លីកាដូ៖ អ្នក​ទោស​ជា​ស្ត្រី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កើន​ឡើង

មន្ត្រី​ទទួល​បន្ទុក​ពន្ធនាគារ​ព្រៃស ឲ្យ​ដឹង​ថា បច្ចុប្បន្ន ស្ត្រី​ដែល​កំពុង​ជាប់​ឃុំ​នៅ​មន្ទីរ​អប់រំ​កែប្រែ​ទី២ មាន​ចំនួន​ជិត ៥០០​នាក់ ដែល​ស្ថិត​ក្រោម​ការ​គាំពារ​ទាំង​ជំនាញ​បច្ចេកទេស អប់រំ និង​ការ​ស្នាក់នៅ​ដូច​ពលរដ្ឋ​នៅ​ខាង​ក្រៅ។
ដោយ ម៉ម មុនីរតន៍
2013.03.08
Share on WhatsApp
Share on WhatsApp
សោម សួគ៌ា ៣០៥ អ្នកស្រី សោម សួគ៌ា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ ថ្លែង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​អំពី​កិច្ច​គាំពារ​អ្នក​ទោស​ជា​ស្ត្រី​លើ​វិស័យ​អប់រំ កាល​ពី​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Morm Moniroth

បច្ចុប្បន្ន មណ្ឌល​អប់រំ​កែប្រែ​ទី២ នៃ​ពន្ធនាគារ​ព្រៃស បាន​បង្កើត​ថ្នាក់​បណ្ដុះបណ្ដាល​ចំនួន ៩​ថ្នាក់ ដោយ​គិត​ចាប់​ពី​កម្រិត​ថ្នាក់​បច្ចេកទេស រហូត​ដល់​ថ្នាក់​វិទ្យាល័យ។ ប៉ុន្តែ បញ្ហា​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ឃ្លាំ​មើល​ដំណើរ​ក្ដី​យុត្តិធម៌​នៅ​តាម​ពន្ធនាគារ ចាត់​ទុក​ថា មធ្យោបាយ​ទាំង​នេះ​មិន​រាប់​ថា​ជា​ផ្នែក​មួយ​នៃ​ការ​គាំពារ​អ្នក​ទោស​នៅ​ឡើយ​ទេ ប្រសិន​បើ​គេ​នៅ​តែ​រក​ឃើញ​ថា កំណើន​អ្នក​ទោស​ជា​ស្ត្រី​នៅ​តែ​បន្ត​គំរាម​កំហែង តាម​រយៈ​ការ​កើន​ឡើង​នៅ​តាម​ពន្ធនាគារ​ជា​បន្តបន្ទាប់​បែប​នេះ។

មន្ត្រី​ពន្ធនាគារ និយាយ​ថា ស្ថានភាព​របស់​អ្នក​ទោស​ជា​ស្ត្រី​នៅ​តាម​ពន្ធនាគារ​ក្នុង​ពេល​បច្ចុប្បន្ន ពួក​គេ​ទទួល​បាន​ការ​គាំពារ និង​យក​ចិត្ត​ទុក​ដាក់​ទាំង​ស្រុង​ពី​ស្ថាប័ន​រដ្ឋ​លើ​ប្រព័ន្ធ​អប់រំ ការ​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ។

លោក ម៉ិញ សំរឿន អនុប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី២ នៃ​ពន្ធនាគារ​ព្រៃស ផ្ដល់​បទ​សម្ភាសន៍​ក្រោយ​ពី​បញ្ចប់​ពិធី​ចែក​សម្ភារៈ​ប្រើប្រាស់​របស់​អង្គការ​លីកាដូ (Licadho) ដល់​អ្នក​ទោស​ជា​ស្ត្រី សម្រាប់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ខួប​លើក​ទី​១០២ នៅ​ថ្ងៃ​ទី៨ មីនា ថា ពិរុទ្ធជន និង​ទណ្ឌិត​ជា​ស្ត្រី កំពុង​ទទួល​បាន​ការ​ថែទាំ និង​អប់រំ​ដូច​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព​ដែរ។

លោក​បន្ត​ថា តាម​រយៈ​ការ​បង្កើន​ជំនាញ​បច្ចេកទេស និង​ការ​អប់រំ​អ្នក​ទោស​ជា​ស្ត្រី​បាន​យល់​ពី​តម្លៃ​នៃ​ការ​រស់នៅ​ជាង​មុន៖ «មុន​ដំបូង គាត់​មិន​សូវ​ជា គឺ​ថា មិន​សូវ​យល់។ ដល់​ពេល​គាត់​យល់​ទៅ គឺ​ថា​គាត់​លត់​ដំ​កែប្រែ​ខ្លួន​ដោយ​ស្ងប់ស្ងាត់ គឺ​ថា​ខិតខំ​រៀន​សូត្រ ខិតខំ​បណ្ដុះ​បណ្ដាល​មុខវិជ្ជា​ផ្សេងៗ ដើម្បី​ជា​ទុន​សម្រាប់​ពេល​ដែល​គាត់​ចេញ​ទៅ​វិញ»

ក៏ប៉ុន្តែ របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មីនា រក​ឃើញ​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១២ មាន​អ្នក​ទោស​ជា​ស្ត្រី​ជាង ១.២០០​នាក់ នៅ​ក្នុង​ពន្ធនាគារ​នៃ​ប្រទេស​កម្ពុជា។ តួលេខ​នេះ បាន​កើន​ឡើង ៣៩% ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១០។ ចំណែក​អត្រា​នៃ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នក​ទោស​ជា​ស្ត្រី​វិញ បាន​កើន​ឡើង​៤​ដង​ច្រើន​ជាង​អ្នក​ទោស​ជា​បុរស។ បញ្ហា​នេះ ត្រូវ​បាន​លីកាដូ ចាត់​ទុក​ថា​ជា​និន្នាការ​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ។

បន្ថែម​លើ​នេះ លោក ស្វាយ ធី នាយក​រង​របស់​អង្គការ​លីកាដូ ចាត់​ទុក​ថា ស្ថានភាព​របស់​អ្នក​ទោស​ជា​ស្ត្រី​នៅ​តែ​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​ព្រួយ​បារម្ភ​ខ្ពស់​នៅ​ឡើយ​ពី​អង្គការ​ដៃគូ​ពាក់ព័ន្ធ ដែល​បន្ត​ឃ្លាំ​មើល​បញ្ហា​នេះ ព្រោះ​ការ​ឃុំ​ខ្លួន​លើស​នីតិវិធី ដែល​បន្ត​រង់ចាំ​សវនាការ​អស់​រយៈពេល​ដ៏​យូរ និង​ការ​ឃុំ​ខ្លួន​ក្រោម​ហេតុផល​ដ៏​តិចតួច គឺ​ជា​មធ្យោបាយ​ដែល​ជំរុញ​ឲ្យ​អ្នក​ទោស​ជា​ស្ត្រី​ត្រូវ​ប្រឈម​បញ្ហា​កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​តាម​ពន្ធនាគារ។

លោក ស្វាយ ធី៖ «ឧទាហរណ៍ រឿង​តិចតួច​ខ្លះ​គាត់​រក​វិធី​ណា​មួយ​ដើម្បី​ជួយ​សម្រាល​ក្នុង​ការ​ឃុំ​ខ្លួន​របស់​ស្ត្រី ឬ​ក៏​របស់​មនុស្ស​ទូទៅ​ហ្នឹង។ អ៊ីចឹង​អើ​មាន​ន័យ​ថា នៅ​ក្នុង​ពន្ធនាគារ​ក៏​វា​ធូរ​ស្រាល​តាម​ហ្នឹង​ដែរ។ ប៉ុន្តែ បើ​សិន​ជា​រឿង​អី​តិច​ត្រូវ​តែ​ដាក់ រឿង​អី​តិច​ត្រូវ​តែ​ដាក់ មាន​ន័យ​ថា ពន្ធនាគារ​កាន់​តែ​កើន​ឡើងៗ​អ៊ីចឹង»

បើ​ទោះ​ជា​បែប​នេះ​ក្ដី អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អ្នកស្រី សោម សួគ៌ា អះអាង​ថា គេ​មិន​គួរ​ព្រួយ​បារម្ភ​ច្រើន​នោះ​ទេ​ចំពោះ​និន្នាការ​នេះ ព្រោះ​អ្នក​ទោស​ជា​ស្ត្រី​ទាំង​អស់​ក្នុង​ពេល​បច្ចុប្បន្ន កំពុង​ស្ថិត​ក្រោម​ការ​គាំពារ​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល៖ «រាជ​រដ្ឋាភិបាល​បាន​កំណត់​ថា ស្ត្រី​ទាំងអស់ គឺ​សុទ្ធ​តែ​មាន​សិទ្ធិ​ស្មើៗ​គ្នា ដូច​ជាក់ស្ដែង​ក្នុង​ថ្ងៃ​នេះ គឺ​បងប្អូន​បាន​ចូលរួម​ក្នុង​ការ​សប្បាយ​នូវ​បទ​ចម្រៀង ក៏​ដូច​ជា​ក្នុង​ការ​ទទួល​នូវ​អំណោយ​របស់​អង្គការ ជាពិសេស​អង្គការ​លីកាដូ គឺ​បាន​ជួយ​ឧបត្ថម្ភ»

ចំណែក​របាយការណ៍​របស់​មណ្ឌល​អប់រំ​កែប្រែ​ទី២ ឲ្យ​ដឹង​ថា អ្នក​ទោស​ជា​ស្ត្រី​ដែល​កំពុង​ជាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ​ទី២ នៃ​ពន្ធនាគារ​ព្រៃស មាន​​​ចំនួន ៤៨៥​នាក់ ក្នុង​ចំណោម​អ្នក​ទោស​សរុប​ជាង ៧០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។