ក្រុមហ៊ុនខ្មែរមួយដែលកំពុងប្រកបរបររកកម្រៃពីភ្ញៀវទេសចរ ដែលទៅទស្សនាបឹងទន្លេសាប នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង កំពុងធ្វើឱ្យប្រជាពលរដ្ឋជាអ្នករត់ទូក កាណូតជាច្រើន មានការមិនសប្បាយចិត្ត។
ក្រុមប្រជាពលរដ្ឋដែលរកកម្រៃបានពីការដឹកភ្ញៀវទេសចរទៅទស្សនាបឹងទន្លេសាបដែរ បានចោទប្រកាន់ក្រុមហ៊ុនឈ្មោះ ស៊ូ ជីង (Suo Jing) ថាកំពុងកេងប្រវ័ញ្ចលើពួកគេ ព្រមទាំងធ្វើឱ្យបាត់បង់ភ្ញៀវទេសចរជាបន្តបន្ទាប់។
ប្រជាពលរដ្ឋ និងអ្នកបើកកាណូតដឹកភ្ញៀវទេសចរនៅបឹងទន្លេសាប ឃុំកំពង់ភ្លុក និងឃុំមានជ័យ ស្រុកប្រាសាទបាគង ប្រមាណជាង ១០០នាក់ កំពុងប្រមូលផ្ដុំគ្នាបិទកំណាត់ផ្លូវតវ៉ានៅត្រង់ចំណុចភូមិកំពង់ថ្កូវ ចំនួនពីរថ្ងៃជាប់គ្នាមកហើយ ចាប់តាំងពីថ្ងៃទី២៥ រហូតដល់ទី២៦ ខែកញ្ញា ដោយមិនឱ្យភ្ញៀវទេសចរបរទេស អាចចេញចូលទៅទស្សនាបានទេ។
ក្រុមប្រជាពលរដ្ឋ និងអ្នកបើកកាណូតដឹកភ្ញៀវទេសចរទាំងនោះ ទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប បញ្ឈប់កុំឱ្យក្រុមហ៊ុន ស៊ូ ជីង ទៅវិនិយោគនៅតំបន់ពួកគេតទៅទៀត ពីព្រោះគេចោទថា ក្រុមហ៊ុននេះកំពុងគាបសង្កត់សេដ្ឋកិច្ច និងចំណូលដែលបានពីទេសចរណ៍យ៉ាងខ្លាំង មិនឱ្យប្រជាពលរដ្ឋរស់នៅបានសមរម្យទេ។
បុរសម្នាក់ជាអ្នកភូមិត្នោតកំបុត នៃឃុំកំពង់ភ្លុក ក្នុងចំណោមប្រជាពលរដ្ឋតវ៉ាបិទផ្លូវជាច្រើនទៀត គឺលោក អ៊ុន សុផាត។ លោកមានប្រសាសន៍ថា ទាំងរូបលោក និងប្រជាពលរដ្ឋជាច្រើនទៀត ទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប និងរដ្ឋាភិបាល បញ្ឈប់ក្រុមហ៊ុន ស៊ូ ជីង កុំឱ្យចូលទៅវិនិយោគផ្នែកទេសចរណ៍នៅតំបន់ពួកគាត់ទៀត។ បុរសដដែលបញ្ជាក់ថា ក្រុមហ៊ុន ស៊ូ ជីង ទើបតែចូលទៅវិនិយោគ ដោយលក់សំបុត្រឱ្យភ្ញៀវទេសចរជិះទូកកាណូតទៅទស្សនាបឹងទន្លេសាប កំពង់ភ្លុក រយៈពេល ៣ខែ ក៏ប៉ុន្តែបានគាបសង្កត់ និងកេងប្រវ័ញ្ចជាច្រើនលើប្រជាពលរដ្ឋ ដែលជាអ្នករកកម្រៃពីទេសចរណ៍ដែរនោះ។
លោក អ៊ុន សុផាត៖ «ស៊ូ ជីង នេះមានឥទ្ធិពលណាស់ ខ្មែរចុះឡើងអី សុទ្ធតែលក់សំបុត្រ ហើយតម្លៃវាមានខ្ពស់ មានតម្លៃធម្មតា ដែលគេលក់។ ថ្ងៃម្សិលមិញ ខ្មែរក៏ដោយ ជនជាតិក៏ដោយ ឱ្យតែភ្ញៀវចាប់ពី ៥នាក់ ៦នាក់ ៧នាក់ចុះមក គេលក់ក្នុងទូកមួយថ្លៃសំបុត្រ ៤០ដុល្លារ ហើយក្នុង ៤០ដុល្លារ គឺម្ចាស់ទូកគ្នាបានតែ ១៧ដុល្លារទេ។ ណាថ្លៃប្រេង ហើយសួរថា ថ្លៃទូកដែលសល់ពី ១៧ដុលា្លរនោះ យកទៅណា? ហើយតើអ្នកណាបានច្រើនជាងអ្នកណា?»។
ស្ត្រីឈ្មោះ ភោគ ម៉ៅ គឺជាអ្នកភូមិគោកក្ដុល នៃឃុំកំពង់ភ្លុក ម្នាក់ទៀតមានប្រសាសន៍ថា រូបគាត់ដែលមានកាណូតដឹកភ្ញៀវទេសចរបរទេសទស្សនាបឹងទន្លេសាប គ្រាន់បានកម្រៃជួយជីវភាពប្រចាំថ្ងៃបន្តិចបន្តួច ក៏ប៉ុន្តែចាប់តាំងពីក្រុមហ៊ុន ស៊ូ ជីង ចូលទៅ គឺកេងយកកម្រៃពីការរកស៊ីនេះ ព្រមទាំងធ្វើឱ្យចំនួនអ្នកទេសចរមិនសូវសម្បូរទៅទស្សនាទៀតទេ។
ស្ត្រីដដែលបញ្ជាក់ថា ជាច្រើនឆ្នាំមកហើយមានក្រុមហ៊ុនកូរ៉េមួយឈ្មោះ ស៊ីផេក (Seapac) បានទៅវិនិយោគទេសចរណ៍នៅកំពង់ភ្លុក ដោយយកពន្ធពីភ្ញៀវទេសចរបរទេសម្នាក់តែ ១ដុល្លារអាមេរិក ក៏ប៉ុន្តែនៅពេលដែលក្រុមហ៊ុន ស៊ូ ជីង ចូលទៅ គឺយកពន្ធពីភ្ញៀវទេសចរបរទេសម្នាក់ដល់ទៅ ៣ដុល្លារ ហើយថែមទាំងកេងប្រវ័ញ្ចថ្លៃលក់សំបុត្រកាណូតដឹកអ្នកទេសចរទាំងនោះផង។ អ្នកស្រី ភោគ ម៉ៅ បញ្ជាក់ថា គាត់ក៏ដូចជាអ្នកភូមិជាច្រើនទៀត គឺទាមទារឱ្យក្រុមហ៊ុន ស៊ូ ជីង ដកចេញពីតំបន់ពួកគាត់។
អ្នកស្រី ភោគ ម៉ៅ៖ «ខ្ញុំសូមឱ្យបញ្ឈប់ ស៊ូ ជីង នេះចេញ! ព្រោះអីតាំងពីក្រុមហ៊ុន ស៊ូ ជីង នេះចូលមក ធ្វើឱ្យប្រជាជននេះចុះខ្សោយសេដ្ឋកិច្ចទាំងអស់ ទាំងអ្នកអុំទូក ទាំងអ្នកកាណូត។ ក្រុមហ៊ុនលក់សំបុត្រ ៦០ដុល្លារអ៊ីចេះ ឱ្យអ្នកកាណូត ២៥ដុល្លារ ជាន់កយកលុយ។ លក់សំបុត្រថ្លៃទៅភ្ញៀវ គេអត់មក ហ្គាយ (Guide) គេអត់នាំមក ហ្គាយ ស្អប់ក្រុមហ៊ុន ស៊ូ ជីង នេះទាំងអស់។ ហ្គាយ គេថាបើសិនជាបងឯងនៅតែក្រុមហ៊ុន ស៊ូ ជីង នេះកាន់កាប់ទៀត កាណូតរបស់បងរាល់គ្នា មុខតែពុកចោល»។
ការតវ៉ារបស់ប្រជាពលរដ្ឋ និងអ្នកបើកកាណូតនៅឃុំកំពង់ភ្លុក និងឃុំមានជ័យ កើតឡើងបន្ទាប់ពីក្រុមហ៊ុន ស៊ូ ជីង បានផ្អាកទូក និងកាណូតចំនួន ៤៤គ្រឿង មិនឱ្យដាក់វេនដឹកភ្ញៀវទៀតបាន ដោយសារទូក និងកាណូតទាំងនោះ បានដឹកភ្ញៀវខ្មែរទៅទស្សនាបឹងទន្លេសាប នៅរដូវភ្ជុំបិណ្ឌ មិនឆ្លងកាត់ការលក់សំបុត្រពីក្រុមហ៊ុន។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក វ៉ា ឈូដា នាយកក្រុមហ៊ុន ស៊ូ ជីង និងអ្នកគ្រប់គ្រងដទៃទៀត ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ពីប្រជាពលរដ្ឋបានថាយ៉ាងណានៅឡើយ ដោយសារតែទូរស័ព្ទទាំងអស់បានបិទ។
ចំណែកអាជ្ញាធររដ្ឋាភិបាល មិនទាន់ដោះស្រាយរឿងនោះឱ្យបានសមស្របតាមការទាមទាររបស់ប្រជាពលរដ្ឋទេ ថ្វីត្បិតតែអាជ្ញាធរព្យាយាមហៅតំណាងអ្នកភូមិឱ្យជួបប្រជុំជាច្រើនលើក ដោយចង់ឱ្យបើកផ្លូវបានធ្វើដំណើរជាធម្មតាវិញក៏ដោយ។
អភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត មានប្រសាសន៍ថា ចាប់តាំងតែពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា គឺមន្ត្រីខេត្តសៀមរាប សាលាស្រុកប្រាសាទបាគង និងអាជ្ញាធរឃុំកំពង់ភ្លុក កំពុងព្យាយាមដោះស្រាយរឿងនោះ៖ «ប្រហែលជារឿងហ្នឹងមានការភ័ន្តច្រឡំរៀងខ្លួន។ អ៊ីចឹងព្រឹកមិញហ្នឹង ក្រុមការងារដែលក្នុងនោះមានសាលាខេត្ត សាលាស្រុក ហើយនិងមេឃុំ ហើយតំណាងប្រជាពលរដ្ឋចូលរួមដែរព្រឹកមិញ។ គេបានដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន ស៊ូ ជីង ហ្នឹង បើសិនជាមានលក្ខណៈត្រូវគ្នាហើយ ប្រហែលជាប្រជាពលរដ្ឋគាត់ចាំមើលអាគោលការណ៍ ដែលមានការឯកភាពគ្នាហ្នឹង តើក្រុមហ៊ុនរៀបចំអនុវត្តតាមដែរឬក៏អត់?»។

ទោះយ៉ាងណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មួយរូបដែលឃ្លាំមើលសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ស៊ូ ជីង នោះ បានរិះគន់ថា ក្រុមហ៊ុននេះហាក់ដូចជាបិទបាំងកិច្ចសន្យា និងសៀវភៅបន្ទុកនៃការធ្វើអាជីវកម្មរបស់ខ្លួន ដើម្បីបានធ្វើអ្វីស្រេចតែចិត្ត។
សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក សុខ គឹមសេង មានប្រសាសន៍ថា ជាច្រើនខែមកហើយ លោកធ្លាប់ទាមទារឱ្យមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអាជ្ញាធរខេត្តសៀមរាប បង្ហាញសៀវភៅបន្ទុក និងកិច្ចសន្យារកស៊ីរបស់ក្រុមហ៊ុន ស៊ូ ជីង មកពិនិត្យ ថាតើមានការយកថ្លៃពីសេវាកម្មទេសចរណ៍តាមតម្លៃដែលរដ្ឋាភិបាលកំណត់ដែរឬទេ? ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ គ្មានមន្ត្រីណាហ៊ានបញ្ចេញឯកសារទាំងនោះឱ្យឃើញឡើយ។
លោក សុខ គឹមសេង៖ «ដោយសារតែកន្លងមក យើងឃើញថា ក្រុមហ៊ុន ស៊ូ ជីង ហ្នឹងគាត់រកស៊ីហាក់បីដូចជាធ្វើនំអត់ម្សៅអ៊ីចឹង ហើយគាត់ដូចជាមិនបានបម្រើផលប្រយោជន៍អីដុំកំភួន ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ហ្នឹងទេ។ ហើយយើងបានទាមទារឱ្យគាត់បង្ហាញកិច្ចសន្យារកស៊ីរវាងក្រុមហ៊ុន ស៊ូ ជីង ហើយនិងអាជ្ញាធរខេត្ត ក៏ដូចជារដ្ឋាភិបាល តើផ្ដល់ផលចំណេញអ្វីខ្លះដល់ប្រជាពលរដ្ឋ។ ក្នុងកិច្ចសន្យាហ្នឹងបាននិយាយស្អីខ្លះ ពាក់ព័ន្ធការអភិវឌ្ឍក្នុងតំបន់ហ្នឹង ឬក៏ផ្ដល់កម្រៃជូនប្រជាពលរដ្ឋ?»។
ក្រុមប្រជាពលរដ្ឋអះអាងថា ការជួបប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាប និងស្រុកប្រាសាទបាគង រយៈពេលពីរថ្ងៃមកហើយ គឺគេមិនទាន់ឃើញដោះស្រាយអ្វីក្រៅតែពីអាជ្ញាធរ សុំឱ្យអ្នកភូមិបើកផ្លូវជាធម្មតាវិញ បើពុំដូច្នោះទេ គឺអាជ្ញាធរនឹងប្រើកម្លាំងសមត្ថកិច្ច ដើម្បីចាប់ខ្លួនអ្នកណាដែលនៅតែតវ៉ាទាមទារឱ្យក្រុមហ៊ុន ស៊ូ ជីង ដកចេញពីតំបន់នោះ។
ប្រជាពលរដ្ឋជាច្រើនព្រមានតបវិញថា ប្រសិនបើអាជ្ញាធរខេត្តសៀមរាប មិនមានការដោះស្រាយបញ្ឈប់ក្រុមហ៊ុន ស៊ូ ជីង មិនឱ្យទៅរកស៊ីនៅតំបន់ពួកគេទេ គឺពួកគេនៅតែបន្តការបិទផ្លូវ ដោយសុខចិត្តឱ្យអាជ្ញាធរចាប់ខ្លួនពួកគេទាំងអស់ដាក់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។