ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះសំណើសុំផ្អាកការផ្សព្វផ្សាយបទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” ដែលក្រសួងការងារអះអាង ថា ប៉ះពាល់ដល់គោលនយោបាយរបស់របបក្រុងភ្នំពេញនោះ។ សាធារណជនមួយចំនួនបានប្រតិកម្មខ្លាំងៗចំពោះការប៉ុនប៉ងមិនឱ្យចាក់ផ្សាយបទចម្រៀងនេះពីសំណាក់ក្រសួងការងារ ដោយពួកគេលើកឡើងថា បទចម្រៀងនេះឆ្លុះបញ្ចាំងការពិតនៃជីវិតកម្មករមួយចំនួន។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គីមសេង បញ្ជាក់យ៉ាងខ្លីថា លោកកំពុងរង់ចាំការសម្រេចចំពោះសំណើរបស់ក្រសួងការងារនេះ ពីលោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «ខ្ញុំរង់ចាំការសម្រេចពីរដ្ឋមន្ត្រី។ Okay? សូមជម្រាបលា»។
កាលពីថ្ងៃទី៣ តុលា កន្លងទៅលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានស្នើសុំឱ្យក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយបទចម្រៀងមួយបទ មានចំណងជើងថា “ភ្ជុំបិណ្ឌ នឹកស្រុក” ច្រៀងដោយលោក ម៉ៅ ហាជី នៃផលិតកម្មថោន (Town Production) ដោយក្រសួងយល់ថា អត្ថន័យនៃបទចម្រៀងនេះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់របបលោក ហ៊ុន សែន។ ការលើកលែងរបស់លោក លោក អ៊ិត សំហេង មិនឆ្លុះបញ្ចាំងទៅនឹងសេចក្ដីសម្រេចប្រាក់ខែគោលថ្មីសម្រាប់ឆ្នាំ២០១៩ឡើយ។ របបលោក ហ៊ុន សែន បានសម្រេចផ្ដល់ប្រាក់ខែគោលថ្មីដល់កម្មករត្រឹម ១៨២ដុល្លារ នៅគ្រាដែលសហជីពឯករាជទាមទារប្រាក់ខែដល់ទៅជិត ២០០ដុល្លារ។
ចំណែក មន្ត្រីនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ថ្លែងថា បើក្រសួងពិនិត្យឃើញថា បទចម្រៀងនេះមានកំហុសឆ្គងមែន នោះក្រសួងវប្បធម៌នឹងសហការជាមួយក្រសួងការងារ ក៏ប៉ុន្តែក្រសួងវប្បធម៌នឹងមិនចេញលិខិតហាមឃាត់ ឬបំបិទការផ្សាយបទចម្រៀងនេះ បន្ថែមលើលិខិតរបស់ក្រសួងការងារឡើយ៖ «ដោយសារតែពេលវេលាខិតនៅចំពេលជិតភ្ជុំបិណ្ឌផងដែរ ខ្ញុំគ្រាន់តែបានដឹងថា ប្រធានស្ថាប័នបានដាក់ការងារហ្នឹងឱ្យរដ្ឋបាល អគ្គរដ្ឋបាល តាមឋានានុក្រមហ្នឹងពិនិត្យមើលអ៊ីចឹងទៅ ហើយប្រសិនបើវាមានអ៊ីចឹងមែន យើងគ្រាន់តែសហការជាមួយក្រសួងការងារទៅ។ យើងពុំមានវិធានការអ្វីទៅធ្វើជាក្រដាសស្នាម ឬជាលិខិតបទដ្ឋានគតិយុត្តិណាមួយ ដែលទៅធ្វើការបំបិទបន្ថែម ទៅលើសំណើសុំរបស់ក្រសួងការងារនោះទេ»។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានស្នើឱ្យក្រសួងទាំងពីរជួយទប់ស្កាត់ការចាក់ផ្សាយបទចម្រៀងនេះ ទោះបីតាមប្រព័ន្ធផ្សព្វផ្សាយណាក៏ដោយ ព្រមទាំងព្រមានដល់ផលិតកម្មថោន និងណែនាំដល់ម្ចាស់ផលិតកម្មនានាឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការនិពន្ធ ផលិតបទចម្រៀង ឬការសម្ដែងទាំងឡាយណាពាក់ព័ន្ធនឹងកម្មករ-និយោជិក ដែលមានអត្ថន័យផ្ទុយពីគោលនយោបាយរបស់របបក្រុងភ្នំពេញផងដែរ។
ការប៉ុនប៉ងមិនឱ្យចាក់ផ្សាយបទចម្រៀង “ភ្ជុំបិណ្ឌ នឹកស្រុក” ពីសំណាក់ក្រសួងការងារនេះ បានរងនូវការរិះគន់យ៉ាងខ្លាំងពីសាធារណជន។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានរិះគន់ក្រសួងការងារកប់ៗមាត់ថា ជាក្រសួងគ្មានការងារធ្វើ ទើបទៅហាមឃាត់មិនឱ្យចាក់ផ្សាយបទនេះ។ អ្នកខ្លះទៀតសម្ដែងការងឿងឆ្ងល់ថា ហេតុអ្វីត្រូវហាមឃាត់បទចម្រៀងមួយនេះ ព្រោះបទនេះឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គម ហើយបើចង់ហាមឃាត់ គួរតែហាមបទចម្រៀងជាច្រើនទៀតកាលពីជំនាន់មុន ដែលច្រៀងរៀបរាប់ពីតថភាពពិតក្នុងសង្គមខ្មែរផងដែរ។ អ្នកខ្លះទៀតសរសេរថា ឱ្យតែបទចម្រៀងដែលបង្កប់អត្ថន័យពិតក្នុងសង្គម រមែងត្រូវបានក្រសួងហាមមិនឱ្យចាក់ផ្សាយ ប៉ុន្តែបើបទណាមិនឆ្លុះបញ្ចាំងការពិត គ្មានការអប់រំ និងពង្វក់ក្មេងៗ ទើបក្រសួងអនុញ្ញាតឱ្យផ្សាយ។
អ្នកនិពន្ធបទចម្រៀង "ភ្ជុំបិណ្ឌ នឹកស្រុក" លោក ងួន សុបិន បានប្រាប់អាស៊ីសេរីថា លោកបាននិពន្ធបទនេះ និងផ្ដល់សិទ្ធិឱ្យផលិតកម្មថោន (Town Production) ជាអ្នកផលិត តាំងពីមុនពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧ ទៅទៀត។ លោកបន្តថា បទនេះចេញផ្សាយជាងមួយឆ្នាំទៅហើយ និងត្រូវបានចែកជាថ្មី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០១៨ ដោយខាងក្រុមហ៊ុនមិនបានផលិតឡើងវិញឡើយ។ លោកអះអាងថា លោកនិពន្ធបទនេះឡើង តាមសាច់រឿងនៃជីវិតពិតរបស់កម្មករមួយចំនួន ដែលលោកបានជួបនៅគ្រានោះ តាមបែបសិល្បៈចម្រៀងមនោសញ្ចេតនាតែប៉ុណ្ណោះ៖ «និយាយរួមទាល់តែមានរឿងជាក់ស្ដែងខ្លះទើបយើងសរសេរបាន វាមិនមែនទូទាំងប្រទេសទេ វាមានរោងចក្រមួយចំនួន…ឧទាហរណ៍ថាមានរោងចក្រខ្លះបើកលុយថ្ងៃ៥ តែភ្ជុំបិណ្ឌ ថ្ងៃទី២៤ ឬ២៥ អ៊ីចឹងរោងចក្រគាត់មិនអាចបង្ខំចិត្តបើក២ដងក្នុងខែដូចឥឡូវនេះទេ»។
អ្នកនិពន្ធរូបនេះ អះអាងថា លោកមិនចង់តវ៉ារឿងក្រសួងការងារហាមមិនឱ្យចាក់ផ្សាយបទនេះឡើយ ដោយមិនចង់មានរឿងវែងឆ្ងាយតទៅទៀត។ តែយ៉ាងណា លោកស្នើឱ្យរបបដឹកនាំបច្ចុប្បន្ន និងស្ថាប័នពាក់ព័ន្ធ ជួយលើកកម្ពស់ស្នាដៃអ្នកនិពន្ធ និងបើកសិទ្ធិឱ្យទូលំទូលាយដល់អ្នកនិពន្ធទាំងអស់។
ប្រធានសហភាពសហជីពកម្ពុជា និងជាអ្នកការពារសិទ្ធិកម្មករមួយរូប គឺលោក រ៉ុង ឈុន អះអាងថា បទចម្រៀង "ភ្ជុំបិណ្ឌ នឹកស្រុក" នេះ ឆ្លុះបញ្ចាំងពីការពិតដែលបានកើតឡើងចំពោះកម្មករ-និយោជិកមួយចំនួន។ លោកថា ការហាមឃាត់បទចម្រៀងនេះ បង្ហាញថា ក្រសួងការងារមានភាពចង្អៀតចង្អល់ និងមិនទទួលស្គាល់ការពិតរាល់អ្វីដែលកើតឡើងលើកម្មករ ទោះបីជាកន្លងមកក្រសួងបានដោះស្រាយបញ្ហាបានមួយចំនួនរួចហើយក្ដី៖ «គេចង់បង្ហាញឱ្យឃើញថា សង្គមមួយហ្នឹងល្អៗជាប់រហូត ទោះបីការពិតហ្នឹងវាមានភាពអយុត្តិធម៌សង្គម មានការធ្វើបាបកម្មករយ៉ាងណាក៏ដោយ គេមិនចង់ឱ្យនិយាយលេចឮពីរឿងអវិជ្ជមាននៅក្នុងសង្គមនោះទេ។ បើយើងមើលខ្លឹមសារ វាអត់មានអ្វីដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសសង្គមនោះទេ ហើយបើក្រសួងធ្វើបែបនេះ វាជាការរឹតត្បិតទៅលើអ្នកនិពន្ធ និងអ្នកច្រៀងផងដែរ។ យើងគួរតែចូលរួមលើកកម្ពស់ស្នាដៃអ្នកនិពន្ធ និងអ្នកចម្រៀងដែរ ដើម្បីឱ្យគាត់ហ៊ានសម្ដែងការពិតឆ្លុះបញ្ចាំងអ្វីដែលកើតនៅក្នុងសង្គមយើង»។
មន្ត្រីនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បញ្ជាក់ថា ក្រសួងវប្បធម៌មិនដាក់ការត្រួតពិនិត្យទៅលើការតែងនិពន្ធចម្រៀងរបស់កវីណាម្នាក់ឡើយ ពោលគឺនៅពេលពួកគេតែងនិពន្ធរួច ពួកគេអាចផលិតបទចម្រៀងនោះ រួចចេញផ្សាយស្នាដៃរបស់ខ្លួនបាន។ លោកបន្តថា លើកលែងតែក្នុងករណីដែលចម្រៀងនោះ ប្រើពាក្យពេចន៍មិនសមរម្យ ឬមានបង្កប់អត្ថន័យជ្រុលហួសហេតុដែលសាធារណជនទូទៅ មិនអាចទទួលយកបាន ទើបក្រសួងដាក់ចេញនូវវិធានការហាមឃាត់ការចាក់ផ្សាយបទចម្រៀងទាំងនេះ ដើម្បីឆ្លើយតបនឹងការទាមទាររបស់សាធារណជនដែលជាមតិភាគច្រើន៕