មូលហេតុ​ព្រះសង្ឃ​និមន្ត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស

សមណ​សិស្ស​សមណ​និស្សិត (សិស្ស​និស្សិត​ជា​ព្រះសង្ឃ) ដែល​បាន​និមន្ត​ចេញ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ មាន​ថេរដីកា​បង្ហាញ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​សិក្សា​នៅ​ស្រុក​គេ។

0:00 / 0:00

មូលហេតុ​ទាំង​នោះ គឺ​ដោយ​សារ​ស្រុក​ខ្មែរ សមណសិស្ស សមណនិស្សិត ជួប​ផល​វិបាក​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​រឿង​ចង្ហាន់​វន​ជន​ប្រចាំ​ថ្ងៃ និង​ខ្វះ​ខាត​ក្បួន​ច្បាប់ ទាក់ទង​នឹង​វិស័យ​សាសនា ដូច្នេះ​សមណ​សិស្ស សមណ​និស្សិត បង្ខំ​ចិត្ត​ចាកចេញ​ពី​ស្រុក​ទេស​ទៅ​ស្វែង​រក​ចំណេះ​ផ្នែក​នេះ​នៅ​ស្រុក​គេ។

សមណ​សិស្ស​សមណ​និស្សិត និង​សិស្ស​និស្សិត​ខ្មែរ​មួយ​ចំនួន​នា​ប្រទេស​ថៃ ដែល​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី ឲ្យ​ដឹង​ថា ការ​ផ្គត់​ផ្គង់​ចង្ហាន់​នៃ​ប្រជាពលរដ្ឋ​ថៃ ចំពោះ​សមណ​សិស្ស សមណ​និស្សិត​ដែល​បាន​និមន្ត​មក​ពី​ប្រទេស​ផ្សេងៗ​សិក្សា​នា​ប្រទេស​មួយ​នេះ ហាក់​មិន​រើស​អើង​ឡើយ។ ចំណែក​ព្រះ​សង្ឃ​ខ្មែរ​ហាក់​ទទួល​ការ​រើសអើង​ខ្លះៗ​ពី​សំណាក់​ពលរដ្ឋ​ថៃ ខណៈ​ពេល​ជម្លោះ​នៃ​ប្រាសាទ​ព្រះវិហារ​កើត​ឡើង។

សមណ​និស្សិត​ថ្នាក់​អនុបណ្ឌិត​នៃ​សាកលវិទ្យាល័យ​ធម្មសាស្ត្រ​នៃ​ប្រទេស​ថៃ មាន​ស្រុក​កំណើត​នា​ខេត្ត​ប៉ៃលិន ដែល​បាន​សាង​ព្រះផ្នួស​តាំង​ពី​ព្រះជន្ម ១៣​វស្សា លុះ​ដល់​បច្ចុប្បន្ន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះតេជព្រះគុណ ហឿន គឿន មាន​ថេរដីកា​ថា ព្រះសង្ឃ​ខ្មែរ​ដែល​ចូល​សិក្សា​នា​ប្រទេស​ថៃ មាន​ស្រប​ច្បាប់​ក៏​មាន មិន​ស្រប​ច្បាប់​ក៏​មាន។

ព្រះតេជព្រះគុណ​មាន​ថេរដីកា​បន្ថែម​ទៀត​ថា ហេតុផល​ដែល​នាំ​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ពេញ​និយម​និមន្ត​ចូល​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​នោះ ដោយសារ​ភាព​សម្បូរ​បែប​នៃ​ចង្ហាន់ និង​ក្បួន​ច្បាប់​នៃ​ការ​សិក្សា។

ប្រហាក់ប្រហែល​គ្នា​នេះ ព្រះតេជព្រះគុណ ឈន ដូង គង់​នៅ​វត្ត​ព្រៃឫស្សី សង្កាត់​ជ្រៃធំ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ព្រះតេជព្រះគុណ​មាន​ថេរដីកា​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ថា ការ​សិក្សា​ព្រះពុទ្ធ​វចនៈ​ឲ្យ​ស៊ី​ជម្រៅ អ្នក​សិក្សា​មិន​ពឹង​ផ្អែក​លើ​ព្រះ​ត្រៃបិដក (គម្ពីរ​មូលដ្ឋាន​នៃ​ព្រះ​ត្រៃបិដក) តែ​ម្យ៉ាង​នោះ​ទេ គឺ​ចាំបាច់​អ្នក​សិក្សា​ត្រូវ​ពឹង​ផ្អែក​គម្ពីរ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធ​សាសនា។ គម្ពីរ​ទាំង​នោះ​រួម​មាន ព្រះ​​អដ្ឋកថា (គម្ពីរ​ដែល​សាវក​ព្រះពុទ្ធ​ជា​ម្ចាស់​តាក់តែង​ឡើង​ដើម្បី​ពន្យល់​វចនៈ ឬ​ពាក្យ​នៃ​ព្រះពុទ្ធ ដែល​មាន​ន័យ​ពិបាកៗ​ក្នុង​បំណង​ឲ្យ​អ្នក​សិក្សា​ជំនាន់​ក្រោយ​ងាយ​យល់)។ គម្ពីរ​ដីកា (គម្ពីរ​ពន្យល់​អត្ថន័យ​ជ្រៅៗ​ក្នុង​អដ្ឋកថា) និង អនុ​ដីកា (ការ​ពន្យល់​ពាក្យ​ពិបាកៗ​នៃ​ពាក្យ​ក្នុង​គម្ពីរ​ដីកា)។

ព្រះតេជគុណ ឈន ដូង មាន​ថេរដីកា​ទៀត​ថា ស្រុក​ខ្មែរ​យើង​ទើប​បាន​គម្ពីរ​មួយ​ចំនួន រួម​មាន​ព្រះ​ត្រៃបិដក ភាសា​បាលី ភាសា​ខ្មែរ ចំនួន ១១០​ក្បាល។ ចំណែក​ក្បួន​ច្បាប់​មួយ​ចំនួន មាន​ដូច​ជា អដ្ឋកថា​ដីកា និង​អនុ​ដីកា​នៅ​មាន​កំណត់។ ព្រះតេជព្រះគុណ​មាន​ថេរដីកា​បញ្ជាក់​ថា គម្ពីរ​អដ្ឋកថា គឺ​ប្រទេស​កម្ពុជា ទើប​ប្រែ​ពី​ភាសា​ថៃ មក​ជា​ភាសា​ខ្មែរ​បាន​ចំនួន​តិច​តូច។

ទាក់ទង​នឹង​ក្បួន​ច្បាប់​សម្រាប់​សិក្សា​នេះ ព្រះតេជគុណ ឈន ដូង មាន​ថេរដីកា​ទៀត​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា តែ​ក្បួន​ច្បាប់​សម្រាប់​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​នេះ​នៅ​មិន​ទាន់​ឆ្លើយ​នឹង​តម្រូវ​ការ​របស់​ព្រះសង្ឃ​ឡើយ។ ដោយ​ឡែក​នៅ​ប្រទេស​អង់គ្លេស ដែល​ពលរដ្ឋ​គេ ភាគ​តិច​កាន់​ព្រះពុទ្ធ​សាសនា តែ​ប្រទេស​នេះ​បាន​បកប្រែ​គម្ពីរ​ដីកា​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​ភាសា​បាលី ទៅ​ជា​ភាសា​របស់​ខ្លួន​ឥត​មាន​ចន្លោះ។

ស្រប​នឹង​ការ​បក​ប្រែ​គម្ពីរ​ដីកា​នៃ​ព្រះពុទ្ធ​សាសនា​នេះ ព្រះតេជព្រះគុណ​មាន​ថេរដីកា​បន្ថែម​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ព្រះតេជព្រះគុណ ប្រទេស​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ហើយ​បាន​បក​ប្រែ​គម្ពីរ​ដីកា​គ្រប់​គ្រាន់ រួម​មាន​ប្រទេស​ថៃ ប្រទេស​ភូមា និង​ប្រទេស​ស្រីលង្កា។

ទោះ​យ៉ាង​ណា ព្រះ​អគ្គាធិការ​រង​នៃ​ពុទ្ធិកសិក្សា​នៃ​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ ព្រះតេជព្រះគុណ​មាន​ថេរដីកា​ថា សព្វ​ថ្ងៃ​ក្រសួង​ធម្មការ និង​សាសនា បាន​បង្កើត​នាយកដ្ឋាន​រៀបចំ​សិក្សា​ស្រាវជ្រាវ​ធ្វើ​កិច្ចការ​មួយ​ចំនួន ទាក់ទង​ការ​បក​ប្រែ​គម្ពីរ​ដីកា​ដែល​ខ្វះខាត​ឲ្យ​ពេញ​បរិបូរ​ឲ្យ​ដូច​ប្រទេស​កាន់​ព្រះ​ពុទ្ធ​ផ្សេង​ទៀត។

ជាមួយ​គ្នា​នេះ ព្រះតេជព្រះគុណ​មាន​ថេរដីកា​ទៀត​ថា បច្ចុប្បន្ន​វត្ត​អារាម​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ៤​ពាន់​វត្ត និង​ព្រះសង្ឃ​ប្រមាណ ៥​ម៉ឺន​អង្គ។ ប៉ុន្តែ​ព្រះតេជព្រះគុណ​មាន​ថេរដីកា​ថា ព្រះតេជព្រះគុណ​មិន​អាច​បញ្ជាក់​ពី​ចំនួន​សមណ​សិស្ស សមណ​និស្សិត ដែល​និមន្ត​ចេញ​ទៅ​បរទេស​ចំនួន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ព្រះតេជព្រះគុណ​អាច​បញ្ជាក់​ចំនួន​ប្រទេស​ដែល​ព្រះ​សមណ​សិស្ស សមណ​និស្សិត​ខ្មែរ​ចេញ​ទៅ​ប្រទេស​នោះៗ បាន​មាន​ដូច​ជា​ប្រទេស​ថៃ ប្រទេស​ភូមា ប្រទេស​ស្រីលង្កា ប្រទេស​ឥណ្ឌា ប្រទេស​កូរ៉េ​ខាង​ត្បូង និង​តៃវ៉ាន់។

តាម​ឯកសារ​មួយ​មាន​ចំណង​ជើង​ថា "មហា​បុរស​ក្នុង​ព្រះពុទ្ធ​សាសនា​កម្ពុជា" នា​សម័យ​សង្គម​រាស្ត្រ​និយម និង​មុន​ហ្នឹង​បន្តិច សរសេរ​រៀបរាប់​ពី​អ្នក​ចេះ​ដឹង​ល្បីៗ​ក្នុង​សង្គម​ខ្មែរ​នៅ​សម័យ​សង្គម​រាស្ត្រ​និយម​នោះ។ អ្នក​ចេះ​ដឹង​ល្បីៗ​នៅ​សម័យ​នោះ ភាគ​ច្រើន​ជា​កូន​អ្នក​ស្រែ​ចម្ការ​ដែល​មាន​ជីវភាព​ក្រីក្រ។ ឧទាហរណ៍​សម្ដេច​ព្រះ​សុមេធា​ធិបតី សម្ដេច​ព្រះ​សង្ឃរាជ​គណៈ​មហានិកាយ​សម្ដេច ជួន ណាត ព្រះអង្គ​ជា​អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ។ ព្រះអង្គ​មាន​ស្រុក​កំណើត​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

ឯកសារ​ដដែល​សរសេរ​ទៀត​ថា សម្ដេច​អង្គ​នេះ​ទ្រង់​មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​ជា​ច្រើន រួម​មាន​ភាសា​ថៃ ភាសា​ឡាវ ភាសា​វៀតណាម ភាសា​ភូមា ភាសា​បាលី ភាសា​សំស្ក្រឹត ភាសា​បាលី ភាសា​អង់គ្លេស ភាសា​បារាំង ជាដើម។

ឯកសារ​ដដែល​នេះ​សរសេរ​ពី​អ្នក​ចេះ​ដឹង​ក្នុង​ព្រះពុទ្ធ​សាសនា រួម​មាន​សម្ដេច ហួត តាត មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង ព្រះតេជព្រះគុណ​អង្គ​នេះ​មាន​ជំនាញ​ខាង​ភាសា​សំស្ក្រឹត ព្រះតេជព្រះគុណ សេក នាង មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ព្រះតេជព្រះគុណ​អង្គ​នេះ​មាន​ជំនាញ​ខាង​ភាសា​បាលី​ជាដើម។

ទាក់ទង​នឹង​ធនធាន​មនុស្ស​នេះ អ្នក​ប្រាជ្ញ​អក្សរ​សាស្ត្រ​ខ្មែរ សម្ដេច​ព្រះ​សុមេធា​ធិបតី ជួន ណាត បាន​សោយ​ទិវង្គត កាល​ពី​ឆ្នាំ​១៩៦៩ មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មាន​អ្នក​ចេះ​ដឹង​កម្រិត​សម្ដេច​ព្រះ​សុមេធា​ធិបតី​នេះ​នៅ​ក្នុង​សង្គម​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។