សហជីពថា ត្រឹមការអំពាវនាវរបស់លោក ហ៊ុន សែន មិនអាចទប់ស្កាត់ការឡើងថ្លៃផ្ទះជួលកម្មករឡើយ
2019.12.26

សហជីពឯករាជ្យស្នើប្រមុខរដ្ឋាភិបាលកម្ពុជា ឱ្យដាក់ចេញនូវវិធានការជាក់លាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ការឡើងថ្លៃផ្ទះជួលសម្រាប់កម្មករ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើដល់ម្ចាស់ផ្ទះជួល កុំឱ្យដំឡើងថ្លៃឈ្នួលផ្ទះ ឬបន្ទប់ ដែលប៉ះពាល់ដល់ប្រយោជន៍របស់កម្មករ។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងថា ការប្រកាសជាញឹកញាប់របស់ប្រមុខរដ្ឋាភិបាល និងក្រសួងការងារមិនឱ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលនោះ គ្មានប្រសិទ្ធភាពឡើយ ដោយសារខ្វះការអនុវត្តជាក់ស្ដែង និងគ្មានយន្តការច្បាស់លាស់។ អ្នកស្រីសង្កេតឃើញថា ម្ចាស់ផ្ទះជួលភាគច្រើននៅតែដំឡើងថ្លៃឈ្នួល ស្រេចតែនឹងចិត្ត ប៉ះពាល់ដល់ជីវភាពរបស់កម្មករ ដែលទទួលបានប្រាក់ខែតិច តែត្រូវរ៉ាប់រងការចំណាយជាច្រើន។ អ្នកស្រីយល់ថា បញ្ហានេះអាចដោះស្រាយទៅបាន ទាល់តែរដ្ឋាភិបាលចេញជាលិខិតបទដ្ឋានគតិយុត្តិ ដូចជា ច្បាប់ អនុក្រឹត្យ ឬប្រកាស ជាដើម មិនមែនត្រឹមតែជាការនិយាយចោលនោះទេ៖ «សុទ្ធតែជាចំណុចដែលយើងចង់បានបំផុតហើយ។ យើងស្នើសុំកុំឱ្យមានការដំឡើងតម្លៃផ្ទះ ហើយយើងគិតថា ចំណុចហ្នឹងជាចំណុចអាទិភាពរបស់កម្មករដែលស្នើសុំ។ បើមានសេចក្ដីប្រកាស មានសារាចរណែនាំ មានអនុក្រឹត្យអ្វីផ្សេងៗ វាជាចំណុចមួយដែលធ្វើឱ្យម្ចាស់ផ្ទះហ្នឹងមិនអាចដំឡើងតាមអំពើចិត្តរបស់ពួកគាត់បានទេ»។
ប្រតិកម្មរបស់មេដឹកនាំសហជីពរូបនេះ គឺនៅក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះជួលជាថ្មីម្ដងទៀត កុំឱ្យដំឡើងថ្លៃឈ្នួលផ្ទះ ឬបន្ទប់ ឱ្យលើសពីអ្វីដែលកម្មករទទួលបាន។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅព្រឹកថ្ងៃទី២៦ ធ្នូ លោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានធ្វើការជាមួយម្ចាស់ផ្ទះជួល ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការឡើងថ្លៃ ក្នុងគោលដៅធានាថា កម្មករទទួលបានអត្ថប្រយោជន៍ពីការដំឡើងប្រាក់ឈ្នួលពី១៨២ ទៅ១៩០ ដុល្លារ ក្នុងមួយខែនៅឆ្នាំ២០២០ ខាងមុខ៖ «កម្មករឡើងប្រាក់ខែតែ ៨ដុល្លារ ដល់ពេលយើងឡើងបន្ទប់ជួលដល់១០ ដុល្លារអ៊ីចឹង វាចាប់ផ្ដើមរួញ។ អ៊ីចឹងបានជាអាជ្ញាធរនៅតាមមូលដ្ឋានត្រូវធ្វើការជាមួយម្ចាស់ផ្ទះឈ្នួល ដើម្បីធានាថា នៅពេលដែលដំឡើងបៀរវត្សនេះទទួលបាននូវផលប្រយោជន៍ពិតប្រាកដ»។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យដឹងថា សព្វថ្ងៃកម្មករត្រូវចំណាយចាប់ពី ៣០ដុល្លារទៅ ៦០ដុល្លារក្នុងមួយខែ ចំពោះផ្ទះ ឬបន្ទប់ជួល ដោយមិនទាន់គិតថ្លៃទឹកនិងថ្លៃភ្លើងនៅឡើយទេ។ អ្នកស្រីថា កម្មករត្រូវចំណាយអស់ប្រហែល ៣០% នៃប្រាក់ខែរបស់ពួកគាត់សម្រាប់តែការស្នាក់នៅប៉ុណ្ណោះ ដែលការចំណាយនេះច្រើនជាងលុយចំណាយលើថ្លៃហូបចុកប្រចាំខែទៅទៀត។
ទោះជាយ៉ាងណា មេដឹកនាំសហជីពរូបនេះយល់ថា ប្រសិនបើរដ្ឋាភិបាលគិតពីប្រយោជន៍កម្មករពិតមែន រដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណារក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីទីផ្សារសហភាពអឺរ៉ុប ព្រោះការរក្សាបាន EBA មានន័យស្មើនឹងការធានាបាននូវនិរន្តភាពការងារសម្រាប់កម្មករយ៉ាងដូច្នេះដែរ។ អ្នកស្រីបញ្ជាក់ថា បើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវកាត់ផ្ដាច់ នោះកម្មករជាច្រើននឹងបាត់បង់ការងារ ហើយប្រាក់ខែដែលពួកគាត់ត្រូវទទួលបាននោះ ក៏លែងមានតទៅទៀតដែរ៖ «ទាល់តែយើងរក្សាស្ថិរភាពការងាររបស់បងប្អូនកម្មករសិន ទើបកម្មករយើងទទួលបានលុយដែលយើងបានជជែកគ្នាក្នុងការចរចា ឬក៏ដំឡើងជូនគាត់នៅក្នុងឆ្នាំ២០២០ ហ្នឹង។ ចុះបើវិស័យហ្នឹងមិនមានស្ថិរភាព សួរថាគាត់ម៉េចបានទទួល ហើយគាត់ម៉េចបានយកលុយហ្នឹងទៅផ្គត់ផ្គង់គ្រួសាររបស់គាត់បាន?»។
សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា តើត្រូវរក្សាទុក ឬផ្ដាច់ការអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅខែកុម្ភៈឆ្នាំ២០២០ ខាងមុខ។ ទោះជាយ៉ាងណា សហភាពអឺរ៉ុបបានប្រកាសប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន រួចហើយថា មានតែការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេ ទើបកម្ពុជាអាចរក្សាបាន EBA ព្រោះសហភាពអឺរ៉ុបបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ដែលផ្ទុយទៅនឹងលក្ខខណ្ឌពាណិជ្ជកម្មរបស់អឺរ៉ុប៕