើកឡើងថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ គឺឧទាហរណ៍មួយដែលកម្មករបានស្នើដល់ក្រុមហ៊ុនមួយនេះ ត្រូវតែមានកញ្ចប់ថវិកាសម្រាប់ផ្ដល់ជូនកម្មករនៅពេលដែលមានបញ្ហាដូចជាការជំងឺកូវីដ-១៩ ផ្ទះឡើង។
លោក គង់ អាទិត្យ៖ «Adidasគាត់ត្រូវកាត់លុយចំណេញគាត់ក្នុងផលិតផលគាត់ដើម្បីបង់ចូលមូលនិធិ យើងអត់ចង់ឱ្យទៅជួលក្នុងក្រុមហ៊ុនធានារ៉ាប់រងឯកជននោះទេ ព្រោះអាហ្នឹងវាពិបាកសម្រាប់កម្មករ ហើយវាចំណាយច្រើនលើមូលនិធិឯកជនក្រុមហ៊ុនឯកជន»។
លោកបន្ថែមថា សកម្មភាពទាមទារនេះមិនមែនតែធ្វើនៅស្រុកខ្មែរនោះទេ គឺជាសកម្មភាពដែលកម្មករ និងបុគ្គលិកនៅទូទាំងពិភពលោក ហើយសកម្មភាពកូដកម្មនឹងបន្តទៀតប្រសិនបើភាគីខាងក្រុមហ៊ុនមិនយល់ព្រមតាមការស្នើសុំ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអ្នកតំណាងក្រុមហ៊ុន Adidas ប្រចាំនៅកម្ពុជា បានទេ នៅថ្ងៃ១១ ខែឧសភា។
រោងចក្រផលិតសំលៀកបំពាក់មួយចំនួននៅប្រទេសកម្ពុជាដែលនាំចេញផលិតផល និងផ្គត់ផ្គង់ទៅក្រុមហ៊ុនAdidas របស់ប្រទេសអាល្លឺម៉ង់បានរំលោភសិទ្ធិការងារដល់កម្មករដូចជាកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅរោងចក្រខេន ស្ព័ត(Can Sports Shoes Cambodia) ដែលជាប់ពាក់ព័ន្ធនឹង ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពយ៉ាងតិច ៥នាក់ដោយនគរបាលខេត្តកំពង់ឆ្នាំងដែលគ្មានការចោទប្រកាន់ជាក់លាក់ ហើយ ក្រោយមក អ្នកសហជីពទាំងនោះដែលត្រូវបានចងភ្ជាប់ទៅនឹងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ» ក៏ត្រូវបានដោះលែងវិញ។
កាលពីខែមិថុនា ឆ្នាំ២០២០ អង្គការចំនួន ៣ រួមមាន អង្គការលីកាដូ (Licadho) អង្គការសង់ត្រាល់ (Central) និងសម្ព័ន្ធសហជីពកម្ពុជា បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវសង្ខេបមួយស្ដីពីភាពជំពាក់បំណុលច្រើនលើសលប់ក្នុងវិស័យកាត់ដេរនៅកម្ពុជា។ របាយការណ៍ បង្ហាញថា កម្មករធ្វើការក្នុងវិស័យកាត់ដេរស្ទើរទាំងអស់ ធ្លាក់ខ្លួនជំពាក់បំណុលវ័ណ្ឌក និងគ្មានលទ្ធភាពសងបំណុលវិញ ប្រសិនបើការងាររបស់ពួកគេត្រូវបន្តព្យួរ ដោយសារវិបត្តិជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។