កម្មករ​រងគ្រោះ​ពី​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប មិន​ទាន់​ទទួល​បាន​យុត្តិធម៌ និង​​សំណង​រដ្ឋប្បវេណី

ដោយ ខែ សុណង
2020.05.20
បាក់ អគារ កែប ៦២២ អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ក្រុម​អ្នក​សង្គ្រោះ កំពុង​បន្ត​រុក​រក​ជន​រង​គ្រោះ​​​កប់​ក្នុង​គំនរ​​បំណែក​អគារ​ ដែល​បាក់​រលំ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២០។
RFA

ក្រុម​កម្មករ​​សំណង់​​រងគ្រោះ​ពី​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប សរុប​ទាំង​ស្លាប់​ និង​របួស​​ទាំង​អស់ ១១៣នាក់ ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ និង​​សំណង​រដ្ឋប្បវេណី​ទេ។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ពន្លឿន​ការ​​ស៊ើប​អង្កេត​និង​​ពន្លឿន​សំណុំ​រឿង​បាក់​រលំ​អគារ​​ទាំង​២ ដើម្បី​​រក​យុត្តិធម៌​និង​ចាប់​បង្ខំ​អ្នក​ទទួល​ខុស​ត្រូវ​​ផ្ដល់​សំណង​រដ្ឋប្បវេណី ឲ្យ​កម្មករ។

សាច់ញាតិ​របស់​កម្មករ រង​របួស និង​ស្លាប់ ដោយសារ​ការ​បាក់​រលំ​អគារ ទាំង​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប សុទ្ធ​តែ​អះអាង​ថា ពួកគាត់​មិន​ធ្លាប់​ទទួល​បាន​ដីកា ឬ​ដំណឹង​ពី​សំណុំ​រឿង​​បាក់​រលំ​អគារ​ទាំង​ពីរ​នេះ​ឡើយ ហើយ​ក៏​មិន​ទទួល​បាន​ថវិកា​សំណង​​ដែរ ក្រៅពី​លុយ​សប្បុរសជន និង​​ជំនួយ​​រដ្ឋាភិបាល កាល​ពី​បាក់​អគារ​ភ្លាមៗ។

លោក​ស្រី អ៊ុន ម៉ារី ម្ដាយ​របស់​កម្មករ​​ឈ្មោះ កាក់ គា ​រង​របួស​ពី​ការ​បាក់​រលំ​អគារ​​​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា ជិត​មួយ​ឆ្នាំ​ហើយ​លោក​ស្រីមិន​ដែល​ដឹង​ថា សំណុំ​រឿង​បាក់​អគារ​នោះ​​វិវត្ត​ដល់​ដំណាក់​កាល​ណា​ទេ ព្រោះ​​អាជ្ញាធរ​មិន​ដែល​ផ្ដល់​ដំណឹង​ជូន​គ្រួសារ​លោកស្រីឡើយ។

លោកស្រី ថា លុយ​​បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​សប្បុរស​ជន ចំនួន ៣ម៉ឺន ៦ពាន់ (៣៦.០០០) ដុល្លារ​​ត្រូវ​យក​មក​ចំណាយ​ព្យាបាល​ជំងឺ និង​ការ​ថែ​ទាំ​សុខភាព កូន​ប្រុស​​​​ជិត​អស់​ហើយ។ លោកស្រី ថា បច្ចុប្បន្ន​កូន​របស់​លោកស្រី មាន​សុខភាព​ប្រសើរ​ឡើង និង​អាច​ធ្វើការ​បាន​ខ្លះ​ តែ​លោកស្រី លែង​ហ៊ាន​ឲ្យ​ធ្វើ​ការងារ​សំណង់​ទៀត​ហើយ។ លោកស្រី ចង់​ឲ្យ​តុលាការ​ខេត្ត​ព្រះសីហនុ ពន្លឿន​រឿង​ក្តី​នេះ៖ «អត់​មាន​​ដឹង​ផង ស្ងាត់​ទៅៗ ហើយ​ខ្ញុំ​មិន​ដែល​បាន​ទាក់ទង​សួរ​គេ​ផង តាំង​ពី​ពេល​ហ្នុង (គ្រោះថ្នាក់) មក​ទទេ។ រាង​ក្រ​ដែរ ហើយ​យក​មក​សង​គេ​ផង ដោះស្រាយ​ផង កូន​ឈឺ​ផង​អ្វី​ផង តែ​មិន​ទាន់​អស់​ទេ នៅ​បន្តិច​បន្តួច»

ការដ្ឋាន​ខុនដូ (Condo) កម្ពស់ ៧ជាន់​នៅ​ក្នុង​ក្រុងព្រះសីហនុ​បាន​បាក់​ដួល​រំលំ ពេល​កំពុង​សាងសង់​​​កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១៩ សង្កត់​កម្មករ​ស្លាប់​ចំនួន ២៨នាក់ និង​រង​​របួស​ចំនួន ២៦នាក់ ។ អគារ​បាក់​រលំ​នេះ​មាន​​​ម្ចាស់ និង​អ្នក​ម៉ៅការ​សាងសង់​ជា​ជនជាតិ​ចិន។

ភ្លាមៗ នោះ​នគរបាល​បាន​ចាប់ខ្លួន​ជនជាតិ​ចិន ៤នាក់ ហើយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក សុក ហេង បាន​ចោទ​ប្រកាន់ ម្ចាស់​ការដ្ឋាន​សំណង់​ឈ្មោះ ចេង គុន (Cheng Kun) អាយុ ៣៩ឆ្នាំ និង​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សំណង់​គឺ​លោក ដេង ហ្ស៊ីន ហ្គុល (Deng Xin Gul) វ័យ ៤៨ឆ្នាំ ពី​បទ​មនុស្សឃាត​ដោយ​អចេតនា បង្ក​ឱ្យ​មាន​របួស​ដោយ​អចេតនា និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ។

ចំណែក​ជាង​សំណង់​ឈ្មោះ ហ្គៅ យុ (Gao Yu) និង​ស្ត្រី​មើល​ការងារ​ក្នុង​ការដ្ឋាន ឈ្មោះ ហ្ស៊ី យ៉ា ភីង (Xie Ya Ping) ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ទាំង​នេះ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក យឹម ប៊ុណ្ណារ៉េត និង​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​លោក ហួត វិចិត្រ​​​បាន​ទេ នៅ​ថ្ងៃ​ទី១៩ ឧសភា។

ចំណែក​អនុ​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​បន្ទុក​ភូមិភាគ​តំបន់​ខេត្ត​ព្រះសីហនុ ដែល​កាន់​សំណុំ​រឿង​ជន​រងគ្រោះ​បាក់​អគារ​នេះ គឺ​លោក​មេធាវី សាំង វណ្ណៈ សុំ​មិន​ផ្ដល់​បទ​សម្ភាសន៍​ទេ ដោយ​បង្វែរ​ឲ្យ​សួរ​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត លោក គី តិច វិញ។ លោក​មេធាវី គឺ​ តិច មិន​ទទួល​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី១៩ និង​ទី២០ ឧសភា។

ចំណែក​ករណី​​បាក់​អគារ​នៅ​ខេត្ត​កែប​កាល​ពី​ដើម​ខែ​មករា សង្កត់​មនុស្ស​ចាស់​ក្មេង ៣៦នាក់​ស្លាប់ របួស ២៣នាក់ ក៏​ត្រូវ​បាន​ជន​រង​គ្រោះ អះអាង​ថា មិន​ទាន់​មាន​យុត្តិធម៌​ដែរ។

លោកស្រី ហែម ចាន់ឌី ប្រាប់​ថា​បងស្រី​ ឈ្មោះ ហែម សុគុណ បាន​ស្លាប់​ទាំង​គ្រួសារ​ជា​មួយ​ប្តី និង​កូន​ពីរ​នាក់ នៅ​ក្រោម​គំនរ​អគារ​បាក់បែក​នោះ។

លោកស្រី​ថា ភ្លាមៗ ក្រោយ​កើត​ហេតុ​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក​ហ៊ុន សែន បាន​មក​សួរ​នាំ​កត់ត្រា​សំណុំ​រឿង​ដែរ តែ​លោកស្រី មិន​ដឹង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ​ដល់​ណា​ទេ៖ «អត់​ដឹង​ថា ត្រូវ​ទៅ​ប្ដឹង​គេ​(ម្ចាស់​អគារ)​របៀប​ម្ដេច អត់​ចេះ​ច្បាប់​អ៊ីចឹង​ណា។​ម្យ៉ាង​វិញ​ទៀត ទុក​ឲ្យ​គេ​ដោះស្រាយ គេ​និយាយ​អ៊ីចឹង​ណា ខាង​មេធាវី (ស្ម័គ្រ​ចិត្ត លោក​នាយក​រដ្ឋមន្ត្រី

អគារ​កម្ពស់ ៧ជាន់ បាក់​រលំ​នៅ​ខេត្ត​កែប​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឯក សារុន និង​ភរិយា ។ ខុស​ពី​ករណី​ម្ចាស់​អគារ​ជន​ជាតិ​ចិន​​នៅ​ខេត្ត​ព្រះសីហនុ លោក ឯក សារុន និង​ប្រពន្ធ មិន​ត្រូវ​បាន​តុលាការ​ខេត្ត​កំពត​ឃុំ​ខ្លួន​ទេ ដោយ​ត្រឹម​បង្គាប់​ឲ្យ​តម្កល់​ប្រាក់ ហើយ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរ៉េត ប្រាប់​អាស៊ី​សេរី​ថា សំណុំ​រឿង​បាក់​អគារ​នៅ​កែប ស្ថិត​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ។ លោក​ថា សំណុំ​រឿង​នេះ មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ច្រើន ដូច្នេះ​មិន​អាច​សន្មត​ថា​ការ​​បញ្ចប់​នីតិវិធី​ស៊ើបសួរ នឹង​ចប់​ពេល​ណា​ទេ៖ «ចុះ​មិន​ទាន់​ដល់​នីតិវិធី​មួយ​ទៀត​ផង ខ្ញុំ​​ម្ដេច​ទាន់​ដឹង​ថា យ៉ាង​ម្ដេច​? អត់​ទេ អត់​ទាន់​ដឹង​ទេ (នីតិវិធី​ស៊ើបសួរ) អា​ហ្នឹង​សិទ្ធិ​របស់​ចៅក្រម ខ្ញុំ​អត់​អាច​ដឹង​បាន​ទេ»

ក្នុង​សំណុំ​រឿង​បាក់​អគារ​ទាំង ២នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​ឧបត្ថម្ភ​ថវិកា​របស់​រដ្ឋ និង​សប្បុរសជន ដល់​គ្រួសារ​អ្នក​ស្លាប់​ក្នុង​សព​ម្នាក់ ទទួល​បាន ៥​ម៉ឺន​ដុល្លារ និង​បន្ថែម ១០លាន​រៀល​ទៀត សម្រាប់​ពិធី​បុណ្យ​​សព​។ សម្រាប់​អ្នក​ដែល​រង​របួស​ទទួល​បាន ពី ១ម៉ឺន​ទៅ ២ម៉ឺន ដុល្លារ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ (BWTUC) លោក សុខ គីន យល់​ថា គ្រួសារ និង​ជន​រង​គ្រោះ​​ដោយ​ការ​បាក់​រលំ​អគារ​ទាំង​ពីរ​នេះ នឹង​មិន​ងាយ​ទទួល​បាន​យុត្តិធម៌​ទេ។ លោក សង្កេត​ឃើញ​ថា អាជ្ញាធរ ហាក់​មាន​ចេតនា អូស​បន្លាយ​សំណុំ​រឿង​នេះ​រហូត​ដល់​កម្មករ​ធុញ​ទ្រាន់ សាប​រលាប និង​លែង​ចង់​បាន​យុត្តិធម៌​។

លោក សុខ គីន ​​សង្ឃឹម​ថា តុលាការ​នឹង​ពន្លឿន​រឿង​ក្ដី​នេះ​បន្ទាប់​ពី​ក្រសួង​យុត្តិធម៌​ដាក់​ចេញ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​តុលាការ​ខេត្ត​ក្រុង​នានា៖ «ព្រោះ​បើ​សិន​បើ​ក្រៅ​ពី​រាជរដ្ឋាភិបាល ហាក់​បី​ដូចជា​ពិបាក​ក្នុង​ការ​ជំរុញ​ព្រោះ​រដ្ឋាភិបាល គាត់​មិន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស៊ើប​អង្កេត​​ថា អ្នក​ណា ដែល​ថា មាន​កំហុស ដែល​បណ្ដាល​ឲ្យ​បាក់​អគារ ស្លាប់​កម្មករ​រាប់​សិប​នាក់​ហ្នឹង។ អ៊ីចឹង គាត់​(រដ្ឋាភិបាល​)​មាន​សិទ្ធិ​ជំរុញ​​ឲ្យ​ចាត់​វិធានការ​ទៅ​តាម​​​ក្រសួង​ស្ថាប័ន ដែល​ពាក់ព័ន្ធ»

រយៈពេល ៧ខែ (គឺ​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ ដល់​ខែ​មករា ឆ្នាំ២០២០) កម្ពុជា មាន​សំណង់​អគារ​ខ្ពស់ៗ ដែល​សាងសង់​ហើយ​បាក់​រំលំ​រាប​ដល់​ដី​ចំនួន៣ ក្នុង​នោះ​​មាន​អគារ​កម្ពស់ ៧ជាន់​នៅ​ខេត្ត​ព្រះសីហនុ (ស្លាប់ ២៨នាក់​របួស ២៦នាក់)។ នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៩ មាន​ករណី​បាក់​រលំ​សាលា​ឆាន់​សាង​សង់​នៅ​វត្ត​គោក​ចក ខេត្ត​សៀមរាប​បណ្ដាល​ឱ្យ​កម្មករ ៣នាក់​ស្លាប់ និង​របួស ១៣នាក់ និង​បាក់​រលំ​អគារ​កម្ពស់ ៧ជាន់ សាងសង់​នៅ​ក្រុង​​កែប (ស្លាប់ ៣៦នាក់ និង​របួស ២៣នាក់)

ករណី​បាក់​រលំ​សំណង់​ដែល​សាងសង់​ខុស​បច្ចេកទេស​ទាំង​អស់​នេះ គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់ ត្រូវ​បាន​នាំមក​ផ្ដន្ទាទោស ឬ​ដាក់​ឱ្យ​ទទួលខុសត្រូវ​ឡើយ។ ច្បាប់​ស្ដីពី​សំណង់​ឆ្នាំ២០១៩ ចែង​ពី​ការ​ផ្ដន្ទាទោស​រហូត​ដល់ ១៥ឆ្នាំ បើ​ការ​សាងសង់ ឬ​រុះរើ​សំណង់​មិន​ស្រប​តាម​បច្ចេកទេស ឬ​គម្រោង​ដែល​ត្រូវ​បាន​អនុញ្ញាត ហើយ​បណ្ដាល​ឱ្យ​មាន​មនុស្ស​របួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។