មន្ត្រីនគរបាលចម្រុះ សហការជាមួយមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១ ខែឧសភា បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣នាក់ ពីបទប្រើប្រាស់ឯកសារមិនត្រឹមត្រូវ និងបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីច្បាប់។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិផ្សាយនៅថ្ងៃ១ ខែឧសភានេះ ឱ្យដឹងថា ជនជាតិ វៀតណាមទាំងនោះ ត្រូវបានឃាត់ខ្លួន ពេលកម្លាំងចម្រុះបានចុះពិនិត្យទីតាំងការដ្ឋានកប៉ាល់បូមខ្សាច់ តាមបណ្ដោយទន្លេមេគង្គ ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្ដាល និងរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការចូលរួមពីមន្ត្រីការិយាល័យស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាលជាតិ មន្ត្រីនាយកដ្ឋានស៊ើបអង្កេតនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រឡាបញ្ជី និងសមត្ថកិច្ចពាក់ព័ន្ធ៕