ក្រុមកម្មកររោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD.) ច្រើនរយនាក់ បរាជ័យក្នុងការហែញត្តិ យកទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ កក្កដា ដោយសារ សមត្ថកិច្ចដើរតាមបិទផ្លូវ និងរារាំងក្រុមកម្មករ មិនឲ្យបន្តដំណើរទៅមុខ។
តំណាងកម្មករម្នាក់ គឺលោកស្រី អ៊ុង ចាន់ធឿន ប្រាប់ថា ក្រុមកម្មករជាង ២០០នាក់ បានជួបជុំគ្នា ដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងការងារ បន្ទាប់មកក្រុមកម្មករយកញត្តិមួយទៀត ទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដោយដើរថ្មើរជើង។
លោកស្រីប្រាប់ថា នៅតាមផ្លូវ ក្រុមកម្មករដើរយ៉ាងមានរបៀប និងមិនបានបង្កការកកស្ទះចរាចរណ៍ទេ តែអាជ្ញាធរបានដើរតាម និងបង្អើលឲ្យកម្មករភ័យ ហើយរារាំងកម្មករច្រើនលើកច្រើនសារ ដោយទប់ស្កាត់ជាប់ នៅចំណុចរង្វង់មូលក្ដាន់ពីរ ម្ដុំទីស្ដីការគណៈរដ្ឋមន្ត្រី។ លោកស្រីបន្តថា អាជ្ញាធរភ្នំពេញបានណែនាំឲ្យកម្មករដើរត្រឡប់ទៅក្រសួងការងារវិញ និងសន្យាមកដោះស្រាយជូនកម្មករ នៅម៉ោងជាង ៣រសៀល ទើបក្រុមកម្មករយល់ព្រមដើរត្រឡប់ក្រោយ៖ « សម្រាប់ខ្ញុំ គឺបន្ថែមសុំឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយហើយ ដូចជា ក្រសួងការងារហ្នឹងជួយពន្លឿនរឿងខ្ញុំហ្នឹង ព្រោះអ្វី ពួកខ្ញុំហ្នឹងនៅពេលដែលបិទទ្វារ ( រោងចក្រ ) ហើយវ័យចាស់អ៊ីចឹង ខ្ញុំរកការងារអត់បានទេ។ អ៊ីចឹងសុំឲ្យគាត់ហ្នឹង ក្រឡេកមកមើលថា ពួកខ្ញុំហ្នឹងកំពុងតែវេទនា ទាំងកូវីដផង ការហូបចុក ការងារអត់មានធ្វើ ហើយការជូនដំណឹងក៏អត់បានត្រឹមត្រូវ។ អ៊ីចឹង សុំឲ្យក្រសួងការងារ និងសម្ដេច ជាពិសេសសម្ដេច គឺការដែលបិទទ្វារមិនត្រឹមត្រូវ គឺត្រូវតែសងសំណងត្រឹមត្រូវឲ្យឲ្យពួកខ្ញុំតាមផ្លូវច្បាប់ » ។
ក្នុងញត្តិរបស់ក្រុមកម្មករ ដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង នៅថ្ងៃទី២៣ កក្កដា ក្រុមកម្មករ បានស្នើសុំឲ្យរដ្ឋមន្ត្រីរូបនេះ លុបចោលលិខិតរបស់ប្រធាននាយកដ្ឋានអធិការកិច្ចការងារ លោក អ៊ុក ចាន់ធូរ កាលពីថ្ងៃទី២៩ មិថុនា ដែលបើកផ្លូវឲ្យថៅកែបិទរោងចក្រដោយមិនបាច់ទូទាត់លុយសោហ៊ុយជំងឺចិត្ត និងលុយជូនដំណឹងឲ្យកម្មករ។ កម្មករសុំឱ្យក្រសួងអន្តរាគមន៍ទៅថៅកែរោងចក្រទូទាត់លុយឲ្យកម្មករឲ្យបានត្រឹមត្រូវតាមច្បាប់ការងារ ហើយត្រូវទូទាត់លុយចំនួន ៥ថ្ងៃ ដែលកម្មករមកធ្វើការ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ កាលពីពាក់កណ្ដាលខែមេសា និងអត្ថប្រយោជន៍សម្រាប់ស្ត្រី មានផ្ទៃពោះជាដើម។
ជុំវិញករណីនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានដោះស្រាយវិវាទបាតុកម្ម កូដកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ទេស រុក្ខាផល បានទេ នៅថ្ងៃទី២៣ កក្កដា ដោយសារលោកមិនទទួលទូរស័ព្ទ។
រោងចក្រវ៉ាយអូលែត មានទីតាំងស្ថិតនៅភូមិត្រពាំង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ រោងចក្រនេះ មានកម្មករសរុបជាង ១.៣០០នាក់ មានថៅកែជាជនជាតិចិន និងកាត់ដេរសំលៀកបំពាក់ឱ្យយីយោម៉ាក់ Nike, Matalan, Carther និង C&A។ ថៅកែរោងចក្រនេះ បានព្យួរការងារកម្មករទាំងអស់ ចំនួន ២ខែ គឺខែឧសភា និងខែមិថុនា។ ក្រោយមក នៅថ្ងៃទី១ កក្កដា ដល់ថ្ងៃកំណត់កម្មករចូលធ្វើការងារវិញ ស្រាប់តែថៅកែប្រកាសថា រោងចក្រក្ស័យធន និងមិនព្រមទូទាត់ប្រាក់អតីតភាពតាមច្បាប់ការងារឲ្យកម្មករ ទើបកម្មករផ្ទុះការតវ៉ា មកដល់ពេលនេះ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលចូលរួមហែញត្តិជាមួយក្រុមកម្មករ ថ្លែងថា មន្ត្រីក្រសួងការងារ គួរតែដោះស្រាយវិវាទការងារនេះ ឲ្យមានដំណោះស្រាយត្រឹមត្រូវតាមច្បាប់ការងារ ទើបកម្មករទទួលយកបាន៖ « ឃើញថា ខាងក្រសួងការងារ មិនបានឲ្យតម្លៃកម្មករអ្វីទាំងអស់។ គ្រាន់តែទទួលញត្តិរបស់ពួកគាត់ ហើយអត់បានជជែកចរចា ឬមួយសន្យាថា ថ្ងៃណាត្រូវជួបចរចាគ្នា គឺអត់បានទេ គ្រាន់តែវាយត្រាចូល ឲ្យពួកគាត់ចេញមកវិញ។ មើលស្រាលណាស់ ទង្វើរបស់ក្រសួងការងារធ្វើបែបហ្នឹង មើលស្រាលកម្មករមែនទែន » ។
គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៣ កក្កដា ការចរចារកដំណោះស្រាយ រវាងតំណាងកម្មករជាមួយអាជ្ញាធរនៅក្រសួងការងារ មិនទាន់បិទបញ្ចប់ទេ។ ក្រុមកម្មករ ដែលតវ៉ានៅខាងមុខក្រសួងការងារ ប្រាប់ថា បើគ្មានដំណោះស្រាយតាមច្បាប់ការងារទេ ពួកគេនឹងបន្តការតវ៉ាទៀត៕





កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។