ក្រុមអ្នកតវ៉ាទាំងនោះរួមមានប្រជាពលរដ្ឋដែលគេបានបណ្ដេញចេញ ក្រុមកម្មករទាមទាដំឡើងប្រាក់ខែ ក្រុមប្រជាពលរដ្ឋដែលរស់នៅក្រោមបន្ទាប់ក្រីក្រជាដើម។ ស្ថាប័នសង្គមស៊ីវិលនៅកម្ពុជា បានព្រួយបារម្ភអំពីបញ្ហាទាំងអស់នេះ ថានឹងធ្វើឲ្យប្រទេសកម្ពុជា អាចមានអស្ថិរភាពនៅពេលអនាគត។
អង្គការក្រៅរដ្ឋាភិបាលបានព្យាករពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា មានភាពប្រសើរនៅរយៈ ១០ឆ្នាំចុងក្រោយ។ ស្របពេលជាមួយកំណើននេះ មានបញ្ហាមួយចំនួនក៏បានកើតឡើង ដែលរដ្ឋាភិបាលមិនត្រូវមើលរំលងឡើយ។ បញ្ហាទាំងនោះរួមមាន អ្នករងគ្រោះពីការបណ្ដេញចេញ ភាពគ្មានការងារធ្វើ និងក្រុមអ្នកក្រីក្រដែលមិនអាចទទួលបានពីការបែងចែកផលកំណើនសេដ្ឋកិច្ចជាដើម។
ប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចលោក ស្រី ចន្ធី មានប្រសាសន៍ថា ការបែងចែងផលកំណើនពីការអភិវឌ្ឍសេដ្ឋកិច្ចមិនស្មើភាពគ្នា ជាពិសេសអ្នកធ្វើការងារកសិកម្មនិងកម្មករ ដែលក្រុមនេះតែងតែមានការតវ៉ាដើម្បីតម្លៃប្រាក់ខែរស់នៅសមរម្យនាពេលបច្ចុប្បន្ន។លោកបញ្ជាក់ថា ស្របពេលដែលកម្ពុជា មានកំណើនសេដ្ឋកិច្ច ប៉ុន្តែតម្លៃទំនិញប្រើប្រាស់ក៏បានកើនឡើង ហើយជះឥទ្ធិពលដោយផ្ទាល់ដល់អ្នកមានចំណូលទាប។
លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមថា ការបន្តកើតមានបញ្ហានេះដោយគ្មានដំណោះស្រាយ នឹងធ្វើឲ្យសង្គមកម្ពុជា រង្គោះរង្គើ។
បន្ថែមលើនេះ ក្រុមសង្គមស៊ីវិលបានរកឃើញថា ប្រទេសកម្ពុជា នឹងមានភាពចលាចលនៅក្នុងសង្គម ព្រោះរដ្ឋាភិបាលមិនបានដោះស្រាយក្រុមអ្នករងគ្រោះទាំងនោះប្រកបដោយយុត្តិធម៌ឡើយ ជាក់ស្ដែងការដោះស្រាយលើទំនាស់ដីធ្លីជាដើម។ អំពើអយុត្តិធម៌នេះអាចកើតឡើយដោយសារបញ្ហានោះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលរវាងប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលបានប្រើវិធីសាស្ត្របំភិតបំភ័យដល់ប្រជាពលរដ្ឋចំពោះភាពគ្មានដំណោះស្រាយនៃបញ្ហាដែលកើតឡើងក្នុងសង្គម។
បទពិសោធន៍របស់ពិភពលោកបានបង្ហាញថា ការកាន់អំណាចយូរនឹងធ្វើឲ្យមានបញ្ហាច្រើនដែលមិនអាចដោះស្រាយបាន។ និន្នាការនេះនឹងក្លាយជាកម្លាំងរុញឲ្យមានអស្ថិរភាពនៅសង្គមកម្ពុជា។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវត្រៀមខ្លួនលើការទប់ស្កាត់បញ្ហាដែលកើតក្នុងសង្គម ដោយបទពិសោធន៍ពិភពលោកបានបង្ហាញយ៉ាងស្ដែងថា ប្រទេសមួយដែលមានអំពើអយុត្តិធម៌ច្រើននឹងបង្កបញ្ហាអសន្តិសុខ សង្គ្រាម និងភាពចលាចលក្នុងប្រទេស។
លោក ព្រាប កុល មានប្រសាសន៍បន្ថែមថា ការដោះស្រាយតាមប្រព័ន្ធតុលាការ ឬអាជ្ញាធរដែលមិនអាចទទួលយកបាន នឹងធ្វើឲ្យប្រជាពលរដ្ឋតវ៉ា។ ទោះបីជាមានការបង្ក្រាបក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋជាអ្នករងគ្រោះទាំងនោះមិនខ្លាចដែរ។ លោកបានសង្កេតឃើញទៀតថា ដំណើរនៃការអភិវឌ្ឍនៅកម្ពុជា ហាក់ដូចជាកើតមានតាមការបញ្ជារបស់មនុស្សមួយក្រុមដែលជាអ្នកកំណត់ថា ត្រូវឲ្យមានការរីកចម្រើនយឺតៗ ជាជាងឲ្យមានការរីកចម្រើនដោយរលូននោះ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសដែលរសើបជាងគេនៅក្នុងតំបន់ដែលអាចកើតមានអស្ថិរភាពនៅក្នុងសង្គម។ ភាពរសើបជាងគេនោះ ដោយសារតែការដឹកនាំរបស់រដ្ឋាភិបាលកើតចេញពីការដឹកនាំរបស់បុគ្គលខ្លាំងជាងគណបក្ស ការមិនទុកចិត្តលើប្រព័ន្ធតុលាការ និងកម្លាំងប្រដាប់អាវុធមិនឯករាជ្យជាដើម។ បន្ថែមលើនេះ ការទទួលបានមិនស្មើគ្នាពីការអភិវឌ្ឍសេដ្ឋកិច្ច ក៏ជាមូលដ្ឋានបង្កអស្ថិរភាពនៅក្នុងសង្គមដែរ។
លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមថា សកម្មភាពតវ៉ាមានកាន់តែច្រើនជាងមុន ជាពិសេសពីសំណាក់យុវជនដែលមិនទាន់រងឥទ្ធិពលពីជំងឺបាក់ស្បាត។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈប្រចាំឆ្នាំ២០១៣ បានបង្ហាញថា ប្រទេសកម្ពុជា អាចប្រឈមនឹងអស្ថិរភាពនៅពេលអនាគត ដោយសារតែមិនបានពង្រឹងស្ថាប័នប្រជាធិបតេយ្យ និងការបែងចែកផលកំណើនសេដ្ឋកិច្ចមិនស្មើភាពគ្នា។ របាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យមានអស្ថិរភាព រួមមាន ការចាប់យកដីធ្លីដោយហិង្សា អំពើពុករលួយ និងការបង្ក្រាបលើសកម្មជនជាដើម។
បញ្ហាដដែលដែលមិនមានដំណោះស្រាយសមរម្យសម្រាប់ប្រជាពលរដ្ឋ ជាពិសេសទំនាស់ដីធ្លីនឹងបណ្ដាលឲ្យប្រជាពលរដ្ឋមានកំហឹង។ និន្នាការនេះ នឹងបង្កឲ្យមានអស្ថិរភាពនៅក្នុងសង្គម។ បន្ថែមលើនេះ ចំនួនយុវជនបានសំដែងការមិនពេញចំពោះការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេសលើបញ្ហាបង្កើតការងារ។ ការតវ៉ារបស់ប្រជាពលរដ្ឋហាក់ដូចជាមិនខ្លាចចំពោះការបង្ក្រាបរបស់កងកម្លាំងប្រដាប់អាវុធឡើយ។ ភាពមិនភ័យខ្លាចនេះ នឹងជំរុញឲ្យប្រទេសកម្ពុជា មានអស្ថិរភាពនៅក្នុងសង្គម ដែលស្ថាប័នស្រាវជ្រាវគោលនយោបាយអន្តរជាតិបានព្រមាននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។