សាច់ញាតិជនរងគ្រោះក្នុងហេតុការណ៍បាក់អគារនៅកែប នៅតែសោកសង្រេង
2020.01.14

សាច់ញាតិរបស់ជនរងគ្រោះដែលបានស្លាប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍បាក់រលំអគារកម្ពស់ ៧ជាន់ នៅខេត្តកែប នៅតែសោកសង្រេង និងទាមទារដល់រដ្ឋាភិបាល ឱ្យរកអ្នក ទទួលខុសត្រូវករណីនេះ។ ចំណែកមន្ត្រីសង្គមស៊ីវិលយល់ថា ករណីនេះ រដ្ឋាភិបាលមិនអាចបញ្ចប់ដោយត្រឹមតែផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ និងទម្លាក់កំហុសទៅលើមេការសំណង់ តែម្នាក់ ដែលស្លាប់ទៅហើយនោះទេ ពោលគឺ ម្ចាស់អគារ និងអាជ្ញាធរជំនាញពាក់ព័ន្ធ ត្រូវមានចំណែកទទួលខុសត្រូវធំបំផុត។
ក្រុមគ្រួសារសាច់ញាតិ នៅតែសោកស្ដាយ និងតក់ស្លុតដោយ មិននឹកស្មានដល់ថា ហេតុការណ៍បាក់រំលំអគារកម្ពស់៧ជាន់នៅខេត្តកែប បណ្ដាលឱ្យសមាជិកគ្រួសាររបស់ពួកគេស្លាប់យ៉ាងវេទនានោះទេ។ ការបាក់រលំអគារកាលពីរសៀលថ្ងៃទី៣ ខែមករា នោះ បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៣៦នាក់ ក្នុងនោះមានស្រី១៤នាក់ និងក្មេងតូចៗចំនួន៦នាក់ ហើយមានអ្នករងរបួសចំនួន ២៣នាក់។ អ្នកស្លាប់ និងអ្នករបួសភាគច្រើនជាកម្មករសំណង់ និងជាប្រពន្ធកូនរបស់កម្មករសំណង់ដែលធ្វើការ និងរស់នៅក្រោមអគារបាក់នោះ។
ប្អូនស្រីរបស់ជនរងគ្រោះនៅខេត្តព្រះសីហនុ លោកស្រី ហែម ចាន់ឌី រៀបរាប់ថា បងស្រីបង្កើតរបស់ខ្លួន ឈ្មោះ ហែម សុគុណ បានស្លាប់ជាមួយប្តីឈ្មោះ ហាស់ សុគុណ ព្រមទាំងកូនប្រុសពីរនាក់ ឈ្មោះ លី គឹមឆាយ អាយុ ៨ឆ្នាំ និងឈ្មោះ លី គឹមឈីង អាយុ ៤ឆ្នាំ ពោលគឺមួយគ្រួសារស្លាប់ទាំងអស់តែម្ដងនៅក្រោមគំនរអគារបាក់បែកនោះ។ លោកស្រី ហែម ចាន់ឌី និយាយទាំងក្ដុកក្ដួលថា លោកស្រីនៅតែនឹករលឹកដល់ពួកគេ ជាពិសេស ក្មួយប្រុសតូចៗ ទាំងពីរនាក់ ព្រោះទើបតែជួបគ្នាថ្មីៗ មុនពេលឧបទ្ទវហេតុកើតឡើង៖ «មកដល់ថ្ងៃនេះ ខ្ញុំនៅតែនឹកឃើញព្រោះអីក្មួយៗទើបតែបែក គ្នារយៈពេល៩ថ្ងៃទេ គាត់បានមកលែង។ ខ្ញុំគិតថា អត់សមទេ ខ្ញុំនៅតែអត់ចង់ជឿទេ ខ្ញុំនៅតែអត់ចង់ ទទួលយកអ្វីដែលកើតឡើងទេ។បើសិនជាអាចផ្លាស់ប្ដូរអាយុជីវិតបាន ខ្ញុំសុខចិត្តលះបង់ដើម្បីក្មួយ។ ខ្ញុំសោកស្ដាយបំផុត។ ក្មេងៗគ្នាអត់ទាន់ដឹងអីទេ មករងគ្រោះជាមួយឪពុកម្ដាយ។ នៅសល់តែមួយ ក៏ខ្ញុំអស់ចិត្តដែរ តែផ្ដាច់ជីវិតទៅទាំងអស់»។
ប្អូនស្រីរបស់ជនរងគ្រោះរូបនេះបន្តថា កន្លងមកបងថ្លៃរបស់លោកស្រី តែងតែចេញទៅធ្វើជាកម្មករ សំណង់ម្នាក់ឯង មិនដែលនាំប្រពន្ធ និងកូនទៅតាមនោះទេ ប៉ុន្តែដោយសារនឹករលឹកប្រពន្ធ និងកូន ពេក ក៏ទើបតែសម្រេចនាំទៅរស់នៅជាមួយ ហើយក៏ជួបរឿងអកុសលបែបនេះតែម្ដង៖ «ដំបូងកូនប្រុសរបស់បងខ្ញុំនៅរៀននៅព្រះសីហនុទេ តែគាត់ ក៏ទើបតែយកទៅរៀននៅនោះជាមួយទៅ ដោយសារនឹកពេក និងមិនសូវបានមកអើតមើលកូន។ កាលពីមុន ធ្វើការនៅកន្លែងផ្សេងៗមិនដែលយកតាមទេ។ នេះទើបតែលើកទីមួយទេ ដែលយក ទៅតាម។ ប្តីធ្វើសំណង់ ហើយប្រព័ន្ធលក់ដូរបន្តិចបន្តួចនៅ ក្នុងការដ្ឋានសំណង់នោះ»។
លោកស្រី ហែម ចាន់ឌី រៀបរាប់ទាំងទួញសោកទៀតថា ការស្លាប់សាច់ញាតិរបស់លោកស្រីអស់មួយគ្រួសារ គឺជារឿងឈឺចាប់ និងសោកស្ដាយបំផុត ហើយលោកស្រីកាន់តែឈឺចាប់ និងកាន់តែហួសចិត្តបន្ថែមទៀត នៅពេលរដ្ឋាភិបាលប្រកាសថា គ្មានអ្នកទទួលខុសត្រូវ ចំពោះហេតុការណ៍បាក់អគារ ដែលបណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នេះ៖ «មិនដឹងខាងអ្នកទទួលខុសត្រូវទេ តែបើសិនជាអាចខ្ញុំចង់ឱ្យសង ជីវិតពួកគាត់មកវិញ។ ខ្ញុំមិនចង់បានអីទាំងអស់ លុយមិនអាចទិញអាយុវជីវិតមនុស្សបានទេ។ ខ្ញុំគិត មិនយុត្តិធម៌ទេ។ ខ្ញុំគិតថា អាជ្ញាធរ ត្រូវមានចំណែកទទួលខុសត្រូវ ហើយព្រោះអីច្បាប់សាងសង់ឱ្យ ធ្វើ៥ជាន់តែនេះធ្វើលើសពីដល់ទៅ២ជាន់ទៀត។ អាជ្ញាធរអត់មានមើលទេអី។ បើធ្វើតែ៥ជាន់មិនដល់ថ្នាក់នេះទេ»។
ចំណែកគ្រួសារជនរងគ្រោះម្នាក់ទៀត នៅខេត្តរតនគិរី គឺលោកស្រី ស ហឿន រៀបរាប់ថា លោកស្រី បាត់បង់សមាជិកគ្រួសារចំនួន ៤នាក់ ក្នុងនោះមានកូនប្រុសបង្កើតឈ្មោះ មឿង សីលា អាយុ ១៩ឆ្នាំ និងកូនស្រីបង្កើតឈ្មោះ ចាន់ ពិពណ៌ អាយុ ២៦ឆ្នាំ ដែលបានស្លាប់ជាមួយប្ដី និងកូនប្រុសអាយុ ៨ខែម្នាក់ទៀត។ លោកស្រីថ្លែងថា រហូតមកដល់ពេលនេះ នៅតែមានការសោកស្ដាយចំពោះការបាត់បង់កូនៗ និងចៅដែលទើបតែអាយុ៨ខែ៖ «មីង ក្ដុកក្ដួលដែរ តែឥឡូវនេះវាទៅជាអ៊ីចឹងទៅហើយ។ បងប្អូន ថ្នាក់ដឹកនាំជួយខ្នះខ្នែងនិងលុយកាកឱ្យធ្វើបុណ្យនិងយកឡានដឹកសពមកដល់ផ្ទះ។ ម្ដាយនិងកូន ចេះតែមានចិត្តស្ដាយកូនស្រលាញ់កូនហើយ។គេជួយរុករកទាំងយប់ទាំងថ្ងៃដែរ តែធ្វើម៉េចបើវាមិន រស់ វាត្រូវតែស្លាប់អ៊ីចឹង។ កូនគេនៅមានរស់ច្រើន តែកូនខ្ញុំវាស្លាប់ដោយសារនៅជាន់ក្រោមគេ»។
មានវ័យ ៤៨ឆ្នាំ លោកស្រី ស ហឿន និយាយថា កូនប្រុសពៅរបស់លោកស្រី ទើបតែឈប់រៀន និងទើបតែទៅធ្វើសំណង់នៅខេត្តកែបជាមួយបងស្រី និងបងថ្លៃបានរយៈពេលពីរខែ។ ចំណែកកូនស្រី និងកូនប្រសា មិនដែលបានជួបមុខគ្នារយៈពេល ៣ឆ្នាំហើយ សូម្បីតែចៅប្រុសអាយុ ៨ខែ ក៏មិនដែលបានទៅជួបមុខដែរ ដោយសារតែលោកស្រីរវល់ធ្វើការផ្នែកអនាម័យតាមផ្ទះឱ្យគេ ក្នុងក្រុងភ្នំពេញ។ ម្ដាយជនរងគ្រោះរូបនេះ មិនដែលរំពឹងថា បានជួបមុខកូនជាលើកចុងក្រោយ ក្នុងសភាពបែបនេះទេ៖ «វាទៅបីឆ្នាំហើយមានប្តីនោះ ហើយមីងមិនដែលបានជួបកូននិង បានពរចៅទេ។ ពេលវាស្លាប់ ហើយមីងទៅនេះ ទើបតែបានឃើញចៅ។ វាតែនិយាយទូរស័ព្ទជាមួយ មីងថា ថ្ងៃចូលឆ្នាំចិន ទៅលេងរតនគិរីហើយ ទិញងាវទិញអីឱ្យប៉ាញាំ ស្រាប់តែល្ងាចឡើងលឺសូរថា បាក់អគារអ៊ីចឹងតែម្ដង។ បីឆ្នាំមុន មីងមិនដែលបានជួបកូនទេ»។
ម្ដាយរបស់ជនរងគ្រោះរូបនេះ មិនហ៊ានទាមទារយុត្តិធម៌ និងទាមទារឱ្យមានអ្នកទទួលខុសត្រូវ ចំពោះហេតុការណ៍បាក់អគារកម្ពស់ ៧ជាន់នេះទេ ដោយនិយាយថា ទុកឱ្យច្បាប់អ្នកសម្រេច៖ «ស្រេចតែលើច្បាប់គេចាត់ចែងទៅ។ រឿងទារសំណងឬមិនទារ សំណង ខ្ញុំអត់ដឹងទេ ព្រោះអីគេបានជួយដែរ រដ្ឋាភិបាល បានជួយអស់ពីកម្លាំងកាយចិត្ត»។
ក្រោយហេតុការណ៍បាក់រលំអគារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះទៅពិនិត្យដោយផ្ទាល់កន្លែងកើតហេតុ កាលពីយប់ថ្ងៃទី៣ ខែមករា។ លោក ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកា ដែលទទួលបានពីសប្បុរសជន គឺគ្រួសារអ្នកស្លាប់ក្នុងម្នាក់ ទទួលបាន ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព។ សម្រាប់អ្នកដែលរងរបួសទទួលបាន ១ម៉ឺនដុល្លារ ហើយអ្នកដែលត្រូវបានជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយ គឺម្នាក់ៗ ទទួលបាន ២ម៉ឺនដុល្លារ។
ថ្លែងក្នុងពេលបិទប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ លោក ហ៊ុន សែន បានថ្លែងថា ករណីបាក់អគារបែបនេះ មិនមែនកើតមានតែក្នុងស្រុកខ្មែរនោះទេ ហើយលោកបញ្ជាក់ទៀតថា ករណីបាក់អគារ នៅខេត្តកែបនេះ គ្មានថ្នាក់ដឹកនាំខេត្តណាម្នាក់ នឹងត្រូវដកចេញពីតំណែងឡើយ។ លោកចោទប្រកាន់ថា អ្នកពាក់ព័ន្ធសំខាន់ គឺមេការសំណង់ ប៉ុន្តែមេការរូបនោះបានស្លាប់ជាមួយកូនក្នុងគំនរអគារបាត់ទៅហើយ។ លោកថែមទាំងអួតអាងថា បញ្ហាបាក់រលំអគារនេះ ដោយសារតែកម្ពុជា មានការអភិវឌ្ឍ និងគ្មានសង្គ្រាម ក្រោមការដឹកនាំរបស់លោករយៈពេល ៤០ឆ្នាំនេះ៖ «អភិបាលខេត្តកែប មន្ត្រីនៅក្នុងរដ្ឋបាលខេត្ត មិនត្រូវបានដកចេញពីតំណែងទេ ខ្ញុំសូមបញ្ជាក់ ពិតមែនកើតក្នុងដែនដីរបស់ខ្លួនអស់លោកអាចយល់ទេ នៅប្រទេសនានាដែលបានកើតដូចជាសហរដ្ឋអាមេរិក នៅរដ្ឋមួយដួលអូតែលតែម្ដង អ៊ីចឹងទេអភិបាលរដ្ឋហ្នឹងគេលាលែងពីតំណែងទេ ត្រូវបានដកចេញពីតំណែងទេ ហើយបែរជារុញច្រានតែកម្ពុជា»។
ក្រៅពីមិនឱ្យមន្ត្រីរបស់ខ្លួនទទួលខុសត្រូវនោះ លោក ហ៊ុន សែន បែរជាព្រមានចាត់វិធានការចំពោះ អ្នករិះគន់ និងអ្នកទាមទារឱ្យដកដំណែងមន្ត្រីរបស់លោកផងដែរ។
បន្ទាប់ពីបាក់អគារនៅខេត្តកែបនេះ ក្រសួងរៀបចំដែនដី បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីធ្វើកោសល្យវិច័យ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីរដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មការ កោសល្យវិច័យអគារបាក់នេះ គឺលោក ទេព ធន និងប្រធានមន្ទីររៀបចំដែនដីខេត្តកែប លោក វ៉ៅ សុខា ដែលជាសមាជិកគណៈកម្មការនេះបានទេ ដោយលោកទាំងពីរថា ស្ដាប់មិនច្បាស់ ហើយដាច់ទូរស័ព្ទទៅវិញ។ អាស៊ីសេរី បានព្យាយាមទូរស័ព្ទជាច្រើនដងទៀត ប៉ុន្តែគ្មានអ្នកទទួល៖ «អាឡូៗ!! ខ្ញុំស្ដាប់អត់បានទេ ស្ដាប់អត់ច្បាស់ទេ»។
ទោះយ៉ាងណាក្តី លោក ទេព ធន បានថ្លែងប្រាប់វិទ្យុវីអូអេថា គណៈកម្មការកោលសល្យវិច័យ រកឃើញថា ករណីបាក់អគារនៅខេត្តកែប សម្លាប់មនុស្ស ៣៦នាក់ គឺដោយសារ «ការសាងសង់បេតុងសសរមិនធន់» តាមលក្ខណៈបច្ចេកទេស និង «សាងសង់លើសប្លង់ក្រឡាផ្ទៃ និងខុសប្លង់អនុញ្ញាត»។ លោកបន្តថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងាររបស់មន្ទីរដែនដីខេត្តកែប បានរកឃើញថា សំណង់នេះសាងសង់ខុសបច្ចេកទេសដែរ ប៉ុន្តែ មិនទាន់បានឃាត់ផង សំណង់នេះក៏បាក់រលំទៅហើយ គឺមានរយៈពេលជិត ១ខែ បន្ទាប់ពីការរកឃើញភាពមិនត្រឹមត្រូវ។ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីរូបនេះ ថ្លែងថា អ្នកដែលទទួលខុសត្រូវលើការបាក់អគារនេះ គឺម្ចាស់អគារ ប៉ុន្តែអាស្រ័យលើចំណាត់ការរបស់តុលាការ។
ក្រោយបាក់អគារនៅខេត្តកែប ម្ចាស់សំណង់ឈ្មោះ ឯក សារុន ជាប្តី និងភរិយាឈ្មោះ ឈីវ សុធី ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តកំពត។ ប៉ុន្តែនៅថ្ងៃទី៦ ខែមករា តុលាការសម្រេចមិនឃុំខ្លួនម្ចាស់អគារពីរនាក់ប្តីប្រពន្ធនោះទេ ដោយតម្រូវឱ្យអនុវត្តលក្ខខណ្ឌមួយចំនួន ក្នុងនោះមានការមិនចាកចេញទៅក្រៅប្រទេស និងបានដាក់ប្រាក់តម្កល់ប្រមាណ ៩ម៉ឺនដុល្លារអាមេរិក។
ប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងខេត្តកំពតលោក ម៉ាន់ បូរ៉េត ប្រាប់អាស៊ីសេរីថា រហូតមកដល់ពេលនេះ លោកមិនបានដឹងថា តុលាការ បានសាកសួរ ឬស៊ើបអង្កេតរកអ្នកទទួល ខុសត្រូវផ្សេងទៀតនោះទេ៖ «ខ្ញុំអត់ទាន់ដឹងថា មានពាក់ព័ន្ធអ្នកណាទៀតទេ។ ខ្ញុំបានដឹងតែរឿងបានឃុំ និងមិនឃុំតែប៉ុណ្ណឹង»។
ម្ចាស់សំណង់ ៧ជាន់ឈ្មោះ ឯក សារុន ត្រូវបានគេស្គាល់ថា គឺជាប្អូនប្រុសរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយរូប។ អាស៊ីសេរី មិនទាន់អាចរកប្រភពទាក់ទងលោក ឯក សារុន បាននៅឡើយទេ។
អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើ (BWTUC)លោក យ៉ាន់ ធី លើកឡើងថា ការផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នករងរបួស និងគ្រួសារអ្នកស្លាប់ គឺគ្រាន់តែជាការជួយដោះស្រាយ បន្ទុកមួយរយៈពេលប៉ុណ្ណោះ ប៉ុន្តែមិនអាចផ្ដល់យុត្តិធម៌សម្រាប់ពួកគេបានទេ។ លោកបន្តថា ករណី បាក់អគារកម្ពស់ ៧ជាន់ ដែលបណ្ដាលឱ្យអ្នកស្លាប់រហូតចំនួន ៣៦នាក់ និងអ្នករងបួស ២៣នាក់ មិនអាចបញ្ចប់ ទៅដោយគ្មានអ្នកទទួលខុសត្រូវឡើយ។ លោកជំរុញដល់រដ្ឋាភិបាលឱ្យដាក់ទោសទណ្ឌមន្ត្រីថ្នាក់ក្រោម ប្រសិនបើរកឃើញមានការអនុញ្ញាតឱ្យសាងសង់ដោយខុសច្បាប់ ឬមិនបានពិនិត្យអគារតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ៖ «នៅកម្ពុជាយើង អគារដែលបាក់នេះ មិនបាក់ដោយសារខ្យល់ ព្យុះ ឬរញ្ជួយដីនោះទេ តែបាក់នេះដោយសារបច្ចេកទេស ដូច្នេះសួរថា តើអ្នកណាធ្វើឱ្យខុសបច្ចេកទេស គឺមនុស្ស ដែលមានម្ចាស់អគារនិងមេការសំណង់ ហើយអ្នកណាអ្នកត្រួតពិនិត្យបច្ចេកទេស គឺ មន្ត្រីអាជ្ញាធររបស់រដ្ឋ ដែលគាត់ត្រូវចុះត្រួតពិនិត្យបច្ចេកទេស ហើយបើគាត់ដឹងថា អគារនោះធ្វើខុសបច្ចេកទេស ហេតុអីគាត់មិនបញ្ឈប់ ឬផ្អាកការដ្ឋាននោះបណ្ដោះអាសន្នសិនហើយធ្វើការស្រាវជ្រាវ បែរជាបណ្ដោយឱ្យសាងសង់រហូតដល់បាក់រំលំ។ នៅពេលឧបទ្ទវហេតុកើតឡើងហើយ ថា ជាបាតុភូតដែលមិនអាចដឹងមុនបានឯណា ដូច្នេះត្រូវមានអ្នកទទួលខុសត្រូវ»។
លោក យ៉ាន់ ធី ក៏សម្ដែងការសោកស្ដាយដែរ ដែលរដ្ឋាភិបាល ទម្លាក់កំហុសទៅលើមេការសំណង់តែម្នាក់ក្នុងករណីបាក់អគារនេះ។ លោកយល់ថា មេការធ្វើអ្វីៗ អាស្រ័យលើម្ចាស់អគារ ជាអ្នកបញ្ជា ហើយមានអាជ្ញាធរជំនាញរបស់រដ្ឋ ជាអ្នកចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសថែមទៀត។ ដូច្នេះមេការ មិនអាចធ្វើអី្វៗ ស្រេចតែចិត្តនោះទេ។ អ្នកឃ្លាំមើលវិស័យសំណង់ និងកម្មករសំណង់រូបនេះ បន្ថែមថា ការមិនអនុវត្តច្បាប់តឹងរ៉ឹងចំពោះសំណង់ខុសច្បាប់ និងការមិនអាចស្វែងរកមន្ត្រីដែលពាក់ព័ន្ធនឹងករណីបាក់រលំអគារនៅខេត្តកែប មកទទួលខុសត្រូវតាមផ្លូវច្បាប់ នឹងកាន់តែបង្កើន អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា និងធ្វើឱ្យប៉ះពាល់អារម្មណ៍របស់កម្មករសំណង់ យ៉ាងខ្លាំង។ ជាពិសេស អាចនាំឱ្យកើតមានសោកនាដកម្មកើតឡើងដដែលៗ នៅលើកក្រោយទៀត៖ «មេការ គឺធ្វើតាមម្ចាស់ផ្ទះកុម្ម៉ង់ មិនមែនមេការធ្វើស្រេចតែចិត្តទេ ហើយបើចង់ឱ្យកាន់តែច្បាស់ សូមឱ្យបង្ហាញភស្តុតាងមិនទាំងកំណត់ហេតុចុះអធិការកិច្ច ទាំងកិច្ចសន្យាម៉ៅការសាងសង់រវាងមេការនិងម្ចាស់ផ្ទះថា តើមេការ ទទួលខុសត្រូវកម្រិតណា។ កុំដល់ពេលមានបញ្ហាម្នាក់ៗទម្លាក់លើអ្នកស្លាប់ទៅ ហើយម្នាក់ៗយករួចខ្លួន។ ជាការពិត មេការមានចំណែកទទួលខុសត្រូវខ្លះដែរ ប៉ុន្តែម្ចាស់ផ្ទះនិងអាជ្ញាធរមានមន្ទីរសុរិយោដីខេត្តកែប ក៏មានចំណែកទទួល ខុសត្រូវដែរ»។
អាស៊ីសេរី បានព្យាយាមទាក់ទងអភិបាលខេត្តកែប លោក កែន សត្ថា ជាច្រើនលើកតែគ្មានអ្នក ទទួល។
ក្នុងរយៈពេល ៧ខែនេះ មានសំណង់អគារខ្ពស់ៗ កំពុងសាងសង់ចំនួន ៣ហើយ បានបាក់រំលំរាបដល់ដីក្នុងនោះកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៩ មានអគារកម្ពស់ ៧ជាន់ នៅខេត្តព្រះសីហនុ បាក់រលំបណ្ដាលឱ្យកម្មករសំណង់ ២៨ នាក់ស្លាប់ និងរបួស ២៦នាក់។ បន្ទាប់មក នៅដើមខែធ្នូ ឆ្នាំ២០១៩ មានករណីបាក់រលំសាលាឆាន់កំពុងសាងសង់នៅវត្តគោកចកក្នុងខេត្តសៀមរាបបណ្ដាលឱ្យកម្មករ ៣នាក់ស្លាប់ និង ១៣នាក់រងរបួស។ ករណីចុងក្រោយនេះគឺបាក់រលំអគារកម្ពស់ ៧ជាន់កំពុងសាងសង់នៅក្នុងខេត្តកែប បណ្ដាលឱ្យមនុស្សស្លាប់ ៣៦ នាក់ និងរបួស ២៣នាក់។
ករណីបាក់រលំសំណង់ដែលសាងសង់ខុសបច្ចេកទេសទាំងនេះ គ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់ ត្រូវបាននាំមកផ្ដន្ទាទោស ឬដាក់ឱ្យទទួលខុសត្រូវឡើយ។
មាត្រា១០១ ច្បាប់ស្ដីពីសំណង់ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ចែងថាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំទៅ ៥ឆ្នាំ ចំពោះអ្នកត្រួតពិនិត្យ និងបញ្ជាក់ដែលបានបញ្ជាក់លើគម្រោងប្លង់ ឬការងារសាងសង់ ឬរុះរើថា ត្រឹមត្រូវ ដែលតាមជាក់ស្ដែង គម្រោងប្លង់ ឬការងារសាង សង់ ឬរុះរើនោះ មិនអនុលោមតាមបទបញ្ញត្តិបច្ចេកទេសសំណង់ និង/ឬតាមគម្រោងប្លង់ដែលបានអនុញ្ញាត ហើយបណ្ដាលឱ្យមានរបួស ឬបណ្ដាលឱ្យខូចសុខភាពដល់អ្នកដទៃ។
មាត្រា១០៣ ចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ កាលបើអំពើនេះបណ្ដាលឱ្យមានការដាច់អវយវៈ ឬនាំឱ្យមានពិការភាពជាអចិន្ត្រៃយ៍ដល់ជនរងគ្រោះ ហើយកាន់តែធ្ងន់ធ្ងរ ត្រូវផ្ដន្ទាទោសពី ៧ ទៅ ១៥ឆ្នាំ កាលបើអំពើនេះបណ្ដាលឱ្យមានមនុស្សស្លាប់៕