ប្រធានការិយាល័យចរាចរណ៍ខេត្តព្រះសីហនុ លោក ព្រំ ពៅ មានប្រសាសន៍ថា ក្នុងចំណោមអ្នករងគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ សប្ដាហ៍មុន មានចំនួនភាគច្រើនបានដាក់ពាក្យប្ដឹងទៅខាងស្ថាប័នរបស់លោកប្រឆាំងនឹងភាគីបង្កគ្រោះថ្នាក់ហើយ រហូតមកដល់ពេលនេះ។
លោក ព្រំ ពៅ៖ «បាទ! ដាក់បណ្ដើរៗហើយ។ នៅតែពីរបីនាក់ទៀតទេគ្រប់ហើយ។ ខាងសិល្បករហ្នឹងដាក់ហើយ នៅសល់តែលោកយាយ កូនយាយ ណាង និងកូនលោក កុយ ហើយកូនលោកនោះមួយទៀតទេ។ ក្រៅពីនោះដាក់អស់ហើយ»។
ទាក់ទងនឹងបញ្ហាដាក់ពាក្យបណ្ដឹងពីភាគីសិល្បករនេះដែរ ត្រូវបានឪពុករបស់អ្នកស្លាប់មួយរូប គឺលោក ជួង ជី ហៅនាយ កុយ មានប្រសាសន៍ថា លោកនៅមិនទាន់បានគិតគូររឿងដាក់ពាក្យបណ្ដឹងទេ ព្រោះជាប់រវល់រៀបចំធ្វើបុណ្យ ៧ថ្ងៃឱ្យកូនរបស់លោកឈ្មោះ ជី វីរៈ៖ «នៅទេប្អូនអើយប្អូន! ខ្ញុំនៅរវល់ធ្វើបុណ្យឱ្យកូន។ បាទ! ធ្វើបុណ្យហើយបានខ្ញុំដាក់ពាក្យប្ដឹងទៅខាងប៉ូលិសចរាចរណ៍ខេត្តព្រះសីហនុហ្នឹង។ ខ្ញុំធ្វើ (បុណ្យ) នៅតាខ្មៅ នៅវត្តក្រពើហា»។
លោកឱ្យដឹងដែរថា អ្នកស្រី ណយ សំណាង ដែលមានកូនស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែរនោះ ក៏មិនទាន់បានដាក់ពាក្យបណ្ដឹងដែរ ព្រោះជាប់រវល់ធ្វើបុណ្យដូចគ្នា។
កាលពីថ្ងៃទី៧ ខែមីនា សប្ដាហ៍មុន គ្រោះថ្នាក់ចរាចរណ៍នៅឃុំបិតត្រាង ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ដែលកើតឡើងផ្ទួនៗគ្នាពីរលើកនៅកន្លែងតែមួយ បណ្ដាលឱ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ និងស្រាលចំនួន ៧នាក់ ដែលក្នុងចំណោមនោះ អ្នកចម្រៀងល្បីឈ្មោះ គឺលោក ខេមរៈ សិរីមន្ត រងរបួសបន្តិចបន្តួច។
នៅថ្ងៃច័ន្ទ ទី១១ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះថា ជាគ្រោះថ្នាក់ធ្ងន់ធ្ងរ និងរន្ធត់បំផុតមួយ៖ «នេះគឺជារឿងគួរឱ្យរន្ធត់ណាស់។ ខេមរៈ សិរីមន្ត បើទោះបីថា ឥឡូវនេះរួចពីការស្លាប់ ក៏ប៉ុន្តែ អាការដែលឃើញមនុស្សស្លាប់នៅក្បែរខ្លួននេះ ហើយវាភឹបមក ក៏ភាពរន្ធត់ហ្នឹងមិនទាន់ចប់ទេ។ តែខ្ញុំសុំយកឱកាសនេះ ដើម្បីសម្ដែងនូវការសោកស្ដាយជាមួយនឹងបងស្រី ណយ សំណាង ក៏ដូចជា នាយ ជួង ជី (នាយ កុយ) នូវមរណភាពរបស់កូន ហើយសម្ដែងនូវការចូលរួមសោកស្ដាយជាមួយនឹងលោក ខេមរៈ សិរីមន្ត ក៏ដូចជាក្រុមគ្រួសារទាំងឡាយ ដែលមានកូនមានបងប្អូនដែលស្លាប់ និងរបួសនៅក្នុងព្រឹត្តិការណ៍នេះ»។
នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ព្រះសង្ឃ ១០០អង្គ និងប្រជាពុទ្ធបរិស័ទជាច្រើននាក់ នាំគ្នាធ្វើពិធីសូត្រធម៌រំដោះគ្រោះ បណ្ដេញឧបទ្រពចង្រៃ តាមបែបពុទ្ធសាសនា នៅកន្លែងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងផ្ទួនៗគ្នាពីរលើក នៅឃុំបិតត្រាង ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣។
ប្រធានការិយាល័យចរាចរណ៍ខេត្តព្រះសីហនុ លោក ព្រំ ពៅ ថ្លែងថា នៅពេលខាងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានកំណត់អត្តសញ្ញាណ និងកន្លែងរស់នៅរបស់អ្នកបង្កគ្រោះថ្នាក់នោះហើយ ហើយកំពុងស្រាវជ្រាវរកចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។