ពលករ​នៅ​ពោធិ៍សាត់​ចោទ​ក្រុមហ៊ុន​សេនជូរី​មិន​គោរព​កិច្ចសន្យា

ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ​មួយ​ឈ្មោះ សេនជូរី ខេមបូឌា មេនផៅវ័រ (CENTURY CAMBODIA MANPOWER) កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​បាន​បោក​ប្រាស់​ពួក​គាត់ ដោយ​ប្រើ​ល្បិច​ពន្យារ​ពេល​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

0:00 / 0:00

នៅ​ឯ​ខេត្ត​ពោធិ៍សាត់ ប្រជាពលរដ្ឋ ១៧​នាក់ បាន​មក​ដាក់​បណ្ដឹង​សុំ​ឲ្យ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ជួយ​ពួក​គាត់ ដោយ​ពួក​គាត់​បាន​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​នេះ​ជិត​មួយ​ឆ្នាំ​ហើយ តែ​នៅ​មិន​ទាន់​បាន​ចេញ​ទៅ​ធ្វើ​ការ​ទៀត។

ប្រជាពលរដ្ឋ​ចំនួន ១៧​នាក់ ដែល​មាន​បំណង​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់ តាម​រយៈ​ក្រុមហ៊ុន សេនជូរី ខេមបូឌា មេនផៅវ័រ បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​នេះ​បាន​ប្រព្រឹត្ត​ខុស​កិច្ចសន្យា​ក្នុង​ការ​បញ្ជូន​ពួក​គាត់​ទៅ​ធ្វើ​ការ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ នាង ស្រីម៉ុន ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្ទះរុង ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​ឧសភា ថា គាត់​បាន​ចុះ​ឈ្មោះ និង​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន សេនជូរី ខេមបូឌា មេនផៅវ័រ រយៈពេល​ជាង ១១​ខែ​ហើយ តែ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បញ្ជូន​គាត់​ចេញ​ទៅ​ធ្វើ​ការ​ទៀត។ គាត់​ថា ក្នុង​កិច្ច​ព្រមព្រៀង ក្រុមហ៊ុន​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ និង​បង់​ប្រាក់​រួច​រយៈពេល​យ៉ាង​យូរ​បំផុត ៧៥​ថ្ងៃ ក្រុមហ៊ុន​នឹង​បញ្ជូន​ចេញ​ទៅ​ធ្វើ​ការ តែ​ឥឡូវ​គាត់​រង់ចាំ​ជិត ១​ឆ្នាំ​ហើយ នៅ​មិន​ទាន់​បាន​ចេញ​ទៅ​ទៀត។ ពេល​គាត់​ទៅ​សួរ​ក្រុមហ៊ុនៗ​ចេះ​តែ​ឲ្យ​រង់ចាំ។

គាត់​ថា គាត់​បាន​ចង​ការ​ប្រាក់​ពី​គេ​មក​បង់​ឲ្យ​ក្រុមហ៊ុន ឥឡូវ​គេ​សង្ខើញ​ចង់​រឹប​អូស​ដី​ស្រែ​គាត់​ជា​រៀង​រាល់​ថ្ងៃ៖ «ខ្ញុំ​ជួប​ការ​លំបាក ដោយសារ​ខ្ញុំ​បាន​ទៅ​ចង​ការ​លុយ​គេ​យក​មក​បង់​ឲ្យ​ក្រុមហ៊ុន ដោយ​សង្ឃឹម​ថា​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ។ តែ​ជិត​មួយ​ឆ្នាំ​ហើយ ក្រុមហ៊ុន​សន្យា​ថ្ងៃ​នេះ​ថ្ងៃ​នោះ​រហូត។ ខ្ញុំ​ចង​ការ​គេ ១​ពាន់​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ការ ៥០០​ដុល្លារ សម្រាប់​បង់​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខ្ញុំ​ចេញ​ទៅ។ តែ​ដល់​អត់​បាន​ទៅ ខ្ញុំ​បាន​លុយ​ឯ​ណា​សង​គេ​ទេ បើ​ទាំង​ដើម​ទាំង​ការ ១.៥០០​ដុល្លា​ហើយ»

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន សេនជូរី ខេមបូឌា មេនផៅវ័រ ឈ្មោះ សុជាតិ បាន​ពន្យល់​ថា ការ​យឺតយ៉ាវ​នេះ​គឺ​មក​ពី​ភាគី​ខាង​ប្រទេស​ថៃ ពុំ​ទាន់​មាន​ការងារ​ដែល​ត្រូវ​នឹង​បំណង​របស់​ពលករ​ខ្មែរ។ លោក​សំណូមពរ​ឲ្យ​ពលករ​បន្ត​ការ​អត់ធ្មត់​រង់ចាំ៖ «បើ​ពួក​គាត់​អត់​ប្រកាន់​ការងារ គឺ​គាត់​បាន​ចេញ​ទៅ​តាំង​ពី​ខែ​១០ ឆ្នាំ​២០១២ តែ​គាត់​អត់​ព្រម​ធ្វើ​នៅ​រោងចក្រ​សាច់​មាន់។ តែ​ខ្ញុំ​បាន​រត់​រក​កន្លែង​ផ្សេង ៣​កន្លែង ហើយ​គេ​មិន​ទាន់​ឆ្លើយ។ បើ​សិន​ជា​គាត់​ព្រម​ធ្វើ​ការ​នៅ​រោងចក្រ​សាច់​មាន់ ខ្ញុំ​ធានា​សុវត្ថិភាព​ពួក​គាត់ ដោយ​ឈឺ​មិន​បាច់​អស់​លុយ ហើយ​មាន​ទាំង​ការ​ធានា​រ៉ាប់រង​ជីវិត​ទៀត»

ទាក់ទិន​ចំពោះ​ករណី​នេះ ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ អ្នកស្រី ក្ដាន់ សុផល បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​មក​ដាក់​បណ្ដឹង​ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ស្នងការ​នគរបាល​ខេត្ត​ជួយ​ដោះស្រាយ៖ «កន្លង​ទៅ យើង​បាន​ជួយ​ប្រជាពលរដ្ឋ​បាន​សម្រេច​បាន​២​ករណី គឺ​មួយ ក្រុមហ៊ុន ប៊ូរូ ខេមបូឌា និង​មួយ​ទៀត ក្រុមហ៊ុន ចម្ប៉ា មេនផៅវ័រ ដោយ​ទារ​ប្រាក់​មក​ឲ្យ​គាត់​វិញ​បាន​អស់​ហើយ។ ចំពោះ​បញ្ហា​នេះ សូម​បង​ប្រាប់​ឲ្យ​គាត់​មក​ដាក់​បណ្ដឹង​មក​កន្លែង​ខ្ញុំ យើង​នឹង​ជួយ​គាត់»

យ៉ាង​នេះ​ក្ដី មន្ត្រី​ផ្នែក​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ កញ្ញា មិត្ត សាមួន មាន​ប្រសាសន៍​ថា យោង​តាម​ច្បាប់​ស្ដីពី​កិច្ចសន្យា​ភាគី​ក្រុមហ៊ុន​ត្រូវ​តែ​ផ្ដល់​សំណង​រាល់​ការ​ខូចខាត​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​ខុស​កិច្ចសន្យា​នោះ។

មាត្រា​១២១ នៃ​ច្បាប់​ស្ដីពី​កិច្ចសន្យា និង​ការ​ទទួល​ខុស​ត្រូវ​ក្រៅ​កិច្ចសន្យា​ចែង​ថា ជន​ណា​បាន​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ដល់​អ្នក​ដទៃ​ដោយ​កំហុស​របស់​ខ្លួន ជន​នោះ​ត្រូវ​ជួសជុល​ការ​ខូចខាត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។