ក្រុមស្ត្រី និងកុមារ នៅស្រុកពញាឮ ខេត្តកណ្ដាល បានចាប់អាជីពជាជាងចម្លាក់ស្ពាន់បុរាណ លក្ខណៈគ្រួសារ ដើម្បីអភិរក្សកេរមរតកដូនតាដែលបានបន្សល់ទុកតាំងពីយូរមកហើយ និងដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា អាជីពនេះអាចរកចំណូលបានខ្លះ សម្រាប់ចាយវាយប្រចាំថ្ងៃ ហើយថែមទាំងបានបង្រៀនឱ្យក្មេងៗ ជាច្រើនបានយល់ដឹងពីគុណតម្លៃ និងចេះចម្លាក់ស្ពាន់បុរាណនេះ ដើម្បីបានថវិកាខ្លះ យកទៅរៀន។
សិល្បៈចម្លាក់ស្ពាន់ និងប្រាក់ ឆ្លាក់អំពីក្បាច់រចនាប្រាសាទបុរាណ រឿងនិទានពីវប្បធម៌ ប្រពៃណីខ្មែរ និងរឿងរ៉ាវសាសនានៅកម្ពុជា គឺជាអត្តសញ្ញាណមួយដ៏ប្រណិត ដែលបង្ហាញតាមរយៈរូបចម្លាក់ឆ្លាក់រស់រវើកដោយដៃផ្ទាល់។ ជំនាញនេះបានបន្សល់ទុកតាំងពីយូរមកហើយ ប៉ុន្តែបច្ចុប្បន្ន វិស័យនេះ ហាក់ពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជននោះទេ។ ទោះជាយ៉ាងណាក្ដី គេសង្កេតឃើញជាច្រើនឆ្នាំមកនេះ ពលរដ្ឋទាំងក្មេងចាស់មួយចំនួននៅតែបន្តប្រឹងប្រែងអភិរក្ស កេរមរតកមួយនេះ មិនឱ្យបានបាត់បង់ទេ រហូតមកទល់បច្ចុប្បន្ន។
ម្ចាស់សិប្បកម្មផលិតចម្លាក់ស្ពាន់ភ្ញីទេស ស្ថិតនៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ លោកស្រី សឹម ស៊ាងហោន ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីបានចាប់អាជីពជាជាងចម្លាក់ស្ពាន់នេះ ជាង ៣០ឆ្នាំមកហើយ តកេរតំណែងពីឪពុកម្ដាយ ដែលចេះជំនាញចម្លាក់ស្ពាន់នេះ តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ សិប្បកម្មភ្ញីទេស របស់លោកស្រី ផ្ដោតលើការផលិតរូបចម្លាក់ ផ្ដិល ថូ ក្អម ពាង និងប្រអប់យ៉ាងប្រណិត សម្រាប់ដាក់សម្ភារៈលម្អ នៅក្នុងផ្ទះ ដែលមានក្បាច់រចនាបថរស់រើកបែបបុរាណ។
ប៉ុន្តែ លោកស្រីថា ជាច្រើនឆ្នាំមកនេះ អាជីពចម្លាក់ស្ពាន់ និងប្រាក់ហាក់ពុំសូវរកចំណូលបានទៀងទាត់ទេ ខណៈដែលពលរដ្ឋ និងយុវជនភាគច្រើន ពុំសូវចាប់អារម្មណ៍អំពីគុណតម្លៃរចនាបថបុរាណនេះឡើយ ដោយសារតែការហូរចូលនៃសម្ភារៈប្រើប្រាស់ពីក្រៅប្រទេសច្រើនពេក។ ទោះជាយ៉ាងនេះក្ដី លោកស្រីមិនដែលគិតចង់បោះបង់អាជីពនេះទេ ព្រោះចង់អភិរក្សកេរមរតកដូនតានេះឱ្យបានគង់វង្ស។ ទន្ទឹមគ្នានេះ លោកស្រី ក៏តែងតែប្រឹងប្រែងបណ្ដុះបណ្ដាលក្មេងៗ ជំនាន់ក្រោយ ឱ្យចេះជំនាញឆ្លាក់ស្ពាន់នេះ ជាបន្តបន្ទាប់ដែរ។
លោកស្រី សឹម ស៊ាងហោន៖«និយាយពីតម្លៃ វាអត់ស្នើនឹងទឹកដៃយើងធ្វើទេ ប៉ុន្តែ យើងតែខំទៅ ដើម្បីលើកស្ទួយប្រទេសជាតិ និងវប្បធម៌យើងហ្នឹង មិនឱ្យបាត់បង់»។
បច្ចុប្បន្ន សិប្បកម្មភ្ញីទេស លក្ខណៈគ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិព្រែកក្ដាម១ ឃុំកោះចិន មានស្ត្រីជាជាងចម្លាក់ចំនួន ៨នាក់ ហើយប្រុស ៣នាក់។ ពួកគាត់មានជំនាញឆ្លាក់បានយ៉ាងរហ័សរហួន។ រីឯក្មេងៗ មានជិត ១០នាក់ ដែលមានវ័យចន្លោះពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ។ ពួកគេកំពុងតែរៀនឆ្លាក់ដោយយកចិត្តទុកដាក់ ក្រោយពេលទំនេរពីការសិក្សា។ ជាមួយគ្នានេះ ពួកគេក៏អាចទទួលបានកម្រៃពីការឆ្លាក់រូបទាំងនោះ ដោយក្នុងម្នាក់ចន្លោះពី ៥ពាន់ ទៅ ១ម៉ឺនរៀល ក្នុង ១ម៉ោង ដើម្បីបានលុយសម្រាប់ចំណាយលើការសិក្សាផងដែរ។ ជាពិសេស ឃើញមានទាំងក្មេងកំព្រាឪពុកម្ដាយផង។
លោកស្រី សឹម ស៊ាងហោន លើកឡើងថា ការដែលលោកស្រីប្រឹងប្រែងបង្រៀនក្មេងឱ្យចេះឆ្លាក់ស្ពាន់ ដោយឥតគិតថ្លៃ ហើយថែមទាំងផ្ដល់ថវិកាទៀតនោះ ព្រោះលោកស្រីបារម្ភខ្លាចបាត់បង់វិស័យចម្លាក់ស្ពាន់នេះនៅពេលអនាគត ព្រោះថាបច្ចុប្បន្នមនុស្សតិចតូចណាស់ ដែលស្គាល់តម្លៃចម្លាក់ស្ពាន់ ខណៈដែលក្មេង ក៏ពុំសូវចង់រៀនថែមទៀត។
លោកស្រី សឹម ស៊ាងហោន៖«ខ្ញុំទុកថា របស់នេះជារឿងសំខាន់ ហើយសព្វថ្ងៃបើក្មួយៗ ចៅៗ ដែលគាត់ចង់រៀនអី។ អ៊ីចឹងទៅ ខ្ញុំអាចបណ្ដុះបណ្ដាលគាត់ ដើម្បីកុំឱ្យបាត់បង់នូវគ្រឿងបុរាណយើងពីដើមឡើយ។ អត់មានគិតតម្លៃថ្លៃឈ្នួលអីទេ ប្រសិនបើគាត់ចេះហើយ សិប្បកម្មនាងខ្ញុំឱ្យលុយគាត់ទៀត»។
រីឯជាចម្លាក់ម្នាក់ទៀត លោកស្រី មួង លក្ខិណា ដែលធ្វើជាចម្លាក់នៅសិប្បកម្មភ្ញីទេសដែរនោះ ចាប់យកអាជីពនេះជាង ២០ឆ្នាំហើយ។ រាល់ថ្ងៃ លោកស្រីអាចរកចំណូលសមរម្យពីអាជីពជាងចម្លាក់ សម្រាប់ផ្គត់ផ្គង់គ្រួសារ។ លោកស្រីថា អាជីពជា ជាងចម្លាក់នេះ គឺត្រូវការស្មិងស្មាធិ៍ និងយកចិត្តទុកដាក់ខ្ពស់ទើបអាចឆ្លាក់ទៅបានស្អាត។ លោកស្រីថា ការងារនេះ រាងប្រើកម្លាំងធ្ងន់បន្តិច ប៉ុន្តែ នេះជាក្ដីស្រឡាញ់ ហើយចង់រក្សាស្នាដៃឱ្យក្មេងជំនាន់ក្រោយបានរៀនសូត្របន្ត។
លោកស្រី មួង លក្ខិណា៖«របរនឹងយើងបាននៅផ្ទះ នៅមើលក្មួយ មើលម្ដាយចាស់ បើយើងដើររកស៊ី យើងដើរចោលផ្ទះ គាត់ចាស់ៗ ហើយ ទៅអត់កើតទេ។ អ៊ីចឹង យើងបានរបរនឹងធ្វើការនៅជិតផ្ទះ»។
ការលក់ផលិតផលចម្លាក់ស្ពាន់ ដែលធ្វើដោយដៃនេះ គេគិតជាគីឡូ ដែលមានតម្លៃចាប់ពី ១គីឡូ ៥០ ឡើង សម្រាប់ផលិតផលកម្រិតលេខ៣ ទៅលេខ២។ ចំណែកភ្ញៀវ ដែលចង់បានផលិតផលទឹកដៃល្អកម្រិតលេខ១ ១គីឡូក្រាម តម្លៃ ១០០ ទៅ ២០០ដុល្លារ ទៅតាមក្បាច់ចម្លាក់នីមួយៗ។ ជាធម្មតា ផ្ដិល១ ដែលមានទំហំ ២៥សង់ទីម៉ែត្រ ត្រូវចំណាយស្ពាន់រង្វង់ ៤គីឡូក្រាម។ រីឯថូ កម្ពស់ ៣២សង់ទីម៉ែត្រ ចំនួន ១គូមានទម្ងន់ ២,៧គីឡូក្រាម។
ការធ្វើចម្លាក់ស្ពាន់នេះ មានដំណាក់ច្រើនទម្រាំនឹងបានមួយៗ គឺត្រូវការចំណាយពេល ១ខែ ទៅ ១ឆ្នាំតាមទំហំធំ ឬ តូច និងឆ្លងកាត់ដំណាក់កាលច្រើន។ ចំពោះដំណាលឆ្លាក់ក្បាច់ គឺត្រូវផ្ចិតផ្ចង់ជាខ្លាំង ទម្រាំនឹងទទួលបានរចនាបថមួយ ដែលល្អ និងមានរូបភាពរស់រវើកនោះ។
លោកស្រី សឹម ស៊ាងហោន លើកឡើងថា ក្រៅពីបញ្ហាលំបាកក្នុងផ្ចិតផ្ចង់លើការឆ្លាក់ច្បាច់មួយៗ នោះ អ្វីដែលជាបញ្ហាចម្បងរបស់អ្នកឆ្លាក់ស្ពាន់មួយទៀត គឺទីផ្សារលក់សម្ភារៈទាំងនោះ នៅមិនទាន់ថិតថេរនៅឡើយទេ ខណៈដែលខែខ្លះ តម្លៃឡើងចុះតាមមាត់ឈ្មួញជាអ្នកកំណត់។ លោកស្រីស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកទីផ្សារ ដើម្បីជួយលើកកម្ពស់មុខរបរបុរាណនេះឱ្យបានគង់វង្ស។
លោកស្រី សឹម ស៊ាងហោន៖«សូមឱ្យគាត់[អាជ្ញាធរពាក់ព័ន្ធ]ដាក់តម្លៃ និងរក្សាទីផ្សារហ្នឹង ឱ្យបាន ហើយនឹងជួយមើលក្រុមជាងទង និងក្រុមភ្ញីទេសខ្ញុំនេះផង កុំឱ្យបាត់បង់ ឱ្យបានគង់វង្ស យើងថែរក្សារចនាបថខ្មែរ ព្រោះនេះ យើងធ្វើដោយដៃយើងផ្ទាល់»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអភិបាលខេត្តកណ្ដាល លោក គួច ចំរើន ដើម្បីឆ្លើយតបសំណូមពរនេះបានទេ នៅថ្ងៃទី១០ ខែកុម្ភៈ។ ទោះជាយ៉ាងណាក្ដី ទាក់ទិនរឿងនេះ មេឃុំកោះចិន លោក ញ៉ែម សឿន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃដដែលនេះថា បច្ចុប្បន្នពលរដ្ឋដែលប្រកបរបរចម្លាក់ស្ពាន់ នៅក្នុងឃុំកោះចិន មានជាង ១០០គ្រួសារ។ លោកបន្តថា ចំពោះបញ្ហាខ្វះទីផ្សារ មិនដឹងថា ជួយបែបណានោះទេ ប៉ុន្តែ កាលពីពេលកន្លងមក អាជ្ញាធររៀបចំពួកគាត់ចូលរួមតាំងពិព័រណ៍ផលិតផល នៅតាមកម្មវិធីថ្នាក់ខេត្តជារឿយៗ។ ទន្ទឹមគ្នានោះ លោកថា អាជ្ញាធរ ក៏រៀបចំបង្កើតសមាគមជាងចម្លាក់ស្ពាន់រួចមកហើយដែរ ដើម្បីជួយរកទីផ្សារ។
លោក ញ៉ែម សឿន៖«ទីផ្សារនឹងវាអត់មានទេរាល់ថ្ងៃហ្នឹង គ្រាន់តែថា មានគេកុម្ម៉ង់ ដែលជាអ្នកនៅក្រុងភ្នំពេញប៉ុណ្ណោះ។ ពាក់ព័ន្ធកិច្ចការងារអស់ហ្នឹង អាជ្ញាធរខេត្តបានប្រជុំ ដើម្បីរៀបចំកិច្ចការងារ ចម្លាក់ប្រាក់ ស្ពាន់ ឱ្យមានការទទួលខុសត្រូវលើការងារតាំងពិព័រណ៍ រួចមកហើយ ដើម្បីជួយរកទីផ្សារ»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ លើកឡើងថា ការចាប់អាជីពជាជាងចម្លាក់ស្ពាន់របស់ពលរដ្ឋ នៅខេត្តកណ្ដាលនេះ គឺជារឿងល្អ ព្រោះជាអត្តសញ្ញាណរបស់ដូនតាខ្មែរ។ លោកបន្តថា បញ្ហាកង្វះទីផ្សារ អាជ្ញាធរត្រូវជួយរកទីផ្សារ ជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព។ ជាពិសេស លោកថា អាជ្ញាធរគួរតែរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃឯកប្រចាំឆ្នាំ ឬខែ ដើម្បីរកអ្នកមានស្នាដៃឆ្នើម ដើម្បីអាចទទួលបានវង្វាន់ប្រាក់លើកទឹក ហើយជាឱកាសដែលផ្សព្វផ្សាយពីស្នាដៃ សិប្បកម្មទាំងនេះ ដល់ សាធារណជនឱ្យបានទូលំទូលាយថែមទៀត។
លោក វន់ ពៅ៖«ក្រសួងពាក់ព័ន្ធត្រូវមានការលើកទឹកចិត្តគាត់ ឱ្យមានដំណើរការល្អ នូវមុខរបររបស់គាត់ ហើយត្រូវជួយឧបត្ថម្ភធន គាត់បន្ថែមទៀតឱ្យគាត់អាចផ្គត់ផ្គង់ អាជីវកម្មគាត់ ឱ្យបានដំណើរការប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះត្រូវតែរកទីផ្សារសម្រាប់គាត់ ដើម្បីធានានូវប្រាក់ចំណូល ធានានូវនិរន្តរភាពនៃមុខរបររបស់គាត់។ ម្យ៉ាងវិញទៀត មុខរបរទាំងអស់នេះ វាជាការលើកស្ទួយ មុខមាត់ជាតិ ទាក់ទងនឹងវប្បធម៌ នៅក្នុងតំបន់ទេសចរ»។
លោកស្រី សឹម ស៊ាងហោន សង្ឃឹមថា វិស័យចម្លាក់ស្ពាន់ និងប្រាក់ ដែលជាអត្តសញ្ញាណសិល្បៈបុរាណខ្មែរនេះ នឹងមានការគាំទ្រកាន់តែច្រើនពីពលរដ្ឋ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយពីគុណតម្លៃចម្លាក់បុរាណឱ្យសាធារណជនបានដឹងកាន់តែច្រើន។ លើសពីនោះ លោកស្រីថា ដើម្បីឱ្យវិស័យនេះ កាន់តែរីកដុះដាលរដ្ឋាភិបាលគួរតែបើកសាលាបង្រៀនជំនាញចម្លាក់ស្ពាន់ដល់ក្មេងជំនាន់ក្រោយ ឱ្យជំនាញពិតប្រាកដ និងមានវិជ្ជាជីវៈ ត្រឹមត្រូវ ព្រោះថា បច្ចុប្បន្ននេះ ការបណ្ដុះបណ្ដាលជំនាញ ជាផ្លូវការដល់ក្មេងៗនៅមិនទាន់មាននៅឡើយ ខណៈតំបន់ខ្លះប្រឹងប្រែង បណ្ដុះក្មេងៗ ប៉ុន្តែគ្មានការគាំទ្រជាថវិកា ឬការលើកទឹកផ្សេងៗ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។