ក្រុម​កូដករ​រោងចក្រ សិនតៃ ហ្គាមែន បន្ត​តវ៉ា ដោយសារ​មិន​មាន​​ដំណោះស្រាយ

កម្មករ​រោងចក្រ សិនតៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ប្រមាណ​៣០០​នាក់ បន្ត​នាំគ្នា​តវ៉ា​ជាថ្មី​នៅ​ខាងមុខ​រោងចក្រ ដើម្បី​ឱ្យ​ថៅកែ​ទទួលយក​កម្មករ​ចូល​ធ្វើ​ការ​វិញ និង​ផ្ដល់​ប្រាក់ខែ​សមរម្យ​ជូន​កម្មករ​ដែល​ថៅកែ​ព្យួរការងារ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រោងចក្រ​នេះ​ប្រកាស​ព្យួរ​ការងារ​កម្មករ​ជិត​១​ពាន់ (៩១៥) នាក់​រយៈពេល​ពី​២​ខែ​ក្នុងចំណោម​កម្មករ​សរុប​ជាង ៣​ពាន់​នាក់ (៣.០៨៥) ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​គ្មាន​អ្នកបញ្ជា​ទិញ និង​ខ្វះខាត​សម្ភារៈ​សម្រាប់​ដំណើរការ​ចង្វាក់​ផលកម្ម។

សហជីព​ឱ្យ​ដឹង​ថា អធិការ​ការងារ​ចុះ​មក​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដែរ ក៏ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ ដោយ​ភាគី​ខាង​ថៅកែ​រោងចក្រ អះអាង​ថា រោងចក្រ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។ ក្រុម​កម្មករ​ចាត់ទុកថា​ការណ៍​ដែល​ថៅកែ​រោងចក្រ​បន្ត​ព្យួរការងារ​បែបនេះ គឺ​មាន​ចេតនា​គេចវេះ​ពី​ការ​ទទួលខុសត្រូវ។

​អនុប្រធាន​សហជីព​ស្មារតី​កម្មករ​កម្ពុជា លោក ស្រី ម៉ិច ស៊ាងហៃ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០៨ កុម្ភៈ​ថា ការចរចា​គ្នា​នោះ​កម្មករ​ស្នើសុំ​ដំណោះស្រាយ​២​ចំណុច គឺ​ទីមួយ ស្នើសុំ​ផ្លាស់ប្ដូរ​វេន​គ្នា​ព្យួរការងារ​ម្នាក់​មួយ​ខែ និង​ទីពីរ ស្នើ​ឱ្យ​ក្រុមហ៊ុន​ជួយ​បន្ថែម​ប្រាក់ឧបត្ថម្ភ​២​សែន​រៀល (២០០.០០០) ជូន​ដល់​កម្មករ​ដែល​ត្រូវ​ព្យួរការងារ​បន្ត​។ លោកស្រី​បន្ត​ថា អំឡុង​ពេល​ចរចា​អធិការកិច្ច​ការងារ​មិនបាន​កត់ត្រា​នូវ​ការ​ស្នើសុំ​របស់​កម្មករ​នោះ​ទេ ផ្ទុយទៅវិញ បែរ​ជា​កត់ត្រា​ថា ក្រុម​កម្មករ​ទទួលយក​ការ​ព្យួរ​ការងារ​បន្ត​ទៀត និង​បង្ខំ​ឱ្យ​ពួកគាត់​ផ្ដិតមេដៃ​ដើម្បី​យល់ព្រម។ លោកស្រី​ចាត់ទុក​ការ​សម្រេច​របស់​អធិការកិច្ច​ជា​រឿង​រំលោភសិទ្ធិ​លើ​ការសម្រេចចិត្ត​របស់​កម្មករ។

​លោក ស្រី ម៉ិច ស៊ាងហៃ៖ «ហើយ​ការ​ព្យួរ​ថែម​មួយ​ខែ​ទៀត​នេះ​គឺ​វា​លំបាក​ដល់​ពួក​ខ្ញុំ​ខ្លាំង​ណាស់​បើ​គិត​ទៅ​យើង​ឆ្លង​ការ​លំបាក​ពីរ​ខែ​មួយ​ខែ​តែ​៣០​ដុល្លារ​ហើយ ឥឡូវ​លេង​គឺ​ត្រូវតែ​ព្យួរការងារ​កម្មករ​យើង​ដដែល​ប៉ុន្តែ​គេ​ថាស​ម្រេច​ថា​ព្យួរ ឬ​មិន​ព្យួរ​គឺ​ខាង​អធិការកិច្ច​គឺជា​អ្នក​សម្រេច»។

គិត​មក​ដល់​ពេល​នេះ​មាន​តំណាង​សហជីព​រោងចក្រ ៣​នាក់​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ដែល​ថៅកែ ប្ដឹង​ទៅ​ក្រសួង​ការងារ​ពី​បទ​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពី​លក្ខន្តិកៈ ញុះញង់ កៀរគរ​ប្រមូល​ផ្ដុំ​គ្នា ឱ្យ​កម្មករ​ផ្ទុះ​ការ​តវ៉ា និង​បង្ខិតបង្ខំ​កម្មករ​ឱ្យធ្វើ​កូដកម្ម កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២២​។ ប៉ុន្តែ​ពួកគេ ច្រាន​ចោល​ការ​ចោទប្រកាន់​ទាំងនេះ ហើយ​ចាត់ទុក​លិខិត​ព្រមាន​នោះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស ពីព្រោះ​ពួកគេ ថា​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ធ្វើឡើង​ដោយ​ការ​ស្ម័គ្រចិត្ត និង​ស្របច្បាប់​តាម​សិទ្ធិ​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។