ក្រុមកម្មករធ្វើការផ្នែកសេវាកម្សាន្តប្រមាណ២០០នាក់ បានដាក់ញត្តិជាលើកទី៤ ទៅមន្ទីរការងារខេត្តសៀមរាប និងក្រសួងការងារ ដោយស្នើសុំប្រាក់ឧបត្ថម្ភ៤០ដុល្លារ និងស្នើឱ្យជួយសម្រួលទៅម្ចាស់ផ្ទះជួលបន្ថយថ្លៃផ្ទះ ក្នុងអំឡុងពេលពួកគេបាត់បង់ការងារដោយបញ្ហាពីជំងឺកូវីដ-១៩។
តំណាងក្រុមកម្មករម៉ាស្សា លោកស្រី ភៀង ស៊ីណា ឱ្យអាស៊ីសេរីដឹងថា ក្រុមលោកស្រីបានដាក់ញត្តិស្នើសុំជំនួយជាច្រើនដងមកហើយ ប៉ុន្តែក្រសួងការងារតែងបដិសេធ ដោយលើកឡើងថា ក្រុមលោកស្រីមិនស្ថិតក្នុងវិស័យទេសចរណ៍។ ប៉ុន្តែលោកស្រីថា មានកន្លែងម៉ាស្សាមួយចំនួនឋិតក្នុងសណ្ឋាគារនៅខេត្តសៀមរាប បែរជាទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល៖ «អ្នកម៉ាស្សាដែរតែគេក្នុងអូតែលនៅក្នុងវិស័យសណ្ឋាគារហ្នឹង គេបានប៉ុន្តែពួកខ្ញុំម៉ាស្សាសុទ្ធអត់មានសណ្ឋាគារចូលរួមអត់បានគេ យើងមែនមែនវិស័យទេសចរណ៍»។
តំណាងក្រុមកម្មកររូបនេះឱ្យដឹងថា ត្បិតកន្លែងលោកស្រីឈរក្រោមស្លាកហាងម៉ាស្សា ប៉ុន្តែការងារ គឺទាក់ទងវិស័យទេសចរណ៍ ព្រោះថៅកែហាងជាជនជាតិបរទេស(កូរ៉េខាងត្បូង) ហើយភ្ញៀវមកទីនេះក៏ជាជនជាតិបរទេសដែរ។ លោកស្រីបញ្ជាក់ថា ក្រុមលោកស្រីមានប័ណ្ណបេឡាជាតិសន្តិសុខសង្គម( ប.ស.ស) ដែលចេញដោយក្រសួងការងារថែមទៀតផង៖ «អត់ដែលបានទេគ្រាន់តែដាក់ពាក្យបីបួនដង ហើយគេអត់ឱ្យសោះប៉ុន្តែគេអត់ឱ្យសោះ ពួកខ្ញុំមានប័ណ្ណ ប . ស . ស ទៅពេទ្យប្រើការទាំងអស់តែអត់ឱ្យលុយ ៤០ដុល្លារ»។
ទាក់ទងករណីនេះ អាស៊ីសេរីព្យាយាមសុំការបំភ្លឺពីមន្ត្រីមន្ទីរការងារខេត្តសៀមរាប អភិបាលខេត្តសៀមរាប លោក ទៀ សីហា មន្ត្រីជាន់ខ្ពស់ក្រសួងការងារទទួលបន្ទុកខាងដោះស្រាយវិវាទនិងកូដកម្ម លោក និន វណ្ណៈ និងអ្នកនាំពាក្យការងារលោក ហេង សួរ ប៉ុន្តែ អ្នកទាំងនោះមិនលើកទូរស័ព្ទទេ នៅថ្ងៃទី៤ កក្កដា។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បញ្ជាក់ក្នុងលិខិតឆ្លើយតបកាលពីថ្ងៃទី១៥ មិថុនាថា កម្មករក្នុងវិស័យនេះ និងកម្មករផ្សេងទៀតដែលរងផលប៉ះពាល់ អាចស្នើសុំប្រាក់ឧបត្ថម្ភពិសេសពីរដ្ឋាភិបាលសម្រាប់គ្រួសារក្រីក្រ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យដឹងថា ការផ្ដល់សាច់ប្រាក់ឧបត្ថម្ភចំនួន ២៥លានដុល្លារ របស់រដ្ឋាភិបាលនេះ ក្រុមស្ត្រីវិស័យសេវាកម្សាន្តដែលរងផលប៉ះពាល់ មិនបានទទួលប្រាក់ឧបត្ថម្ភនេះទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ មក អ្នកធ្វើការងារក្នុងវិស័យកម្សាន្តក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងតំបន់ផ្សេងៗទៀត ព្រោះចំណូលនៅទីនោះគឺផ្អែកលើភ្ញៀវទេសចរ៖ «តំណាងកម្មករក្នុងខេត្តសៀមរាបនេះគឺរងគ្រោះជាងអ្នកនៅភ្នំពេញទៀត អ៊ីចឹងទៅជីវភាពពួកគាត់ត្រដាបត្រដួសណាស់អ្នកខ្លះលក់ទូរស័ព្ទលក់អីអស់ហើយ ស្របពេលដែលគាត់អត់មានលុយទិញអង្ករ»។
អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យដឹងទៀតថា ចាប់តាំងពីវិស័យសេវាកម្សាន្តត្រូវរដ្ឋាភិបាលបញ្ជាឱ្យបិទទ្វារមក គឺធ្វើឱ្យកម្មករជាង៤ម៉ឺននាក់បាត់បង់ការងារ។ អ្នកស្រីថា វិធានការនេះធ្វើឱ្យក្រុមស្ត្រីវិស័យសេវាកម្សាន្តមួយចំនួនរកលុយជួលផ្ទះស្ទើរមិនបាន និងមានអ្នកខ្លះទៅរស់ក្រោមស្ពានថែមទៀតផង។
កាលពីពេលថ្មីៗនេះ ព្រះប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានស្នើទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយដល់ស្ត្រីដែលជួបបញ្ហាបាត់បង់ការងារក្នុងពេលដែលមានវិបត្តិជំងឺកូវីដនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។