ពលរដ្ឋ​នៅ​ឃុំ​ស្រែណូយ​ខេត្ត​សៀមរាប​បារម្ភ​ពី​អំពើ​ចោរកម្ម​លួច​ម៉ូតូ

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្លះ​នៅ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ចម្ងាយ ៧០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប កំពុង​ព្រួយ​បារម្ភ​ទៅ​លើ​អំពើ​ចោរកម្ម​លួច​ម៉ូតូ ដែល​កើត​មាន​បន្តបន្ទាប់​នៅ​តំបន់​ពួក​គេ ចាប់​តាំង​ពី​មុន​រហូត​មក​ដល់​រដូវ​ភ្ជុំ​បិណ្ឌ។

បញ្ហា​នេះ គេ​ទាមទារ​ឱ្យ​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន ត្រូវ​ពង្រឹង​ផែនការ​សន្តិសុខ​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ថែម​ទៀត ដើម្បី​ទប់ស្កាត់​ភាព​អសន្តិសុខ។

មន្ត្រី​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន កំពុង​ជំរុញ​ឱ្យ​អាជ្ញាធរ​ស្រុក និង​កម្លាំង​សន្តិសុខ បំបាត់​សកម្មភាព​ចោរ​លួច​ម៉ូតូ ដែល​កើត​មាន​រយៈពេល​ប្រមាណ​ពីរ​ខែ​មក​នេះ។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​វ៉ារិន ម្នាក់​ក្នុង​ចំណោម​ជាច្រើន​ទៀត គឺ​លោក តុន ឈួប។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កញ្ញា ថា អ្នក​ភូមិ​មួយ​ចំនួន​កំពុង​ព្រួយ​បារម្ភ ចំពោះ​ការ​បាត់​បង់​ទ្រព្យ​សម្បត្តិ នៅ​ពេល​ដែល​មាន​ក្រុម​ចោរ​លួច​យក​ម៉ូតូ​ជា​បន្តបន្ទាប់។

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ដដែល​បញ្ជាក់​ថា តាម​លោក​កត់​សម្គាល់ ចាប់​តាំង​ពី​អំឡុង​ខែ​សីហា រហូត​មក​ដល់​ខែ​កញ្ញា គឺ​មាន​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ចំនួន ៤​គ្រឿង​ហើយ ត្រូវ​ក្រុម​ចោរ​លួច​យក​ទៅ​បាត់៖ «បាត់​ម៉ូតូ​ច្រើន​តែ​នៅ​ឃុំ​ស្រែណូយ នេះ ចោរ​លួច​ម៉ូតូ​ញឹកញាប់​ណាស់ មើល​ទៅ។ ម្សិលមិញ​បាត់​អស់​១​គ្រឿង កាល​ពី​មុន​ភ្ជុំ​បាត់​នៅ​វត្ត ដែល​ឪពុក​វាយ​កូន​នោះ ១​គ្រឿង ហើយ​នៅ​ទីផ្សារ​ស្រែណូយ គិត​សរុប​ទៅ​ក្នុង​ខែ​៨-៩ នៅ​នឹង​ផ្សារ វា​ចូល ៣​គ្រឿង​ហើយ។ នៅ​នឹង​វត្ត​១​គ្រឿង​ទៀត​ចាប់​ពី​បោះ​បាយ​បិណ្ឌ​ភ្ជុំ​បិណ្ឌ​មក»

កាល​ពី​សប្ដាហ៍​មុន សិស្ស​សាលា​ស្រី​ម្នាក់​នៅ​ឃុំ​ស្រែណូយ បាន​បង្ខំ​ចិត្ត​ផឹក​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​វត្ត​ស្រែណូយ ត្រូវ​ចោរ​លួច​បាត់ លុះ​វិល​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ ត្រូវ​ឪពុក​ខឹង​សម្បា និង​វាយ​ដុំ​រាង​កាយ​ថែម​ទៀត​មក។

ទោះ​យ៉ាង​ណា ក្រុម​សមត្ថកិច្ច​អះអាង​ថា បញ្ហា​សន្តិសុខ​នៅ​ឃុំ​ស្រែណូយ ទាំង​មូល ហាក់​មិន​ទាន់​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ។

មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្រែណូយ លោក នី សាវុន ទទួល​ស្គាល់​ថា ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​២០១៤ នេះ គឺ​មាន​បាត់​ម៉ូតូ​ទើប​តែ ៣​ករណី​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា មេ​ប៉ុស្តិ៍​នគរបាល​ដដែល​បញ្ជាក់​ថា អំពើ​លួច​ម៉ូតូ​ប្រហែល​បណ្ដាល​មក​ពី​មាន​ជន​ចំណាក​ស្រុក​ពី​តំបន់​ផ្សេងៗ ចូល​ទៅ​ស្នាក់នៅ​ឃុំ​ស្រែណូយ កាន់​តែ​ច្រើន​ឡើងៗ។

ចំណែក​អធិការ​នគរបាល​ស្រុក​វ៉ារិន លោក ណុប សារ៉ាក់ មាន​ប្រសាសន៍​ថា កម្លាំង​ប៉ូលិស​របស់​លោក​កំពុង​ប្រឹងប្រែង​ការពារ​សន្តិសុខ​ឱ្យ​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ភាព​អសន្តិសុខ​នៅ​តែ​កើត​ឡើង​កន្លែង​ខ្លះ ពីព្រោះ​តែ​ប៉ូលិស​ប៉ុស្តិ៍​មាន​កម្លាំង​មិន​គ្រប់គ្រាន់៖ «កម្លាំង​ប៉ូលិស​យើង​តិចតួច​មែន ក្នុង​១​ប៉ុស្តិ៍​មាន​តែ ៧-៩​នាក់ អ៊ីចឹង​ភូមិសាស្ត្រ​នៅ​ស្រែណូយ វា​ធំ​ផង។ ចំពោះ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​យើង​បាន​ណែនាំ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​គាត់​បាន​ចូលរួម​កិច្ច​ការពារ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន។ ទី​២ ចូលរួម​រាយការណ៍​អំពី​អត្តសញ្ញាណ​ជន​សង្ស័យ ឬ​ក៏​ជន​ប្លែក​មុខ​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង។ ហើយ​ទី​៣ គឺ​យើង​សុំ​ឱ្យ​គាត់​ចូលរួម យប់​ឡើង​មាន​កម្លាំង​ប្រជា​ការពារ​ភូមិ»

ទីប្រជុំជន​ឃុំ​ស្រែណូយ បច្ចុប្បន្ន​កាន់​តែ​រីក​ធំ​ទៅៗ ដោយសារ​តែ​ស្ថិត​នៅ​ជាប់​ដង​ផ្លូវ​ជាតិ​ហៃវេយ៍ (High Way) ដ៏​សំខាន់ ចេញ​ពី​ព្រំដែន​ខ្មែរ​ថៃ នៃ​ច្រក​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ចូល​មក​ទីក្រុង​សៀមរាប និង​ភ្ជាប់​ទៅ​ខេត្ត​មួយ​ចំនួន​ទៀត ដូចជា ខេត្ត​កំពង់ធំ កំពង់ចាម និង​ទីក្រុង​ភ្នំពេញ ជាដើម។

ដោយសារ​ទីប្រជុំជន​ស្រែណូយ កាន់​តែ​មាន​មនុស្ស​ចូល​ទៅ​រស់នៅ​ច្រើន​ឡើងៗ អាជ្ញាធរ​ស្រុក​វ៉ារិន និង​អធិការ​នគរបាល មាន​គម្រោង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីផ្សារ​ឱ្យ​មាន​ចំណត​រថយន្ត ព្រម​ទាំង​រៀបចំ​ឱ្យ​មាន​កន្លែង​ផ្ញើ​ម៉ូតូ​ត្រឹមត្រូវ ដើម្បី​ការពារ​សកម្មភាព​ចោរ​លួច​ម៉ូតូ នៅ​ពេល​ដែល​ម្ចាស់​ចូល​ផ្សារ​ទិញ​ឥវ៉ាន់ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។