មន្ត្រីជាន់ខ្ពស់នគរបាលជាតិ អះអាងថា អង្គភាពជំនាញ បានចុះស៊ើបអង្កេតករណីស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន ដែលមានប្រពន្ធកូន និងសាច់ញាតិ កំពុងកាន់តួនាទីធំៗ ស្ថិតក្រោមបង្គាប់របស់ខ្លួន ប៉ុន្តែពុំមានវិធានការអ្វីនោះទេ។ មន្ត្រីសង្គមស៊ីវិល យល់ថា ក្រសួងមហាផ្ទៃ គួរតែស្រាវជ្រាវឱ្យបានលម្អិតនិងបង្ហាញជាសាធារណៈ ដើម្បីជៀសវាងមន្ទិលសង្ស័យនានាជុំវិញការទទួលបានតួនាទីរបស់ក្រុមគ្រួសារសាច់ញាតិរបស់មេនគរបាលខេត្តកោះកុងរូបនោះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងថា អគ្គនាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យ និងស្រាវជ្រាវរួចហើយចំពោះករណីចោទប្រកាន់លើ ស្នងការនគរបាលខេត្តកោះកុង ដែលមានប្រពន្ធកូននិងសាច់ញាតិធ្វើការក្រោមបង្គាប់របស់ខ្លួននោះ ប៉ុន្តែលោកមិនបកស្រាយលម្អិតអំពីលទ្ធផលនៃការស្រាវជ្រាវនោះទេ។ លោក ឆាយ គឹមខឿន គ្រាន់តែលើកឡើងថា ករណីនេះ គ្មានវិធានការអ្វីទាំងអស់ ហើយបានបិទបញ្ចប់ ដោយលោកចាត់ទុកថា ការតែងតាំងសាច់ញាតិក្នុងស្ថាប័នរដ្ឋតែមួយនេះ គឺជារឿងធម្មតា។ ទន្ទឹមគ្នានេះ លោក ថែមទាំងប្រតិកម្មចំពោះ អ្នកសារព័ត៌មានអាស៊ីសេរីទៀតផង ដោយចោទថា ចេះតែឆ្កឹះឆ្កៀលករណីបែបនេះ៖ «លោកឯងយកពាក្យចចាមអារ៉ាមមួយមកចោទសួរដេញដោលអ៊ីចឹង នាំឱ្យរវល់ខាតពេលណាស់។ រឿងដែលគេឃើញមិនប្រក្រតីគេមិនទុកទេឥឡូវនេះ។ សូម មេត្តាកុំយកអាម៉ារឿងនឹងមកសាកសួរ វាខាត់ពេលរឿងធំៗម៉ាចំភ្លុះទៀត ។ លោកអ្នកប្តឹងទៅអាស៊ីសេរី បើគាត់ជាអ្នកចេះច្បាប់ចេះទម្លាប់ គាត់ត្រូវប្ដឹងមកអធិការកិច្ចរបស់ក្រសួង បើគាត់រកឃើញថា មានភាពមិនប្រក្រតី ហើយឥឡូវឱ្យលោកនោះយកភស្តុតាងណាកន្លែងណាខ្លះដែលមិនប្រក្រតី កុំនិយាយថា គេតែងតាំងប្រពន្ធគេ អ៊ីចឹងប្រពន្ធគេមួយជីវីតមិនបាច់ឡើងឋានៈទេអី បើសិនធ្វើប៉ូលិសដែរ»។
ទាក់ទងនឹងករណីនេះ អាស៊ីសេរី ក៏មិនអាចការបញ្ជាក់បន្ថែមពីអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ លោក ប៉ែន វិបុល បានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។ ចំណែកស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន ក៏មិនទទួលទូរស័ព្ទ របស់អាស៊ីសេរីដែរ នៅថ្ងៃទី១៨ ខែឧសភា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ ស្នងការនគរបាលខេត្តកោះកុង បានចេញ សេចក្តីប្រកាសព័ត៌មានបំភ្លឺថា លោកឧត្ដមសេនីយ៍ទោ សំឃិត វៀន ពិតជាមានប្រពន្ធកូន និងសាច់ញាតិ កំពុងបម្រើការងារនៅក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តកោះកុងប្រាកដមែន។ សេចក្តីប្រកាសដដែល បន្តថា ប្រពន្ធកូននិងសាច់ញាតិរបស់លោក សំឃិត វៀន ទាំងនោះ សុទ្ធតែ បានឆ្លងកាត់ការប្រឡងជ្រើសរើសត្រឹមត្រូវ និងបានបំពេញការងារអស់ជាច្រើនឆ្នាំមកហើយ។ ស្នងការនគរបាលខេត្តកោះកុង អះអាងថា ចំពោះការតែងតាំងមុខដំណែង និងដំឡើងឋានន្តរសក្ដិ របស់មន្ត្រីនគរក្នុងអង្គភាពវិញ គឺមានតម្លាភាព និងផ្អែកទៅលើអតីតភាពការងារ ស្នាដៃល្អ ព្រមទាំងមានការប្រជុំវាយតម្លៃពីគណៈស្នងការត្រឹមត្រូវតាមនីតិវិធី និងឋានានុក្រម។
ស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន ក៏ធ្លាប់អះអាងប្រាប់អាស៊ីសេរីថា ករណីតែងតាំងប្រពន្ធកូន និងសាច់ញាតិមួយចំនួនរបស់លោកឱ្យធ្វើការនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុង នេះ មិនមែនជាការបង្កើតគ្រួសារនិយមក្នុងស្ថាប័ននគរបាលជាតិនោះទេ ព្រោះលោកថា គ្មាន ច្បាប់ចែងហាមឃាត់រឿងនេះឡើយ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា នៅពេលមានការចោទប្រកាន់ពីមន្ត្រីក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុងថា មានគ្រួសារនិយមបែបនេះ ក្រសួងមហាផ្ទៃ គួរតែស្រាវជ្រាវនិងបង្ហាញភស្តុតាងឱ្យបានត្រឹមត្រូវច្បាស់លាស់ មិនអាចគ្រាន់តែឆ្លើយថា ការតែងតាំងនេះធ្វើឡើងដោយត្រឹមត្រូវនោះទេ៖ «កាលណាមានការតែងតាំងសាច់ញាតិជិតដិតបែបនេះនៅក្នុងស្ថាប័នរបស់យើង ប្រាកដជាមានទស្សនៈមានចម្ងល់មានមន្ទិលសង្ស័យច្រើន ដូច្នេះជាគោលដៅ សំខាន់គឺក្រសួង ត្រូវតែស្វែងរកឱ្យឃើញថា តើការតែងតាំងឬការជ្រើសរើសនោះមានភាពមិនប្រក្រតីដែរទេ ដើម្បីធ្វើឱ្យមានទំនុកចិត្តពីសាធារណជនថា ការរើសនោះពិតជាផ្អែកទៅលើចំណេះដឹង បទពិសោធន៍ ហើយនឹងបច្ចេកទេសរបស់មន្ត្រីដែលជាប់នោះមែន មិនមែនជាការរើសដោយស្គាល់គ្នា បក្ខពួកគ្រួសារសាច់ញាតិអីទេ»។
កាលពីជាងពាក់កណ្តាលខែមេសាកន្លងទៅនេះ មន្ត្រីមួយរូបដែលសុំលាក់អត្តសញ្ញាណ បានសរសេរលិខិតមួយច្បាប់ផ្ញើមកអាស៊ីសេរី ដោយទម្លាយរឿងស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន បានបង្កើតគ្រួសារនិយមនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុង។
មន្ត្រីរូបនោះបានរៀបរាប់នៅក្នុងលិខិតនោះថា ករណីទី១ គឺលោកស្នងការ សំឃិត វៀន តែងតាំងប្រពន្ធរបស់ខ្លួនឈ្មោះ ពេជ្រ ស្រីពី ឱ្យកាន់តួនាទីជាស្នងការរង។ ក្រោយពេលដំឡើងដំណែងឱ្យប្រពន្ធហើយ លោក សំឃិត វៀន បានទាញយកការងារពីផ្នែកជំនាញផ្សេងៗ ឱ្យស្នងការរងដែលជាប្រពន្ធវ័យក្មេងរបស់ខ្លួន ជាអ្នកគ្រប់គ្រង និងឃ្លាំមើល។ ម្យ៉ាងវិញទៀត នៅពេលខាងមុខ លោកស្នងការរូបនេះ ក៏នឹងរៀបចំឱ្យប្រពន្ធឡើងធ្វើជាស្នងការស្ដីទីក្នុងពេលលោកមិននៅធ្វើការផងដែរ។
មន្ត្រីសុំលាក់អត្តសញ្ញាណដដែលឱ្យដឹងបន្តថា ករណីទី២ ស្នងការខេត្តកោះកុងរូបនេះ បានតែងតែងកូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ ច័ន្ទ រ៉ាវីយ៉ា ឱ្យឡើងជាប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកោះកុង។ ចំណែកកូនស្រីបង្កើតពីរនាក់ទៀតរបស់លោក សំឃិត វៀន ដែលមានក្របខ័ណ្ឌជាមន្ត្រីនគរបាលក្នុងខេត្តកោះកុងដែរនោះ ក៏កំពុងត្រៀមរង់ចាំយកដំណែង ខ្លឹមៗក្រោមការរៀបចំរបស់ឪពុកនៅក្នុងពេលដ៏ខ្លីខាងមុខទៀតដែរ។
មន្ត្រីដដែលអះអាងទៀតថា ករណីទី៣ លោក សំឃិត វៀន មានប្អូនថ្លៃឈ្មោះ ពេជ្រ បញ្ញា ធ្វើជានាយ រងការិយាល័យអន្តោប្រវេសន៍ខេត្តកោះកុង និងប្អូនថ្លៃម្នាក់ទៀតឈ្មោះ ពេជ្រ ស៊ីប៉ូ ធ្វើជាអធិការរងនគរបាលស្រុកបុទុមសាគរ ក្នុងខេត្តកោះកុងដែរ។
ប្រភពដដែលបញ្ជាក់ថា នៅមានក្មួយៗ និងសែស្រឡាយជាច្រើនទៀតរបស់លោក សំឃិត វៀន និង អ្នកស្រី ពេជ្រ ស្រីពី ដែលមិនអាចរាប់ឈ្មោះអស់ កំពុងកាន់តំណែងគ្រាក់ៗនៅក្នុងជួរមន្ត្រីនគរបាលខេត្តកោះកុង។ មន្ត្រីលាក់អត្តសញ្ញាណរូបនេះ ចោទសួរថា តើមន្ត្រីផ្សេងៗទៀត ដែលមិនមែនជាប្រពន្ធកូននិងមិនមែនជាបងប្អូនសាច់ញាតិរបស់ស្នងការរូបនេះ អាចមានឱកាសទទួលដំណែងក្នុងស្នងការដ្ឋាននេះដែរឬទេ?
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ជាគោលការណ៍សកល គឺករណីគ្រួសារនិយមឬបក្ខពួកនិយមនេះ ត្រូវបានគេចាត់ទុកថា ជាប្រភេទមួយនៃអំពើពូករលួយដែរ ហើយករណីគ្រួសារនិយមនេះ ជាទូទៅក៏ជំរុញឱ្យមានទំនាស់ផលប្រយោជន៍ផ្សេងៗនៅក្នុងស្ថាប័ននោះ។ លោកបន្តថា ទោះបីជាកម្ពុជា គ្មានច្បាប់ហាមឃាត់បញ្ហាគ្រួសារ ឬសាច់ញាតិនិយមនេះក្តី ក៏លោកយល់ថា រដ្ឋាភិបាល គួរតែមានការហាមប្រាម ឬមាននីតិវិធីតឹងរ៉ឹង ដើម្បីទប់ស្កាត់ កុំឱ្យមានគ្រួសារឬបក្ខពួកនិយមនៅក្នុងស្ថាប័នសាធារណៈ៖ «ការរើសបុគ្គលិកនេះដោយផ្អែកទៅលើចំណេះដឹង បទពិសោធន៍ជាក់ស្ដែងរបស់មន្ត្រីដែលដាក់ពាក្យធ្វើការនោះ ហើយបើយើងកាត់បន្ថយគ្រួសារបក្ខពួកគឺ យើងអាចធ្វើការនៅក្នុងស្ថាប័ននោះ មានតម្លាភាពជាង មានគណនេយ្យភាពជាង ព្រោះយើងអាចអត់សូវមានទំនាស់ផ្ទាល់ខ្លួន នៅក្នុងការដាក់ទោសទណ្ឌឬក៏នៅក្នុងការដំឡើងដំណែងអីជាដើម ទៅដល់បុគ្គលិកក្រោមឱវាទរបស់យើង ព្រោះកាលណាយើងមានបងប្អូនច្រើន គឺយើងប្រហែលជាយើងមានចិត្តលម្អៀងហើយ ព្រោះនេះគឺជាធម្មជាតិរបស់មនុស្ស»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសយ៉ាងដាច់អហង្ការមិនឱ្យមានករណីក្រុមគ្រួសារនិយមនៅក្នុងស្ថាប័នតែមួយនោះឡើយ ក៏ប៉ុន្តែស្ថានភាពជាក់ស្ដែងស្ទើរគ្រប់ស្ថាប័នរដ្ឋ កំពុងតែចាក់ ស្រេះដោយបញ្ហាគ្រួសារ ឬបក្ខពួកនិយមនេះ ។
ជាក់ស្ដែងមន្ត្រីរាជការមួយចំនួនដែលមិនពេញចិត្តចំពោះការបញ្ហាបក្ខពួកនិយម និងគ្រួសារនិយមនេះ បានលួចទម្លាយព័ត៌មានជាបន្តបន្ទាប់។ ប៉ុន្តែក្រសួង ឬស្ថាប័នសាមី តែងឆ្លើយថា ករណីគ្រួសារនិយមនេះ គឺជារឿងធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។