កម្មករ​រោងចក្រ​ឃីងឡែន​បន្ត​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២

កម្មករ​រោងចក្រ​កាត់ដេរ​ឃីងឡែន (Kingsland) ជាង ១០០​នាក់ នៅ​តែ​ព្យាយាម​រក​អន្តរាគមន៍​យ៉ាង​ស្វិតស្វាញ ដើម្បី​អោយ​ពួក​គេ​ទទួល​បាន​ដំណោះស្រាយ គឺ​ការ​ទូទាត់​សំណង​ដល់​ពួក​គេ​លើ​ករណី​រោងចក្រ​បិទទ្វារ។

0:00 / 0:00

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៣ ខែ​កុម្ភៈ ពួក​គេ​បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២ ដែល​នៅ​ខាង​មុខ​រោងចក្រ ក្នុង​សង្កាត់​ចាក់អង្រែក្រោម និង​បាន​ធ្វើ​អោយ​ចរាចរណ៍​លើ​ផ្លូវ​នេះ​កកស្ទះ​ជិត ១​ម៉ោង។

ក្រុម​កម្មករ​ឃីងឡែន បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២ ក្នុង​បំណង​ស្វែង​រក​អន្តរាគមន៍​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អោយ​ផ្ដល់​ដំណោះ​ស្រាយ​នៅ​ពេល​រោងចក្រ​នេះ​បិទ​ទ្វារ​ជាច្រើន​ខែ ហើយ​ពួក​គេ​នៅ​មិន​ទាន់​ទទួល​បាន​សំណង៖ «ឃីងឡែន មាន​មនុស្ស​តិច​ណាស់ មិន​ច្រើន​ដូច​គេ​ទេ។ សូម​រដ្ឋាភិបាល​ជួយ​កម្មករ​ផង! ជួយ​រក​ដំណោះស្រាយ​ជូន​កម្មករ​ផង»

កម្មករ​រោងចក្រ​ឃីងឡែន កញ្ញា ភុន វណ្ណា មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៣ ខែ​កុម្ភៈ មាន​មន្ត្រី​ដោះ​ស្រាយ​កូដកម្ម​បាតុកម្ម​នៃ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន បាន​ទៅ​ចរចា​ជាមួយ​កម្មករ ដើម្បី​ចាត់​ចែង​លក់​ដូរ​គ្រឿង​ម៉ាស៊ីន និង​សម្ភារៈ​ផ្សេងៗ​ទៀត​ក្នុង​រោងចក្រ និង​សន្យា​ថា​ផ្ដល់​ប្រាក់​សំណង​ចំនួន ៤៦​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ដល់​ពួក​គាត់ ប៉ុន្តែ​ត្រូវ​ក្រុម​កម្មករ​បដិសេធ។

កញ្ញា ភុន វណ្ណា បន្ត​ថា ដោយ​ភាព​អស់​សង្ឃឹម និង​មិន​ដឹង​រំពឹង​ថា​នរណា​អាច​ដោះស្រាយ​បញ្ហា​បាន ក្រុម​កម្មករ​ដែល​កំពុង​ស្នាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​រោងចក្រ បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២ ដោយ​រំពឹង​ថា​នឹង​បាន​ទទួល​ដំណោះស្រាយ៖ «ក្រសួង​គេ​អត់​ដោះស្រាយ​អោយ​ពួក​ខ្ញុំ​ផង។ ព្រឹក​មិញ​គាត់​មក គាត់​នៅ​តែ​អោយ​ពួក​ខ្ញុំ​លក់​ម៉ាស៊ីន​យក​លុយ​ដាក់​ហោប៉ៅ​សិន​ទៅ។ បើ​ខ្ញុំ​លក់ ពួក​ខ្ញុំ​នឹង​ជាប់​គុក​ហើយ​បង។ ពួក​ខ្ញុំ​អស់​ជម្រើស​ហើយ​បង ពួក​ខ្ញុំ​ធ្វើ​តាម​ច្បាប់ គាត់​មិន​ដោះ​ស្រាយ ពួក​ខ្ញុំ​មាន​តែ​បិទ​ផ្លូវ​ទេ»

កម្មករ​នៅ​រោងចក្រ​កាត់​ដេរ​ឃីងឡែន សរុប​ជាង ១០០​នាក់ បាន​នាំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២ រយៈពេល​ជិត ១​ម៉ោង ដោយ​បាន​ស្រែក​អង្វរ​ដល់​អ្នក​ធ្វើ​ដំណើរ​ដែល​ឆ្លង​កាត់​ផ្លូវ​នេះ​អាណិត​អាសូរ​ដល់​ពួក​គេ៖ «សូម​អង្វរ​ពុក​ម៉ែ​បង​ប្អូន សុំ​ទោស​ណា៎! បង​ប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ហ្នឹង​ដឹង​ហើយ​ថា​ខ្ញុំ​លំបាក​ប៉ុណ្ណា?»

កម្មករ​រោងចក្រ​ឃីងឡែន (Kingsland Garment Cambodia) តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២ នៅ​ខាង​មុខ​រោងចក្រ ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ទាមទារ​ប្រាក់​សំណង​ករណី​រោងចក្រ​បិទ​ទ្វារ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
កម្មករ​រោងចក្រ​ឃីងឡែន (Kingsland Garment Cambodia) តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​២ នៅ​ខាង​មុខ​រោងចក្រ ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ទាមទារ​ប្រាក់​សំណង​ករណី​រោងចក្រ​បិទ​ទ្វារ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ (RFA/Sochivy)

ទាក់​ទិន​នឹង​ដំណោះស្រាយ​សម្រាប់​ក្រុម​កម្មករ​នៅ​រោងចក្រ​ឃីងឡែន នេះ អគ្គលេខាធិការ​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​នៃ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន លោក សឹង មុន មាន​ប្រសាសន៍​ថា ការ​តវ៉ា​បិទ​ផ្លូវ គឺ​ជា​ទង្វើ​ខុស​ច្បាប់​ដែល​ក្រុម​កម្មករ​ត្រូវ​ទទួល​ខុស​ត្រូវ។ លោក​បន្ត​ថា មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ ដ្បិត​ក្រុម​កម្មករ​ទាមទារ​រក​ដំណោះស្រាយ​ភ្លាមៗ និង​មិន​ចង់​អោយ​មាន​ការ​លក់​ដូរ​សម្ភារៈ​ក្នុង​រោងចក្រ។ យ៉ាង​ណា​លោក​នឹង​ស្វះស្វែង​រក​វិធាន​ការ​បន្ថែម​ទៀត។

លោក សឹង មុន៖ «ប៉ុន្តែ​ឥឡូវ​នេះ ជា​ផ្លូវ​ច្បាប់ អ្នក​ដែល​ព្រម​លក់​មាន​ប្រៀប​ខាង​ផ្លូវ​ច្បាប់​ជាង ព្រោះ​តុលាការ​គេ​បាន​ឯកភាព​អោយ​លក់​ហើយ។ នីតិវិធី​ចំពោះ​មុខ​នេះ វា​តទៅ​ទៀត ទាល់​តែ​ប្រជុំ​គណៈកម្មការ​ឡើង​វិញ។ ខ្ញុំ​ក៏​មិន​អាច​សម្រេច​បាន​ចាំ​មើល​ខ្ញុំ​សុំ​យោបល់​ថ្នាក់​ដឹកនាំ​សិន»

មន្ត្រី​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម បាន​យក​ដីកា​រក្សា​ការពារ​មួយ​ដែល​ចេញ​ដោយ​តុលាការ​រាជធានី​ភ្នំពេញ ទៅ​បិទ​នឹង​របង​រោងចក្រ។ ដីកា​នោះ​បញ្ជាក់​ថា សម្ភារៈ​នៅ​ក្នុង​រោងចក្រ​ត្រូវ​រឹបអូស​សម្រាប់​លក់​ឡាយឡុង ដើម្បី​យក​ប្រាក់​ទៅ​ទូទាត់​សំណង​ដល់​កម្មករ​រោងចក្រ​នេះ​ដែល​មាន​ចំនួន ២២០​នាក់។ នៅ​ក្នុង​ដីកា​ដដែល​នោះ បាន​បញ្ជាក់​ដែរ​ថា តាម​ការ​សាកសួរ​តំណាង​សហជីព​កម្មករ​បាន​អោយ​ដឹង​ថា សំណង​សរុប​ដែល​កម្មករ​ត្រូវ​ទទួល​បាន គឺ​មាន​ចំនួន​ជាង ២០​ម៉ឺន​ដុល្លារ។

ចំណែក​ក្រុម​កម្មករ អះអាង​ថា បើ​គិត​តាម​ផ្លូវ​ច្បាប់ គឺ​ពួក​គេ​ភាគ​ច្រើន​ដែល​មាន​អតីតភាព​ការងារ​ច្រើន​ឆ្នាំ អាច​ទទួល​បាន​សំណង​ពី ១ពាន់ ទៅ ២ពាន់​ដុល្លារ គឺ​ខ្ពស់​ជាង​សំណង​ដែល​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​ផ្ដល់​អោយ​ក្នុង​១ឆ្នាំ​ជាង ៤០​ដុល្លារ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។