​ក្រុម​​​សហជីព​​​ស្នើ​​ឱ្យ​​រដ្ឋា​ភិបាល​និង​​​ស្ថាប័ន​​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ចំនួន​១៨​​ចំណុច​​ជូន​​កម្មករ​ក្នុង​ទិវា​ពលកម្មអន្តរជាតិ ១ ឧសភា

0:00 / 0:00

ក្រុម​សហ​ជីព អង្គការ ​សមាគម ​រួម​គ្នា​​ដាក់​ញត្តិ​​​ស្នើ​​ទៅ​​រដ្ឋា​​ភិបាល រដ្ឋសភា និង​ក្រសួង​ការ​ងារ ដោះ​ស្រាយ​បញ្ហា​ប្រឈម ក្តី​កង្វល់ ចំនួន​១៨ ចំណុច​របស់​កម្មករ​ក្នុង​ទិវា​ពលកម្ម​អន្តរ​ជាតិថ្ងៃទី១ ខែឧសភា ដើម្បី​ធានា​ការ​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព លក្ខ​ខណ្ឌ​ការ​ងារ និង​ផល​ប្រយោជន៍​របស់​កម្មករ​និយោជិត​ដែល​ធានា​ដោយច្បាប់​ជាតិ​និង​អន្តរ​ជាតិ។ សំណើ​​នេះ កើត​​មាន​​ក្រោយ​ពេល​​ពួកគេ​​រក​ឃើញ​ថា ស្ថាប័ន​ទាំង​នោះ​មិន​ទាន់​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ជូន​កម្មករ​ដែល​ធ្វើ​ឱ្យ​ពួក​គេទទួល​រង​ការ​រំលោភ​សិទ្ធិ​ការ​ងារ។ ស្រប​​ពេល​​​ទិវា​​ពលកម្ម​​អន្តរជាតិ​​នេះ ​អង្គ​ការ សមាគម​​មួយ​​ក្រុម​ទៀត​​​ក៏​បាន​រៀប​ចំប្រារព្ធ​ពីធី​ដូច​គ្នា​ដែរ ដោយ​ដាក់​សំណើចំនួន​៥ចំណុច​ទៅ​បក្ស​នយោ​បាយ ដើម្បី​រៀប​ចំ​គោល​នយោ​បាយ​ឆ្លើយ​តប​នឹងសំណើ​របស់​កម្មករ ក្រោយ​ពេល​ដឹក​នាំ​ប្រទេស។

ខួប​លើក​ទី១៣៦ នៃ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ឆ្នាំ​នេះ តំណាង​​សហជីព និង​​កម្មករ​ក្នុង​​វិស័យ​​នានា​ប្រមាណ​ជិត​១ពាន់នាក់ (១.០០០) បាន​​លើក​ឡើង​​ពី​​ក្តី​​កង្វល់ បញ្ហា​​ប្រឈម និង​​សំណូមពរ​​របស់​​ខ្លួន​ចំនួន​១៨​ចំណុច​​ទៅ​កាន់​​តំណង​រាស្រ្ត តំណាង​រដ្ឋា​ភិបាល និង​ក្រសួង​ការងារ​​ដែល​​ទៅ​​ទទួល​យក​​ញត្តិ​​របស់​​ពួក​គាត់​ដល់​​ទី​​តាំង​​ប្រារព្ធ​​ពិធី នៅ​​សួន​ច្បារ​​ខាង​មុខ​​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា ខាង​កើត​វត្ត​ភ្នំ។ សំណូម​ពរ​​សំខាន់ៗ​​របស់​​ក្រុម​​សហ​ជីព និង​​កម្មករ​​នោះ មាន​​ដូច​ជា ស្នើ​ឱ្យ​​រដ្ឋា​ភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ២៥០ ដុល្លារ​ក្នុង​មួយ​ខែ ព្រម​ទាំង​កំណត់​​ប្រាក់​​ឈ្នួល​​អប្បបរមា​​ដល់​​វិស័យ​​ដទៃ​​ទៀត រួម​មាន​​វិស័យ​​សំណង់ ដឹកជញ្ជូន ទេស​ចរណ៍ និង​​សេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ ស្នើ​រដ្ឋា​ភិបាល​បញ្ជូល​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ជាតិ​ដោយ​មាន​ប្រាក់​ឈ្នូល​ឡើង​វិញ ជា​ពិសេស​ទិវា​សិទ្ធិ​មនុស្សអន្តរ​ជាតិ​១០ធ្នូ និង​ទិវា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទី​ក្រុង​ប៉ារីស។

ញត្តិ​ដដែល​ក៏​បានស្នើ​​ឱ្យ​រដ្ឋា​ភិបាល​អន្តរាគមន៍​ដើម្បី​ដោះ​លែង​គ្រូប​ង្រៀន​ពី​ពន្ធនា​គារ និង​ផ្តល់ក្រប​ខណ្ឌ​ដល់​គ្រូប​ង្រៀន​​១១នាក់​ឡើង​វិញ រួមទាំង​​​ទម្លាក់​​ចោល​​បណ្ដឹង​​ប្រឆាំង​នឹង​​ថ្នាក់​ដឹក​នាំ​​សហជីព។ ទន្ទឹមនឹង​នេះ​ពួកគេ​​ស្នើ​​ឱ្យ​​រដ្ឋា​ភិបាល​​ចាត់​វិធាន​ការការ​ពារ​សុវត្ថិភាព សុខមាល​ភាព​កម្មករ​នៅ​កន្លែង​ការ​ងារ និង​ជួយ​​រក​យន្ត​ការការ​ពារ​​កម្មករ​​ចំណាក​ស្រុក ហើយ​ស្នើ​​ការ​​ជួយ​ផ្តល់​ដើម​ទុន បច្ចេក​ទេស បញ្ចុះ​តម្លៃប្រេង​ឥន្ធនៈ ជីកសិ​កម្ម និង​​រក​​ទី​ផ្សារ​​កសិកម្ម​​សម្រាប់​​កសិករ​​ជា​ដើម។ ជាពិសេស​​ទៅ​ទៀត ក្រុម​​សហជីព និង​​កម្មករ​​បាន​​ស្នើ​​ឱ្យ​​រដ្ឋា​ភិបាល​ផ្តល់​សច្ចប័នលើ​អនុញ្ញា​អន្តរ​ជាតិ​មួយ​ចំនួន​បន្ថែម​ទៀត និង​​ពិនិត្យ​​ឡើងវិញ​​ចំពោះ​​ការ​អនុវត្ត​​ច្បាប់​​ស្ដី​ពី​​សហជីព ដែល​​បាន​​ប៉ះ​ពាល់​​ដល់​​សិទ្ធិ​​របស់​​សហជីព​​ក្នុង​​ការ​​ការ​ពារ​ផល​ប្រយោជន៍​​របស់​​កម្មករ។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ប្រាប់​​​វិទ្យុ​​​អាស៊ី​​សេរី​​​​ថា គោល​បំណង​​នៃ​​ការ​រៀបចំ​ប្ររព្ធ​ពិធី​នេះ គឺ​ដើម្បី​អបអរ​សាទរ ផ្សព្វ​ផ្សាយ​ចំណេះដឹង​ពី​សិទ្ធិការងារ និង​សម្តែង​នូវ​ក្តី​កង្វល់ ​សំណូមពរ ទៅ​ថ្នាក់​ដឹក​នាំ​ប្រទេស​ដើម្បីដោះ​ស្រាយ​ជូន​កម្មករ។ លោក​បញ្ជាក់​​ថា​តំណាង​ស្ថាប័ន​រដ្ឋា​ភិបាល​​ដែល​​មក​ទទួល​​ញត្តិ​បាន​​សន្យា​​ថា នឹង​​យក​​សំណើ​​របស់​​ក្រុម​​សហជីព និង​​កម្មករ​​​ដាក់​ជូនថ្នាក់​ដឹក​នាំ​ដើម្បី​​ប្រជុំ​​ពិភាក្សា​​រក​​ដំណោះ​ស្រាយ។ មេដឹក​នាំ​សហជីព​រូប​នេះ​ថាស្ថាន​ការណ៍​ក្នុង​ឆ្នាំ​បោះ​ឆ្នោត​បែប​នេះ លោក​រំពឹង​រដ្ឋា​ភិ​បាល​នឹង​យក​សំណើ​ចំនួន ១៨ ចំណុច​របស់​សហជីព និង​កម្មករ​​ទៅ​​ដោះ​ស្រាយ​ទទួល​បាន​លទ្ធផលវិជ្ជមាន ខណៈ​សហជីព និង​កម្មករ​កំពុង​ទទួល​រង​ការ​គំរាម​កំហែង រំលោភ​បំពានសិទ្ធិ​ជា​បន្ត​បន្ទាប់៖ «អ្វី​ដែល​ក្រុង​សហជីព​បាន​ធ្វើ គឺ​ស្រប​ទៅ​នឹង​ស្ថាន​ភាព​ចាំ​បាច់ គិត​ថា​សំណើរ​បស់​យើង​នឹង​យក​ចិត្ត​ទុក​ដាក់ និង​គិត​គូរ​ជាង​មុន ប៉ុន្តែ​យើង​រង​ចាំមើល តើ​វា​មាន​ការ​វិវត្ត​ន៍​ប៉ុណ្ណា ជិត​បោះ​ឆ្នោត​យើង​យល់​ថា​ប្រហែល​រដ្ឋា​ភិបាលមាន​របៀប​កែ​ប្រែ និង​របៀប​​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន​បន្តិច​មើល​ទៅ»។

ដោយ​ឡែក​ក្នុង​​​ទិវា​​ពលកម្ម​អន្តរ​ជាតិ​​នេះ​ដែរ ខាង​​អង្គ​ការ សមាគម​​ដែល​​ការ​ពារ​សិទ្ធិ​​កម្មករ​​មួយ​​ក្រុម​​ទៀត រួម​មាន​​ដូច​ជា​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក(ADHOC) អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LIDADO) មជ្ឈ​មណ្ឌល​​សម្ព័ន្ធ​ភាព​​ការ​ងារ និង​សិទ្ធិមនុស្ស (CENTRAL) និង​​អង្គការ សមគម តំណាង​កម្មករ​​ប្រមាណ​ជិត១​ពាន់នាក់ បាន​រៀបចំ​វេទិកា​សាធារណៈ​ជជែក​ដេញ​ដោល​ស្តី​ពី​គោល​នយោ​បាយរបស់​បក្ស​នយោ​បាយ​សម្រាប់​វិស័យ​ការ​ងារ និង​ដាក់​ញត្តិ​ទៅ​តំណាង​គណ​បក្សនយោ​បាយ​ចំនួន​៤ ដែល​ចូល​រួម​ធ្វើ​ជា​វា​គ្មិន​​នៅ​​ទី​​តាំង​​ប្រារព្ធ​​ពិធី នៅ​ភោជ​នីយដ្ឋាន​ចំប៉ី ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ។ ពួកគេ​មើល​ឃើញ​ថា​ការ​បោះ​ឆ្នោតឃុំ សង្កាត់ និង​ជ្រើស​តាំង​តំណាង​រាស្រ្ត​កាន់​តែ​ខិត​ជិត​មក​ដល់ ដូច្នេះ​ការ​ចូល​រួមរបស់​បក្ស​នយោ​បាយ​ពេល​នេះ គឺ​មាន​សារៈ​សំខាន់​ក្នុង​ការ​យក​សំណើ​នោះ​​ធ្វើ​ជា​គោល​នយោ​បាយ ដើម្បី​ឆ្លើយ​តប​នឹង​គោល​បំណង​របស់​កម្មករ និង​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន។

អ្នក​​គ្រប់​​គ្រង​​កម្ម​វិធី​​​សិទ្ធិ​​ការងារ​នៃ​​មជ្ឈ​​មណ្ឌល​​សម្ព័ន្ធ​​ភាព​​ការ​ងារ និង​​សិទ្ធិ​មនុស្ស​​ហៅ​​កាត់​​អង្គការ​​សង់​ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍​​​ថា សង្គម​ស៊ី​វិល​បាន​ប្រគល់​​ញត្តិ​​ដែល​​ជា​​សំណូម​ពរ​​របស់​​ក្រុម​​កម្មករ និង​​អ្នក​​ធ្វើការ​​ក្នុង​​វិស័យ​​មួយ​​ចំនួន​ដាក់​ជូន​​​តំណាង​គណបក្ស​នយោ​បាយ ដើម្បី បញ្ចូល​ក្នុង​កម្ម​វិធី​នយោ​បាយ និង​ឆ្លើយ​តប ដោះ​ស្រាយ​ក្រោយ​ពេល​ឈ្នះ​ឆ្នោត។ លោក​​បញ្ជាក់​​ថា សំណើ​​របស់​​ក្រុម​​ពួក​​លោក​​មាន​​ចំនួន ៥ចំណុច ដែល​​ចំណុច​​សំខាន់ៗ​​រួម​មាន ស្នើ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គោល​នយោ​បាយ​ប្រាក់​ឈ្នួលគោល និង​គោរព​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​របស់​សហ​ជីព ស្នើ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ធ្វើវិសោធ​កម្ម​ច្បាប់​ដើម្បី​អញ្ញាត​ឱ្យ​ពលករ​ចំណាក​ស្រុក​មាន​សិទ្ធិ​បោះ​ឆ្នោត​ពី​ចម្ងាយ។ ក្រៅ​ពី​នេះ​លោក​ថា​ញត្តិ​នេះ​ស្នើ​ឱ្យ​រៀបចំ​គោល​នយោ​បាយ​ធានា​នូវ​តម្លៃ​ទីផ្សារ​របស់​កសិករ និង​គាំ​ពារ​សង្គម​សម្រាប់​កម្មករ ព្រម​ទាំង​​ស្នើ​​ឱ្យ​​គណ​បក្សនយោ​បាយ​​ពិចារណា​​ក្នុង​​ការ​​ធ្វើ​​វិសោធន​កម្ម​​ច្បាប់​​ស្ដី​ពី​​សហជីព​ក្នុង​ប្រព័ន្ធ​និងក្រៅ​ប្រព័ន្ធ និង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​កន្លែង​ការ​ការ។​

លោក​​រំពឹង​ថា ​គណបក្ស​យោ​បាយ​ទាំង​នោះ​នឹង​​​យក​ចិត្ត​ទុក​ដាក់​​ និង​ឆ្លើយតប​​ជា​​វិជ្ជមាន​​ចំពោះ​​សំណើ​​ទាំង​នោះ៖ «ពួក​យើង​បាន​ដាក់​សំណើ​រួម​នូវ​របៀប​វារៈទាំង៥ ជូន​គណ​បក្សនយោ​បាយ​ឱ្យ​ទទួល​យក​នូវ​ទស្សនៈ និង​របៀប​វារៈ​ខាង​សហជីព អង្គការ​សង្គមស៊ីវិល បាន​រក​ឃើញ​ដាក់​បញ្ចូល​នៅ​ក្នុង​កម្ម​វិធី​នយោ​បាយ​របស់​ខ្លូន បើ​សិន​ជាគណបក្ស​នយោ​បាយ​ទាំង​នោះ​ឈ្នះ​ឆ្នោត​ហើយ​តាំ​ងចិត្ត​ពិនិត្យ​មើល​របៀប​វារៈទាំង​នោះ ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប និង​ដោះ​ស្រាយ»។

ស្រប​​ពេល​​ដែល​​ក្រុម​​អង្គការ សមាគម សហជីព និង​​កម្មករ​​ប្រារព្ធ​​ទិវា​​ពល​កម្ម​អន្តរ​ជាតិ រដ្ឋា​ភិបាល​ឯណោះ​​វិញ ក៏​​ប្រារព្ធ​​ទិវា​​នេះ​ដែរ។ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក អ៊ិត សំហេង ថ្លែង​កាល​ពី​ថ្ងៃ​ទី៣០ ខែ​មេសាថា​ អនុលោម​តាម​ច្បាប់​ជាតិ និង​អន្តរ​ជាតិ​ស្តី​ពី​ការងារ​រដ្ឋា​ភិបាល​បាន​ផ្តល់​សិទ្ធិសេរី​ភាព​ពេញ​លេញ​ដល់​កម្មករ និង​យោកជក​អនុវត្ត​អង្គ​ការ​វិជ្ជា​ជីវៈ ​ដោយគ្មាន​ការ​បង្ខិត​បង្ខំ និងគ្មាន​ការ​រំលោភ​បំពាន ឬ​ចាប់​ខ្លួន ធ្វើ​ទុក្ខ​បុក​ម្នេញ​ចំពោះ​កម្មករ និង​ថ្នាក់​ដឹក​នាំ​សហជីព​ដែល​ធ្វើ​សកម្មភាព​ស្រប​ច្បាប់​របស់​ខ្លួន​ឡើយ។ លោកបន្ត​ថា​ដ្ឋា​ភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​កកម្ពស់​អង្គការ​វិជ្ជា​ជីវៈ និង​ផ្តល់​អត្ថប្រយោជន៍​នានា​ដល់​កម្មករ ដូច​ជា​ផ្តល់​កិច្ច​គាំពារ​សង្គម និង​ពង្រឹង​សុខភាពសង្គម និង​យក​ចិត្ត​ទុក​ដាក់​ពី​សុវត្ថិភាព សុខ​មាល​ភាព​ការ​ងារ​របស់​កម្មករ ស្របតាម​គោល​នយោ​បាយ​រដ្ឋា​ភិបាល​ និង​ច្បាប់ជាដើម។

លោក​ថា ​រដ្ឋា​ភិបាល​ក៏កំពុង​ជំរុញ​យន្ត​ការ​ច្បាប់​ការ​ពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ធ្វើ​ការ​នៅក្រៅ​ប្រទេស​ផង​ដែរ៖ «អនុ​សញ្ញា​ស្តី​ពី​ការងារ​៨៧ ច្បាប់​ស្តី​ពី​សហជីព​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​សេរី​ភាព​យ៉ាង​ពេញ​លេញ​ជូន​កម្មករ​និយោ​ជិត និយោ​ជក​ក្នុង​ការ​បង្កើត និង​អនុវត្ត​សេរីភាព​របស់​អង្គ​ការ​វិជ្ជាជីវៈ គ្មាន​ការ​បង្ខិត​បង្ខំ គំរាម​កំហែង ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ករណី​កម្មករ​និង​ថ្នាក់​ដឹក​នាំ​សហ​ជីពត្រូវ​បាន​រំលោភ​បំពាន ឬ​ចាប់​ខ្លួន ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​សារ​សកម្ម​ភាព​ក្នុង​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​អនុវត្ត​អង្គ​ការ​វិជ្ជាជីវៈ​ឡើយ»។

ទោះ​យ៉ា​ង​ណា ក្រុម​សហ​ជីព​ឯក​រាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សិទ្ធិ​របស់​អង្គ​ការ​វិជ្ជា​ជីវៈ និង​កម្ម​ករ​ទទួល​រង​ការរំលោភ​បំពាន​ រឹត​ត្បិត​ជា​ខ្លាំង ក្រោម​រូប​ភាព​រើស​អើង​សហ​ជីព​មូល​ដ្ឋាន ប្រាក់ឈ្នួល​ទាប ការ​ធ្វើ​ការ​ងារ​ច្រើន​ម៉ោង ការ​ទូទាត់​ប្រាក់​សំណង​មិន​ត្រឹម​ត្រូវ​តាមច្បាប់ និង​ការ​គំរាម​កំហែង​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ជា​ដើម។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​ទប់​ស្កាត់ និង​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​​ផលប្រយោជន៍​​របស់​​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។