ភរិយាបណ្ឌិត កែម ឡី រួមទាំង សហព័ន្ធ និងសមាគមខ្មែរនៅអូស្ត្រាលីនៅតែព្យាយាមរៀបចំប្រារព្ធខួប ៤ឆ្នាំនៃការបាញ់សម្លាប់ បណ្ឌិត កែម ឡី នៅប្រទេសអូស្ត្រាលី បើទោះរដ្ឋាភិបាលប្រទេសនេះ ចេញច្បាប់រឹតត្បិតក្នុងការជួបជុំធ្វើពិធីអ្វីមួយមិនឱ្យមានមនុស្សលើសពី ២០នាក់ ខណៈជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅឡើយ។ ភរិយាបណ្ឌិត កែម ឡី និងសហគមន៍ខ្មែរនៅអូស្ត្រាលីកំណត់យកថ្ងៃសៅរ៍ទី១១ ខែកក្កដាខាងមុខសម្រាប់ធ្វើពិធីបុណ្យខួបគម្រប់ ៤ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី។
តាមគម្រោងពិធីនេះនឹងធ្វើនៅវត្ត ពុទ្ធរង្សីម៉ែលប៊ន (Wat Buddharangsi Melboune) ហៅវត្តធំ ដែលចាប់ផ្ដើមពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ១២កន្លះ ដោយមានពិធីរាប់បាត្រ និងដារបង្សុកូលដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី។ ក្រៅពី ពិធីសាសនាក៏មានការថ្លែងសន្ទរកថារបស់ភ្ញៀវកិត្តិយស និងការថ្លែងអំណរគុណរបស់លោកស្រី ប៊ូ រចនា ភរិយា បណ្ឌិត កែម ឡី ផងដែរ ។
លោកស្រី ប៊ូ រចនា សរសេរលើហ្វេសប៊ុកថា ដោយបញ្ហាជំងឺកូវីដ-១៩ និងមិនអនុញ្ញាតឱ្យមានការជួបជុំគ្នា ដើម្បីការពារសុវត្ថិភាពផងនោះ ដូច្នេះការរៀបចំបុណ្យខួបឆ្នាំនេះមិនបានធ្វើធំដុំដូចរាល់ឆ្នាំឡើយ។
អ្នករៀបចំពិធីបុណ្យលោកស្រី ម៉ាលី ណា ឱ្យអាស៊ីសេរីដឹងថា ដើម្បីការពារសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ពិធីបុណ្យនេះតម្រូវឲ្យអ្នកចូលរួមអាចចូលក្នុងវត្តដើម្បីធ្វើពិធីម្ដង ២០នាក់ ហើយត្រូវឈរឃ្លាតពីគ្នាចម្ងាយមួយម៉ែត្រកន្លះ។ លោកស្រីឱ្យដឹងទៀតថា បុណ្យឆ្នាំនេះគ្មានការពិសាអាហារជុំគ្នាក្នុងវត្តដូចឆ្នាំមុនៗ នោះទេ ប៉ុន្តែចំពោះព្រះសង្ឃ គឺមានការនិមន្តឆាន់ដូចធម្មតា៖ «ម្ភៃនាក់ខាងក្នុងពេលអ្នកខាងក្នុងចេញទើបអ្នកខាងក្រៅចូលបាន ដើម្បីអាចការពារសុវត្ថិភាពទាំងអស់គ្នា ហើយអ្នកចូលរួមសូមមេត្តាជួយបានន័យការធ្វើបុណ្យអាចធ្វើទៅបានហើយធ្វើដោយគោរពច្បាប់ទាំងអស់គ្នា»។
អ្នករៀបចំពិធីនេះម្នាក់ទៀត ដែលអតីតសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរ ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ឱ្យដឹងថា សហព័ន្ធ និងសមាគមខ្មែរនៅអូស្ត្រាលីកំពុងរកវិធីសាស្ត្រយ៉ាងណា ដើម្បីអាចឲ្យភ្ញៀវចូលរួមបានច្រើននិងមិនខុសច្បាប់របស់អូស្ត្រាលីដែលដាក់កំណត់ឱ្យមានជួបជុំមិនលើសពី ២០នាក់។ លោកបន្តថា ទោះឆ្នាំនេះភ្ញៀវអន្តរជាតិដែលជាសមាជិកសភាអូស្ត្រាលីពិបាកក្នុងការធ្វើដំណើរ ឬមិនបានចូលរួមដោយផ្ទាល់ក្ដី ក៏នឹងមានការភ្ជាប់វីដេអូតាមប្រព័ន្ធអ៊ីនធើណិត ដែលអាចឱ្យអ្នកទាំងនោះថ្លែងសារពីចម្ងាយបាន។ លោកឱ្យដឹងទៀតថា ក្រុមលោកកំពុងទាក់ទងនិងខ្មែរក្នុងស្រុក និងខ្មែរនៅប្រទេសផ្សេងៗ ដើម្បីធ្វើពិធីនេះ៖ «ខ្ញុំជឿថា ភ្ញៀវមួយចំនួន ដែលគេមិនអាចមកបាន ពិសេសអ្នកមុខអ្នកការ និងតំណាង ប៉ុន្តែគេអាចធ្វើសេចក្ដីថ្លែងការណ៍តាមហ្ស៊ូម ឬក៏តាមស្កែប ហើយយើងចាក់ផ្សាយទៅ » ។
បណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញ ស្តារម៉ាត (Star Mart) នៃស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រយៈពេលបួនឆ្នាំមកនេះ អាជ្ញាធរ ឬតុលាការនៃរបបក្រុងភ្នំពេញរកឃើញតែមនុស្សម្នាក់គត់ គឺឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ក្នុងរឿងឃាតកម្មដ៏កក្រើកមួយនេះ។ ទោះជាយ៉ាងណា មហាជនទូទៅសង្ស័យថា ជួប សម្លាប់ គ្រាន់តែជាឃាតកសិប្បនិម្មិត ឬមិនអាចតែជាមនុស្សម្នាក់គត់ក្នុងការរៀបចំផែនការបាញ់សម្លាប់លោក កែម ឡី នោះទេ។
ភរិយាលោក កែម ឡី លោកស្រី ប៊ូ រចនា និយាយថា ចាប់តាំងពីប្តីលោកស្រីត្រូវឃាតកបាញ់សម្លាប់រហូតមកដល់ពេលនេះ លោកស្រីគ្មានសង្ឃឹមថា តុលាការក្រុងភ្នំពេញនឹងអាចរកឃាតកពិតឃើញបានទេ។ លោកស្រី នៅតែចោទប្រកាន់ថា ឃាតកម្មលើប្តីលោកស្រី គឺជាការរៀបចំគម្រោងទុកជាមុនរបស់របបក្រុងភ្នំពេញ ដូច្នេះបើប្រទេសកម្ពុជាមិនទាន់ផ្លាស់ប្ដូរមេដឹកនាំសព្វថ្ងៃនេះទេ លោកស្រីយល់ថា តុលាការក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មិនអាចផ្ដល់យុត្តិធម៌ជូនគាត់បានឡើយ៖ «ដូចជាមិនដំណើរការអីទេ យើងមិនមានមេធាវីអីផង ពីព្រោះយើងមិនសង្ឃឹមថា ប្ដឹងទៅយើងបានយុត្តិធម៌មកអ៊ីចឹងយើងមិនចំណាយរកមេធាវី ដើម្បីឱ្យគាត់ពិបាកក្នុងរឿងរបស់យើង » ។
លោកស្រី ប៊ូ រចនា ថា នឹងព្យាយាមរៀបចំពិធីបុណ្យខួបបួនឆ្នាំនៃមរណភាពរបស់ប្ដីលោកស្រីឱ្យបានសមរម្យតាមដែលអាចធ្វើទៅបានក្នុងពេលខាងមុខនេះ។ ប៉ុន្តែលោកស្រីយល់ថា ចំពោះបងប្អូនខ្មែរ ដែលគោរពស្រលាញ់ស្វាមីលោកស្រី ទោះពួកគេពិបាកមកវត្តធ្វើបុណ្យក្ដី ក៏អាចធ្វើពិធីសាសនានៅផ្ទះរៀងៗ ខ្លួនរបស់ពួកគេតាមលទ្ធភាពដែលអាចធ្វើទៅបានដែរ។ រីឯម្ដាយ និងបងប្អូនបង្កើតបណ្ឌិត កែម ឡី នៅប្រទេសកម្ពុជាក៏គ្រោងធ្វើពិធីបុណ្យរម្លឹកខួប ៤ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដាខាងមុខនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។