ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធី​ស្នើ​លោក ហ៊ុន ម៉ាណែត បញ្ជា​ផ្ទាល់មាត់​ឱ្យ​ពន្លឿន​ដោះស្រាយ​ជូន​ពួកគាត់

ដោយ ខាន់ លក្ខិណា
2024.05.18
ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ីលាន​ស៊ីធី​ស្នើ​លោក ហ៊ុន ម៉ាណែត បញ្ជា​ផ្ទាល់មាត់​ឱ្យ​ពន្លឿន​ដោះស្រាយ​ជូន​ពួកគាត់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​អ្នកស្រី ឡេង ចាន់ណា នាយកក្រុមហ៊ុន​ប្រ៊ីលាន ស៊ីធី (Brilliant City) ក្នុងកម្មវិធីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធី (Brilliant City) របស់​អ្នកស្រី ឡេង ចាន់ណា ស្នើ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ចេញ​បញ្ជា​ផ្ទាល់មាត់​ទៅ​តុលាការ និង​ក្រុមហ៊ុន​ទើប​ពួកគាត់​មាន​ទំនុកចិត្ត និង​ជឿជាក់ ថា នឹង​ទទួល​បាន​ដំណោះស្រាយ។

ប្រជាពលរដ្ឋ​រងគ្រោះ លើកឡើង​ថា ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រាន់តែ​ដាក់​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី ហើយ​មិន​ជំរុញ​ទៅ​តុលាការ​និង​ក្រុមហ៊ុន​ឱ្យ​ពន្លឿន​នីតិវិធី​នោះ​ទេ ពួកគាត់​ក៏​មិន​ងាយ​នឹង​ទទួល​បាន​ដំណោះស្រាយ​ដែរ។

កាល​ពី​ថ្ងៃទី ១៤ ខែឧសភា លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​មន្ត្រី​ក្រោមបង្គាប់​រៀបចំ មេធាវី​ការពារ​ក្ដី​ជូន​ពលរដ្ឋ​រងគ្រោះ​ជាមួយ​ក្រុមហ៊ុន ប្រ៊ី​លាន ស៊ីធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា។

ជុំវិញ​រឿង​នេះ ពលរដ្ឋ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធី លោក នួន នឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ថា ទោះបីជា​ប្រមុខ​រដ្ឋាភិបាល​ដាក់​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី​ពលរដ្ឋ​រងគ្រោះ​ក៏ដោយ ក៏​ពួកគាត់​មិនទាន់​មាន​ជំនឿ​នៅ​ឡើយ។

លោក​ស្នើ​ទៅ​លោក ហ៊ុន ម៉ាណែត ចេញ​បញ្ជា​ផ្ទាល់​ឱ្យ​ដោះស្រាយ​សំណង ជា​បនា្ទន់ ទើប​ពួកគាត់​កក់ក្ដៅ និង​ជឿជាក់ ថា នឹង​ទទួល​បាន​ដំណោះស្រាយ។

លោក នួន នឿន៖ «ព្រោះ​កំពុងតែ​យ៉ាប់​ខ្លាំង​អ៊ីចឹង​ដោះស្រាយ​បាន​តិច​ឬ ច្រើន សូម​មេត្តា​ឱ្យ​ជា​ដំណឹង និង​ផ្ដល់​ជា​យោបល់​អ្នក​ជនរងគ្រោះ​ទាំងអស់​ហ្នឹង ដើម្បី​ទទួល​ដំណឹង​នេះ ខ្ញុំ​ត្រូវ​ដោះស្រាយ​ចេះៗ​។ អ៊ីចឹង​មានតែ​សម្ដេច​នាយក​រដ្ឋមន្ត្រី ដែល​លោក​អាច​ជួយ​ដោះស្រាយ​រឿង​នឹង​បាន ហើយ​គាត់​បញ្ជា​។ អាហ្នឹង ខ្ញុំ​ជឿ បើ​គាត់​បញ្ជា​ថា ត្រូវតែ​ដោះស្រាយ ខ្ញុំ​ជឿ​អ៊ីចឹង»

ពលរដ្ឋ​ម្នាក់ទៀត សុំ​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ថា ក្រៅពី​ផ្ដល់​មេធាវី​ការពារ​ក្ដី​ឱ្យ​នោះ លោកស្រី​ចង់ឱ្យ​លោក ហ៊ុន ម៉ាណែត ជំរុញ​ទៅ​តុលាការ​និង​ក្រុមហ៊ុន​ពន្លឿន​ការ​ដោះស្រាយ ពីព្រោះ​ការ​យឺតយ៉ាវ​និង​អូស បន្លាយ​ពេល​នេះ បាន​ធ្វើ​ឱ្យ​គ្រួសារ​របស់​គាត់ ធ្លាក់​ចូលក្នុង​វិបត្តិ​បំណុល​វ័ណ្ឌក។

ពលរដ្ឋ​សុំ​បញ្ចេញ​ឈ្មោះ​៖ «ខ្ញុំ​មិនដឹង​គិត​ត្រេកអ ឬ​យ៉ាងណា ចុះបើ​គេ​ធ្វើ​ទៅ ដោះស្រាយ​មិន​ចេញ លទ្ធផល​លុយ​មិន​ចេញ​ជូន​ប្រជាជន​! ប្រជាជន​ពួក​ខ្ញុំ ធ្វើ​ម៉េច​បាន​រស់​។ ខ្ញុំ​ចង់ឱ្យ​សម្ដេច​ជួយ​ដោះស្រាយ ក្រែង​សម្ដេច​មាន​ថវិកា​ជួយ​ប្រជារាស្ត្រ​ក្រែង​រស់ បើ​ក្រុមហ៊ុន​មិន​មាន បើ​សម្ដេច​មិន​ជួយ​ហើយ ប្រជាជន​ស្លាប់​អស់ ព្រោះ​ជ្រក​ក្រោម​ម្លប់​សម្ដេច​ហើយ ជា​ម៉ែ​ជា​ឪ បើ​គាត់​មិន​ជួយ​ដោះស្រាយ​ទេ មិន​រស់​ទេ បើ​ធនាគារ​តាម​គគ្រឹក»

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃទី១៧ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ថា វិបត្តិ​នេះ នឹង​ធ្លាក់​ទៅជា​វិបត្តិ​សង្គម ហើយក៏​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ដែរ ពីព្រោះ​រឿង​នេះ គឺ​មិនមែន ជ​រឿង​ឯកជន​ជាមួយនឹង​ឯកជន​នោះ​ទេ។

លោក​យល់​ថា ការរៀបចំ​មេធាវី​ជួយ​ការពារ​ក្ដី គឺជា​ដំណើរការ​ការពារ​ពួកគាត់ តាមផ្លូវ​ច្បាប់ ប៉ុន្តែ​អ្វី​ដែល​ពលរដ្ឋ​ទន្ទឹងរង់ចាំ​នោះ គឺ​ដំណោះស្រាយ​ជា​សំណង​សម្រាប់​ពួកគាត់ យក​ទៅ​ដោះស្រាយ​ជាមួយ​ធនាគារ និង​បំណុល​ឯកជន​ជាដើម។

លោក អំ សំអាត៖ «គាត់​អន្ទះសា ដើម្បី​រង់ចាំ​លទ្ធផល​។ អ៊ីចឹង​បើ​យើង​មើល​ទៅ​ដំណើរការ​នីតិវិធី​នៅ​តុលាការ​វា​អាច​វែងឆ្ងាយ​ត​ទៀត​។ អ៊ីចឹង​ហើយ​បាន​លោក​ចង់​ឱ្យ​មាន​កិច្ច​អន្តរាគមន៍ ធ្វើ​យ៉ាងម៉េច​នីតិវិធី​នៅ​តុលាការ​នេះ ឱ្យ​បាន​ឆាប់រហ័ស»

ក្រៅ​ពី​នេះ លោក អំ សំអាត ថា រដ្ឋាភិបាល និង​អាជ្ញាធរ គួរ​ជួយ​សម្រប សម្រួល​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​បង់​សង​ត្រឡប់​ទៅ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ពីព្រោះ ពួកគាត់​អាច​នឹង​បាត់បង់​ដីធ្លី និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ប្រសិនបើ​គ្មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល។

កាលពី​ថ្ងៃទី​១២ ខែ​មីនា សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឃាត់ខ្លួន អ្នកស្រី ឡេង ចាន់ណា ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ី​ធី និង​បក្ខពួក​មួយចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់ ទាំង​ពលរដ្ឋ​នៅក្នុង​ប្រទេស និង​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​

ក្រោយ​ការ​ចាប់ខ្លួន សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​សម្រេច​រឹបអូស ទ្រព្យសម្បត្តិ​របស់​អ្នកស្រី ឡេង ចាន់ណា ជា​បណ្ដោះអាសន្ន ដើម្បី​លក់​សង​ជនរងគ្រោះ ។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា រយៈពេល​ជាង ១​ឆ្នាំ​ហើយ ពួកគាត់​នៅ​មិនទាន់​ទទួល​បាន​ប្រាក់​សំណង​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។